ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា៖ ដើម្បីសម្រេចបាននូវចក្ខុវិស័យ ២០៥០ កម្ពុជាទាមទារចាំបាច់នូវមូលធនមនុស្សពោរពេញដោយចំណេះដឹង សមត្ថភាព និងជំនាញ ព្រមទាំងប្រកបដោយគុណធម៌ សីលធម៌ និងសុខភាពមាំមួន ដើម្បីធានាបាននូវភាពប្រកួតប្រជែងលើឆាកអន្តរជាតិ ទាំងក្នុងតំបន់ និងទូទាំងសាកលលោក ។
មានប្រសាសន៍ក្នុងឱកាសដ៏មហោទ្បារិកនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះការបើកដំណើរការជាផ្លូវការរបស់សាកលវិទ្យាល័យឌឹម៉ុនហ្វតកម្ពុជា ដែលជាសាកលវិទ្យាល័យកម្រិតស្តង់ដាររបស់ប្រទេសអង់គ្លេសទីមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងជាសាខារបស់សាកលវិទ្យាល័យ De Montfort ដំបូងបង្អស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ។ សម្តេចធិបតី ក៏បានលើកទ្បើងនូវអត្ថន័យ ៤ យ៉ាង នៃការចាប់បដិសន្ធិនៃសាកលវិទ្យាល័យរបស់អង់គ្លេសនៅកម្ពុជា មានដូចជាទី១. ជាការបង្ហាញពីការទទួលស្គាល់គុណភាពអប់រំរបស់ព្រះរាជាណាចក្រកម្ពុជា និងសមត្ថភាពរបស់និស្សិតខ្មែរក្នុងការទទួលយកការអប់រំកម្រិតឧត្តមសិក្សាស្តង់ដារអន្តរជាតិ ដើម្បីលើកកម្ពស់សមត្ថភាពប្រកួតប្រជែងក្នុងបរិការណ៍នៃស្តង់ដារសាកល ។ ការណ៍ដែលសាកលវិទ្យាល័យ De Montfort បានសម្រេចជ្រើសរើសប្រទេសកម្ពុជាជាគោលដៅសម្រាប់ពង្រីកសាខារបស់ខ្លួន ដោយសារតែសាកលវិទ្យាល័យនេះ បានទទួលស្គាល់ថា កម្ពុជាមានពោរពេញទៅដោយយុវជនប្រកបដោយភាពស្វាហាប់ ព្រមទាំងមានភាពបុរេសកម្មនៅក្នុងការចូលរួមចំណែកអភិវឌ្ឍខ្លួន ក៏ដូចជាអភិវឌ្ឍសហគមន៍ ព្រមទាំងសង្គមជាតិទាំងមូល ។ ទី២. គឺកត្តាស្ថិរភាពនយោបាយ ការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងសក្តានុពលកំណើនទៅអនាគតរបស់កម្ពុជា ជាពិសេស គឺការវាយតម្លៃទៅលើកម្លាំងចាយវាយរបស់ទីផ្សារកម្ពុជា ដែលមានបរិមាណកាន់តែរីកធំធាត់ឡើង ស្របតាមការអភិវឌ្ឍជឿនលឿននៃសេដ្ឋកិច្ចកម្ពុជា ។ ទី៣. វត្តមានរបស់សាកលវិទ្យាល័យ De Montfort នឹងក្លាយជាកាតាលីករជំរុញការប្រកួតប្រជែងគុណភាពអប់រំកម្រិតឧត្តមសិក្សានៅកម្ពុជា និងជាការបង្កើនជម្រើសកាន់តែសម្បូរបែបសម្រាប់វិស័យអប់រំ និងនិស្សិតកម្ពុជា ។ ទន្ទឹមនេះ ក៏ជាការផ្តល់តម្លៃបន្ថែមទៀតដល់គ្រឹះស្ថានឧត្តមសិក្សា ដោយហេតុថា សាកលវិទ្យាល័យ De Montfort ត្រូវបានជ្រើសរើសជាមជ្ឈមណ្ឌលសកលមួយរបស់អង្គការសហប្រជាជាតិ និងជាដៃគូសហការជាមួយមជ្ឈមណ្ឌលអប់រំនានារបស់អង្គការសហប្រជាជាតិនិងដៃគូផ្សេងទៀត ដើម្បីឆ្លើយតបទៅគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពតាមរយៈការស្រាវជ្រាវ ការងារសហគមន៍ និងឧត្តមភាពសិក្សា ។ និងទី៤. សាកលវិទ្យាល័យ De Montfort អាចជួយការពាររំហូរចេញនៃធនធានខួរក្បាល តាមរយៈការផ្តល់នូវការអប់រំ និងការបង្កើតការងារនៅនឹងកន្លែងពោលគឺនៅក្នុងប្រទេសកម្ពុជាផ្ទាល់តែម្តង ដែលនេះគឺជាកាលានុវត្តភាពថ្មីសម្រាប់និស្សិតកម្ពុជា ក្នុងការទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីប្រព័ន្ធអប់រំរបស់ចក្រភពអង់គ្លេស នៅក្នុងប្រទេសកំណើតរបស់ខ្លួន ។
ថ្លែងក្នុងឱកាសនោះផងដែរ សម្តេចធិបតី បានលើកពីគោលនយោបាយរបស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ដែលបានផ្តោតការយកចិត្តទុកដាក់ខ្ពស់ចំពោះកត្តា «មនុស្ស» នៅក្នុងការអភិវឌ្ឍប្រទេសជាតិ ដើម្បីក្លាយខ្លួនជាប្រទេសមានចំណូលខ្ពស់ ស្របតាមចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ហើយដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ កម្ពុជាចាំបាច់ត្រូវមាន មូលធនមនុស្សដែលពោរពេញដោយចំណេះដឹង សមត្ថភាពជំនាញ ព្រមទាំងប្រកបដោយគុណធម៌ សីលធម៌ និងសុខភាពមាំមួន ដើម្បីធានាបាននូវភាពប្រកួតប្រជែងលើឆាកអន្តរជាតិ ក៍ដូចជាសមត្ថភាពចូលរួមកសាងមូលដ្ឋានសង្គម សេដ្ឋកិច្ច និងឧស្សាហកម្មដែលផ្អែកលេីចំណេះដឹង ៕
ដោយ៖ តារា