ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋ និយាយតាមត្រង់ គ្មានចំណេះដឹងជ្រៅជ្រះបញ្ហាកុនល្ខោនអ្វីនោះឡើយ ។ ដោយសារតែគ្មានចំណេះខាងអក្សរសិល្ប៍ ទើបមានចម្ងល់ក្នុងការដែលទូរទស្សន៍ PNN នឹងចាក់ផ្សាយរឿងភាគ «ភក្តីស្នេហទ្វេភព» ដែលតាមខ្ញុំមើលសាច់រឿងសង្ខេបប្រហែល២នាទីនោះ វាជារឿង«ទុំទាវ» ។ បើយ៉ាងដូច្នេះមែន មានន័យថា រឿង«ទុំទាវ» ត្រូវបាន Update ឲ្យទៅជារឿង «ភក្តីស្នេហ៍ទ្វេភព» ។
ខ្ញុំមិនដឹងថា តើករណីនេះ ជារឿងត្រឹមត្រូវដែរ ឬយ៉ាងណាទេ ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ មានអ្នកចេះដឹងជ្រៅជ្រះខាងអក្សរសាស្ត្រអក្សរសិល្ប៍ច្រើនណាស់ដែរ តើការយកស្នាដៃដ៏ល្អឥតខ្ចោះរបស់អ្នកនិពន្ធជំនាន់ដើម មកកែកាឡៃបន្តិចបន្តួចហើយដាក់ចំណងជើងថ្មី វាជាការធ្វើឲ្យខូចដល់ធាតុដើមរបស់អ្នកនិពន្ធនោះដែរឬទេ? វាជាការបំផ្លាញដល់ស្នាដៃរបស់អ្នកនិពន្ធជំនាន់ដើមដែរឬទេ? វាជាការលួចស្នាដៃបុព្វបុរសយកទៅកម្ទេចចោល ។ ដើម្បីបុព្វហេតុផលប្រយោជន៍ផ្ទាល់ខ្លួន នៃក្រុមអ្នកសិល្បៈប៉ុន្មាននាក់នោះ វាធ្វើឲ្យកិត្តិនាមរបស់អ្នកនិពន្ធជំនាន់ដើម ត្រូវបានដុតកម្ទេចចោល ។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គួរពិនិត្យមើលថា តើការផលិតខ្សែភាពយន្ត ដែលទាំងសាច់រឿង និងខ្លឹមសារ «ទុំទាវ» ហើយបានUpdate ឲ្យទៅជា «ភក្តីស្នេហ៍ទ្វេភព» ជារឿងត្រឹមត្រូវដែរឬទេ ។ ប៉ុន្មានឆ្នាំមុន កម្ពុជាជាប់ឈ្នោះថា ជាចោរ ដោយសារតែអ្នកនិពន្ធប៉ុន្មានលួចម្លងស្នាដៃបទចម្រៀងរបស់ប្រទេសជិតខាងយកមកបកប្រែ ថតផលិតឡើងវិញ ហើយថាជាស្នាដៃរបស់ខ្លួន ។ ឥឡូវនេះ ខ្មែរលួចខ្មែរ ដែលវារិតតែអាម៉ាស់ថែមទៀត ។ ប៉ុន្តែបើក្រសួងវប្បធម៌ និងវិចិត្រសិល្បៈយល់ថា ការ Update បែបនេះ ជំរុញឲ្យកាន់តែប្រសើរឡើងចំពោះគ្រឹះវប្បធម៌អក្សរសាស្ត្រខ្មែរនោះ ដូច្នេះគួរបន្តយករឿងចាស់ៗ មក Update ដាក់ចំណងជើងថ្មីឲ្យអស់ទៅ ៕ ប្រជាពលរដ្ឋម្នាក់