ខ្ញុំបាទជាប្រជាពលរដ្ឋម្នាក់ រស់នៅក្នុងរាជធានីភ្នំពេញ តែងទទួលបាននូវរាល់ព័ត៌មានសមត្ថកិច្ចចុះបង្ក្រាបទីតាំងបនល្បែងស៊ីសង សម្បុកចែកចាយប្រើប្រាស់គ្រឿងញៀន ទីតាំងអ៊ីនធើណេតបង្កប់ជាល្បែងស៊ីសង ពិសេស មានរហូតដល់ទីតាំងអ៊ីនធើណេតដ៏ច្រើនទៀត សុទ្ធតែ Live ពីកាស៊ីណូវផ្សេងៗ សម្រាប់ជាការភ្នាល់ចាញ់ ឈ្នះ និងពេញនិយមបំផុតនៅក្នុងរាជធានីភ្នំពេញ ។
ការបង្ក្រាបកាន់តែខ្លាំង បទល្មើសទាំងនេះ កាន់តែរីកដុះដាលច្រើនជាងមុន បង្ហាញឲ្យឃើញពីការព្រួយបារម្ភយ៉ាងខ្លាំងអំពីអសន្តិសុខ សណ្តាប់ធ្នាប់ នៅក្នុងសង្គម អាចកើតឲ្យមានអំពើបទល្មើសលួច ឆក់ ប្លន់ បាញ់ កាប់សម្លាប់ នេះជាដើម ខណៈប្រភពនៃបទល្មើសទាំងនេះផ្តើមចេញពីល្បែងស៊ីសង នេះតែម្តង ។
ខ្ញុំសូមលើកអំពីបញ្ហាទីតាំងបនល្បែងស៊ីសងតាមអ៊ីនធើណេត Live ពីកាស៊ីណូ ហេតុអ្វីកាន់តែកើតមាន បើសមត្ថកិច្ចជាច្រើស្ថាប័ន បង្ក្រាបញឹកញាប់ទៅហើយនោះ? ចំណុចទាំងនេះ អាចចាត់ទុកថា ខ្វះភាពទទួលខុសត្រូវរបស់សមត្ថកិច្ចអាជ្ញាធរ ក៏ដូចជាស្ថាប័នតុលាការ ។ ពីព្រោះការចាប់ទីតាំងបនល្បែងនីមួយៗ ហាក់ដូចជាផ្តល់ឱកាសទៅវិញទេ ឲ្យអាជ្ញាធរ និងសមត្ថកិច្ច រួមទាំងស្ថាប័នតុលាការផង អាចទទួលបានកម្រៃប្រយោជន៍ ដែលគេហៅថា អំពើពុករលួយ ឬគោះទឹកបង្អើលត្រី ។ កន្លងទៅ ចាប់ទីតាំងល្បែងនីមួយៗ ចាប់យកវត្ថុតាងក្នុងបទល្មើសជាក់ស្តែង ហើយឃាត់បានតែអ្នកលេង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។ ដោយឡែក ចំពោះមេបនល្បែង ម្ចាស់ទីតាំង មិនដែលឃើញសមត្ថកិច្ចចាប់បានសោះ ទោះជាការងារនេះ ងាយនឹងស្គាល់អត្តសញ្ញាណច្បាស់លាស់ក៏ដោយ ដូច្នេះ អ្វីដែលសមត្ថកិច្ចមិនបានស្វែងរកម្ចាស់ទីតាំង ម្ចាស់បនល្បែង មានន័យថា ទុកឱកាសឲ្យគាត់បន្ត និងពង្រីកមុខរបរល្មើសច្បាប់នេះកាន់តែធ្ងន់ ហើយសមត្ថកិច្ចអាជ្ញាធរ ក៏ទទួលបានផលប្រយោជន៍ ក៏អាចថាបាន? ដោយហេតុថា បើចាប់បានអ្នកលេង កន្លងទៅ ខាងតុលាការតែងតែដោះលែង ក្នុងហេតុផលថា បទល្មើសនេះមានទោសទណ្ឌមិនដល់១ឆ្នាំ ដូច្នេះមិនអាចឃុំខ្លួនបាន ក៏ចាប់ដោះលែង ចាប់ដោះលែង ក្លាយទៅជាវប្បធម៌ទាំងតុលាការ ទាំងសមត្ថកិច្ច ហែកប្រយោជន៍ចែកគ្នាយ៉ាងសុខស្រួលបំផុត ទាំងករណីបនល្បែងស៊ីសង និងករណីគ្រឿងញៀននេះជាដើម ។ បើខ្ញុំមិនច្រឡំទេ មួយរយៈចុងក្រោយនេះ ទាំងអាជ្ញាធរ សមត្ថកិច្ច ក៏ដូចជាស្ថាប័នតុលាការផងដែរ ច្រើនយកចិត្តទុកដាក់បង្ក្រាបទៅលើទីតាំងបនល្បែងស៊ីសង ចែកចាយ ប្រើប្រាស់គ្រឿងញៀន ដែលជាបទល្មើសមានទោសទណ្ឌក្រោម១ឆ្នាំ ងាយស្រួលខាងតុលាការ ស្វែងរកផលប្រយោជន៍ ។
ផ្ទុយទៅវិញ បើសមត្ថកិច្ចគាត់ចុះបង្ក្រាបទីតាំងខាងលើនេះ ឈានដល់ការឃាត់ខ្លួន ស្វែងរកអត្តសញ្ញាណម្ចាស់ទីតាំង ហើយនាំខ្លួនទៅសាលាដំបូង បនល្បែងទាំងនោះ នឹងអាចថមថយ បទល្មើសត្រូវបានកាត់បន្ថយ ប៉ុន្តែសព្វថ្ងៃនេះបង្ក្រាបកាន់តែខ្លាំង ទីតាំងបនល្បែងស៊ីសង អ៊ីនធើណេត Live ពីកាស៊ីណូ ក៏កាន់តែរីកដូចផ្សឹត មិនខុសអី ដែលគេរិះគន់ថា ការចុះបង្ក្រាប គ្រាន់តែជាវិធីគោះទឹកបង្អើលត្រីតែប៉ុណ្ណោះ ។
បញ្ហាគ្រឿងញៀននេះ ផងដែរ ការចាប់បានធ្វើឡើងទូទាំង១២ខណ្ឌ ក្នុងរាជធានីភ្នំពេញ ហើយខាងមន្ត្រីតុលាការ ក៏ធ្លាប់និយាយតៗគ្នាផងដែរថា សំណុំរឿងដែលសមត្ថកិច្ចបញ្ជូនមកសាលាដំបូង ក្នុងចំណោម១០សំណុំរឿង គឺមានបញ្ហាសំណុំរឿងគ្រឿងញៀនយ៉ាងតិច៨រឿង ក្នុងនោះ មិនខុសអីពីសំណុំរឿងល្បែងស៊ីសង ក៏មានផងដែរ ។ បទល្មើសទាំងនេះ ភាគច្រើនមិនត្រូវបានដាក់ទោសទណ្ឌ អាចជាការទទួលសំណូកខ្លះ បញ្ជូនជនសង្ស័យទៅមណ្ឌលបន្សាបគ្រឿងញៀនខ្លះ សុទ្ធតែវិធីរកលុយដោយលក្ខណៈស្របច្បាប់ ។ បញ្ហាទាំងអស់នេះកាន់តែធ្វើឲ្យការប្រើប្រាស់ ចែកចាយគ្រឿងញៀន ក៏ដូចជាទីតាំងបនល្បែងស៊ីសង បន្តកើតមានកាន់តែច្រើនឡើងៗ ធ្វើឲ្យបទល្មើសកាន់តែកើតមាន។
បើតាមខ្ញុំដឹង នៅក្នុងរាជធានីភ្នំពេញ គឺមានទីតាំងអ៊ីនធើណេតរាប់រយ រាប់ពាន់កន្លែង ហើយរាល់ទីតាំងទាំងនោះ យ៉ាងតិច៩០ភាគរយ គឺជាល្បែងស៊ីសង មានទាំងការភ្នាល់បាល់ កន្លែងកត់កន្ទុយលេខ Live ពីកាស៊ីណូ ពិសេស ទីតាំងទាំងនោះ ក៏ជាសម្បុករបស់ជនល្មើសស្នាក់អាស្រ័យ សេពគ្រឿងញៀនយ៉ាងអនាធិបតេយ្យ ដូច្នេះ ទាំងអាជ្ញាធរសមត្ថកិច្ចមូលដ្ឋាន ក៏ដូចជាជំនាញពាក់ព័ន្ធ គួរចាត់វិធានការក្នុងរឿងនេះឲ្យមានប្រសិទ្ធភាព ចៀសវាងការចាប់ជាការបង្អើល ឬមានចេតនាចិញ្ចឹមបទល្មើសដើម្បីប្រយោជន៍ ។ មិនតែប៉ុណ្ណោះ ការបើកអ៊ីនធើណេតបង្កប់ដោយល្បែងស៊ីសង ភាគច្រើនអ្នកបើក ក៏ដូចជាម្ចាស់ទីតាំងជាអាជ្ញាធរ ជាសមត្ថកិច្ច ថែមទៀត សុទ្ធតែជាអំពើខុសឆ្គងនិងបង្កើតឲ្យមានបទល្មើសកាន់តែខ្លាំងឡើងៗ ។ បញ្ហានេះ ខ្ញុំជឿថា អាជ្ញាធររាជធានីភ្នំពេញ គួររកដំណោះស្រាយណាមួយដើម្បីជំរុញឲ្យសមត្ថកិច្ចអាជ្ញាធរ ធ្វើកិច្ចការងារនេះ ប្រកបដោយតម្លាភាព ពីព្រោះសមត្ថកិច្ចមិនដែលឃើញបង្ក្រាបទៅលើបទល្មើសធំៗ ដែលកើតមាននោះទេ ម្នាក់ៗ អង្គភាពនីមួយៗ ឃើញតែបង្ក្រាបការចែកចាយប្រើប្រាស់គ្រឿងញៀន បនល្បែងស៊ីសង ដែលជាបទល្មើសមិនអាចដាក់ទណ្ឌកម្មបាន ម្ល៉ោះហើយចាប់បញ្ជូនទៅតុលាការ ធ្វើការដោះលែង ក្លាយទៅជារឿងប្រព្រឹត្តអំពើពុករលួយលក្ខណៈប្រព័ន្ធ និងស្របច្បាប់បំផុត ។
គួររំលឹកថា យន្តការរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងមហាផ្ទៃបានយកចិត្តទុកដាក់បំផុតទៅលើគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីលុបបំផុត បទល្មើសក្នុងសង្គមឲ្យប្រជាពលរដ្ឋទទួលបានស្ថិរភាព ការរស់នៅស្រណុកសុខសប្បាយ ប៉ុន្តែបើសមត្ថកិច្ច និងអាជ្ញាធរ ក៏ដូចជាស្ថាប័នតុលាការ មិនបានចូលរួមអនុវត្តគោនយោបាយ នេះទេ ជឿថា លទ្ធផលបង្ក្រាបបទល្មើស មិនមានប្រសិទ្ធភាព ។ កន្លងទៅ ដូចជាបញ្ហាជនប្រើប្រាស់គ្រឿងញៀន ពេលសមត្ថកិច្ចបញ្ជូនទៅតុលាការ បទល្មើស ដែលទោសទណ្ឌក្រោម១ឆ្នាំ មិនអាចឃុំខ្លួនបាន ក៏បញ្ជូនទៅមណ្ឌលបន្សាបគ្រឿងញៀន ហើយការបញ្ជូនខ្លួនទៅនេះ ភាគច្រើនមិនមែនអនុវត្តតាមគោលការណ៍អប់រំបន្សាបនោះទេ ឲ្យតែមានលុយ គឺឲ្យចេញពីមណ្ឌលបន្សាបគ្រឿងញៀន ទាំងពួកគេមិនទាន់ត្រូវបានបន្សាប ។ ដូច្នេះ ការអនុញ្ញាតឲ្យអ្នកប្រើប្រាស់គ្រឿងញៀន ចេញពីមណ្ឌល គួរបង្កើតឲ្យមាន ក្រុមការងារ ឬគណៈកម្មការ វាយតម្លៃទៅលើសុខភាព ជនទាំងនោះ ថា ពួកគាត់ពិតជាបានបន្សាបគ្រឿងញៀនត្រឹមត្រូវពិតប្រាកដហើយឬនៅ? ជៀសវាង គាត់ចេញមកវិញ ដែលមិនទាន់នឹងបន្សាបគ្រឿងញៀន កាន់តែបន្តប្រព្រឹត្តពីការប្រើប្រាស់ ទៅជាការចែកចាយ ជួញដូរ គ្រោះថ្នាក់ដល់ពួកគាត់ ក៏ដូចជាសង្គមធ្ងន់ធ្ងរឡើង ។ មួយរយៈកន្លងទៅ គេឃើញថា ខាងតុលាការ បានឃុបឃិតគ្នាជាមួយអ្នកគ្រប់គ្រងមណ្ឌលបន្សាបគ្រឿងញៀន យកលុយចែកគ្នាចាយយ៉ាងស្រួល ដោយពុំបានគិតអំពីបញ្ហាអាយុជីវិតជន អនាគត ជនរងគ្រោះទាំងនោះទេ ខណៈបញ្ជូនទៅបានត្រឹម៣ទៅ៤ថ្ងៃ ឬមួយសប្តាហ៍ បែរជាមានលិខិតបញ្ជាក់ទៅស្ថាប័នអយ្យការថា ពួកគេត្រូវបានបន្សាបគ្រឿងញៀនរួចរាល់ សុទ្ធតែជាអំពើឃុបឃិតគ្នា បង្កើតឲ្យមានអំពើពុករលួយតែប៉ុណ្ណោះ ។ បញ្ហានេះ ក្នុងមួយខែៗ មិនតិចទេ ដែលត្រូវបានដោះលែងបែបវិធីនេះ ហើយមិនពាក់ព័ន្ធទៅនឹងអំពើខុសច្បាប់ ប៉ុន្តែធាតុពិត ទាំងអ្នកគ្រប់គ្រងមណ្ឌលបន្សាបគ្រឿងញៀន ទាំងស្ថាប័នអយ្យការ កំពុងមានចេតនាមិនអនុវត្តទៅនឹងគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ៕