ប្រេតមានពីរបែប គឺទី១ប្រេតតាមការស្រមើស្រមៃ ឬតាមគម្ពីរបុរាណចែងក្នុងព្រះពុទ្ធសាសនាសម្រាប់អ្នកធ្វើបាបស្លាប់ទៅមិនទាន់ទៅចាប់ជាតិរសនៅក្រោមការឃុំគ្រងរបស់យមបាល និងទី២ គឺជាប្រេតនៅមានជីវិតរស់ នៅលើភពផែនដីមិនទាន់ស្លាប់ទៅចាប់ជាតិជាប្រេតដូចក្នុងគម្ពីរ ពោលគឺមនុស្សសព្វថ្ងៃដែលមិនខំសាងអំពើល្អ គិតតែសាងបាប តាមរយៈឆក់លួចប្លន់ កាប់សម្លាប់គ្នាមិនញញើតដៃ មានមហិច្ឆតាលោភលន់ ច្រណែនឈ្នានីស ជា ដើម…នោះហើយគេហៅថា« ប្រេតឆៅ» ។
ចាប់តាំងពីរដូវបុណ្យភ្ជុំបិណ្ឌមកដល់ នៅតាមវត្តនានាតែងប្រារព្ធពិធីបោះបាយបិណ្ឌ និង ពិធីកាន់បិណ្ឌតាមជំនឿព្រះពុទ្ធសាសនា ដោយពុទ្ធបរិស័ទម្នាក់បានតាំងចិត្តជ្រះថ្លាក្នុងការធ្វើបុណ្យជូនបព្វការីជនចែកឋានទៅចាប់ជាតិខាងមុខ និងអ្នកមិនទាន់ចាប់ជាតិ(ប្រេត)ឲ្យមកទទួលកុសលបានធ្វើនៅពេលនេះ ។ ក៏ប៉ុន្តែការធ្វើបុណ្យរបស់ពុទ្ធបរិស័ទនាពេលនេះ សូមកុំភ្លេចថា ក្រុមម្នាលប្រេតឆៅខ្លះនៅជិតយើងនិងកំពុងឈរសំឡឹងយើង បន់ឲ្យ តែយើងជាប់រវល់ ភ្លេចត្រចៀក នឹងអាលខ្វេះសោឡាន ម៉ូតូ ជិះយកទៅបាត់ ។ ទាំងនេះក៏នៅ មិនទាន់គិតប្រេតឆៅកំប៉ឹកកំប៉ុកផ្សេងទៀតដែលឆ្លៀតខ្វេះ កាបូប ហោប៉ៅ លួចស្បែកជើង តាមទីអារ៉ាមនៅឡើយទេ ។ ក៏នៅមានប្រេតឆៅដៃស្លុយមួយទៀតត្រូវតែប្រុងប្រយ័ត្នផងដែរ គឺប្រេតឆៅខាងប្លន់ម៉ូតូ និងឆក់កាបូប ឆក់ទូរស័ព្ទ តាមផ្លូវសាធារណៈ ព្រោះប្រេតទាំងពីរនេះ អាចឲ្យយើងគ្រោះថ្នាក់ដល់ជីវិតខានធ្វើបុណ្យភ្ជុំបុណ្យ ។
នាយជាលគិតថា ក្រុមហ្វូងប្រេតឆៅកំពុងនៅក្បែរៗយើង ពួកវាមិនទាន់ទៅចាប់ជាតិទេគឺនៅសាងបាបជាមួយយើងគ្រប់ពេល ។ យកល្អត្រូវតែប្រុងប្រយ័ត្នទាំងអស់គ្នាបើអាចជៀសបាន កុំពាក់គ្រឿងអលង្ការមានតម្លៃ កុំជិះយានយន្តស៊េរីទំនើប និងចេះទុកដាក់យានជំនិះទាំងនោះឲ្យបានគត់មត់ត្រឹមត្រូវផង នោះហើយទើបឈ្នះក្រុមប្រេតសាងបាប ៕ នាយជាល