អង្គុយហូបគុយទាវតាមចិញ្ចើមថ្នល់មិនទាន់អស់មួយចានផង លោកពូសែមដែលខ្ញុំ ទើបស្គាល់គាត់បានជាងមួយខែដោយសារគាត់ពូកែព្រោកប្រាជ្ញខាងនយោបាយនៅតុកាហ្វេ បានមកកេះខ្នងខ្ញុំខ្វាច់ធ្វើឲ្យខ្ញុំភ្ញាក់ចង់ជ្រុះចង្កិះពីដៃ ។ លោកពូសែមញញឹមដាក់ខ្ញុំរួចនិយាយ បែបកប្លែងថា យើស! លោកក្មួយបានគុយទាវហូប គ្មានងាកឆ្វេងស្តាំហៅគេឯងហូបជាមួយផងទេណ ? ម៉េចខ្លាចគេឲ្យចេញលុយហី ?
ខ្ញុំក្រឡេកទៅកាន់គាត់រួចស្វាគមន៍អញ្ជើញគាត់ហូបគុយទាវជាមួយ ហើយបានសំណេះសំណាលពីនេះពីនោះជាមួយគាត់ ។ ខ្ញុំដឹងថាលោកពូសែមជាអ្នកចូលចិត្តវិភាគន យោបាយគ្មានសាលា ។ ចិនមិនទាន់លើកគុយទាវជូនគាត់ពិសាផង លោកពូចាប់ផ្តើមសួរ សំណួរមកខ្ញុំភ្លាម។
នៅពេលនេះពូឮថានៅក្នុងគណបក្សប្រឆាំង(សង្រ្គោះជាតិ)កំពុងរង្គោះរង្គើផ្ទៃក្នុងក្នុង ការជ្រើសរើសប្រធាន អនុប្រធានបក្សថ្មី បន្ទាប់ពីលោកសមរង្ស៊ីលាលែងពីតំណែងប្រធាន បក្សនោះ តើអីឡូវនេះយ៉ាងម៉េចទៅហើយ ? ខ្ញុំហួសចិត្តដោយគិតថា មិនគួរលោកពូសែមសួរសំណួរនេះមកឲ្យខ្ញុំឆ្លើយទេព្រោះខ្ញុំមិនមែនជាអ្នកនយោបាយឯណា? ខ្ញុំត្រឹមតែអ្នករត់ម៉ូតូ រកអង្ករច្រកឆ្នាំងមិនចង់បានផង តើមានពេលឯណាតាមដាននយោបាយ ? ខ្ញុំមិនឆ្លើយនឹង សំណួរនេះបានត្រឹមតែគ្រវីក្បាលនិងនិយាយយ៉ាងខ្លីថា «ខ្ញុំអត់ដឹងអីទេពូ» ពេលឃើញខ្ញុំគ្រវី ក្បាលបែបនេះ លោកពូសែមចាប់ផ្តើមអត្ថាធិប្បាយប្រាប់ខ្ញុំទាំងបែកពពុះមាត់ ថា
តាមពូដឹងប៉ុន្មានថ្ងៃមកនេះក្នុងគណបក្សសង្រ្គោះជាតិកំពុងចាប់ផ្តើមរង្គើក្នុងការរៀបចំថ្នាក់ដឹកនាំបក្ស ដោយលោក សម រង្ស៊ី និងមន្ត្រីរបស់ខ្លួន មួយចំនួន រៀបចំជើងព្រួលទប់ទល់ជាមួយលោកកឹម សុខា ឯលោកកឹម សុខា ក៏បានរៀបចំយុទ្ធសាស្ត្រ ចាំទប់ទល់ផ្ទៃក្នុង ជាមួយក្រុមលោក សម រង្ស៊ី ដែរ ខណៈដែលក្រុមមន្ត្រីជាន់ខ្ពស់ គណបក្សសង្គ្រោះជាតិ ទៅជួបលោកសម រង្ស៊ី នៅហុងកុងដែលនេះកុំថាលោក កឹម សុខា មិនដឹង។ តាមដឹង ការរៀបចំរចនាសម្ព័ន្ធ ក្បាលម៉ាស៊ីនដឹកនាំថ្មី សម្រាប់ការដឹកនាំគណបក្សរបស់លោកសមរង្ស៊ី គឺតាមរូបមន្ត ប្រធាន មួយរូប និងអនុប្រធាន ៣រូប ដើម្បីទប់ទល់ជាមួយ កម្លាំងផ្ទៃក្នុងបក្ស របស់លោកកឹម សុខា ។ បានន័យថាប្រធានបានទៅលោកកឹម សុខា ចំណែកអនុប្រធាន៣ រូបមានដូចជា លោកយឹម សុវណ្ណ លោកប៉ុល ហំម និងលោកស្រី មូរ សុខហួរ ជាមនុស្សរបស់លោក សមរង្ស៊ី ដូច្នេះទាំងសងខាងមិនអាចធ្វើអ្វីតាមចិត្តបាននោះទេ ។
យ៉ាងណាមិញបើប្រដូចនឹងគោអូសនង្គ័លវិញ បើទោះជាប្តូរគោឆ្វេងដាក់ស្តាំ ឬស្តាំដាក់ឆ្វេង នៅតែគោក្នុងនឹមតែមួយនឹងឯង តែកុំភ្លេចថា គោគន្លងធ្លាប់ដើរលើគន្លងនង្គ័លខាងស្តាំ ដល់ទៅឲ្យដើរខាងឆ្វេងច្បាស់ជាដើរកែកនឹមមិនខាន ហើយមិនយូរមិនឆាប់អាចបាក់នង្គ័លខានភ្ជួរស្រែទៀត ព្រោះ២នាក់ហ្នឹង មិនត្រូវគ្នាតាំងពីដំបូង ហើយម្នាក់ៗការពារមេគេរៀងៗខ្លួនយ៉ាងនេះ។
ពេលឮពូសែមអត្ថាធិប្បាយនយោបាយបែកពពុះមាត់ដូច្នេះ ខ្ញុំដូចជាហឹងត្រចៀកពេក ក៏ហៅចិនគិតលុយគុយទាវជូនគាត់ រួចជម្រាបលាទៅរត់ម៉ូតូឌុបតែម្តងទៅ ៕ នាយជាល