ទីភ្នាក់ងារសហរដ្ឋអាមេរិកសំរាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) បានប្រកាសមូលនិធិអំណោយថ្មីមួយ ដែលគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សំរាប់រៀបចំការបោះឆ្នោតឆ្នាំ ២០១៧ និង២០១៨ នៅកម្ពុជា។ គំរោងគ្រប់គ្រងការបោះឆ្នោតនៅកម្ពុជា រយៈពេល២ឆ្នាំ និងមានទឹកប្រាក់ចំនួន ១,៨ លានដុល្លាអាមេរិកនេះដែលត្រូវបានផ្តល់អោយទៅមូលនិធិអន្តរជាតិសម្រាប់ប្រព័ន្ធ បោះឆ្នោត នឹងជួយគជប នៅក្នុងការធ្វើយុទ្ធនាការអប់រំអ្នកបោះឆ្នោតពង្រឹងដំណើរការដោះស្រាយវិវាទនៅក្នុងការបោះឆ្នោត និងលើកកំពស់សមត្ថភាពរបស់គជប ក្នុងការរកនិងកាត់បន្ថយចំណុចខ្សោយ នៅក្នុងប្រព័ន្ធបោះឆ្នោត នៅកម្ពុជា។
លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក William Heidt បានមានប្រសាសន៍ថា៖ «ការចូលរួមក្នុងការបោះឆ្នោតគឺជាគ្រឹះនៃលទ្ធិប្រជាធិបតេយ្យដ៏ល្អមួយ។ យើងរីករាយនឹងធ្វើការជាមួយ គ.ជ.ប អង្គការសង្គមស៊ីវិល គណបក្សនយោបាយនានាដើម្បីបន្តពង្រឹងលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា។»
កម្មវិធីនេះមានបន្តពីជំនួយកន្លងមករបស់ទីភ្នាក់ងារ USAID ចំពោះគជប ដែលរួមមានការវាយតំលៃសមត្ថភាពផ្ទៃក្នុង ការបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងការបោះឆ្នោតនិងជំនួយដើម្បីធ្វើសេចក្តីប្រកាសរបស់ផ្នែកសេវាសាធារណៈស្តីពីការចុះឈ្មោះអ្នកបោះឆ្នោត។អំណោយថវិកាថ្មីនេះនឹងជួយធ្វើអោយប្រាកដថា គ.ជ.ប ធ្វើតាមការបេ្តជ្ញារបស់ខ្លួនក្នុងការរៀបចំការបោះឆ្នោតមួយអោយមានប្រសិទ្ធិភាព និងធ្វើកំណែរទម្រង់ប្រព័ន្ធបោះឆ្នោតប្រកបដោយអត្ថន័យតាមរយៈការបោះឆ្នោតឃុំ នៅឆ្នាំ ២០១៧ និងការបោះឆ្នោតជាតិ នៅឆ្នាំ ២០១៨ ៕