ផ្អើលពេញហ្វេសប៊ុករឿងអ្នកបោកតាមទូរស័ព្ទត្រូវឆ្នោតនេះ ឆ្នោតនោះ ប៉ុន្តែមិនឃើញអាជ្ញាធរមានសមត្ថកិច្ចតាមចាប់ជនឆបោកនោះឡើយ ។ ទំនងជាសមត្ថកិច្ចយល់ថា គ្មានអ្នកប្តឹងទើបមិនចាត់ការជនឆបោកទាំងនោះ បើទោះបីជាជនរងគ្រោះបានបង្ហាញលេខទូរស័ព្ទតាមរយៈហ្វេសប៊ុកនោះហើយក៏ដោយ ។ ប្រការនេះធ្វើឲ្យមានពលរដ្ឋស្លូតត្រង់ចាញ់បោកជនទុច្ចរិតជារៀងរាល់ថ្ងៃបន្តទៀត ។
ខ្ញុំបាទចាប់អារម្មណ៍ចំពោះព័ត៌មានដែលត្រូវបានចែកចាយតាមបណ្តាញទំនាក់ទំនងសង្គម ករណីបុរសម្នាក់បានក្លែងជាមន្ត្រីក្រុមហ៊ុនឯកជន ហើយប្រាប់អតិថិជនរបស់ខ្លួនថា ត្រូវរង្វាន់ ។ ប៉ុន្តែអតិថិជន(ឬភាគីម្ខាងទៀតនៃខ្សែទូរស័ព្ទ) ហាក់ដូចជាមានបទពិសោធន៍បានព្យាយាមគេចវេះពីការចង់បានប្រាក់រង្វាន់នោះ ។ ទិដ្ឋភាពបែបនេះ វាមិនចាញ់បោកជនខិលខូច ព្រោះតែប្រជាពលរដ្ឋមានការយល់ដឹង ឬក៏មានបទពិសោធន៍ចំពោះបញ្ហានេះ ។ ប៉ុន្តែបើគ្មានបទពិសោធន៍ ឬមិនធ្លាប់ដឹង ប្រាកដជាត្រូវជនខិលខូចបោកប្រាស់បានប្រាក់ជាមិនខាន ។ នេះគឺករណីត្រូវរង្វាន់ ហើយត្រូវបង់ប្រាក់ឲ្យទៅអ្នកចាត់ចែងក្នុងក្រុមហ៊ុនខ្លះ ។
ករណីខ្លះទៀត ភាគីម្ខាង(អ្នកបោក) បានទូរស័ព្ទមកបន្លំជាសមាជិកគ្រួសារ ឬជាសាច់ញាតិ ហើយប្រាប់ថា មានករណីគ្រោះថ្នាក់ចរាចរណ៍ដែលត្រូវការប្រាក់ដើម្បីដោះស្រាយបញ្ហាជាបន្ទាន់ ។ មានសមាជិកគ្រួសារជាច្រើនបានចាញ់បោក ក្រុមជនឆបោកទាំងនេះ ខ្លះទម្រាំដឹងខ្លួនទាន់អស់ប្រាក់រាប់ពាន់ដុល្លារក៏មាន ។ ល្បិចពួកឆបោកតាមទូរស័ព្ទមានច្រើនគគោក ប៉ុន្តែករណីនីមួយៗ ដូចដែលជនរងគ្រោះបានបង្ហាញលេខទូរស័ព្ទ មិនឃើញមានសមត្ថកិច្ចចាត់វិធានការនោះឡើយ ។
បញ្ហាទាំងនេះបណ្តាលមកពីការលក់ស៊ីមទូរស័ព្ទមិនបានត្រឹមត្រូវតាមការកំណត់របស់ច្បាប់ ។ ក្រុមហ៊ុនលក់លេខទូរស័ព្ទខ្លះបានដើរចែកស៊ីមទូរស័ព្ទដល់អតិថិជនដោយមិនយកអត្តសញ្ញាណបណ្ណ ។ ខ្លះទៀត ជាចំណុចខ្សោយរបស់ក្រុមហ៊ុនទូរស័ព្ទដែលមិនអាចគ្រប់គ្រងអតិថិជនរបស់ខ្លួនបាន ព្រោះលេខខ្លះ អ្នកនេះទិញ បែរជាមានឈ្មោះអ្នកនោះទៅវិញ ។
រីឯករណីដែលសមត្ថកិច្ចមិនព្រមចាត់វិធានការចំពោះអ្នកឆបោកទាំងនោះ ទំនងជាគ្មានអ្នកប្តឹងផ្តល់នោះឯង ។ គេមិនដឹងថា តើសម្រាប់សមត្ថកិច្ចអ្នកអនុវត្តច្បាប់ ទាល់តែមានអ្នកប្តឹងទើបអាចចាត់ការបានឬយ៉ាងណានោះទេ ។ ករណីបោកប្រាស់តាមទូរស័ព្ទនេះមានប្រជាពលរដ្ឋស្លូតត្រង់ច្រើនណាស់ហើយ ដែលរងគ្រោះ ។ ដូច្នេះ អាជ្ញាធរមានសមត្ថកិច្ចគួរមានវិធានការបង្ក្រាបក្រុមអ្នកបោកប្រាស់តាមទូរស័ព្ទនេះផង ៕ ប្រជាពលរដ្ឋ
[fbvideo link=”https://www.facebook.com/Nokorwatnews/videos/1382746461747788/” width=”600″ height=”400″ onlyvideo=”1″]