ព័ត៌មានទាន់ហេតុការណ៍៖

វិចារណកថា៖ គណបក្សប្រឆាំងកំពុងភ័យនឹងកញ្ចប់ថវិកា៥០ម៉ឺនដុល្លារ

ចែករំលែក៖

កាន់តែច្បាស់ហើយថា បក្សប្រឆាំងបានបំភ័ន្តប្រជាពលរដ្ឋលើកម្មវិធីនយោបាយ

អភិវឌ្ឍន៍ឃុំ-សង្កាត់របស់ខ្លួន ហើយក៏កំពុងភ័យស្លន់ស្លោដែរថា មិនដឹងត្រូវដោះ ស្រាយយ៉ាងណាដើម្បីទប់ចលនាតវ៉ាជាយថាហេតុនាពេលខាងមុខពេលដែលប្រជា ពលរដ្ឋនៅក្នុងឃុំ-សង្កាត់ ដែលគណបក្សសង្គ្រោះជាតិឈ្នះឆ្នោតគ្រប់គ្រងឃុំ-សង្កាត់នេះទាមទារឱ្យទម្លាក់កញ្ចប់ថវិកា៥០ម៉ឺនដុល្លារពី កឹម សុខា ឬពីមេឃុំ ចៅសង្កាត់បក្ស សង្គ្រោះជាតិដូចបានសន្យាក្នុងខិត្តប័ណ្ណឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ថ្មីៗនេះរបស់បក្សនេះ ។

ដោយសារតែឃោសនាបោកប្រាស់ជ្រុលខ្លួន និងមិនដឹងត្រូវដោះស្រាយយ៉ាងម៉េច បើឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់មិនបង្ហាញពីគោលនយោបាយអភិវឌ្ឍន៍ឃុំ-សង្កាត់បែរជាយកគោលនយោបាយសម្រាប់ការឃោសនាបោះឆ្នោតជាតិមក បំភ័ន្តរាស្ត្រទៅវិញ។ ឥឡូវនេះរាស្រ្តម្ចាស់ឆ្នោតចាប់ផ្តើមខឹងសម្បាខ្លះអន់ចិត្ត ខ្លះ លួចជេរក្នុងចិត្ត ខ្លះថាពួកប្រឆាំងនេះចេះតែកុហក និងថាបោកគឺបោកពិតមែន។ ដល់ពេលចរន្តនៃការទាមទារកញ្ចប់ថវិកាតាមការសន្យានេះផុសផុលឡើងបក្សប្រឆាំងពិតជាបុកពោះមិនដឹងរត់ទៅច្រកណាឡើយ។ ហេតុដូច្នេះហើយបានជាមេបក្សប្រឆាំង កឹម សុខា នៅមិនសុខឡើយ ហើយបានចាប់ផ្តើមចេញមុខដើរឃោសនាឡើងវិញថា ថវិកា៥០ម៉ឺនដុល្លារនោះមិនមែនបាននៅឆ្នាំនេះទេគឺរង់ចាំគណបក្សសង្គ្រោះជាតិឈ្នះឆ្នោតសិន ។

សិនទៀតហើយមេបក្ស២យប់១០ដង! មិនដឹងពេលណាបានធ្លាក់កញ្ចប់សន្យាហ្នឹង មកទេឃើញតែដើរបោករាស្ត្រពេញនគរ។ ប្រជាពលរដ្ឋអ្នកបោះឆ្នោតឱ្យបក្សប្រឆាំង និងសកម្មជនបក្សនេះ ហើយជាពិសេសសមាជិកក្រុមប្រឹក្សាបក្សនេះកំពុងតែអន់ចិត្តហេតុអ្វីមេ និងមន្ត្រីបក្សនេះពូកែបោកម្លេ៉ះ?

នៅខេត្តកណ្តាលកាលពីព្រឹកថ្ងៃទី៦ ខែមិថុនានេះមេបក្សប្រឆាំងមុខក្រាស់ កឹម សុខា បានប្រាប់ពលរដ្ឋថា លុយ៥០ម៉ឺនដុល្លារ និងប្រាក់៤ម៉ឺនរៀលមិនទាន់បានទេ ចាំបក្សសង្គ្រោះជាតិឈ្នះសិន។ នេះពិតជាសន្យាខ្យល់ធ្វើនយោបាយបោកប្រាស់ ប្រជាពលរដ្ឋខ្លួនឯងពិតប្រាកដមែន។ ចំណែក យឹម សុវណ្ណ ដែលបានស្រែកឃោសនា ឡូងៗថា បោះឆ្នោតឱ្យគណបក្សសង្គ្រោះជាតិថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧នឹងទទួលបានកញ្ចប់ថវិកា៥០ម៉ឺនដុល្លារដើម្បីអភិវឌ្ឍឃុំ-សង្កាត់បានឆ្លើយយករួចខ្លួនថា ថវិកានេះខ្លួនមិនមានទេ។ ចប់មែនទែនហើយ! នេះពិតជាអ្នកនយោបាយបោកប្រាស់អាជីពតែម្តង។

ចុះបើមិនខ្មេះទេហេតុអ្វីបក្សប្រឆាំងនាំគ្នាស្រែកកុហករាស្ត្រ? ក្រុមមន្ត្រីបក្សប្រឆាំង មួយចំនួនចេះធ្វើនយោបាយ ប៉ុន្តែគ្មានសីលធម៌នយោបាយនិងគុណធម៌។ បក្សប្រឆាំង ត្រូវបានគេដឹងថាមិនបានចូលរួមក្នុងការកសាងសមិទ្ធផលអ្វីឡើយក្រៅពីធ្វើនយោ បាយបោកប្រាស់រាស្ត្រដុតបញ្ឆេះកំហឹងរាស្ត្របង្កើតឱ្យមានការស្អប់ខ្ពើមក្នុងសង្គម រើសអើងប្រកាន់ពូជសាសន៍ និងជម្លោះវណ្ណៈសង្គមក៏ព្រោះតែដើម្បីអំណាច និង ផលប្រយោជន៍ផ្ទាល់ខ្លួន ។

បក្សប្រឆាំងបានប្រើយុទ្ធសាស្ត្រភូតកុហករាស្ត្រឯងឡើងវិលក្បុង។ ម្តងថា បាន លុយ៤០.០០០រៀល ម្តងសន្យាកញ្ចប់៥០ម៉ឺនដុល្លារថា បានពេលឃុំណាឈ្នះ ហើយឥឡូវចាប់ផ្តើមផ្ទេរការសន្យាខ្យល់នេះទៅពេលក្រោយពេលឈ្នះការបោះឆ្នោតវិញទៀត។ នេះពិតជាអ្នកកុហកអាជីពមែនសុំសរសើរៗ! កុហកនេះដូចករណីបង្កើត ទូរទស្សន៍ព្រះអាទិត្យហើយ។ បក្សប្រឆាំង កឹម សុខា, យឹម សុវណ្ណ, អេង ឆៃអ៊ាង សន្យាពីចុងឆ្នាំដល់ដើមឆ្នាំ ឥឡូវនេះជាងបីឆ្នាំហើយបាត់ដំណឹងថវិកាប្រមាណជាង៧សែនដុល្លារអាមេរិកដែលរៃអង្គាសពីប្រជាពលរដ្ឋបាត់ដំណឹងសូន្យឈឹង។ ចំណែក រាស្ត្រដែលរង់ចាំមើលទូរទស្សន៍ព្រះអាទិត្យក៏រង់ចាំឡើងផ្សារភ្នែកថែមទៀត ។

គិតលេងៗថា ដើម្បីទប់ស្កាត់ការឃោសនានយោបាយបោកប្រាស់របៀបដូចបក្សប្រឆាំងនេះ តើកម្ពុជាគួរមានច្បាប់មួយដើម្បីទប់ស្កាត់ ការឃោសនានយោបាយសន្យាបោកប្រាស់រាស្ត្រដែលការសន្យានោះហួសហេតុមិនអាចធ្វើបានដែរឬទេ?

ព្រោះដើម្បីកុំឱ្យមានភាពចលាចលកើតចេញពីការតវ៉ាជាយថាហេតុ និងធ្វើឱ្យរាស្ត្រលង់ក្នុងការភូតកុហកបោកប្រាស់ គ្មានភាពប្រាកដនិយមនិងធ្វើឱ្យអ្នកបោះឆ្នោតមានតែការភូតកុហក ការសម្រេចចិត្ត មិនត្រឹមត្រូវដោយឈរលើការបំភ្លៃ បំផ្លើស បំប៉ោង បំភ័ន្តដែលអាចធ្វើឱ្យអន្តរាយដល់ជាតិ និងប្រជាជន។ ទោះយ៉ាងណាយើង បានឃើញហើយថា ការសន្យាបែបបោកប្រាស់របស់បក្សប្រឆាំងនេះមិនអាចទទួល បានជ័យជម្នះក្នុងគ្រប់ការបោះឆ្នោតទាំងអស់ ព្រោះរាស្ត្រភាគច្រើនបានដឹងពីកល ល្បិចនៃការឃោសនានយោបាយបោកប្រាស់របស់ក្រុមបក្សប្រឆាំងអស់ហើយ ៕ ចៅចាក់ស្មុក

 


ចែករំលែក៖