ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ មន្ទីរពេទ្យព្រះសង្ឃយកចិញ្ចើមផ្លូវធ្វើជាកន្លែងផ្ញើម៉ូតូយកលុយ

ចែករំលែក៖

នៅគ្រាដែលរាជធានីភ្នំពេញ កំពុងញាំញីដោយបញ្ហាសណ្តាប់ធ្នាប់ និងចរាចរណ៍ ស្រាប់តែមន្ទីរពេទ្យព្រះកុសុមៈ ហៅមន្ទីរពេទ្យលោកសង្ឃ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោកយកចិញ្ចើមផ្លូវធ្វើជាកន្លែងផ្ញើម៉ូតូយ៉ាងសប្បាយរីករាយ ។ ករណីបែបនេះ ក្នុងនាមនាងខ្ញុំជាប្រជាពលរដ្ឋ ដែលមានលំនៅឋានក្បែរនោះយល់ថា អាជ្ញាធររាជធានីភ្នំពេញមិនគួរបណ្តោយឲ្យមានសកម្មភាពបែបនេះទេ ។

នាងខ្ញុំបានឃើញ ជាក់ស្តែងនៅតាមរបងមន្ទីរពេទ្យលោកសង្ឃផ្នែកខាងត្បូង ដែលទើបនឹងសង់ឃឿនចិញ្ចើមផ្លូវថ្នល់ សម្រាប់អ្នកថ្មើរជើង ពេលនេះត្រូវបានខាងមន្ទីរពេទ្យដាំបង្គោលដែក និងប្រក់ដំបូលស័ង្កសី ប្រែក្លាយទីកន្លែងនេះទៅជាកន្លែងទទួលផ្ញើម៉ូតូយកលុយបានយ៉ាងស្រួល ។ អ្នកដែលយកម៉ូតូទៅផ្ញើក្នុងមួយគ្រឿងថ្លៃ១ពាន់រៀលសម្រាប់ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ រីឯថ្ងៃសៅរ៍-អាទិត្យ, ថ្ងៃបុណ្យ និងបញ្ញើពេលយប់ ត្រូវបង់២ពាន់រៀល ។ នាងខ្ញុំមុនដំបូងឃើញគេរៀបឃឿនចិញ្ចើមផ្លូវនឹកសប្បាយចិត្ត ព្រោះគិតថា មើលទៅមានភាពស្រស់ស្អាត និងមានភាពងាយស្រួលសម្រាប់អ្នកធ្វើដំណើរថ្មើរជើង ដែលអាចចៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ ។ ប៉ុន្តែឃឿនថ្មនោះប្រែក្លាយទៅជាកន្លែងផ្ញើម៉ូតូទៅវិញ ។

នាងខ្ញុំគិតថា វាមិនសមទាល់តែសោះ ព្រោះជាចិញ្ចើមផ្លូវសាធារណៈសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ ។ ហេតុអ្វីបានជាយកចិញ្ចើមផ្លូវដើម្បីរកប្រយោជន៍បុគ្គលទៅវិញ? បើតាមនាងខ្ញុំសង្កេតមើល នៅតាមរបងជុំវិញមន្ទីរពេទ្យផ្សេងៗទៀត ក៏មានរឿងដូចគ្នានេះដែរ ។ ជុំវិញមន្ទីរពេទ្យកុមារជាតិ ស្ទើររកផ្លូវជិះម៉ូតូមិនបាន… ជុំវិញមន្ទីរពេទ្យកាល់ម៉ែត ក៏ដូចគ្នា ដែលមួយថ្ងៃៗ គេអាចរកចំណូលពីការផ្ញើរថយន្ត-ម៉ូតូមិនតិចសិបលានរៀលនោះទេ ៕ ប្រជាពលរដ្ឋម្នាក់


ចែករំលែក៖