បរិវេណសួនច្បារផ្សារចាស់ ដែលជាទីកន្លែងសម្រាប់ការកម្សាន្តរបស់ប្រជាពលរដ្ឋក្នុងទីក្រុងនេះ បានក្លាយទៅជាចំណតរថយន្តចតច្រើនជួរលើចិញ្ចើមផ្លូវ ដែលអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ខណ្ឌ មិនអាចដោះស្រាយបាន។ សម្រាប់ខ្ញុំបាទជាប្រជាពលរដ្ឋយល់ថា ពេលនេះ អាជ្ញាធរគួរតែរំដោះចិញ្ចើមផ្លូវនៅជុំវិញផ្សារចាស់ឲ្យមានសិរីភាពសម្រាប់ប្រជាពលរដ្ឋទៅកម្សាន្តលំហែហើយ។
រថយន្តដែលដាក់តាំងលក់បានចតជាពីរជួរនៅលើចិញ្ចើមផ្លូវជុំវិញផ្សារចាស់ ដែលបណ្តាលឲ្យប្រជាពលរដ្ឋមានបំណងទៅកម្សាន្តនៅទីនោះ មិនអាចរកទីកន្លែងចតយានយន្តរបស់ខ្លួនបាន រួមជាមួយនឹងបរិស្ថាននៅលើសួនច្បារនេះមិនទាន់បានកែលម្អឲ្យសមរម្យ។ តើអាជ្ញាធរត្រូវការអ្វីខ្លះដើម្បីរៀបចំសណ្តាប់ធ្នាប់នៅជុំវិញសួនច្បារផ្សារចាស់ចាប់ពីផ្លូវព្រះមុនីវង្ស ដល់មាត់ទន្លេ?
អមសងខាងសួនច្បារ ក៏ដូចជាផ្លូវដែលកាត់ទទឹងសួនច្បារ សុទ្ធតែត្រូវបានដាក់តាំងរថយន្តជាពីរជួរ ដែលពេលខ្លះ ស្ទើរតែមិនអាចឲ្យធ្វើដំណើរបាន។ ករណីនេះ ថ្នាក់ដឹកនាំខណ្ឌដូនពេញ ច្រើនជំនាន់ហាក់មិនមានលទ្ធភាពដោះស្រាយប្រកបដោយប្រសិទ្ធភាពទាល់តែសោះ។ បើតាមការយល់ឃើញរបស់ខ្ញុំបាទ ទំនងជាចិញ្ចើមផ្លូវនៅជុំវិញសួនច្បារនេះ ត្រូវបាន«លក់» សម្រាប់ឲ្យក្រុមរថយន្តទាំងនោះដាក់តាំងលក់។ ដូចគ្នានេះដែរ បរិវេណសួនច្បារកុមារវត្តភ្នំ ក៏ពេញទៅដោយរថយន្តលក់ដូចគ្នានេះដែរ។
ក្នុងនាមប្រជាពលរដ្ឋម្នាក់ ខ្ញុំបាទចង់ឃើញអាជ្ញាធររំដោះចិញ្ចើមផ្លូវជុំវិញសួនច្បារផ្សារចាស់ឲ្យមានសិរីភាពឡើងវិញ ជាប្រយោជន៍ផ្តល់ឱកាសឲ្យប្រជាពលរដ្ឋបានទៅកម្សាន្តលំហែនៅទីនោះផង។ ប្រសិនបើអាជ្ញាធរមិនដោះស្រាយនោះទេ វានឹងនាំឲ្យមានការយល់ច្រឡំដោយអគតិថា អាជ្ញាធរទទួលបានលាភសក្ការពីយានយន្តដែលដាក់តាំងលក់ទាំងនោះ។ ដូច្នេះ ដើម្បីសោភណ្ឌភាពទីក្រុងផង និងដើម្បីបញ្ចៀសការរិះគន់ពីប្រជាពលរដ្ឋផង អាជ្ញាធរគួរតែបោសសម្អាត រៀបចំសណ្តាប់ធ្នាប់នៅជុំវិញសួនច្បារផ្សារចាស់នេះផង៕ ប្រជាពលរដ្ឋម្នាក់