ភ្នំពេញៈ ជារៀងរាល់ឆ្នាំនៅ ដើមខែសីហា និង កញ្ញា សាសនិកខ្មែរឥស្លាម ជិត១ពាន់នាក់តែងតែធ្វើដំណើរទៅប្រារព្ធពិធីបុណ្យហាជ្ជនៅប្រទេសអារ៉ាប៊ីសាអូឌីត ខណៈឆ្នាំ២០១៧នេះ ពេលវេលានៃការចេញដំណើរក៏បានឈានមកដល់ ជាក់ស្តែង នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៧នេះ គឺជាការចេញដំណើរក្បួនដំបូងគេ មានចំនួន៧៧នាក់ ដែលអញ្ជើញតាមរយៈក្រុមហ៊ុនទេសចរណ៍យូណេសធួរ ហោះហើរ តាមអាកាសចរណ៍ម៉ាឡេស៊ី ហើយបន្តទៅក្រុងជុដ្ដះប្រទេសអារ៉ាប៊ីសាអូឌីត។
លោក អូស្មាន ហាស្សាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី លោកក៏បានអញ្ជើញជូនដំណើរ បងប្អូនខ្មែឥស្លាម ដែលចេញដំណើរលើជើងហោះហើរដដែល ដោយបានចែករំលែកការអបអរសាទរដល់អ្នកគ្រប់គ្នា ដែលសម្រេចបានការ ទទួលទិដ្ឋាការដោយជោគជ័យ ក្រោមការចំណាយថវិកា ផ្ទាល់ខ្លួន និងមានការខ្នះខ្នែងពីសំណាក់ក្រុមហ៊ុន ដែលមិនបង្កអោយមានបញ្ហាណាមួយរាំងស្ទះដល់ការធ្វើដំណើរនេះឡើយ។
លោកក៏បានកោតសរសើរដល់រាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ជាពិសេសស្ថានទូអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា ដែលមាននិវេសនឋាននៅទីក្រុងហាណូយ ប្រទេសវៀតណាម ដែលបាន ខ្វាយខ្វល់ និងប្រឹងប្រែងបំពេញការងារ សម្រួលដល់ដំណើរការចេញទិដ្ឋាការសម្រេចបានយ៉ាងរលូន។
តាមការបញ្ជាក់ឲ្យដឹង ពីលោក អូស្មាន ហាស្សាន់ បានឲ្យដឹងថា ៖ សម្រាប់ឆ្នាំ២០១៧នេះ ចំនួនសាសនិកឥស្លាមដែលនឹងចេញដំណើរបណ្តើរៗ ទៅប្រារព្ធពិធីបុណ្យហាជ្ជនេះសរុប៧៤៤នាក់ ក្នុងនោះអ្នកដែលចេញដំណើរដោយចំណាយងថវិការផ្ទាល់ខ្លួន តាមរយៈក្រុមហ៊ុនទេសចរណ៍ចំនួន៤ មានចំនួន៧២២នាក់ និង អ្នកដែលជាថ្នាក់ដឹកនាំអញ្ជើញក្នុងនាមជាភ្ញៀវរបស់ព្រះចៅ សាល់ម៉ាន ព្រះមហាក្សត្រនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីតមានចំនួន២០នាក់។
លោកបប្ដថា៖ តើអ្វីទៅជាពិធីបុណ្យហាជ្ជ? បុណ្យហាជ្ជគឺជាពិធីបុណ្យរបស់សាសនាឥស្លាមលើសកលលោក ដែលផ្តុំគ្នានៅទឹកដីម៉ាកះ ប្រទេសអារ៉ាប៊ីសាអូឌីតជាចំណុច កណ្តាលរឺជាផ្ចិតផែនដី គឺក្នុងពេលកំណត់តែមួយជារៀងរាល់ឆ្នាំ ហើយវាត្រូវបានតម្រូវអោយអនុវត្តបែបធម្មយាត្រាលើលំនាំតែមួយ។
ពិធីធម្មយាត្រាហាជ្ជគឺជាកាតព្វកិច្ចទី៥ ក្នុង ចំណោម កាតព្វកិច្ចទាំង៥នៃមូលដ្ឋានរបស់សាសនាឥស្លាម ដែលកំណត់អោយអ្នកកាន់សាសនាឥស្លាមដែលគ្រប់អាយុមានសតិគ្រប់គ្រាន់ និងលទ្ឋភាពហិរញ្ញវត្ថុគ្រប់គ្រាប់ ត្រូវអនុវត្តយ៉ាងហោចអោយបានម្តងក្នុងមួយជីវិត ។
យោងលើប្រសាន៍របស់ព្យាការីនៃអ្នកកាន់សាសនាឥស្លាម គឺសារវ័កមូហាំម៉ាត់ ដែលចែងថា ” សាសនាឥស្លាមត្រូវបានសាងឡើងនៅលើគ្រឹះចំនួន៥ គឺទី១ ត្រូវស្តីជាសាក្សីទាំងវាចារនិងសុទ្ឋចិត្តថា គ្មានព្រះជាម្ចាស់ណាដែលគេត្រូវសក្ការៈគោរព ក្រៅពីអល់ឡោះជាម្ចាស់ និង មូហាំម៉ាត់គឺសារវ័គចុងក្រោយពិតប្រាកដ ដែលនាំសេចក្តីពិតពីព្រះ ទី២ ត្រូវអនុវត្តន៍ការថ្វាយបង្គុំព្រះ៥ដងក្នុងមួយថ្ងៃមួយយប់រៀងរាល់ថ្ងៃ ទី៣ ត្រូវមានកាតព្វកិច្ចប្រចាំឆ្នាំក្នុងការដកពន្ឋពីកសិផល១០ភាគរយដែលធ្វើដោយទឹកភ្លៀងរឺបែបធម្មជាតិសុទ្ឋសាត ៥ភាគរយការប្រកបរបរកសិកម្មដោយបច្ចេកទេសហើយប្រើទុនធំ និង ដកពន្ធពីចំណូលហិរញ្ញវត្ថុដែលបានមកដោយអាជីវកម្មនានាដែលនៅសល់ប្រចាំ ឆ្នាំ២,៥ភាគរយ ទី៤ បួសតមអាហារនិងទឹកលត់ដុមកាយនិងចិត្ត ក្នុងពេលថ្ងៃប្រមាណ១៤ម៉ោងចំនួន១ខែពេញក្នុងខែរ៉ាម៉ាឌន និងទី៥ គឺការទៅប្រារព្ធពិធីបុណ្យហាជ្ជនៅទឹកដីម៉ាកះ ប្រទេសអារ៉ាប៊ីសាអូឌីតនេះតែម្តង ” ។
ពិធីបុណ្យហាជ្ជគឺជាពិធីធម្មយាត្រានៃសាសនារបស់ព្រះជាម្ចាស់ ដែលមានតាំងពីមុនសម័យកាលឥស្លាម ហើយអ្នកកាន់សាសនាឥស្លាមជឿជាក់ថា ពិធីនេះ ត្រូវបានអល់ឡោះជាម្ចាស់បញ្ចុះអោយអនុវត្តតាំងពីរជ្ជកាលសាសនាបរិសុទ្ឋរបស់ ព្យាការីអីប្រាហ៊ីមមកម្លេះ។
យោងតាមបន្ទូលរបស់ព្រះអល់ឡោះក្នុងព្រះគម្ពីរអាល់គួរអាន ជំពូក អាល់ហាជ្ជលេខរៀង២២:២៦ ហើយនៅខណៈដែលយើងបានបង្ហាញឱ្យអ៊ីប្រាហ៊ីម នូវទីកន្លែងពិសិដ្ឋកាក់ប៉ះ (ដើម្បីសាងសង់) ទ្រង់បានបន្ទូលថា ចូរអ្នកកុំសក្ការៈអ្វីរួមនឹង យើងឱ្យសោះ ហើយចូរអ្នកសំអាតកាក់ប៉ះរបស់យើង សម្រាប់ពួកអ្នកតវ៉ាហ្វ(ធ្វើធម្មយាត្រាវិលជុំ៧ជុំ) និងពួកអ្នកដែលឈរ ហើយរូកុ ស៊ូជោទ (ការថ្វាយបង្គុំ) ។
រដូវកាលដែលចាប់ផ្តើមអនុវត្តកាតព្វកិច្ចនៃពិធីហាជ្ជគឺផ្តើមពីថ្ងៃទី៨ ខែហ្សុលហិជ្ចះ ជាខែទី១២ នៃមូហាំម៉ាត់សាគរាជ ប្រហាក់ប្រហែលនឹងចន្លោះពីខែសីហា និង ខែកញ្ញា ដែលពីពេលនេះអ្នកដែលទៅប្រារព្ធពិធីហាជ្ជត្រូវស្លៀកពាក់ដោយប្រើក្រណាត់សរពីរដោយអត់មានជាប់ថ្នេរដេរអ្វីទាំងអស់ គឺ១រុំដងខ្លួនកំណាត់ខ្លួនខាងលើ ហើយ១ទៀតរុំដងខ្លួនកំណាត់ពាក់កណ្តាល់ខ្លួនចុះក្រោម រួចគេត្រូវដើរឆ្ពោះទៅវិហារពិសិដ្ឋរបស់ឥស្លាម Masjid Al Haram ដែលមានថ្មពិសិដ្ឋមួយឈ្មោះថា កាក់ប៉ះ គឺជាចំណុចកណ្តាលរឺផ្ចិតរបស់ផែនដីដែលអ្នក វិទ្យាសាស្រ្តក៏ទទួលស្គាល់ថា ជាចំណុចផ្ចិតរបស់ផែនដី នៅកន្លែងនេះ គឺត្រូវអនុវត្តការធ្វើធម្មយាត្រាវិលជុំវិញផ្ចិតនេះចំនួន៧ជុំ ដែលក្នុងសាសនា ឥស្លាមគេហៅថា ( Tawaf Al Qudum) រួមទាំងដើរធម្មយាត្រាទៅមក៧ជុំថែមទៀត ពីរវាងភ្នំសូហ្វា (Sofa) និងភ្នំម៉ារវ៉ា (Marwa) បន្ទាប់មកទៀតគេត្រូវចេញដំណើរទៅកាន់វាលមួយនៅជិតដែនដីម៉ាកះ ដែល មានឈ្មោះថា វាល Mina ដើម្បីអនុវត្តជាកាតព្វកិច្ចនាថ្ងៃពិសេសដែលក្នុងឥស្លាមហៅថាថ្ងៃ Terwiyah ។
ក្រោយមមក គេត្រូវបន្តដំណើរទៅកាតព្វកិច្ចបន្ទាប់នៅឯវាល Arafah ស្នាក់នៅវាលនេះថ្ងៃទី៩ ដល់វេលាមុនថ្ងៃលិច វិលត្រឡប់មកកាន់វាល Mina វិញ ដើម្បីបំពេញកាតព្វកិច្ចចុងក្រោយ ក្នុងថ្ងៃទី១០ ជាថ្ងៃបុណ្យធំ គឺមានការអនុវត្តពិធីចោលដុំគ្រោះទៅលើបង្គោលទី១ ដែលអនុវត្តតាមលំនាំពីរជ្ជកាលអាប្រាហាមដែលចោលទៅលើអារក្សហ្សៃតន់ ក្នុងនោះក៏មានពិធីកោសក់ រឺកាត់តម្រឹមអោយខ្លី ពិធីសំឡេះសត្វចែកសាច់ជូនជនក្រីក្រ រួចបន្តនៅទីនេះអនុវត្តក្នុងលំនាំនៃពិធីចោលដុំគ្រោះទៅលើបង្គោលទី១ ទី២ និងទី៣ ចំនួន២ទៅ៣ថ្ងៃបន្ថែមទៀត។
ចំណែកអ្នកកាន់សាសនាឥស្លាមដែលនៅតាមប្រទេសនានា និយាយរួមនៅគេហដ្ឋានដែលមិនបានទៅបំពេញធម្មយាត្រាហាជ្ជនេះ ក៏គេប្រារព្ធពីធីសប្បាយបែបចូលឆ្នាំថ្មីនៅថ្ងៃទី១០នេះ និងមានពិធីសំឡេះសត្វគោ ពពែ ចៀម ដែលគេហៅថា Qurbanរឺ Audhiya ដែលមានន័យស្រដៀងនឹងពិធីដង្វាយអញ្ចឹងដែរ គ្រាន់តែសត្វទាំងនោះសំឡេះក្នុងគោលបំណងយកសាច់ចែកជនក្រីក្របានទទួលទាន។
បន្ទាប់មកទៀតគេត្រូវត្រឡប់ទៅកាន់ វិហារពិសិដ្ឋរបស់ឥស្លាម Masjid Al Haram ដើម្បីអនុវត្តធម្មយាត្រាជាកាតព្វកិច្ចចុងក្រោយដែលគេហៅថា Tawaf Al Wida គឺធ្វើដូចថ្ងៃដំបូង ផ្តើមដោយធម្មយាត្រាវិលជុំវិញផ្ចិតផែនដីកាក់ប៉ះនេះចំនួន៧ជុំ បញ្ចប់ដោយធម្មយាត្រាជុំវិញភ្នំសូហ្វា (Sofa) និងភ្នំម៉ារវ៉ា (Marwa) បន្ទាប់ពីមកគឺពិធីនេះត្រូវបានបញ្ចប់ជាស្ថាពរហើយ ហេតុនេះអ្នកដែលបំពេញបុណ្យធម្មយាត្រានេះក៏ពុំមានភារកិច្ចអ្វីទៀតឡើយ ៕ សំរិត