ព័ត៌មានទាន់ហេតុការណ៍៖

ទោះជាមហាអំណាច និងបិតាប្រជាធិបតេយ្យ ក៏មិនអាចបំពានច្បាប់ប្រទេសដែលមានអធិបតេយ្យ និង​នីតិរដ្ឋ​បានដែរ

ចែករំលែក៖

គេថា «អាមេរិកខូច គឺពិតជាខូចដូចមាត់គេ​ថា​មែន» ឲ្យតែប្រទេសណាមួយដែលអាមេរិកស្អប់​ មិនចូលចិត្ត មេដឹកនាំនៅក្នុងប្រទេសនោះ​ បើទោះបីការដឹកនាំនៅក្នុង​ប្រទេសនោះ​មាន​ភាព​រីកចម្រើន មានការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយ្យ យ៉ាងណាក្តី​ក៏អាមេរិក រិះរកគ្រប់ វិធីសាស្ត្រ ​មធ្យោបាយ ដើម្បីបំផ្លាញឬកម្ចាត់មេដឹកនាំនៅក្នុងប្រទេសនោះដែររួចដាក់មេដឹកនាំ​ដែល ក្រាបលូនទៅតាមជើង អាមេរិក។

សកម្មភាពបែបនេះត្រូវបាន អាមេរិក ធ្វើដាក់ប្រទេសជាច្រើន នៅជុំវិញពិភពលោក ទាំង​នៅតំបន់​អាមេរិក អឺរ៉ុបមជ្ឈិមបូព៌ារហូតមកដល់អាស៊ី​ ពិសេសគឺអាស៊ានតែម្តង ។ នៅពេលដែល អាមេរិក មិនពេញចិត្ត គឺញុះញង់​ឲ្យ ពលរដ្ឋប្រទេសនោះក្រោកឈរឡើងប្រឆាំង ជាមួយរដ្ឋាភិ​បាលខ្លួន​ឯង ដោយយកអាមេរិកជាខ្នងបង្អែក ហើយនៅពេលដែលធ្វើ​​ មិនបានសម្រេច អាមេរិក​ក៏ចោទប្រកាន់ប្រទេស នោះថាបាន បំពានសិទ្ធិមនុស្ស មិនគោរពសិទ្ធិពលរដ្ឋ បំពាន ប្រជាធិបតេយ្យ ។ នៅពេលចោទប្រកាន់គ្រប់យ៉ាងមិនមានប្រសិទ្ធភាព​ អាមេរិក ក៏បាន​បង្វែរ ដាក់ទណ្ឌកម្មសេដ្ឋកិច្ច បន្ទាប់មកគឺគំរាមកំហែងវាយប្រហារដោយយោធា​ ។ ជាក់ស្តែង ដូចនៅ ប្រទេស​​វេណេហ្សុ៊យអេឡា រុស្សុី ចិន ហ្វុីលីពីន និងកូរ៉េខាងជើង​ជាដើម។​

នៅពេលនេះយើងមិនចាំបាច់លើកពីប្រទេសណាមួយនៅឆ្ងាយនោះឡើយ គឺប្រទេស ហ្វុីលីពីន ដែលស្ថិតនៅក្នុងតំប់អាស៊ីភាគអាគ្នេយ៍ ដែលមានទំនាក់ទំនងមិត្តភាព ជាមួយ​អាមេរិក ជាង​៦៥ឆ្នាំ នៅទីបំផុត​ក៏ត្រូវកាត់ផ្តាច់​ ដោយសារតែ អាមេរិក មើលឃើញ​មេដឹកនាំហ្វុីលីពីន​ លោក ឌុយទែរតេ ​មិនដើរទៅតាមគន្លងរបស់អាមេរិក។​ រយៈពេលជាង ៦៥ឆ្នាំ​​ អាមេរិកមិនបានជួយដល់ហ្វុីលីពីន នៅក្នុងវិស័យសេដ្ឋកិច្ច រីកចម្រើន ឬក៏នៅក្នុងវស័យយោ​ធានោះឡើយ​ ផ្ទុយទៅវិញ ធ្វើឲ្យប្រទេសនេះធ្លាក់នៅក្នុងភាព ច្របូកច្របល់​ ពោរពេញ​ទៅដោយគ្រឿងញៀន។ ទាំងនោះហើយទើបមេដឹកនាំហ្វុីលីពីន បានសម្រេចចាកចេញពីអាមេរិក ហើយងាកទៅចងសម្ពន្ធមិត្តជាមួយចិន ដែលជាប្រទេសនៅជិតខាង​ ហើយតែងតែជួយជានិច្ច ក្នុងវិស័យសេដ្ឋកិច្ច ដោយមិនទាមទារអ្វីឡើយ។ ក្រោយពេលងាកទៅរក ចិន វិញ ហ្វុីលីពីនទទួលបាន ជំនួយជាច្រើន ពីចិន ក៏ដូចជាការវិនិ​យោគ រាប់សិបពាន់លានដុល្លារ ទៀតផង។​ ហ្វុីលីពិន​ក៏បាន​ ទាត់ចោលជំនួយ ពីលោក​ខាងលិច​ ដោយចេះតែទាមទារនេះ ទាមទារនោះ ដាក់លក្ខខណ្ឌគ្រប់បែបយ៉ាង ចំណែក​ចិនវិញ គឺឲ្យមិនខ្វល់​ថា អ្នកឯងយកទៅធ្វើអ្វីនោះឡើយ។

នៅពេលដែល ប្រទេសជាច្រើន ឃើញពីអំពើល្អពិតប្រាកដរបស់ចិនក៏ងាកទៅរកចិន​វិញដូចជា ហ្វុីលីពីន ឥណ្ឌូនេស៊ី​ កម្ពុជាជាដើម ធ្វើឲ្យអាមេរិកកាន់តែខឹងសម្បាយ៉ាងខ្លាំង​ខំរិះរក​គ្រប់វិធីសាស្ត្របំផ្លាញប្រទេសនោះ។​

ចំពោះប្រទេសកម្ពុជាវិញ​ ពលរដ្ឋជាច្រើនដែល អង្គុយពិសាកាហ្វេពេលព្រឹក​ តាមហាងកាហ្វេនានាបានលើកឡើងថា «បើអាមេរិក​ មិនជួយកម្ពុជា​ក៏ហីទៅចុះ សូមកុំបំផ្លាញ កម្ពុជា ទុកឲ្យពលរដ្ឋកម្ពុជារស់នៅ​ បានសុខ​ ដូចបច្ចុប្បន្ននេះផង»។​ ការលើកឡើងបែបនេះ​ របស់ពលរដ្ឋ ក្រោយពេលដែលមានប្រតិកម្ម ពីស្ថានទូតអាមេរិកប្រ​ចាំនៅកម្ពុជា​ ដែលថ្កោលទោសទៅលើរដ្ឋាភិបាល​ បន្ទាប់ពីរដ្ឋាភិបាល​បានសម្រេច បិទ​និងបណ្តេញ បុគ្គលិក​បរទេស របស់វិទ្យាស្ថាន​ជាតិ​ប្រជាធិបតេយ្យ NDI ចេញពី​ប្រទេស​កម្ពុជា ក្នុងរយៈពេល​៧ថ្ងៃ។ ការដែលរដ្ឋាភិបាល សម្រេច បិទ​និងបណ្តេញបុគ្គលិកបរទេសចេញនោះគឺក្រោយពេល វិទ្យាស្ថាន​ NDI ​​មិនគោរពតាមច្បាប់​ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល​ ព្រមទាំងច្បាប់ស្តីពីសារពើពន្ធ។

ស្ថានទូតអាមេរិក​បានប្រតិកម្ម​កាលពី រសៀលថ្ងៃទី២៣ ខែសីហានេះ ក្រោមចំណងជើងថា «Is Cambodia committed to democracy? You decide»(តើប្រទេសកម្ពុជា​មានការប្តេជ្ញា​ចិត្តចំពោះ​​លទ្ធិប្រជាធិបតេយ្យ ដែរឬទេ? អ្នកជាអ្នកសម្រេចិត្ត) ។ នេះជាទង្វើញុះញង់ អុជអាល​ របស់អាមេរិក មកលើពលរដ្ឋកម្ពុជា ​ជាការមិនគោរពទៅលើ​ប្រទេសមួយដែលមានអធិបតេយ្យ ។

ការ អុជអាលបែបនេះ នឹងមិនធ្វើឲ្យ​ពលរដ្ឋកម្ពុជា ងាករេឡើយ​ដោយ ពលរដ្ឋ​បានដឹងយ៉ាង​ច្បាស់ពីទង្វើរបស់អាមេរិក​​។ មិនតែប៉ុណ្ណោះក្រុមយុវជន និងពលរដ្ឋដែលស្រឡាញ់​ សន្តិភាព​ប្រជាធិបតេយ្យ បានឡើងគម្រោងធ្វើបាតុកម្ម​ ប្រឆាំងស្ថានទូតអាមេរិក ទៀតផង។ ​ យុវជនកម្ពុជាបានពេញចិត្ត​យ៉ាងខ្លាំងចំពោះសន្តិភាព និរន្តរភាព និងនីតិរដ្ឋ ក្រោមការដឹកនាំរបស់សម្តេចតេជោ។​ ពលរដ្ឋកម្ពុជាមិនចង់​ឲ្យទំព័រប្រវត្តិសាស្ត្រ​ អាមេរិកធ្លាប់បានបង្កវិនាសកម្ម មកលើកម្ពុជា ជាថ្មីទៀតនោះឡើយ ដោយកម្ពុជា ទទួលបានមេរៀនម្តងរួចមកហើយ កាលពីអំឡុងទសវត្ស​៧០ បានរុញច្រាន​ពលរដ្ឋកម្ពុជារស់នៅក្នុងទុក្ខវេទនា​។ ប្រវត្តិសាស្ត្រ មិនអាចធ្វើឲ្យពលរដ្ឋកម្ពុជា បំភ្លេចបានឡើយ​ ហើយបច្ចុប្បន្នស្លាកស្នាមប្រវត្តិសាស្ត្រ បន្សល់ទុករហូតមកដល់ពេលនេះ​ គឺគ្រាប់មីន​ដែលអាមេរិកទម្លាក់នៅកម្ពុជានៅតែសម្លាប់ពលរដ្ឋខ្មែរធ្វើឲ្យពលរដ្ឋ ក្លាយជាជន ពិការជាបន្តបន្ទាប់ដោយសារមីនអាមេរិក។

ដូច្នេះបើអាមេរិក នៅតែ​ ជ្រៀតជ្រែកលូកដៃចូលកិច្ចការផ្ទៃក្នុង​របស់កម្ពុជានោះ​ នឹងមាន​ការផ្ទុះបាតុកម្ម ប្រឆាំង អាមេរិកជាទ្រងទ្រាយធំនៅរាជធានីភ្នំពេញ​នាពេលដ៏ខ្លីខាងមុខ។

«អ្នកជជែកគ្នាតាមតុកកាហ្វេ» បាននិយាយចំៗថា ប្រទេសមហាអំណាចសេដ្ឋកិច្ច ទីពីរនិងទី​៣ លើពិភពលោក​គឺចិន និងជប៉ុន​ ហើយក៏ជាប្រទេស ផ្តល់ជំនួយ​ អត់សំណង ដាក់ វិនិយោគ និង​ជួយកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅកម្ពុជា ហើយប្រទេស​ទាំងនោះក៏មានអង្គការ មានស្ថានទូត​នៅកម្ពុជាដូចអាមេរិកដែរ តែគេគោរពទៅតាម ច្បាប់​ដឹកនាំរបស់កម្ពុជា​ ​មើលឃើញការដឹកនាំរីកចម្រើនរបស់រដ្ឋាភិបាលកម្ពុជា ។ ដោយឡែកតែអាមេរិកជាបិតា ប្រជាធិបតេយ្យ សេដ្ឋកិច្ច និងយោធា​ពិភពលោក​មានភ្នែកភ្លឺមុតល្អណាស់ តែមើលមិនឃើញពីភាពរីកចម្រើន ពីការចង់បានសន្តិភាពរបស់ពលរដ្ឋកម្ពុជា ​ចង់តែរុញកម្ពុជាឲ្យធ្លាក់ចូលក្នុងរណ្តៅទុក្ខដូចទសវត្ស៧០ទៀតឬ?

 


ចែករំលែក៖