ព័ត៌មានទាន់ហេតុការណ៍៖

មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហម៖ យុវជនត្រូវសិក្សា និងចងចាំប្រវត្តិសាស្ត្រខ្លួន

ចែករំលែក៖

ភ្នំពេញ៖ «យុវជនត្រូវសិក្សាពីប្រវត្តិសាស្ត្ររបស់ខ្លួនឱ្យបានច្បាស់លាស់ ជាពិសេសរឿងរ៉ាវ ដែលកើតឡើងនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ដើម្បីចៀសវាងការប្រព្រឹត្តកំហុសច្រំដែលជាន់ដានប្រវត្តិសាស្ត្រ នាំឱ្យមានការស្លាប់បាត់បងជីវិតប្រជាជន ហើយខឿនសេដ្ឋកិច្ចជាតិ ត្រូវបានបំផ្លិចបំផ្លាញដូចពីអតីតកាល»។ នេះគឺជាការលើកឡើងរបស់លោក នេត្រ ភក្ត្រា មន្ត្រី នាំពាក្យនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជានៅថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០១៧ នៅចំពោះមុខយុវជនយុវនារី មកស្រុកមេមត់ ខេត្តត្បូងឃ្មុំ ប្រមាណ ៣០០ ដែលមកទស្សនកិច្ចសិក្សាស្វែងយល់ពីការជំនុំជម្រះក្តីលើអតីតមេដឹកនាំខ្មែរក្រហម។

លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការជំនុំជម្រះក្តីលើឧក្រិដ្ឋកម្មដែលបានកើតឡើងនៅក្នុង របបខ្មែរក្រហម ដើម្បីរកអ្នកទទូលខុសត្រូវលើឧក្រិដ្ឋកម្ម ផ្តល់យុត្តិធម៌ជូនជនរងគ្រោះដែលបានស្លាប់បាត់ បង់ជីវិត និងអ្នកដែលកំពុងរស់រានមានជីវិតពីរបបខ្មែរក្រហម ព្រមទាំងចូលរួមស្វែងរកការពិតជូនមនុស្សជាតិទាំងមូលថាតើមានអ្វីកើតឡើងពិតប្រាកដក្នុងរបបនេះ បានជាធ្វើឱ្យមនុស្សយ៉ាងហោចណាស់ចន្លោះពី ១,៧ លាន ទៅ ២,២ លាននាក់ស្លាប់បាត់បង់ជីវិត»។ លោកបន្តថាការចងចាំអំពីប្រវត្តិសាស្ត្រកម្ពុជាក៏ ជាផ្នែកមួយដែលជួយឱ្យយុវជនបានយល់ដឹងកាន់តែស៊ីជម្រៅ បន្ថែមពីលើរឿងរ៉ាវដែលឪពុកម្តាយ និងជីដូនជីតារបស់ខ្លួនដែលហែលឆ្លងកាត់ និយាយប្រាប់ និងចៀសឱ្យផុតពីការជាន់ដានប្រវត្តិសាស្ត្រ។ ជាមួយគ្នានេះ លោក នេត្រ ភក្ត្រា ក៏បានលើក ទឹកចិត្តដល់ជនរងគ្រោះនៃរបបខ្មែរក្រហមជួយនិយាយបន្ត និងផ្សព្វផ្សាយពីរឿងរ៉ាវដែលគាត់បានជួបប្រទះនៅក្នុងរបបខ្មែរក្រហមជូនដល់ក្មេងៗជំនាន់ក្រោយដើម្បីការចងចាំ ទោះបីជាការរំលឹករឿងរ៉ាវនេះធ្វើ ឱ្យពលរដ្ឋមួយចំនួនមានការឈឺចាប់។ លោកនេត្រ ភក្ត្រា បានបញ្ជាក់ថាការជំនុំជម្រះក្តីលើឧក្រិដ្ឋកម្មនៅក្នុងរបបខ្មែរក្រហមគឺជាដំណើរនៃការផ្សះផ្សាជាតិ និងចូលរួមថែរក្សាសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា។

មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហមបានថ្លែងថាការយល់ដឹងរបស់យុវជនលើរឿងរ៉ាវសោកនាដកម្មដែលកើតឡើងក្នុងរបបខ្មែរក្រហមជាការចាំបាច់បំផុត។ លោកសង្កេតឃើញថាទោះបីជាសិស្សានុសិស្សទាំងអស់កើតមិនទាន់របបខ្មែរក្រហមក៏ពិតមែន ប៉ុន្តែពួកគាត់បានចងចាំនូវរឿងរ៉ាវផ្សេងៗ អំពីរបបខ្មែរក្រហមតាមរយៈការនិយាយប្រាប់តៗគ្នារបស់ឪពុកម្តាយ និងជីដូនជីតារបស់ពួកគេ និងជាពិសេសបានស្គាល់នូវឈ្មោះអតីតមេដឹកនាំខ្មែរក្រហម ដែលកំពុងត្រូវបានយកមកជំនុំជម្រះក្តីនៅចំពោះមុខអង្គជំនុំជ​ម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាក្នុងនោះរួមមាន កាំង ហ្គេកអ៊ាវ ហៅឌុច អតីតប្រធានគុក ទួលស្លែង នួន ជា អតីតអនុលេខាបក្សកុម្មុយនិស្តកម្ពុជា ខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជាប្រជាធិបតេយ្យ អៀង សារី អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងអៀង ធីរិទ្ធ អតីតរដ្ឋ មន្ត្រីក្រសួងសង្គមកិច្ចក្នុងរបបខ្មែរក្រហម។

នៅពេលដែលសួរថាតើប្អូនៗចង់ឱ្យរបបខ្មែរក្រហមប្រល័យពូជសាសន៍វិលមកវិញទេ? សិស្សានុ សិស្សទាំងនេះបានឆ្លើយព្រមៗគ្នាថាពួកគេមិនចង់ឱ្យមានរបបខ្មែរក្រហមនេះវិលមកវិញទេព្រោះលំបាក ខ្លាំង ហើយគ្មានសាលារៀន វត្តអារាម ហើយសិទ្ធិសេរីភាពសព្វបែបយ៉ាងត្រូវបានលុបបំបាត់ រាប់ទាំងសិទ្ធិ សេរីភាពក្នុងការជ្រើសរើសគូស្រករជាដើម។ សិស្សានុសិស្សបានលើកឡើងថានៅក្នុងរបបខ្មែរក្រហមមាន តែការចាប់បង្ខំឱ្យធ្វើការងារ និងហូបមិនស្អែត ហើយកុមារគ្មានឱកាសចូលសាលារៀនឡើយ។ មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហម លោក នេត្រ ភក្ត្រា បានថ្លែងថាដំណើរទស្សនកិច្ចរបស់សិស្សានុសិស្សនៅសាលា ក្តីខ្មែរក្រហម និងនៅសារៈមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និងបឹងជើងឯក នឹងធ្វើឱ្យយុវជនទាំងនេះកាន់តែមានការយល់ដឹងកាន់តែច្រើនថែមទៀតអំពីរបបខ្មែរក្រហម ជាពិសេសបានយល់ដឹងថាតើហេតុអ្វី បានជាខ្មែរក្រហមបង្កើតមន្ទីរសន្តិសុខ និងកន្លែងវាលពិឃាតមនុស្ស។

សម្ភារ ព័ត៌មានផ្សេងៗដែលបានចែកជូនដល់សិស្សានុសិស្សគឺជាឯកសារពិគ្រោះដ៏មានសារៈសំខាន់ដើម្បីពង្រឹង ចំណេះដឹងជាពិសេសលើដំណើរការជំនុំជម្រះក្តីលើអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម និងអ្នកទទួលខុស ត្រូវខ្ពស់ក្នុងឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុត ដែលបានប្រព្រឹត្តចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩។ លោក នេត្រ ភក្ត្រា បានថ្លែងថាទោះបីជាយុវជនប្រមាណ ជា ៦៥%នៃប្រជាជនកម្ពុជាកើតមិនទាន់របបខ្មែរក្រហម ប៉ុន្តែពួកគាត់គឺជាសាក្សីរស់នៃការជំនុំជម្រះក្តីលើ ឧក្រិដ្ឋកម្មដែលបានកើតឡើងក្នុងរបបខ្មែរក្រហម ៕


ចែករំលែក៖