ខ្ញុំបាទហាក់ដូចទើសភ្នែកខ្លាំងនៅពេលបើកហ្វេសប៊ុកក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ឃើញរូបភាពរថយន្តពាក់ស្លាកលេខនគរបាល ចតនៅលើទ្រូងផ្លូវទាំងទទឹងទទែង និងរូបភាពរថយន្តពីរគ្រឿងផ្សេងគ្នា ពាក់ស្លាកលេខនគរបាលតែមួយ ។ ក្នុងនាមប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ ចេះតែឆ្ងល់ថា ហេតុអ្វីបានជាមានរឿងយ៉ាងដូច្នេះកើតឡើង ទាំងរថយន្តពាក់ស្លាកលេខនគរបាលចតកណ្តាលផ្លូវ និងរថយន្ត២គ្រឿងពាក់ស្លាកលេខនគរបាលតែមួយដូចគ្នា ។
រឿងនេះពិតជាញាំងឲ្យមានការចាប់អារម្មណ៍ពីប្រជាពលរដ្ឋអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុកមែន ។ ប៉ុន្តែមិនដឹងថាថ្នាក់ដឹកនាំ កងកម្លាំងប្រដាប់អាវុធដែលជាអ្នកគ្រប់គ្រងមន្ត្រីនគរបាលយល់យ៉ាងណានោះទេករណីដែលម្ចាស់យានយន្តពាក់ស្លាកលេខនគរបាលយករថយន្តសេរីទំនើបចតនៅលើផ្លូវយ៉ាងដូច្នេះ? សម្រាប់ខ្ញុំបាទ មិនត្រឹមតែសោកស្តាយចំពោះទង្វើ«អាងស្លាកលេខ»ចតរថយន្តនៅលើទ្រូងផ្លូវប៉ុណ្ណោះទេ ប៉ុន្តែហេតុអ្វីក៏មិនឃើញក្រុមនគរបាលដែលតែងតែទៅអូសរថយន្តប្រជាពលរដ្ឋចតខុសច្បាប់ដទៃទៀតទៅអូសរថយន្តនគរបាលនោះផង។ ឬមួយមន្ត្រីនគរបាលប្រើប្រាស់រថយន្តពាក់ស្លាកលេខនគរបាលចតត្រង់ណាក៏បានដោយ«មិនទើសក្បាលនរណា?» ។
រឿងដែលប្រជាពលរដ្ឋចាប់អារម្មណ៍មួយទៀតនោះគឺរថយន្តពីរគ្រឿងខុសគ្នា ប៉ុន្តែពាក់ស្លាកលេខនគរបាលដូចគ្នាតែមួយ។ វាជាកំហុសបច្ចេកទេស ឬមួយក៏មានបញ្ហាអ្វីកើតឡើង? ករណីនេះ គួរតែមានការស្រាវជ្រាវឲ្យបានច្បាស់លាស់ និងជម្រះមន្ទិលប្រជាពលរដ្ឋរស់នៅក្រោមច្បាប់ឲ្យបានដឹងផង។ ឬមួយថា ក្នុងនាមសមត្ថកិច្ចអាចប្រើប្រាស់រថយន្តដែលមានស្លាកលេខដូចគ្នាបាន។ មិនមែនតែខ្ញុំបាទនោះទេ ប្រជាពលរដ្ឋទូទៅបានចោទសួរដូចៗគ្នាអំពីបញ្ហារថយន្តពីរគ្រឿងមានស្លាកលេខតែមួយ។ គេថា ក្នុងរថយន្តទាំងពីរគ្រឿងពិតជាមានមួយគ្រឿងមានភាពមិនប្រក្រតីណាមួយមិនខាន។
ក្នុងនាមប្រជាពលរដ្ឋម្នាក់ ខ្ញុំបាទរំពឹងថា ស្ថាប័នមានសមត្ថកិច្ចមុខជាណែនាំម្ចាស់រថយន្តទាំងឡាយដែលប្រើប្រាស់ស្លាកលេខនគរបាលមេត្តាប្រយ័ត្នប្រយែងក្នុងការប្រើប្រាស់ផ្លូវ ក៏ដូចជាចតរថយន្តជាដើម។ វាជាគំរូសម្រាប់ប្រជាពលរដ្ឋមិនមែន«ស្លាកលេខនគរបាល» ចតកណ្តាលទ្រូងផ្លូវក៏បាននោះទេ។ ជាងនេះទៅទៀតបញ្ហារថយន្តពីរគ្រឿង ដែលមានស្លាកលេខនគរបាលដូចគ្នានោះ គួរតែអាជ្ញាធរមានសមត្ថកិច្ច ជាពិសេសស្ថាប័នសាម៉ីស្រាយបំភ្លឺជូនមហាជនផង៕ ប្រជាពលរដ្ឋម្នាក់