ភ្នំពេញ៖ ថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរកា នព្វសក័ ព.ស ២៥៦១ ត្រូវនិង ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ក្រសួងសាធារណៈការនឹងដឹកជញ្ជូន បានចុះអនុស្សារណៈនៃការយោគយល់គ្នាមួយ ជាមួយនិងក្រុមហ៊ុនGRAB របស់ប្រទេសសិង្ហបុរី ក្នុងការនាំមកនូវសេវាដឹកជញ្ជូនតាមតម្រូវការ ប្រកបដោយសុវត្តិភាព និងងាយស្រួល តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាApp នៅក្នុងទូរស័ព្ទដៃ ដែលមានអ្នកប្រើប្រាស់ប្រមាណ៧២លាននាក់ និងអ្នកជិញ រាប់លាននាក់ទៀត នៅតំបន់អាស៊ីអាគ្នេយ៍។
តាមរយៈអនុស្សារណៈនេះ ក្រុមហ៊ុន GRAB និងក្រសួងសាធារណៈការ និងដឹកជញ្ជូន និងធ្វើការរួមគ្នា ជួយវិភាគអំពីការគ្រប់គ្រងចរាចរណ៍ ដោយប្រើចំណុចគោលដៅរថយន្ត តាមប្រព័ន្ធ GPS របស់ក្រុមហ៊ុនGrab ដើម្បីជួយដល់អាជ្ញាធរពាក់ព័ន្ធបានដឹងពីតម្រាយផ្លូវដែលកកស្ទះ ហើយបញ្ជៀសផ្លូវវៀង ធ្វើអោយការធ្វើដំណើរ មានភាពងាយស្រួលនិងរហ័សទាន់ចិត្ត តាមរយៈកម្មវិធីJustGrab នៅក្នុងប្រពន្ធ័ទូរសព្ទ័ដៃអតិថិជន។ លោក Wee Tang Yee ប្រធានក្រុមហ៊ុន Grab ប្រចាំប្រទេសកម្ពុជា និងប្រទេសថៃ បានថ្លែងថា ក្រុមហ៊ុនGrab និងប្រើប្រាស់វេទិការបច្ចេកវីទ្យាដើម្បីអភិវឌ្ឍន៍សេវាដឹកជញ្ជូនប្រកបដោយសុវត្ថិភាព ភាពជឿទុកចិត្តមានសេវាទូលំទូលាយក្នុងការគ្រប់គ្រងចរាចរកាន់តែប្រសើរ ពិសេសចូលរួមគាំទ្រដល់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធ័ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។លោកថា សេវាកម្មចែករំលែកយានជំនិះ ធ្វើដំណើរនេះ ជាមធ្យោបាយធ្វើដំណើរដែលមានលក្ខណៈថ្មីស្រឡាង មានភាពច្នៃប្រឌិត មានសុវត្ថិភាពនិងតម្លាភាព ដែលផ្តល់ឱកាសឲ្យប្រជាពលរដ្ឋ អាចទទួលបានចំណូលបន្ថែម ដោយការប្រើប្រាស់យានយន្តឯកជន ឬសម្រាប់គ្រួសាររបស់ពួកគាត់ដើម្បីផ្តល់សេវាដឹកជញ្ជូន។
ដើម្បីប្រើប្រាស់សេវាកម្មនេះ លោក Wee Tang Yee បានណែនាំសេវាកម្មបង្កើតថ្មីមួយ គឺ JustGrab តាមរយៈកម្មវិធីGrab App នៅក្នុងទូរសព្ទ័ដៃ ។ សេវាកម្មនេះ JustGrab និងនាំរថយន្តទំនេរ ដែលនៅជិតទៅអោយអ្នកដំណើរ ដែលនៅជិតបំផុតនិងចំណាយពេលវេលារងចាំតិចតួច ជាងនេះទៀតសេវាកម្មនេះ អ្នកដំណើរអាចដឹងពីតំលៃនៃការធ្វើដំណើរមុនពេលកក់រថយន្តសំរាប់ជិះទៅកាន់ទីតាំងដែលខ្លួនត្រូវទៅ។
លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ បើកដំណើរការជាផ្លូវការ នូវសេវាកម្មចែករំលែកយានជំនិះ Grab Cambodia ខាងលើនេះ បានចាត់ទុកការផ្តល់សេវាកម្មដឹកជញ្ជូនប្រភេទថ្មី ដោយប្រើប្រាស់បច្ចេកវិទ្យាថ្មីឈានមុខគេ ក្នុងវិស័យដឹកជញ្ជូនក្នុងសតវត្សរ៍ទី២១នេះ និងជួយសម្រួលដល់ការដឹកជញ្ជូនតាមតម្រូវការ និងការទូទាត់ចល័តមានភាពងាយស្រួលជាងមុន និងជាការអភិវឌ្ឍន៍សេវាដឹកជញ្ជូនដោយសុវត្ថិភាព និងទំនុកចិត្ត។ គួបញ្ចាក់ថា បច្ចុប្បន្ននេះកម្ពុជា ក្លាយជាប្រទេសទី៨នៅក្នុងតំបន់អាស៊ាន ដែលមានក្រុមហ៊ុន Grab បានផ្តល់ សេវាកម្ម ប្រភេទនេះ ហើយសព្វថ្ងៃក្រុមហ៊ុន Grab កំពុងប្រតិបត្តិការរបស់ខ្លួននៅក្នុង ទីក្រុងរបស់អាស៊ាន ចំនួន១៥៦ ដោយមានអ្នកបើកបរជាង២.១ លាននាក់ ដែលធ្វើឱ្យពលរដ្ឋមានភាពងាយស្រួលនិងបង្កើត ការងារធ្វើដល់អ្នកបើកបរផងដែរ៕ វឌ្ឍនា