កម្លាំងទាហានហូធីនៅក្នុងប្រទេសយេម៉ែន បានបើកការបាញ់ប្រហារដោយមីស៊ីលទៅលើទីតាំងយោធារបស់កម្លាំងពិសេស និងជាទីកន្លែងសម្រាប់ឧទ្ទសម្ភាគច័ក្រសាវឌីអារ៉ាប៊ីនៅខេត្ត Najran។
នៅពេលនេះកម្លាំងទាហានសម្ពន្ធមិត្តដឹកនាំដោយប្រទេសសាវឌីអារ៉ាប៊ីមិនទាន់មានប្រតិកម្មអ្វីជុំវិញ សកម្មភាពបាញ់ប្រហារខាងលើនៅឡើយ។ ក្នុងពេលជាមួយគ្នានេះបណ្តាញទូរទស្សន៍ Al Arabiya បានផ្សាយថា កម្លាំងទាហានការពារដែនអាកាសរបស់សាវឌីអារ៉ាប៊ីបានបាញ់កម្ទេចមីស៊ីលរបស់ក្រុមហូធីនៅ Najran។
កាលពីសប្តាហ៍កន្លងមកកម្លាំងទាហានការពារដែនអាកាសសាវឌីអារ៉បីក៏បានវាយស្ទាក់មីស៊ីលរបស់ក្រុមហូធីផងដែរ។ ការបាញ់មីស៊ីលរបស់ក្រុមហូធីបានធ្វើឲ្យប៉ះពាល់តិចតូច ដល់ក្រុមហ៊ុនឯកជន។
កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងទាហានអារ៉ាប៊ីសាអ៊ូឌីត បានបើកការវាយប្រហារដោយជោគជ័យទៅលើមីស៊ីលរបស់ក្រុមហ៊ូធីបាញ់ចូលទីក្រុង Riyadh ។ កម្លាំងទាហានហូធីក៏បានប្រកាសផងដែរថា បានបាញ់មីស៊ីល Molcano 2 –H ទៅលើរាជ្យវាំង Al Yamamahនៅរាជធានី Riyadh ។
យេម៉ែនធ្លាក់ចូលក្នុងស្ថានភាពចលាចលក្រោយពេលក្រុមហូធី និងកម្លាំងទាហានស្មោះត្រង់ជាមួយអតីតប្រធានាធិបតី Ali Abdullah Saleh ដែលគ្រប់គ្រងផ្នែកមួយនៃទឹកដីយេម៉ែន ក្នុងនោះមានទីក្រុង Sanaa។
កម្លាំងទាហានសម្ពន្ធមិត្តដឹកនាំដោយសាវឌីអារ៉ាប៊ីបានជ្រៀតជ្រែកចូលក្នុងប្រទេសយេម៉ែន នៅខែមីនាឆ្នាំ២០១៥ ដើម្បីជួយដល់រដ្ឋាភិបាល ដែលអន្តរជាតិទទួលស្គាល់ គឺប្រធានាធិបតី Mansour Hadi។
សង្គ្រាមនៅក្នុងប្រទេសយេម៉ែនបានធ្វើឲ្យពលរដ្ឋជាច្រើនប្រឈមនឹងទុក្ខវេទនាយ៉ាងខ្លាំង និងកង្វះស្បៀងអាហាជាទ្រង់ទ្រាយធំផងដែរ។ អង្គការសហប្រជាជាតិបានប្រកាសឲ្យដឹងពីការដកលុយចំនួន ៥០លានដុល្លារពីមូលនិធិសង្រ្គោះបន្ទាន់ទៅជួយប្រទេសយេម៉ែន។
មូលហេតុមកពីស្ថានការណ៍មនុស្សធម៌នៅក្នុងប្រទេសធ្លាក់ក្នុងសង្រ្គាមស៊ីវិលមួយនេះកំពុងធ្លាក់ដុះដាបយ៉ាងខ្លាំង។ សូមរឭកជូនថា តាំងពីឆ្នាំ២០១៤មក ក្រុមឧទ្ទាមហូធី បានដណ្តើមកាន់កាប់ប៉ែកខាងជើងប្រទេស និងទីក្រុងសាណា ហើយប៉ែកខាងត្បូងបានស្ថិតក្នុងដៃប្រធានាធិបតីយេម៉ែន លោក មែនស៊ូ ហាឌី ដែលគាំទ្រដោយសហគមន៍អន្តរជាតិ និងកម្លាំងសម្ពន្ធអារ៉ាប់ដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូ៊ឌីត។
សង្រ្គាមស៊ីវិលរយៈពេល៣ឆ្នាំកន្លងទៅ បានបណ្តាលឲ្យមានមនុស្សស្លាប់ជាង៨.០០០នាក់ និងមានស្ថានការណ៍មនុស្សធម៌ដុនដាបខ្លាំង។ តាមកាកបាទក្រហមអន្តរជាតិ មានប្រជាជនយេម៉ែនចំនួន៨០ភាគរយ កំពុងខ្វះអាហារទទួលទាន និងមានជាង១លាននាក់ អាចនឹងប្រឈមមុខនឹងជំងឺអាសន្នរោគ។ ម្យ៉ាងទៀត ការដឹកជំនួយមនុស្សធម៌ទៅកាន់ប្រទេសយេម៉ែនក៏មានការលំបាកខ្លាំងដោយសារតែជម្លោះប្រដាប់អាវុធ។
លោក Farhan Haq អ្នកនាំពាក្យម្នាក់របស់អគ្គលេខាធិការអង្គការសហប្រជាជាតិបានប្រាប់ឲ្យដឹងថា ទោះបីជាការដឹកជញ្ជូនជំនួយមនុស្សធម៌មានភាពប្រសើរឡើងបន្តិចកាលពីខែកន្លងទៅ ដោយមានការបើកឲ្យមានជើងហោះហើរ និងការបើកកំពង់ផែនៅសមុទ្រក្រហមដើម្បីទទួលប្រេងកាត និងគ្រឿងឧបភោគ បរិភោគក៏ដោយ ក៏អង្គការសហប្រជាជាតិនៅមានក្តីព្រួយបារម្ភខ្លាំងនឹងស្ថានភាពមនុស្សធម៌ដុនដាបខ្លាំង។
តាមក្រុមអ្នកកាសែតដែលកំពុងយកព័ត៌មាននៅក្នុងប្រទេសយេម៉ែន ជំនួយមនុស្សធម៌នៅមិនទាន់បានទៅដល់នៅឡើយទេ ហើយក្រុមឧទ្ទាមហូធី និងកម្លាំងសម្ពន្ធអារ៉ាប់ដឹកនាំដោយប្រទេសអារ៉ាប៊ីសាអ៊ូឌីតបានចោទគ្នាទៅវិញ ទៅមកពីបទរារាំងជំនួយមនុស្សធម៌។ ដោយឡែក អង្គការសហប្រជាជាតិបានបន្តអំពាវនាវឲ្យមានដំណោះស្រាយនយោបាយសម្រាប់វិបត្តិផ្ទៃក្នុងយេម៉ែន។
«ប្រជាជនយេម៉ែនត្រូវតែបិទបញ្ចប់ជម្លោះផ្ទៃក្នុងដើម្បីកសាងជីវិតឡើងវិញ។ ដើម្បីអាចសម្រេចកិច្ចការនេះបាន គ្រប់ភាគីជម្លោះទាំងអស់ត្រូវតែបញ្ចប់ការប្រឈមមុខដាក់គ្នា និងសន្យាជាមួយអង្គការសហប្រជាជាតិឆ្ពោះទៅរកដំណោះស្រាយនយោបាយយូរអង្វែង» នេះជាការថ្លែងរបស់លោក Farhan Haq។
គួររំឭកជូនថា កន្លងមកមានការប៉ុនប៉នស្វែងរកដំណោះស្រាយជាច្រើនដង តែនៅមិនទាន់ទទួលផលវិជ្ជមាននៅឡើយទេ៕ ម៉ែវ សាធី