ភ្នំពេញ៖ រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឲ្យដឹងថា រាជរដ្ឋាភិបាល កម្ពុជាត្រៀមដាក់បញ្ចូលប្រាសាទកោះកេរ្តិ៍ និងប្រាសាទបន្ទាយឆ្មារទៅក្នុងបញ្ជីសម្បត្តិ បេតិកភណ្ឌពិភពលោក បន្ទាប់ពីប្រាសាទបុរាណរបស់កម្ពុជាមួយចំនួនត្រូវបានចុះ បញ្ជីបេតិកភណ្ឌពិភពលោករួចមកហើយនោះ។
មានប្រសាសន៍ប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងាររបស់ក្រសួងវប្បធម៌ និងវិចិត្រ សិល្បៈប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៨នៅឯសាល សន្និសីទចតុមុខរាជធានីភ្នំពេញលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈបានអះអាងថា សម្រាប់ទិស ដៅឆ្នាំ២០១៨ក្រសួងកំពុងចាប់ផ្ដើមរៀបចំឯកសារប្រាសាទកោះកេរ្តិ៍ និងប្រាសាទ បន្ទាយឆ្មារ ដាក់ស្នើសុំផ្ញើទៅអង្គការយូ េណស្កូដើម្បីដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិ បេតិកភណ្ឌពិភពលោកដោយរង់ចាំតែនៅពេលដែលរៀបចំឯកសារគ្រប់គ្រាន់ក្រសួងនឹងបញ្ចូនទៅអង្គការយូណេស្កូភ្លាម ។
ក្រៅពីនេះក្រសួងក៏បានរៀបចំឯកសារ ល្ខោនខោល និងក្បាច់ល្បុក្កតោបញ្ជូនទៅអង្គការយូណេស្កូរួចហើយហើយក៏កំពុងតែរៀបចំខាងតម្បាញសូត្រនិងកំពុងទាក់ទងទៅបណ្ដាប្រទេសក្រៅដើម្បីពាំនាំនិងស្វែងរកយកវត្ថុបុរាណមកកាន់ដែនដី កម្ពុជាវិញផងដែរ ។
គួរបញ្ជាក់ថា គម្រោងស្នើដាក់បញ្ចូលប្រាសាទកោះកេរ្តិ៍ និងប្រាសាទបន្ទាយឆ្មារទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះត្រូវ បានធ្វើឡើងក្រោយពេលដែលប្រាសាទ កម្ពុជាផ្សេងៗទៀតបានក្លាយជាសម្បត្តិ បេតិកភណ្ឌពិភពលោកជាបន្តបន្ទាប់ដូចជាប្រាសាទសំបូរព្រៃគុក ប្រាសាទព្រះ វិហារ ប្រាសាទរអង្គរវត្តជាដើម ៕ ហេង សូរិយា