ថ្ងៃបោះឆ្នោត ២៩ កក្កដា ឆ្នាំ២០១៨ កាន់តែខិតចូលមកដល់។ រូបខ្ញុំក៏ដូចជាពលរដ្ឋខ្មែរជាច្រើនទៀត បានត្រៀមខ្លួនជាស្រេចហើយ ដើម្បីចេញទៅបោះឆ្នោតជ្រើសរើសគណបក្សនយោបាយមួយក្នុងចំណោម ២០ បក្ស ដែលចូលរួមប្រកួត។ គណបក្សច្រើនអាចជាការលំបាកក្នុងការសម្រេចចិត្ត ប៉ុន្តែអ្វីដែលសំខាន់ គឺ យើងទាំងអស់គ្នាបានប្រើសិទ្ធិតាមបែបប្រជាធិបតេយ្យ ដើម្បីជ្រើសរើសមេដឹកនាំព្រោះជាសិទ្ធិដ៏សំខាន់ដែល យើងមិនគួររំលងឡើយ។
សម្រាប់ខ្ញុំ ក្នុងនាមជាពលរដ្ឋខ្មែរម្នាក់ ទៅបោះឆ្នោតជារឿងសំខាន់ពីព្រោះ ការបោះឆ្នោត គឺដើម្បីខ្លួន ខ្ញុំ គ្រួសារខ្ញុំ និងប្រទេសរបស់ខ្ញុំ។ ដើម្បីខ្លួនខ្ញុំមានន័យថា ការបោះឆ្នោតនេះ គឺខ្ញុំជ្រើសរើសយកគណបក្សណា ដែលអាចធានាស្ថានភាពការងារ និងប្រាក់ចំណូលរបស់ខ្ញុំឲ្យមានលំនឹងឬអាចរីកចម្រើនទៅមុខថែមទៀត។ មកដល់ត្រឹមនេះ ខ្ញុំនឹកភ្នងភ្លាមដល់ថ្ងៃ ១៧ មេសា ១៩៧៥ ដែលអ្វីៗត្រូវក្រឡាប់ចាក់ទាំងស្រុង។ ការងារ និង ប្រាក់ចំណូលរបស់ខ្ញុំត្រូវបាត់បង់។ រូបខ្ញុំត្រូវបានជម្លៀសចេញពីផ្ទះសម្បែងដែលធ្លាប់ជាទ្រនំដ៏សុខសាន្ត។ គ្រួសារខ្ញុំដែលធ្លាប់តែជួបជុំស្រាប់តែត្រូវព្រាត់ប្រាស់គ្នា ឪពុកព្រាត់កូន ជីដូនព្រាត់ចៅ ប្តីព្រាត់ប្រពន្ធ។ ប្រទេស របស់ខ្ញុំស្រាប់តែធ្លាក់ក្នុងរបបអាវខ្មៅប្រល័យពូជសាសន៍ សម្លាប់ជាតិឯងយ៉ាងសាហាវ….. ខ្ញុំពិតជាមិនចង់ឃើញ ស្ថានភាពបែបនេះកើតមានជាថ្មីទេ។ ដូច្នេះ សន្លឹកឆ្នោតមួយសន្លឹករបស់ខ្ញុំពិតជាមានអត្ថន័យធំធេង ដើម្បីរក្សា ស្ថានភាពដែលរូបខ្ញុំ គ្រួសារខ្ញុំ និងប្រទេសរបស់ខ្ញុំកំពុងមានបច្ចុប្បន្ន ក៏ដូចជាជំរុញការរីកចម្រើនទៅមុខ បន្ថែមទៀត។
ខ្ញុំក៏បានលឺការអំពាវនាវរបស់អ្នកនយោបាយមួយចំនួនថា កុំឲ្យប្រជាពលរដ្ឋចេញទៅបោះឆ្នោតនៅ ថ្ងៃទី ២៩ កក្កដាខាងមុខ។ ខ្ញុំដូចជាមិនយល់ទេ! នៅក្នុងសង្គមប្រជាធិបតេយ្យការបោះឆ្នោត គឺជាយន្តការ សំខាន់ចាំបាច់តែមួយគត់ដើម្បីជ្រើសរើស មេដឹកនាំ ប៉ុន្តែ អ្នកនយោបាយ មួយចំនួននោះដែលអះអាងថា ជា អ្នកប្រជាធិបតេយ្យ បែរជាអំពាវនាវកុំឲ្យពលរដ្ឋអនុវត្តាមគោលការណ៍គ្រឹះនៃលទ្ធិប្រជាធិបតេយ្យទៅវិញ។ បើ យើងមិនទៅបោះឆ្នោត សួរថា តើយើងអាចជ្រើសរើសមេដឹកនាំយ៉ាងដូចម្តេច? ឬក៏ពួកគេចង់ប្រើរបៀប ផ្លាស់ប្តូរប្រទេសក្រៅប្រព័ន្ធបោះឆ្នោតដូចកាលពីអតីតកាលទៀត? ប្រសិនបើដូច្នេះមែន គ្រោះថ្នាក់ធំដូចថ្ងៃ ១៧ មេសា ១៩៧៥ ដែលខ្ញុំបានលើកឡើងខាងដើមនឹងកើតមានឡើងជាថ្មីជាក់ជាមិនខាន។
ម្យ៉ាងទៀត ការបោះឆ្នោតថ្ងៃទី ២៩ កក្កដា ២០១៨ មិនមែនជាការបោះឆ្នោតក្លែងក្លាយ ឬបោះឆ្នោត ឯកបក្សដូចពាក្យឃោសនាអកុសលនោះឡើយ។ មានគណបក្សនយោបាយដល់ទៅ ២០ នឹងចូលរួមប្រកួត ប្រជែងក្នុងនោះ ក៏មានគណបក្សមួយចំនួនកើតចេញពីការបែកបាក់ផ្ទៃក្នុងអតីតគណបក្សសង្គ្រោះជាតិផងដែរ។ នេះមានន័យថា អវត្តមានគណបក្សសង្គ្រោះជាតិមិនមែនជាឧបសគ្គដល់ដំណើរការលទ្ធិប្រជាធិបតេយ្យនៅ កម្ពុជាទេ។ ផ្ទុយទៅវិញ បាត់គណបក្សមួយកើតគណបក្សថ្មី ១០ តើមានអ្វីមិនល្អ? ហេតុអ្វីបានជាអ្នកនយោបាយ មួយក្តាប់តូច នោះនៅតែមានទស្សនៈចង្អៀតចង្អល់អាត្មានិយម ដោយចាត់ទុកខ្លួនឯងជាជើងឯងរហូតដូច្នេះ? បើខ្លួនជាជើងឯកមែន ហេតុអ្វីធ្វើនយោបាយជាង ២០ ឆ្នាំ ចាញ់រហូតបែបនេះ? ទស្សនៈអាត្មានិយម តួឯក និយមរហូត ដល់ថ្នាក់យកប្រជាធិបតេយ្យរបស់ប្រទេសទាំងមូលទៅធ្វើជាចំណាប់ខ្មាំងនយោបាយធ្វើជាកម្មសិទ្ធិ ផ្តាច់មុខរបស់ខ្លួន គឺជាកំហុសឆ្គងធ្ងន់ធ្ងរណាស់ របស់អ្នកនយោបាយទាំងនោះ។ សម័យនេះទៅហើយ ពួក គេគួរចេះបើកចិត្ត បើកភ្នែក បើកបេះដូង ទទួលស្គាល់ការពិត ដោយមិនត្រូវបណ្តោយខ្លួនឲ្យស្ថិតក្នុងសភាព មោបាំង ជញ្ជាំងបិទ ងងឹតសូន្យឈឹងបែបនេះទេ? ទស្សនៈអាត្មានិយម តួឯកនិយម និងចង្អៀតចង្អល់និយម មិនទទួលស្គាល់ការពិតបែបនេះ ហើយដែលជាកត្តាកំណត់នូវបរាជ័យក្នុងអាជីពនយោបាយរបស់ពួកគេ ហើយក៏ជាឧបសគ្គធំធេងដល់ការកសាងលទ្ធិប្រជាធិបតេយ្យ ការអភិវឌ្ឍន៍ និងការស្តារកិត្យានុភាពរបស់ប្រទេសនៅលើឆាកអន្តរជាតិ។
ក្រឡានយោបាយរបស់លោក សម រង្ស៊ី និងបក្សពួករបស់គាត់សព្វថ្ងៃនេះ គឺឈរលើទស្សនៈ «បើមិន បានអញអ្នកណាក៏មិនបានដែរ» ពោលគឺ បើខ្លួនមិនឈ្នះឆ្នោតកាន់អំណាចទេ គឺត្រូវតែនិន្នាឈ្នានិះបំផ្លាញអ្នក ដទៃមិនឲ្យបានសុខឡើយ។ ជាក់ស្តែង នៅពេលដែលពួកគេមិនបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត ដោយសារតែកំហុសក្បត់ជាតិ ហើយត្រូវតុលាការកំពូលរំលាយចោលនោះ លោក សម រង្ស៊ី ដែលរឹតរួតដោយ ទោសកំហុសជាប់ខ្លួនជាច្រើនករណីកំពុងព្យាយាមបំផ្លាញការបោះឆ្នោតដោយប្រើប្រាស់គ្រប់វិធី។
នៅលើឆាកអន្តរជាតិ ពួកគេបាន ដើរសំអុយពីប្រទេសរបស់ខ្លួនគ្រប់បែបយ៉ាង ដើម្បីបញ្ចុះបញ្ចូល សហគមន៍អន្តរជាតិឲ្យគាំទ្រក្រុមរបស់គេ។ នៅក្នុងប្រទេស លោក សម រង្ស៊ី និងបក្សពួកមួយក្តាប់តូចបានបង្ក វិទ្ធង្សនាគ្រប់បែបយ៉ាងដើម្បីធ្វើឲ្យការបោះឆ្នោតជួបឧបសគ្គ រាប់ទាំងការអំពាវនាវកុំឲ្យពលរដ្ឋទៅបោះឆ្នោត ទោះជាទង្វើរបស់ពួកគេផ្ទុយពីច្បាប់នឹងផ្ទុយពីគោលការណ៍ប្រជាធិបតេយ្យក៏ដោយ។
នេះគឺជានយោបាយដ៏គ្រោះថ្នាក់រកទីបំផុតគ្មានរបស់ សម រង្ស៊ី « Sam Rainsy Politics is bringing Misfortune to Cambodia» ។ ហើយនេះគឺពិតជាស្រមោលនៃ នយោបាយរបស់ពួកខ្មែរក្រហម សុទ្ធសាធ។ ប្រសិនបើពួកគេឈ្នះបានឡើងកាន់អំណាចវិញ ការសងសឹកដ៏អាក្រក់នឹងកើតមានពេញផ្ទៃប្រទេស។ លោក សម រង្ស៊ី និងក្រុមងុបងល់ផ្កាប់មុខតាមគាត់មួយចំនួនចាត់ទុកអ្នកមាន និងអ្នកកាន់អំណាចបច្ចុប្បន្ន ព្រមទាំងអ្នកដែលមានទស្សនៈផ្ទុយពីខ្លួនថាជាសត្រូវដែលត្រូវកម្ចាត់ចោល។ តើនេះមិនមែនជានយោបាយរបស់ ប៉ុល ពត ទេឬ?
ដូច្នេះ យើងជាប្រជាពលរដ្ឋខ្មែរដែលមានបទពិសោធន៍គ្រប់គ្រាន់ និងមានការយល់ដឹងពីបញ្ហា នយោបាយសមល្មមឈប់ចាញ់បោកអ្នកនយោបាយអាត្មានិយម និងអញនិយម បែបនេះតទៅទៀតហើយ។ យើងទាំងអស់គ្នានាំគ្នាចេញទៅបោះឆ្នោតនៅថ្ងៃទី ២៩ កក្កដា ដើម្បីជ្រើសរើសមេដឹកនាំដែលយើងទុកចិត្តក្នុង ការរក្សាស្ថិរភាពនៃការងារ ស្ថានភាពគ្រួសារ និងលំនឹងរបស់ប្រទេសជាតិ ឬជ្រើសរើសគណបក្សណាដែល មានគោលនយោបាយទន់ភ្លន់មិនបង្កអរិភាព និងមិនបង្កគ្រោះថ្នាក់ដល់ខ្លួនយើង គ្រួសារយើង និងប្រទេស ជាតិយើង៕ សាស្ត្រាចារ្យវិទ្យាសាស្ត្រសង្គមខេត្តកំពង់ចាម