ខេត្តឧត្តរមានជ័យ៖ កាលពីថ្ងៃព្រហស្បតិ៍ ១២កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធិស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៨ ក្រុមការងារនៃការិយាល័យបេតិកភណ្ឌនិងការិយាល័យសារមន្ទីរនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យបានរកឃើញព្រះគណេសមួយអង្គនៅលើខ្នងភ្នំដងរែក។
ការស្រាវជ្រាវ ស្វែងរកនេះដឹកនាំដោយលោក ផ្លុង លុច អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ សហការជាមួយការិយាល័យវប្បធម៌ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ និង នគរបាលបេតិកភណ្ឌ បានចុះរុករកប្រាសាទ តាអ៊ុត និង ពើងព្រះគណេស ដែលស្ថិតនៅលើកំពូលភ្នំដងរែក ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ។
ជាលទ្ធផលបានប្រទះឃើញ ព្រះគណេសមួយអង្គ ដែលឆ្លាក់ជាប់នឹងផ្ទាំងថ្មធម្មជាតិ ហើយមានពើងថ្មគ្របពីលើប្រៀបដូចដំបូលប្រក់។
រូបព្រះគណេសនេះ មានទំហំ ១ម៉ែត្រ គុណ ០,៦ម៉ែត្រ គុណ ០,៤ម៉ែត្រ ជារូបដែលមានការលម្អក្បាច់នៅលើព្រះកេស និងមកុដ យ៉ាងល្អវិចិត្រ។
តាមការពិនិត្យក្បាច់លម្អរូបនេះ ស្ថិតនៅសម័យអង្គរ ហើយរូបប្រភេទនេះគេធ្លាប់ឃើញមានឆ្លាក់ច្រើននៅតំបន់អង្គរ ជាពិសេសនៅលើខ្នងភ្នំគូលេន។
ចំណែកប្រាសាទតាអ៊ុតមានសល់តែស្លាកស្នាមតិចតួចប៉ុណ្ណោះដោយសារមានការជីក កកាយខ្ទេចខ្ទីស្ទើរតែទាំងស្រុង ៕ ប៉ែន នួន