ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីអាមេរិក និងកូរ៉េខាងត្បូង ជួបពិភាក្សាតាមទូរស័ព្ទ ក្រោយជំនួបជាមួយកូរ៉េខាងជើង មិនទទួលបានជោគជ័យ

ចែករំលែក៖

បើទោះបីកិច្ចពិភាក្សា លើកទីពីររវាងប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ នឹងមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន មិនទទួលបានជោគជ័យ ប៉ុន្តែមេដឹកនាំទាំងពីរ បានបង្ហាញពីចេតនាពិត ដល់ពិភពលោកបានដឹង​ ។ កិច្ចព្រមព្រៀង រវាងអាមេរិក​ នឹងកូរ៉េខាងជើង គឺត្រូវការពេលវេលាបន្ថែមទៀត ទើបអាច ទទួលបានជោគជ័យទាំងស្រុង ។

នៅពេលនេះដែរ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំបានបង្ហាញពីការប្តេជ្ញា ​បន្តពិភាក្សាជាមួយកូរ៉េខាងជើង ហើយលោកបានស្នើដល់ប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូនជេអ៊ិន ដើរតួជាអាជ្ញាកណ្តាល សម្រាប់ ជំនួបពិភាក្សាជាបន្តទៀត ។

ប្រធានាធិបតីត្រាំ បានបង្ហាញពីការសោកស្តាយ​ ដែលជំនួបពិភាក្សាលើកទីពីរនៅទីក្រុងហាណូយ មិនទទួលបានជោគជ័យ​ ។ លោកត្រាំបានបង្ហាញពីការប្តេជ្ញាថា​នឹងបន្តពិភាក្សា​ស្វែងរកការរំសាយអាវុធបរមាណូ តាមរយៈការចរចាដោយសន្តិភាព ។

នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទ​​ រវាងប្រធានាធិបតីដូណាល់ ត្រាំ នឹងម៉ូន ជេអ៊ីន , លោកម៉ូន បង្ហាញក្តីសង្ឃឹមថា កិច្ចពិភាក្សានាពេលខាងមុខ នឹងទទួលបាន លទ្ធផលល្អ​ ដោយពេលនេះ ភាគីទាំងពីរបានបង្ហាញពីគោលជំហររបស់ខ្លួនច្បាស់លាស់ហើយ​។

កន្លងមកមេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានលើកឡើងថា បើទីក្រុងព្យុងយ៉ាងមិនចង់បោះបង់បរមាណូនោះ លោកក៏មិនមកកាន់ទីក្រុងហាណូយដើម្បីជួបពីភាក្សាជាមួយលោក ត្រាំ នោះដែរ ។

សារព័ត៌មានយ៉ុនហាប់ នាព្រឹក​ថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០១៩ បានផ្សាយថា ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូន ជេអ៊ីន បានថ្លែងនៅ​ថ្ងៃសុក្រនេះថា ទីក្រុងសេអ៊ូលនឹងរិះរកវិធីគ្រប់បែបយ៉ាង ជាមួយកូរ៉េខាងជើង និងសហរដ្ឋអាមេរិក​ ដើម្បីស្រោចស្រង់​ជំនួបកំពូល​រវាងលោក ដូណាល់ ត្រាំ នឹង​លោក គីម ជុងអ៊ុន ឡើងវិញ​ក្រោយពីការទទួល​បរាជ័យដ៏គួរឲ្យស្តាយបំផុត ក្នុងកិច្ចប្រជុំ​លើកទីពីរ ដែល​បានប្រារព្ធឡើង​នៅក្នុងទីក្រុង​ហាណូយ នៃប្រទេសវៀតណាម។

លោក មូន ជេអ៊ីន បានថ្លែងពីវិមានពណ៌ខៀវ (Blue House) យ៉ាងដូច្នេះថា «ខ្ញុំជឿជាក់ថា វានៅតែជាដំណើរការ​ឆ្ពោះទៅរកកិច្ចព្រមព្រៀង​កម្រិតខ្ពស់មួយ…។ ឥឡូនេះ​តួនាទីរបស់យើង បានវិវឌ្ឍន៍ទៅកាន់តែចាំ​បាច់ជាងពេល​មុនៗ…។ រដ្ឋបាល​របស់ខ្ញុំនឹង​ធ្វើការងារឲ្យជិតស្និទ្ធ​ជាងមុន ព្រមទាំង​ការសហការគ្នា​ជាមួយ​សហរដ្ឋអាមេរិក និងកូរ៉េខាងជើង ដើម្បីឲ្យកិច្ចពិភាក្សា​រវាងប្រទេសទាំងពីរ​​ អាចបញ្ចប់ទៅប្រកប​ដោយ​ផ្លែផ្កា ឡើងវិញ ទោះបីជាក្នុងមធ្យោបាយ​ណា​ក៏ដោយ…»។

ក្រៅពីការប្តេជ្ញាចិត្តខាងលើនេះ លោក មូន ជេអ៊ីន ក៏បានបញ្ជាក់​ផងដែរថា កូរ៉េខាងត្បូង​កំពុងតែដោះដូរ​យោបល់ជាមួយ​សហរដ្ឋអាមេរិក ដើម្បីរិះរកវិធី​ដាក់ឲ្យដំណើរការ​​ឡើងវិញ​នូវតំបន់​រម្មណីយដ្ឋានភ្នំ គុមហ្គាង (Kumgang) និងតំបន់​សេដ្ឋកិច្ចពិសេស​កែសុង (Kaesong) ដែលរឿងនេះត្រូវ​បានគេមើលឃើញថា ជាការជួយ​សម្រាលបន្ទុក​សេដ្ឋកិច្ច​កូរ៉េខាងជើង ដែលកំពុងរង​គ្រោះខ្លាំង​ឡើងៗ ដោយសារទណ្ឌកម្ម​សេដ្ឋកិច្ចពី​អន្តរជាតិ។

គួរបញ្ជាក់ថា ជំនួបកំពូល ត្រាំ-គីម លើកទីពីរ​ត្រូវបានធ្វើឡើង​រយៈពេលពីរថ្ងៃនៅ​វៀតណាម ប៉ុន្តែវាបាន​បញ្ចប់ទៅមុនកាលកំណត់​ប៉ុន្មានម៉ោង ព្រោះតែការចរចា​មិនត្រូវរ៉ូវគ្នា​រវាង​កូរ៉េខាងជើង និងសហរដ្ឋអាមេរិក​តែម្តង។ ភាគីកូរ៉េខាងជើងបានអះអាងថា ខ្លួនចង់បានការដក​ទណ្ឌកម្ម​ជិតពាក់​កណ្តាល ( ៥ លើ ១១) ពីអន្តរជាតិ ជាថ្នូរហ្នឹង​ការរំលាយតំបន់​អភិវឌ្ឍន៍​នុយក្លេអ៊ែរ យ៉ុងប្យុន (Yongbyon) តែ​សហរដ្ឋអាមេរិក​មិនយល់​ស្របនោះឡើយ ហើយភាគីទាំងពីរក៏មិនបាន​កំណត់ពេល​ត្រូវជួបគ្នាលើក​ទីបីនោះ​ដែរ៕


ចែករំលែក៖