ខេត្តត្បូងឃ្មុំ៖ បច្ចុប្បន្នកោះពី កំពុងប្រែក្លាយជាចំការក្រូចថ្លុង ផ្គត់ផ្គង់ជីវភាពកសិករឲ្យកាន់តែប្រសើរ បន្ទាប់ ពីដាំណាំឫស្សី និងដើមគរមួយកម្រិតថែមទៀត ដោយ សារតែពេលនេះការប្រមូលផលទទួលបានលទ្ធ ផលល្អ គាប់ប្រសើរ។ ក្រៅពី ជួយផ្គត់ផ្គង់ជីវភាពប្រជា ពលរដ្ឋ តាមរយៈចំការក្រូចនេះ កោះពី មានសក្តានុពល ជាតំបន់កសិទេសចរណ៍ ដែលផ្តល់ខ្យល់បរិសុទ្ធ លើឆ្នេរខ្សាច់លឿងខ្ចី ជាមួយទឹកទន្លេថ្លាយង់ ទេសភាពល្អគន់ ក្រោមម្លប់ក្រូចថ្លុងប្រកប ដោយផាសុខភាព និងរសជាតិផ្អែមស្រទន់ និងសូមចូលរួមគាំទ្រ និងផ្តល់តម្លៃផលិតផលក្នុងស្រុករបស់យើង និងលើកទឹកចិត្តបន្ថែមដល់កសិករឱ្យនាំគ្នាដាំឱ្យបានច្រើនដើម្បីផ្តល់តម្រូវការទីផ្សារក្នុងស្រុក និងក្រៅស្រុក កំពុងត្រូវការខ្លាំងណាស់ ។
កោះពី ស្ថិតនៅកណ្តាលទន្លេមេគង្គ ទល់មុខភ្នំហាន់ជ័យ ស្រុកកំពង់សៀម និងទល់មុខឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ ដែលមានកំពង់ចម្លងតែមួយគត់ ទៅកាន់ដីកោះនេះ គឺកំពង់ចម្លងវត្តក្រូចសើច ។ សម្រាប់ រដូវ ប្រាំង កោះពី ព័ទ្ធជុំវិញទៅដោយខ្សាច់ពណ៌ លឿងខ្ចី លាយជាមួយកំទេចកំទីភ្លិកភ្លេកពណ៌មាស និងប្រាក់។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ផងដែរ គឺលំនៅដ្ឋានណា ក៏មានដើមក្រូចថ្លុងដែរ ។ ជាមួយ គ្នានេះ ក៏មានដើមក្រូចថ្លុង ២ដើម ដែលប្រជាជននៅលើកោះបានផ្តល់ចំណាត់ថ្នាក់ថា ជាដើមដែលផ្តល់ផ្លែច្រើនដាច់គេ រហូតដល់ ៥០ឡូក្នុងមួយដើម។
លោក ខូវ អ៊ មេឃុំកោះពីបាន ផ្ដល់បទសម្ភាសន៍ជាមួយអង្គភាពសារព័ត៌មាននគរដ្រេហ្គនដោយរៀបរាប់ដូច្នេះថា កោះពី មានផ្ទៃដី ១០៧៧ហិកតា ចែកជា ៤ភូមិ មាន ភូមិកោះត្រែង ភូមិបីពៃ ភូមិជួរកណ្តាល និងភូមិម៉ឺនងន់ ដែលពីមុនសម្បូរទៅដោយដើមឫស្សី និងដើមគរ។
លោកមេឃុំបន្តថា ក្រោយមកដោយការដាំក្រូចថ្លុង មានការលូត លាស់ល្អ ហើយផ្តល់រសជាតិផ្អែមស្រទន់ ទទួលបានការចាប់អារម្មណ៍ពីអ្នកបានទៅដល់ ប្រជាជនក្នុងភូមិ បានកាប់ឫស្សី រួចចាក់ដីបន្ថែម ដើម្បីដាំដំណាំក្រូច ថ្លុង លើផ្ទៃដីប្រមាណ ៣០ហិកតា ហើយកំពុងប្រមូលផលប្រមាណ ១០ហិកតា ជាបណ្តើរៗហើយ ។ ដូច្នេះ ហើយ យើងសង្កេតឃើញលើកោះនេះ មានដំណាំចម្បងតែ ៣ប្រភេទប៉ុណ្ណោះ គឺ ឫស្សី គរ និងក្រូច ថ្លុង ។
ដោយឡែក បងស្រី ទ្រី មួយស៊ីង ដែលជាកសិករប្រកបការដាំដុះក្រូចថ្លុង បានរៀបរាប់ថា របរនេះជារបរតំណពីដូនតាមក មាន ៣ពូជ លើផ្ទៃដី ១ហិកតា មានដូច ជា ពូជផ្អែមទន់ ពូជផ្អែមស្រួយ ដែលមានរសជាតិផ្អែមឆ្ងាញ់ និងពូជយកពីកោះទ្រុង ខេត្តក្រចេះ ដែលដាំដុះបាន៨ឆ្នាំ ហើយក្រូចចាប់ផ្តើមឲ្យផលជាបណ្តើរៗហើយ ។
បងស្រី បានរៀបរាប់ទៀតថា ក្រូច ថ្លុងនៅកោះពី នេះ ប្រមូលផលចាប់ផ្តើមពីខែមេសា ដល់ខែកញ្ញា។ ដើម្បីដឹងថាក្រូចថ្លុងនោះទុំឬនៅ គឺយើងត្រូវមើលផ្លែណាដែលក្រឡារីកល្អ ។ ជាទូទៅ ក្នុង១ដើម ក្រូចថ្លុងរបស់គាត់មានផ្លែចាប់ពី១០ ទៅ២០ឡូ ដែលបើលក់ថ្លឹងគីឡូ ក្នុង១គីឡូក្រាមតម្លៃពី ៨ពាន់ទៅ១ម៉ឺនរៀល ទីផ្សារស្រួលលក់ មានអ្នកទិញហូបជាលក្ខណៈគ្រួសារ និងអ្នកទិញយកទៅលក់ដល់ទីចំការតែម្តង ។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក ហេង ពិសិដ្ឋ បានណែនាំ និងផ្តល់បច្ចេកទេសជូនដល់កសិករដូចតទៅ ៖
-ត្រូវធ្វើការតាក់តែងមែក ដើម្បីពន្លឺថ្ងៃចូលបានគ្រប់គ្រាន់ ទប់ស្កាត់ជំងឺ និងសត្វល្អិតបំផ្លាញដំណាំ និងធ្វើឲ្យផ្លែមានទំហំស្តង់ដារ
-ត្រូវចងក្រងជាក្រុម ឫសហគមន៍កសិកម្ម ដាំដុះតាមបច្ចេកទេស មានស្តង់ដារសុវត្ថិភាពច្បាស់ លាស់ ដែលមានតម្រូវការទីផ្សារខ្ពស់ និងផ្សារភ្ជាប់ទីផ្សារតាមរយៈផលិតកម្មកសិកម្មតាុំកិច្ចសន្យា
-ប្រើប្រព័ន្ធស្រោចស្រពតាមបទដ្ឋានបច្ចកទេសកសិកម្មថ្មី កាត់បន្ថយពេលវេលា និងកម្លាំងពលកម្ម
-ត្រូវបង្កើតស្លាកសញ្ញាសម្គាល់សម្រាប់ក្រូចថ្លុងនេះ
-ត្រូវចលនាមានសកម្មភាពកែច្នៃ ឫស្សី និង ដើមគរ ជាវត្ថុប្រើប្រាស់ផ្សេងៗ បង្កើតការងារ និងបង្កើនចំណូលម្ចាស់ស្រុក ។
លោកប្រធានបានបញ្ជាក់ថា កោះពី មានសក្តានុពល ជា តំបន់កសិទេសចរណ៍ ដែលផ្តល់ខ្យល់បរិសុទ្ធ លើឆ្នេរខ្សាច់លឿងខ្ចី ជាមួយទឹកទន្លេថ្លាយង់ ទេសភាពល្អគន់ ក្រោមម្លប់ក្រូចថ្លុងប្រកបដោយផាសុខភាព និងរសជាតិផ្អែមស្រទន់ និងសូមចូលរួមគាំទ្រ និងផ្តល់តម្លៃផលិតផលក្នុងស្រុករបស់យើង និងលើកទឹកចិត្តបន្ថែមដល់កសិករឱ្យនាំគ្នាដាំឱ្យបានច្រើនដើម្បីផ្តល់តម្រូវការទីផ្សារក្នុងស្រុក និងក្រៅស្រុក កំពុងត្រូវការខ្លាំងណាស់ ៕ វណ្ណៈ