ខេត្តព្រះសីហនុ៖ អូរបង្ហូរទឹកសំអុយមួយកន្លែង ស្ថិតនៅភូមិ២ សង្កាត់លេខ១ ក្រុង-ខេត្តព្រះសីហនុ ត្រូវឈ្មួញចាក់ដីលុបអស់ប្រហែល៨ម៉ែត្រគឺនៅសល់តែពោះអូរដែលមានទទឹង២ម៉ែត្រប៉ុណ្ណោះ ។ ការចាក់ដីលុបអូរនេះ ត្រូវបានប្រជាពលរដ្ឋអះអាងថា វាជាចំណែកនៃមូលហេតុដែលបណ្តាលឲ្យស្ទះចរន្តទឹកហូឬចេញ ។ នៅក្នុងចំណោមមូលហេតុជាច្រើន ដែលបណ្តាលឲ្យទឹកជន់លិចទីក្រុងព្រះសីហនុកាលពីប៉ុន្មានថ្ងៃមុននោះ ករណីចាក់ដីលុបអូរមួយកន្លែងនេះ ក៏បណ្តាលឲ្យទឹកជន់លិចទីក្រុងនេះដែរ ។ ប្រជាពលរដ្ឋរំពឹងថា កណ្តាប់ដៃអាជ្ញាធរក្រុង-ខេត្ត អាចនឹងស្តារស្ថានការណ៍លិចលង់នេះឲ្យប្រសើរឡើងវិញ តាមរយៈការបើកមុខទឹក ពោលគឺស្តារប្រឡាយអូរ ដែលបិទជិតនោះឡើងវិញ ។
មូលហេតុដែលបណ្ដាលឲ្យមានទឹកជំនន់ លិចលង់តំបន់មួយចំនួនក្នុងក្រុងព្រះសីហនុ បើតាមប្រជាពលរដ្ឋដែលលើកឡើងបានឲ្យដឹងថា គឺដោយសារករណីរំលោភយកអូរប្រឡាយ និងប្រព័ន្ធលូ។ ជាក់ស្ដែង ប្រព័ន្ធអូរមួយដែលមានទំហំ ប្រហែលជា ១០ ម៉ែត្រ ត្រូវបានរួម នៅទំហំ ២ម៉ែត្រ ដែលស្ថិតនៅចំណុចផ្លូវទៅ អូរអារេវ ក្នុងភូមិ ២ សង្កាត់លេខ ១ ក្រុង-ខេត្តព្រះសីហនុ។
លោកឈិត សុផាត ចៅសង្កាត់លេខ១ មិនអាចទំនាក់ទំនងសុំការបញ្ជាក់ពីលោកបាននៅឡើយទេ ដោយសារទូរស័ព្ទរបស់លោក ចុចទទួលហើយមិនមានអ្នកនិយាយ។ ភ្នាក់ងារយើងក៏បានធ្វើការទំនាក់ទំនងតាម WhatsApp ប៉ុន្តែលោកមិនបានឆ្លើយតបនៅឡើយទេរហូតមកដល់រសៀលថ្ងៃទី ១២ ខែសីហាឆ្នាំ ២០១៩នេះ។ (តើអ្នកចាក់ដីរំលោភ (អូរអារេវ)ដែលមានទំហំធំ និងជាផ្លូវទឹកដើរតួយ៉ាងសំខាន់ក្នុងការរំដោះទឹកនេះ មានឥទ្ធិពលប៉ុណ្ណាទើបលោក ឈិត សុផាត ចៅសង្កាត់លេខ១ មិនហ៊ានផ្ដល់បទសម្ភាសន៍ឲ្យអ្នកសារព័ត៌មាននោះ??។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១១ ខែសីហាឆ្នាំ ២០១៩ លោក តឹករ៉េត សំរេច ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុងព្រះសីហនុ និងជាតំណាងលោក សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុបានប្រកាសដាក់អោយអនុវត្តគម្រោងស្តារ និងកែលម្អប្រព័ន្ធរំដោះទឹកភ្លៀង ជំហានទី១ ស្របពេលអភិបាលខេត្តព្រះសីហនុ លោកគួច ចំរើន បានចុះបញ្ជាដោយផ្ទាល់ ក្នុងការ ស្ដារនិងពង្រីកអូរប្រឡាយឡើងវិញ បន្ទាប់ពីមានការលិចលង់ហេដ្ឋារចនាសម្ព័ន្ធនិងផ្ទះរបស់ប្រជាពលរដ្ឋព្រមទាំងទ្រព្យសម្បត្តិជាច្រើននៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ប្រភពនៃការលិចលង់ទាំងនេះ បើតាមការលើកឡើងរបស់ប្រជាពលរដ្ឋបានឲ្យដឹងថា ដោយសារអ្នកមានលុយមានអំណាចចាក់ដីរំលោភយក ប្រឡាយអូរ លូ ដើម្បីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនសាងសង់ជាបន្ទប់ជួលអាគារស្នាក់នៅក្នុងតម្លៃរាប់ពាន់រាប់ម៉ឺនដុល្លារ ។
គេមិនដឹងថា តើខណៈដែលមានការចាក់ដីលុបអូរនៅចំណុចខាងលើ ដូចជាសង្កាត់ និងក្រុងបានដឹងដែរឬទេ? ប៉ុន្តែបើឆ្លើយថា មិនដឹង ដូចជាមិនត្រឹមត្រូវទេ ពីព្រោះករណីចាក់ដីនេះ មិនមែនម្ចាស់ដីរែកដីមួយបង្គី ពីរបង្គី ចាក់នោះទេ គឺសុទ្ធតែប្រើរថយន្តដែលចំណាយពេលយូរទៀតផង ។ ដូច្នេះ បើអាជ្ញាធរក្រុងឆ្លើយថា មិនដឹង ដូចជាមិនសម ។ បើអាជ្ញាធរក្រុងមិនដឹង ចុះសង្កាត់ ដែលនៅជិតនឹងមូលដ្ឋានរបស់ខ្លួន មិនដឹងដែរឬយ៉ាងណា ។
ករណីនេះ មិនត្រឹមតែត្រូវជីកកាយដីដែលចាក់លុបអូរនោះទេ ប៉ុន្តែត្រូវហៅម្ចាស់ផ្ទះទៅសួរនាំ រកការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចនោះផង ។ ពីព្រោះថា ម្ចាស់ផ្ទះ ឬម្ចាស់ដីដែលចាក់លុបអូរនោះ ពិតជាអាចទទួលបានភ្លើងខៀវពីអាជ្ញាធរថ្នាក់សង្កាត់ ឬក្រុង ទើបអាចហ៊ានចាក់ដីលុបអូរយ៉ាងដូច្នេះ ។ រកអ្នកទទួលខុសត្រូវ ដើម្បីជាការព្រមានចំពោះអ្នកដទៃទៀត កុំឲ្យថ្ងៃក្រោយចេះតែហ៊ានចាក់ដីលុបប្រឡាយអូរបែបនេះតទៅទៀត ៕ ឆ្លាម សមុទ្រ