ថ្ងៃទី៩ខែ វិច្ឆិកា ឆ្នាំ ២០១៩ ជិតមកដល់ ធ្វើឲ្យនាយជាលព្រឺសម្បុរនឹងទណ្ឌិតនយោបាយនៅក្រៅប្រទេសម្នាក់ ដែលប្រព័ន្ធតុលាការនៅកម្ពុជាកំពុងអន្ទងចាប់ខ្លួនដាក់គុកបន្ទាប់ពីបានកាត់ទោសច្រើនបទល្មើសទៅហើយនោះ ខណៈគាត់អះអាងថានឹងវិលចូលមកកម្ពុជាវិញ។ នាយជាលខ្ញុំគិតថា បើគាត់មកមែន បើមិនចូលគុកទេហ៊ានភ្នាល់ ។ បានឮពាក្យថា គុក ធ្វើឲ្យនាយជាលនឹកដល់អ្នកនយោបាយសម័យតស៊ូរើបម្រាស់ពីនឹមអាណានិគមនិយមបារាំង ដែលកាលនោះ អ្នកនយោបាយសម័យនោះ ត្រូវបានគេចាប់ដាក់គុកធ្វើបាបមិនឲ្យមានសេរីភាពឡើយ ។ នៅដេកក្នុងគុកក៏ពិតមែន តែពេលនោះអ្នកនយោបាយរូបនោះ នៅបានតែងកំណាព្យដ៏រណ្តំបង្កប់ដោយអត្ថន័យឌឺដងដាក់ឆ្មាំគុកថា « ជាប់គុកកុំថាយ៉ាប់ ស៊ីបាយស្រាប់ អាចម៍គេសែង ពេលយប់ភ្លើងឆេះឯង មានអាដែងចាំកំដរ» គិតទៅម្យ៉ាងដែរសម្រាប់អ្នកជាប់គុកដែលមានទ្រឹស្តីបែបនេះ ព្រោះបើតាមនាយជាលគិត វាគ្រាន់តែជាការលួងចិត្តខ្លួនឯងប៉ុណ្ណោះ គុកឯណាស្រួលដូចនៅផ្ទះ? គុកឯណាមានសេរីភាពដើរហើរសេរីដូចនៅផ្ទះ?
យ៉ាងណាមិញ សម្រាប់ទណ្ឌិតម្នាក់នេះវិញបើវិលចូលមករកគុកមែន វាខុសពីគុករបស់អ្នកនយោបាយសម័យមុនដែលឥស្សរជនទាំងនោះ ពួកគាត់ស្នេហាជាតិខំតស៊ូ ដើម្បីបូរណភាពទឹកដី និងសេរីភាពប្រជាជន ឯរូបគាត់នេះវិញគ្មានអ្វីក្រៅពីបោកប្រាសគេឲ្យចូលរួមធ្វើបាតុកម្ម បំផ្លិចបំផ្លាញជាតិ បន្ទច់បង្អាក់ដំណើរការអភិវឌ្ឍប្រទេសជាតិខ្លួនឯងនោះឡើយ ។ទាំងនេះបាន័យថា ទណ្ឌិតកំពុងស្រមើស្រមៃយល់ខុសដោយគិតថា មាន់ស្ងោរឆ្អិនអាចនៅហើរបាន ក្រដាសសអាចខ្ចប់ភ្លើងបាន ឬជាប់គុកគឺជាសណ្ឋាគារ ។ ម៉្យាងទៀត អ្នកណាក៏ដឹងដែថា សារជាតិរបស់គាត់ខ្លាចបំផុតគឺ «ខ្លាចងាប់ និងខ្លាចជាប់គុក» ដូច្នេះនាយជាលគិតថា បើទោះបីកំណាព្យរបស់អ្នកនយោបាយជាន់មុនសរសេរថា «ជាប់គុកកុំថាយ៉ាប់ ស៊ីបាយស្រាប់ អាចម៍គេសែង ពេលយប់ភ្លើងឆេះឯង មានអាដែងចាំកំដរ» ដែលក្នុងខ្លឹមសារនេះមើលទៅអ្នកជាប់គុកមិនលំបាកក៏ដោយ ដាច់ខាតទណ្ឌិតរូបនេះមិនហ៊ានចូលស្រុកនៅថ្ងៃ៩វិច្ឆិកាខាងមុខនេះទេ ។ ត្រូវដឹងថា យ៉ាងហោចណាស់មានឈ្មោះថាជាប់គុកដែរ។ អ្នកជាប់គុកឯណាមានសិទ្ធិដើរហើរសេរី ចង់ទៅផឹកកាហ្វេនៅផ្សារថ្មីទៅបានភ្លាម ចង់ទៅស៊ីគុយទាវនៅបាត់ដំបងទៅបានភ្លាម ? បើមិនជឿទេសួរ លោក កឹម សុខាទៅដឹងហើយ ៕ នាយជាល