ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញសេចក្តីប្រកាសព័ត៌មាន បញ្ហា Facebook រិះគន់បណ្តោយឱ្យសត្វព្រៃមួយចំនួនស្គមស្គាំងដោយសារខ្វះចំណីអាហារ

ចែករំលែក៖

ភ្នំពេញ៖ ក្រោយពីមានបញ្ហា Facebook រិះគន់បណ្តោយឱ្យសត្វព្រៃមួយចំនួនស្គមស្គាំងដោយសារខ្វះចំណីអាហារ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីប្រកាសព័ត៌មាន និងបកស្រាយថា៖ កត់សម្គាល់ឃើញថា ក្នុងរយៈពេល ប៉ុន្មានថ្ងៃមកនេះ នៅលើបណ្តាញទំនាក់ទំនងសង្គម (Face book) មានបុគ្គលមួយចំនួនបានបង្ហោះសាររិះគន់ចំពោះអ្នកគ្រប់គ្រងឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ របស់រដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលមានខ្លឹមសារថាបានបណ្តោយឱ្យសត្វព្រៃមួយចំនួនស្គមស្គាំងដោយសារខ្វះចំណីអាហារ។

ពាក់ព័ន្ធនឹងការលើកឡើងខាងលើនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជម្រាបជូនសាធារណជនជ្រាបថា ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ គឺជាមជ្ឈមណ្ឌលស្តារនីតិសម្បទាសត្វព្រៃគ្រប់ប្រភេទ ដោយមានមន្ត្រីបសុពេទ្យមើលថែទាំជាប្រចាំក្រោមកិច្ចសហការជាមួយអង្គការដៃគូដូចជា Wildlife Alliance, FFI និង Free the Bear ។ រីឯសត្វព្រៃដែលស្គមស្គាំងមួយចំនួនតូចនោះមិនមែនខ្វះចំណីអាហារដូចការរិះគន់ឡើយ គឺជាសត្វដែលមានជំងឺ ឬមានរបួសដោយសារការដាក់អន្ទាក់ដោយខុសច្បាប់ ឬមានអ្នកចិញ្ចឹមមិនចង់ចិញ្ចឹម ឬមានបញ្ហាសុខភាពធ្លាក់ខ្លួនឈឺស្គមស្គាំង ក៏បានប្រគល់មកឱ្យរដ្ឋបាលព្រៃឈើ និងអង្គការដៃគូយកមកថែរក្សា និងព្យាបាល ដូចនេះហើយទើបឃើញមានសត្វព្រៃខ្លះនៅទីនោះស្គមស្គាំងដែលមើលទៅហាក់ដូចជាខ្វះចំណីអាហារជាដើម។

ជាក់ស្តែងនៅឆ្នាំ២០១៨កន្លងមកនេះ ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ បានសង្គ្រោះសត្វព្រៃថ្មីចំនួន ១ ៨៩៣ក្បាល ព្យាបាលសត្វព្រៃចំនួន ២៥៧ក្បាល និងកំពុងថែរក្សាសត្វព្រៃចំនួន ១៥៨៦ក្បាល (បក្សីចំនួន ៥៤ប្រភេទ ថនិកសត្វចំនួន ៤១ប្រភេទ និងល្មនចំនួន ១២ប្រភេទ) ព្រមទាំងបានស្ដារលទ្ធភាពជីវសាស្រ្តសត្វព្រៃ និងដោះលែងសត្វព្រៃគ្រប់ប្រភេទទៅក្នុងព្រៃធម្មជាតិវិញចំនួន ១ ៤៨៤ក្បាល។

ដោយឡែក ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៩នេះ ឧទ្យានសួនសត្វ និងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ បានសង្គ្រោះសត្វព្រៃថ្មីចំនួន ៧៦៧ក្បាល ព្យាបាលសត្វព្រៃចំនួន ២០៧ក្បាល និងកំពុងថែរក្សាសត្វព្រៃចំនួន ១ ៦២៥ក្បាល (បក្សីចំនួន ៥៣ប្រភេទ ថនិកសត្វចំនួន ៤១ប្រភេទ និងល្មនចំនួន ១៣ប្រភេទ) ព្រមទាំងបានស្ដារលទ្ធភាពជីវសាស្រ្តសត្វព្រៃ និងដោះលែងសត្វព្រៃគ្រប់ប្រភេទទៅក្នុងព្រៃធម្មជាតិវិញចំនួន ៦៧៤ក្បាល។

ដើម្បីចូលរួមថែរក្សា និងការពារសត្វព្រៃដែលជាសម្បត្តិធម្មជាតិដ៏មានតម្លៃរបស់កម្ពុជាឱ្យបានគង់វង្សក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបន្តយកចិត្តទុកដាក់ក្នុងការពង្រឹងការអនុវត្តច្បាប់ ការផ្សព្វផ្សាយច្បាប់លិខិតបទដ្ឋានគតិយុត្តនានា និងថែរក្សាក៏ដូចជាព្យាបាលសត្វព្រៃគ្រប់ប្រភេទសម្រាប់ជាកេរមរតកដល់កូនចៅយើងជំនាន់នេះនិងជំនាន់ក្រោយៗទៀត។

អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន។

ទោះមានការបកស្រាយពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើហេតុផលដ៏សមរម្យ និងល្អបែបនេះក៏ដោយ មតិប្រជាពលដ្ឋសូមអោយខាងជំនាញបសុពេទ្យ មើលជម្ងឺសត្វ គួរយកសត្វមានជម្ងឺ និងរបួសទៅរក្សាទុក ថែរក្សានៅកន្លែងដ៏សមរម្យ មិនត្រូវយកមកអោយភ្ញៀវទេសចរណ៍មើលឡើយ ខណៈមនុស្សគ្រប់ជាតិសាសន៍តែង ស្រឡាញ់ អាណិតសត្វ៕ សុខ ខេមរា


ចែករំលែក៖