ភ្នំពេញ៖ប្រព័ន្ធអនុគ្រោះពន្ធ EBA ( Everythings But Arms) គឺសំដៅដល់ការអនុគ្រោះឲ្យនាំចូលទំនិញគ្រប់ប្រភេទទៅកាន់ទីផ្សារអឺរ៉ុប លើកលែងតែសព្វាវុធ ។ បញ្ហា EBA ស្តាប់មួយភ្លែតហាក់ដូចជាធំ និងធ្ងន់ធ្ងរ ប៉ុន្តែនៅពេលស្វែងយល់ឲ្យកាន់តែច្បាស់ គឺពិតជាហាក់កាន់តែតូចទៅៗ ។ ទោះមានការយល់ឃើញ (perception) ថា EBA នេះមានលក្ខណៈតូចឬធំ ក៏ប៉ុន្តែ សូមចងចាំថា ការពិត (reality) មកដល់ម៉ោងនេះ គឺមិនទាន់មានអ្វីកើតឡើងក្នុងករណី EBA នៅឡើយទេ ។ អ្វីៗកំពុងស្ថិតនៅក្នុងដំណើរការនីតិវិធី (process) នៅឡើយ ពីព្រោះចំណោទគណិតវិទ្យានយោបាយ EBA វាស្ថិតនៅតែលើក្រដាសបែបជាទស្សនៈ មិនទាន់ឈានដល់សេចក្តីសម្រេច (decision) អ្វីមួយជាផ្លូវការនៅឡើយទេ ។
ប្រសិនបើយើងពិនិត្យមើលអ្វី ដែលបានកើតឡើងតាំងពីដើមទី រហូតដល់ជិតផុតឆ្នាំ២០១៩នេះ មែនទែនទៅចរិតនៃបញ្ហា EBA ហាក់គ្រាន់តែជាវិញ្ញាសារ ដើម្បីតេស្តសមត្ថភាពរវាងជំហររបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងនយោបាយ និងផលប្រយោជន៍នៃភូមិសាស្ត្រនយោបាយ ក្រោមស្លាកប្រជាធិបតេយ្យ និងសិទ្ធិមនុស្សប៉ុណ្ណោះ ។ ទិដ្ឋភាព២ដែលគួរកត់សម្គាល់ គឺជំហររបស់រដ្ឋជាសមាជិក EU និងជំហររបស់គណៈកម្មការអឺរ៉ុប លើបញ្ហា EBA គឺមិនដូចគ្នាទេ ។ ថ្មីៗនេះប្រមុខដឹកនាំប្រទេសអង់គ្លេស បារាំង អាល្លឺម៉ង់ ហុងគ្រី ប៊ុលហ្គារី ឆេក ជាដើម បានសន្យាជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងបានប្រកាសជំហរច្បាស់លាស់ថា នឹងគាំទ្ររាជរដ្ឋាភិបាលកម្ពុជាមិនឲ្យបាត់បង់ EBA ទេ ។
ថ្មីៗនេះ គណៈកម្មការអឺរ៉ុប បានធ្វើសេចក្តីប្រកាសជូនដំណឹងថ្មីមួយទៀតថា ខ្លួនបញ្ជូនរបាយការណ៍ព្រាងចុងក្រោយជូនមករាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិនិត្យ និងឆ្លើយតបបន្ថែម ។ ទិដ្ឋភាពនេះ ក៏ចាត់ទុកបានថា EBA គឺស្ថិតនៅលើទម្រង់ជានីតិវិធីបន្តទៅទៀតនៅមុនពេលសភាអឺរ៉ុបកោះប្រជុំ ។ ព័ត៌មានបែបនេះ សម្រាប់សារព័ត៌មានបរទេស ដែលមានចរិតអុជអាល អាចសន្មត់បែបរំជើបរំជួល ក៏ប៉ុន្តែ គេមិនបានដឹងលម្អិតអំពីដំណើរការចរចារនៅពីក្រោយវាំងនននៃផលប្រយោជន៍រវាង EU និងរាជរដ្ឋាភិបាលកម្ពុជានោះទេ ។
នៅក្នុងនយោបាយការបរទេស គេគួរយល់ថា៖ បរទេសមិនចេះតែធ្វើអ្វីដោយកំរោល ហើយកម្ពុជា ក៏មិនមែនចេះតែនៅស្ងៀមស្ងាត់ឲ្យគេជិះជាន់ និងបង្វែរគោលជំហរ ឬបំពានឯករាជ្យ និងអធិបតេយ្យជាតិរបស់ខ្លួនតាមតែចិត្តនោះទេ ។ ការជជែកនៅពីក្រោយឆាកលម្អិតយ៉ាងណា យើងមិនគួរលាតត្រដាងនៅទីនេះទេ ។ ក៏ប៉ុន្តែ គេអាចយល់បានថា៖ «ល្បែង EBA» គ្រាន់តែជាឈុតឆាកនយោបាយមួយ ដែលគេបានខកខ្លួនជ្រុលជាលេងទៅហើយ ហើយត្រូវរកចំណុចបិទបញ្ចប់ ដោយ «ទុកមុខឲ្យគ្នាទៅវិញទៅមក» ប៉ុណ្ណោះ ។ ឥឡូវនេះ EBA លែងមានតម្លៃជាថ្នូរដើម្បីប្រស់បក្សប្រឆាំង ដែលរលាយទៅហើយនោះ ពីព្រោះក្បាលម៉ាស៊ីនពួកប្រឆាំង បានដាក់ចេញនយោបាយខុសឆ្គង ដុតរំលាយសពខ្មោចបក្សសង្គ្រោះជាតិឲ្យរលាយជាផេះ និងបានបរាជ័យយ៉ាងអាម៉ាស់ នៅថ្ងៃទី៩ វិច្ឆិកា ឆ្នាំ២០១៩ រួចទៅហើយ ។ បរទេសក៏បានភ្លឺភ្នែកពីភាពកម្សោយរបស់ពួកប្រឆាំងរួចទៅហើយដែរ ។
និយាយក្នុងភាសានយោបាយ EBA ការពិត វាគ្រាន់តែជាអន្ទាក់មួយក្នុងល្បែងនយោបាយតថ្លៃ ។ យើងគួរថ្លឹងថ្លែងថាតើមានភាពសមហេតុសមផល និងតើមានយុត្តិធម៌នៅត្រង់ណា នៅពេល «បរទេសវាយបំបែកឆ្នាំងបាយកម្មករជិត២លាននាក់» ធ្វើជាថ្នូរនឹងអ្វី ដែលគេនិយាយថា «ដើម្បីស្តារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ»? តើសិទ្ធិអ្វីដែលធំជាងប្រជាជនមានការងារធ្វើដើម្បីទ្រទ្រង់ជីវភាព និងសិទ្ធិរស់រានមានជីវិតរបស់ប្រជាជន!? ដរាបណាមនុស្សមានគុណភាពជីវិត ទើបគេអាចមើលឃើញកាន់តែល្អឡើងនៃសិទ្ធិដទៃទៀត ។ ប៉ុន្តែ ទីបំផុត អន្ទាក់របស់បរទេស បែរជាទាក់ជាប់ពួកប្រឆាំងទៅវិញ ។ ហេតុអ្វី?
សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា មានបទពិសោធន៍ មានភាពវាងវៃ បានស្គាល់ទាំងអន្ទាក់ ស្គាល់ទាំងសត្វ និងស្គាល់ផ្លូវដើររបស់សត្វ ។ ក្រោយងើបពីរបបប្រល័យពូជសាសន៍ ប៉ុល ពត កាលពី៤០ឆ្នាំមុន កម្ពុជាមានពិសោធន៍ ត្រូវបរទេសហ៊ុព័ទ្ធទាំងនយោបាយ និងសេដ្ឋកិច្ច ។ អន្ទាក់យ៉ាងណា គឺកម្ពុជាធ្លាប់បានស្គាល់ ហើយបានដោះរួចទាំងអស់ ។ សត្វស្លូត សត្វកាចសាហាវ ដូចជា ខ្មែរក្រហម ប៉ុល ពត និងបន្តបន្ទាប់មកមានពួកត្រីភាគី និងពួកប្រឆាំងជើងមិនជាប់ដី ដែលខ្លះធ្លាប់ជាប់គុក និងខ្លះរត់ទៅក្រៅប្រទេស គឺកម្ពុជាបានជួបប្រទះ និងបានដោះស្រាយដោយជោគជ័យ ។ ស្ថានភាពឥឡូវនេះ កម្លាំងសេដ្ឋកិច្ចរបស់កម្ពុជាកាន់តែធំ ការឯកភាពជាតិកាន់តែរឹងមាំ មិត្តរបស់កម្ពុជាកាន់តែច្រើន ដូច្នេះ បរទេសគ្មានទម្ងន់អ្វីនឹងយក EBA ធ្វើជាសម្ពាធនយោបាយលើកម្ពុជាបានឡើយ ។ ពិតហើយ ជាស្មារតីកម្ពុជា ក៏មិនចង់បាត់បង់ EBA ដែលជាផលប្រយោជន៍កម្មករ និងប្រជាជនរបស់ខ្លួននោះទេ ។ បរទេសក៏យល់បាននូវជំហរនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន ដែលប្រកាន់យក និងបានប្រកាសដាច់ណាត់ ម្តងហើយម្តងទៀតថា «មិនយកជំនួយ ដូរជាមួយអធិបតេយ្យជាតិ» ឡើយ ។
ដូច្នេះ តើទីបំផុតនៃ EBA នឹងវិវត្តន៍ទៅជាយ៉ាងណា? យើងគួរយល់ស្របគ្នាថា EBA ទីបំផុត គឺជារឿងជ្រុលខ្លួន ដែលត្រូវរិះរកវិធីដោះស្រាយតាមបែបទុកមុខ (saving face) ឲ្យគ្នាទៅវិញទៅមកវិញ ។ ជានយោបាយការទូត កម្ពុជា ជាប្រទេសតូច ត្រូវយកចិត្តប្រទេសធំខ្លះ ដើម្បីបន្តទុកផលប្រយោជន៍ឲ្យគ្នា ហើយក៏បានជាប្រយោជន៍ដល់កម្មករ ពាណិជ្ជករ តាមរយៈ EBA នេះដែរ ។
ចំពោះ EU ដែលជ្រុលខ្លួនតាមនយោបាយណាមួយនោះ ក៏បានដឹងដែរថា បើធ្វើឲ្យខូចខាត EBA ជាមួយកម្ពុជា នោះ EU ក៏មានផលប៉ះពាល់ចំពោះប្រជាជនខ្លួន, ប៉ះពាល់មុខមាត់ខ្លួន, និងប៉ះពាល់ខាងនយោបាយជាមួយកម្ពុជា ដែលជាប្រទេសមានឥទ្ធិពលមួយនៅអាស៊ាន តំបន់ និងពិភពលោកផងដែរ ។ ដូច្នេះ ជាទីបំផុត EBA នឹងមានដំណោះស្រាយតាមរបៀបទុកមុខឲ្យគ្នាទៅវិញទៅមក ។
យើងក៏គួរយល់ថា គ្មានបញ្ហាណាមួយ ដែលមិនអាចដោះស្រាយគ្នាបាននោះឡើយ ហើយក៏ «គ្មានបញ្ហាណាមួយ ដែលគ្មានការចរចាពីក្រោយឆាកនោះទេ ។ តាមរយៈការសន្យារបស់ប្រទេសអង់គ្លេស បារាំង អាឡឺម៉ង់ ជាដើម យើងអាចសន្និដ្ឋានបានថា EU នឹងធ្វើការសម្រេចចិត្តដោយថ្លឹងថ្លែង ហើយនឹងមិនធ្វើឲ្យប៉ះពាល់ដល់វិស័យកាត់ដេរ រោងចក្រ និងជីវភាពកម្មករនោះទេ ។ ដំណោះស្រាយខាងមុខ នឹងច្បាស់ជាឈរលើផលចំណេញទាំងសង្ខាងចំពោះកម្ពុជា និង EU ។
ប្រសិនបើពិនិត្យមើលការបន្ធូរខ្សែដល់លោក កឹម សុខា ក៏ជាហេតុផលជួយដល់ EU ឲ្យមានសំអាងក្នុងការធ្វើសេចក្តីសម្រេចចិត្តនាពេលខាងមុខផងដែរ ។ ដូច្នេះ ទីបំផុត ការសន្និដ្ឋានលើដំណោះស្រាយ EBA នឹងមានលក្ខណៈទុកមុខឲ្យគ្នាទៅវិញទៅមក គឺសមហេតុផលណាស់ ។ ចំណុចខ្លាំងជាមូលដ្ឋានមួយទៀត នៅពេលខាងមុខ គឺកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុប ហៅកាត់ថា ASEM ។ ក្នុងន័យនេះ EU មិនអាចធ្វើអី្វឲ្យកម្ពុជា បាក់មុខក្នុងនាមជាម្ចាស់ផ្ទះ ASEM នោះទេ ។
កាលណានិយាយដល់ EBA យើងមិនអាចភ្លេចនិយាយពីពួកប្រឆាំងផលប្រយោជន៍ជាតិឯងទាំងងងិតងងល់នោះទេ ។ ពួកនេះ គឺជាដើមចម និងជាមេក្លោងគាំទ្រសុំឲ្យ EU ផ្តាច់ EBA ។ ដល់តែនិយាយភាសានេះក្តៅពេក អត់ចំណេញ ពួកគេក៏បានដូរសារនយោបាយថា «សុំចូលស្រុកដើម្បីរំដោះ EBA» ។ និយាយត្រឡប់ត្រឡិនដូចឆ្កួត ។ តែយ៉ាងណា ពួកគេឆ្កួតរួចទៅហើយ ក៏តាមហ្នឹងចុះ ។ ដោយសារតែឆ្កួតអ៊ីចឹងហើយបានជាគេធ្វើនយោបាយអត់កំណើត បំផ្លាញតែផលប្រយោជន៍ជាតិឯង ។ ទោះបីជាយ៉ាងណា យើងត្រូវទុកចន្លោះស្វែងយល់ថា EU មិនល្ងង់ពេកដូចពួកប្រឆាំងងងិតងងល់នោះទេ ។
នៅមុនព្រឹត្តិការណ៍ ៩ វិច្ឆិកា EBA មានមុខ៣ គឺ EU, ពួកប្រឆាំង និងរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ។ ប៉ុន្តែ ចាប់ពីម៉ោងនេះតទៅ អ្វីៗភ្លឺច្បាស់ណាស់ EBA នៅសល់មុខ២ គឺរវាង EU និងសម្តេចតេជោ ហ៊ុន សែន ។ ដូច្នេះ ស្ថានភាពឥឡូវនេះ EU កំពុងតែគិតថា តើខ្លួនគួរមានដំណោះស្រាយលើបញ្ហា EBA ក្នុងកម្រិតណាឲ្យសមស្របឲ្យរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន ទទួលយកបាន ។ EU ក៏យល់ច្បាស់ដែរថា ចាប់ពីម៉ោងនេះតទៅ កិច្ចសហការជាមួយសម្តេចតេជោ ហ៊ុន សែន គឺទទួលបានពហុប្រយោជន៍ ។ នៅក្នុងសារជាតិពិតនៃនយោបាយ នៅទីបំផុត គឺ «ត្រូវតែចាប់យកអ្នកខ្លាំង» ។ ក្នុងន័យថា ឥឡូវនេះ ពួកប្រឆាំងវាខ្សោយពេក ហើយ សម រង្ស៊ី លែងមានឥទ្ធិពលលើឆាកអន្តរជាតិជាយូរមកហើយ បូកថែមទាំងភាពបរាជ័យនៅផ្ទៃក្នុងពួកប្រឆាំងកាន់តែជ្រាលជ្រៅ ដូច្នេះ វាលែងមានប្រយោជន៍នឹងបរទេសត្រូវរង់ចាំប្រើប្រាស់ពួកនេះ ។ ជាឡូស៊ិកនយោបាយ គឺ «នយោបាយ គ្មានសេចក្តីស្រឡាញ់ទេ គឺមានតែផលប្រយោជន៍ ។ អ្នកខ្លាំង គេធ្វើការជាមួយអ្នកខ្លាំង» គេមិនអាចនៅបន្តត្រាំត្រែងជាមួយនឹងអ្នកខ្សោយទេ ។ ភាសាយ៉ាងខ្លី ហើយច្បាស់គឺ៖ «EU បន្តសហការជាមួយសម្តេចតេជោ ហ៊ុន សែន» ។
ប្រជាជនកម្ពុជា ពិតជាយល់ច្បាស់ចំពោះភាពជាអ្នកដឹកនាំជាតិដ៏វាងវៃរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។ ច្បាស់ណាស់ បញ្ហា EBA នឹងមិនប៉ះពាល់ជាទ្រង់ទ្រាយធំនោះទេ ។ កម្ពុជា នៅតែបន្តថ្នាក់ថ្នមនយោបាយការទូតតាមចក្ខុវិស័យសម្តេចតេជោ ហ៊ុន សែន «បង្កើនមិត្តខាងក្រៅ ក្រោមស្មារតីឯករាជ្យ» ។ កម្ពុជា ពិតជាមានសុឆន្ទៈបន្តកិច្ចសហប្រតិបត្តិការជាមួយ EU លើវិស័យផ្សេងៗទៀត ទាំងអភិបាលកិច្ចល្អ អប់រំ និងកសិកម្ម ។
នៅថ្ងៃនេះ យើងអាចនិយាយដោយមោទនភាពថា កម្ពុជាបានលើកទង់ជ័យជម្នះគ្រប់សមរភូមិ ហើយជ័យជម្នះនេះ មិនត្រឹមតែជាគុណតម្លៃនៃរាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំប្រទេស ប៉ុន្តែគឺជាជ័យជម្នះរួមរបស់ប្រជាជនកម្ពុជាដោយកិត្តិយស ដែលធានាដល់ជីវភាព និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា បានជាផលប្រយោជន៍របស់កម្មករជិត២លាននាក់ ព្រមទាំងក្រុមគ្រួសារ ។
លោក ហ៊ុយ វណ្ណៈ ជាប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជាបានបង្ហោះសារថា៖ នៅខែវិច្ឆិកា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន បានយកជ័យជម្នះ ៣យ៉ាងបន្ថែមទៀត ជូនប្រជាជនកម្ពុជា៖
ទី១- សម្តេចតេជោ ហ៊ុន សែន ដឹកនាំយ៉ាងអង់អាច រក្សាបាន «កម្ពុជាសន្តិភាព»! ដោយវាយបំបាក់ផែនការរដ្ឋប្រហារ៩ វិច្ឆិកា របស់ពួកទុច្ចរិតចង្រៃ ឲ្យបរាជ័យយ៉ាងអាម៉ាស់ ។ បើពួកចង្រៃនេះ ចូលមកអុកឡុកកម្ពុជាបាន នោះប្រជាជនកម្ពុជា គ្មានឱកាសកម្សាន្តរីករាយបុណ្យអុំទូកឡើយ ។ ប៉ុន្តែ ពួកចង្រៃចាញ់ដោយអាម៉ាស់ និងមិនអាចមានឱកាសបំផ្លាញកម្ពុជាសន្តិភាពបានឡើយ ។
ទី២- សម្តេចតេជោ ហ៊ុន សែន នឹង «រក្សាបានប្រព័ន្ធអនុគ្រោះ EBA សម្រាប់ជាផលប្រយោជន៍ប្រជាជនកម្ពុជា» ពីព្រោះ សម្តេច មានភាពចាស់ទុំក្នុងការធ្វើការងារទាំងកម្រិតការទូត នយោបាយ និងបច្ចេកទេសជាមួយ EU និងបណ្តាប្រទេសជាសមាជិក ។ នៅក្នុងការពិតនៃនយោបាយ បរទេសនឹងបន្តជ្រើសយកសម្តេចតេជោ ហ៊ុន សែន ដែលជារដ្ឋបុរសខ្លាំង ធ្វើជាដៃគូបន្តទៀត ដើម្បីរក្សា និងពង្រឹងផលប្រយោជន៍ទូលំទូលាយ ទាំងនយោបាយ និងសេដ្ឋកិច្ច ។ បរទេសមិននៅត្រាំត្រែងជាមួយអ្នកខ្សោយ នាំខាតពេលវេលានោះឡើយ ។
ទី៣- សម្តេចតេជោ ហ៊ុន សែន ដែលមានសមត្ថភាពដឹកនាំរឹងមាំនៅកម្ពុជា បានកំពុងលើកកិត្តិស័ព្ទកម្ពុជាយ៉ាងខ្ពស់ត្រដែតលើឆាកតំបន់ និងអន្តរជាតិ តាមរយៈនយោបាយការបរទេសដ៏វាងវៃ ទន់ភ្លន់ ម៉ឺងមាត់ និងប្រកបដោយគោលការណ៍ច្បាស់លាស់ ។ កម្ពុជា ឈរជាមួយបរទេសគ្រប់កម្រិតក្នុងភាពជាដៃគូស្មើសិទ្ធិ និងស្មើភាពក្នុងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ គ្រប់ជ្រុងជ្រោយ និងកាន់តែស៊ីជម្រៅ ។ ជយោ! កម្ពុជា សន្តិភាពអមតៈ៕ ដោយ៖ លោក ហ៊ុយ វណ្ណៈ