វិបត្តិមនុស្សធម៌នៅលើពិភពលោក បង្កឡើងដោយមហិច្ឆតារបស់មនុស្សផ្ទាល់ ដែលបង្កឲ្យមានអំពើហិង្សាសង្គ្រាមស៊ីវីល បង្ខំឲ្យពលរដ្ឋរាប់លាននាក់ត្រូវធ្វើចំណាក់ស្រុក ភៀសខ្លួនទៅកាន់ ប្រទេសផ្សេង ពិសេសគឺសង្គ្រាមនៅក្នុងប្រទេសស៊ីរីបង្កឲ្យមានជនភៀសខ្លួនច្រើនជាងគេបំផុត។ អង្គការសហប្រជាជាតិ កាលពីថ្ងៃទី២១ ខែកុម្ភៈ បានជំរុញឲ្យបញ្ឈប់ជាបន្ទាន់ សង្គ្រាមវាយប្រហារក្នុងប្រទេសស៊ីរី ពីព្រោះវានាំឲ្យមានវិបត្ដិមនុស្សធម៌កាន់តែខ្លាំងឡើង។
លោក អែនតូនីញ៉ូ ហ្គូតេរ៉ែស (Antonio Guterres) អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងថា សុបិនដ៏អាក្រក់ខាងមនុស្សធម៌ដែលបង្កឡើងដោយមនុស្ស នៅក្នុងខេត្ត Idlib ប្រទេសស៊ីរី ឥឡូវត្រូវបានបញ្ចប់ហើយ។ លោកឈប់ផ្តល់ជូនផែនការជាក់លាក់ណាមួយ សម្រាប់ទប់ស្កាត់ការបង្ហូរឈាម នៅក្នុងការកាន់កាប់តំបន់ចុងក្រោយរបស់ក្រុមឧទ្ទាម។
កងទ័ពរុស្ស៊ី បានបង្កើនការវាយប្រហារតាមអាកាស នៅតំបន់ភាគពាយព្យ នៃប្រទេសស៊ីរី ជួយជំរុញឲ្យកងទ័ពរដ្ឋាភិបាលរបស់លោក បាសារ អាល់អាសាដ វាយដណ្ដើមកាន់កាប់តំបន់ចុងក្រោយរបស់ក្រុមឧទ្ទាម។ ការវាយប្រហារគ្នា អស់រយៈពេលជាង៩ឆ្នាំមកនេះ បានជំរុញឲ្យជនស៊ីវិលស៊ីរី រាប់លាននាក់ ត្រូវរត់ភៀសខ្លួនទៅកាន់ប្រទេសអារ៉ាប់ និងតួកគី។
អគ្គលេខាធិការអង្គការសហប្រជាជាតិ បានថ្លែងទៅកាន់អ្នករាយការណ៍ព័ត៌មានថា ទង្វើអមនុស្សធម៌ ដែលបង្កឡើង ដោយមនុស្ស បានធ្វើឲ្យពលរដ្ឋស៊ីរីរងនូវការឈឺចាប់យ៉ាងខ្លាំង ដោយអូសបន្លាយ អស់រយៈពេលយ៉ាងយូរ។ ដូច្នេះសកម្មភាពបែបនេះ ត្រូវតែបញ្ឈប់ជាបន្ទាន់។ សារនេះបង្ហាញយ៉ាងច្បាស់ណាស់ថា វិបត្ដិនៅក្នុងប្រទេសស៊ីរី មិនអាចបញ្ចប់ដោយការប្រើកម្លាំងយោធានោះទេ។ ដូច្នេះដំណោះស្រាយមានតែមួយគត់ គឺការដោះស្រាយខាងនយោបាយ។
ជាមួយគ្នានេះដែរ លោក Guterres បានថ្លែងអំពាវនាវ សុំឲ្យបញ្ឈប់សកម្មភាពវាយប្រយុទ្ធគ្នាជាបន្ទាន់ ដោយលោកថ្លែងជាដដែលៗ សុំឲ្យមានបទឈប់បាញ់គ្នាជាបន្ទាប់ នៅក្នុងខេត្ត Idlib ហើយជំរុញឲ្យភាគីទាំងអស់ គេចឲ្យផុតពីការប្រឈមមុខដាក់គ្នា។ អំពើហិង្សានេះ បានធ្វើឲ្យពលរដ្ឋស៊ីរីរងការឈឺចាប់យ៉ាងខ្លាំង។
អគ្គលេខាធិការអង្គការសហប្រជាជាតិ បានបញ្ជាក់ថា នៅភាគពាយព្យ នៃប្រទេសស៊ីរី មានប្រជាពលរដ្ឋ ប្រហែល២,៨លាននាក់ ត្រូវការជំនួយមនុស្សធម៌។ ដូច្នេះលោកសូមអំពាវនាវឲ្យមានការផ្ដល់ជំនួយបន្ថែម ចំនួន៥០០ពាន់លានដុល្លារ សម្រាប់ជួយដល់ជនភៀសខ្លួនទាំងនោះ។
លោក រេសែប តាយយីប អែដូហ្គេន ប្រធានាធិបតីតួកគី បានជំរុញឲ្យសមភាគីរុស្ស៊ីរបស់លោក គឺលោក វ៉្លាឌីមៀរ ពូទីន បញ្ឈប់នូវអំពើហិង្សារបស់របបគ្រប់គ្រងស៊ីរី នៅក្នុងខេត្ត Idlib ។ យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ចាប់តាំងពីរដ្ឋាភិបាលស៊ីរី បង្កើនការវាយដណ្ដើម កាន់កាប់តំបន់ចុងក្រោយរបស់ក្រុមឧទ្ទាម កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ រហូតមកដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ជនស៊ីវិលស៊ីរី ប្រហែល៩សែននាក់ បានរត់ភៀសខ្លួន ចោលផ្ទះសម្បែង។ ក្នុងចំណោមជនភៀសខ្លួនទាំងនោះ មាន៥សែននាក់ជាកុមារ។
ដើម្បីបញ្ចប់សង្គ្រាមអូសបន្លាយជាយូនៅក្នុងប្រទេស អាហ្វហ្គានីស្ថាន ប្រមុខការបរទេសអាមេរិក លោក Mike Pompeo បញ្ជាក់ថា សហរដ្ឋអាមេរិក និង តាលីបង់ នឹងចុះកិច្ចព្រមព្រៀមសន្តិភាពជាមួយគ្នា ជុំវិញជម្លោះនៅអាហ្វហ្កានីស្ថាន។ ការចុះហត្ថលេខា នឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៩កុម្ភៈ ចុងខែនេះ។ នេះជាសេចក្តីប្រកាសរបស់ប្រមុខដឹកនាំការទូតអាមេរិក ដែលបានធ្លាក់មកថ្ងៃសុក្រ ទី២១កុម្ភៈ នៅពេលដែល លោក Mike Pompeo ធ្វើដំណើរទស្សនកិច្ចនៅអារ៉ាប៊ីសាអូឌីត។ អារ៉ាប៊ីសាអូឌីត ជាទីដែលលោកបានជួបសន្យាជាមួយសមភាគីតំណាងក្រុមតាលីបង់។ ប្រភពជាច្រើនពីខាងតាលីបង់វិញ ក៏បានបញ្ជាក់ដែរ កិច្ចព្រមព្រៀងសន្តិភាព ដែលនឹងត្រូវចុះហត្ថលេខានាពេលខាងមុខនេះ គឺនឹងធានាឱ្យកងទ័ពអាមេរិក ដកចេញបន្តិចម្តងៗរហូតចេញអស់ ពីមូលដ្ឋានអាហ្វហ្កានីស្ថាន។
សហរដ្ឋអាមេរិក និង តំណាងក្រុមតាលីបង់ សុទ្ធតែបញ្ជាក់ដូចៗគ្នា ថា«បន្ទាប់ពីជជែកពិភាក្សាយ៉ាងយូរនិងវែងឆ្ងាយរួចមក ភាគីទាំងពីរសម្រេចស្រុះស្រួលគ្នា ថានឹងចុះកិច្ចព្រមព្រៀមសន្តិភាព នៅថ្ងៃទី២៩កុម្ភៈ ដោយស្ថិតនៅក្រោមភ្នែកច្រមុះ ឃ្លាំមើលតាមដានពីអ្នកសង្កេតការណ៍អន្តរជាតិទៀតផង»។ កងកម្លាំងយោធាថ្នាក់ក្រោមៗរបស់តាលីបង់ ក៏បានអះអាងប្រាប់អ្នកកាសែតAFP នៅមូលដ្ឋានជម្លោះដែរ ថាពួកគេបានទទួលបញ្ជាពីថ្នាក់លើតាលីបង់ឱ្យផ្អាកអំពើហិង្សាបាញ់បោះនៅសមរភូមិ។
ក្រោយទទួលដំណឹងនេះ អង្គការសម្ព័ន្ធអាត្លង់ទិកអូតង់ ត្រេកអរនិងបានថ្លែងអបអរសាទរ។ អូតង់ដែលមានទាហានបេសកម្ម ជាង១ម៉ឺន៦ពាន់នាក់ ឈរជើងនៅអាហ្វហ្គានីស្ថាន បានចាត់ទុកថា «ការចរចារវាងសហរដ្ឋអាមេរិកនិងតាលីបង់នៅលើកនេះ នឹងនាំឱ្យកាត់បន្ថយអំពើហិង្សា ឈានដល់បទឈប់បាញ់គ្នា ព្រមទាំងអាចឈានដល់កសាងសន្តិភាពតែម្តង សន្តិភាពដែលអាចមានចីរភាពតរៀងទៅ»។
ទន្ទឹមគ្នានេះ ប្រទេសរុស្ស៊ីវិញដែលធ្លាប់បានជួយជ្រោមជ្រែងឱ្យភាគីជម្លោះចូលតុចរចានាពេលកន្លងទៅ រដ្ឋបាលក្រុងម៉ូស្កូ នៅថ្ងៃសុក្រ ក៏បានចាត់ទុកថា «ការយល់ព្រមចុះកិច្ចព្រៀងរួមគ្នានេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពនៅអាហ្វហ្គានីស្ថាន»៕