ខេត្តស្ទឹងត្រែង៖ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានសង្កត់ធ្ងន់ថាអាជ្ញាធរមូលដ្ឋានមានកាតព្វកិច្ចចូលរួមការពារដីរដ្ឋពីការទន្ទ្រានកាន់កាប់ដោយខុសច្បាប់ និងមានតួនាទីទទួលខុសត្រូវលើកិច្ចការពារនិងអភិរក្សធនធានធម្មជាតិនៅក្នុងភូមិសាស្ត្ររបស់ខ្លួន។ លោក សាយ សំអាល់ លើកឡើងដូច្នេះនៅក្នុងកិច្ចប្រជុំស្តីពីការគ្រប់គ្រងដីសាធារណៈរបស់រដ្ឋនៅក្នុងតំបន់ការពារធម្មជាតិភូមិសាស្ត្រខេត្តស្ទឹងត្រែងដែលបានរៀបចំធ្វើឡើងនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០ នេះនៅសាលាខេត្តស្ទឹងត្រែងដោយមានការចូលរួមពីអាជ្ញាធរខេត្តស្រុកឃុំនិងស្ថាប័នពាក់ព័ន្ធនៃខេត្តស្ទឹងត្រែង និងសមាជិកគណៈកម្មាធិការទី៣ របស់ព្រឹទ្ធសភា និងរដ្ឋសភាចូលរួមផងដែរ។ លោករដ្ឋមន្ត្រីក្រសួងបរិស្ថានបានគូសបញ្ជាក់ថាអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិមានមូលដ្ឋានច្បាប់គ្រប់គ្រាន់ និងគោលការណ៍ច្បាស់លាស់ពីរាជរដ្ឋាភិបាលដើម្បីប្រយុទ្ធប្រឆាំងនឹងបទល្មើសធនធានធម្មជាតិ ហើយអាជ្ញាធរឃុំស្រុកនេះហើយដែលជាអ្នកអនុវត្តច្បាប់ដោយមិនចាំបាច់រង់ចាំក្រសួងស្ថាប័នណាមួយឡើយ ហើយសូមកុំគិតថាបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្ររបស់ខ្លួនជាសមត្ថកិច្ចដោយឡែករបស់ក្រសួងស្ថប័នណាមួយ តែជាការទទួលខុសត្រូវរបស់អាជ្ញាធរផ្ទាល់ និងការពារអភិរក្សដើម្បីឧត្តមប្រយោជន៍របស់ប្រជាជនយើង។
ជាមួយការថ្លែងអំណរគុណចំពោះគ្រប់សមត្ថកិច្ចទាំងអស់ដែលបានសហការគ្នាបានយ៉ាងល្អនាពេលកន្លងមកដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិដូចជាការកាប់ឈើ ការបរបាញ់សត្វ ការកាប់រាន ដុត ឆ្ការ ទន្ទ្រានកាន់កាប់ដីព្រៃ លោក សាយ សំអាល់ បានជំរុញអាជ្ញាធរឃុំស្រុកបន្តចាត់វិធានការផ្លូវច្បាប់ទៅលើ ក្រុមជនខិលខូចដែលបន្តប្រព្រឹត្តបទល្មើស និងចូលរួមសហការជាមួយមន្ត្រីជំនាញដើម្បីទប់ស្កាត់ និងបង្ក្រាបប្រកបដោយប្រសិទ្ធភាពលើបទល្មើសដែលកើតមានជាពិសេសបទល្មើសកាប់រាន ដុតឆ្ការ ទន្ទ្រាកាន់កាប់ដីរដ្ឋនៅក្នុងតំបន់ការពារធម្មជាតិនានាក្នុងខេត្តស្ទឹងត្រែង។ លោកបានថ្លែងថា តាមរយៈកិច្ចខិតខំប្រឹងប្រែងក្នុងការការពារនិងអភិរក្សធនធានធម្មជាតិបានល្អប្រសើរ រហូតមកទល់ពេលនេះ បទល្មើសធនធានធម្មជាតិទ្រង់ទ្រាយធំលែងមានទៀតហើយ តែនៅសល់បទល្មើសទ្រង់ទ្រាយតូចៗដែលសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ចាំបាច់ត្រូវបន្តសហការគ្នាមបន្តទប់ស្កាត់ និងបង្ក្រាបឱ្យមានប្រសិទ្ធភាពដើម្បីនិរន្តរភាពបរិស្ថាននិងធនធានធម្មជាតិ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងបានលើកឡើងពីបញ្ហាប្រឈមនានាក្នុងការងារគ្រប់គ្រងតំបន់ការពារធម្មជាតិទាំង ៦ កន្លែងជាពិសេសការកាប់ទន្ទ្រានរានដីធ្វើជាកម្មសិទ្ធិនៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ដែនជម្រកសត្វព្រៃសៀមប៉ាង ឧទ្យានជាតិសៀមប៉ាង វើនសៃ និងរបៀងអភិរក្សជីវៈចម្រុះឦសាន។ យោងតាមមន្ត្រីជំនាញបទល្មើសទន្ទ្រានដីរដ្ឋនៅក្នុងស្រុកឋាឡាបរិវ៉ាត់មានការកើតឡើង ច្រើន និងរហូតដល់មានការយកដីរដ្ឋពុះជាឡូតិ៍លក់ ហើយតាមការស្រាវជ្រាវបង្ហាញថាអាជ្ញាធរមូលដ្ឋានមានទាំងមេភូមិនិងមេឃុំមានការពាក់ព័ន្ធលើការចុះហត្ថលេខាទទួលស្គាល់ដីទន្ទ្រានកាន់កាប់ខុសច្បាប់ថែមទៀតផង។ ទង្វើនេះជាការផ្ទុយនឹងច្បាប់ដែលអ្នកពាក់ព័ន្ធនានាបាននិងកំពុងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធីច្បាប់ជាធរមាន។
នៅចំពោះមុខអាជ្ញាធរខេត្តស្ទឹងត្រែង លោករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងថាសូមអាជ្ញាធរឃុំស្រុកត្រូវញែកឱ្យដាច់រវាងការឆ្វៀលដីភូមិដ្ឋានចាស់ដែលពលរដ្ឋរស់នៅស្របតាមគោលការណ៍ស្បែកខ្លា និងការស្នើសុំកាត់ឆ្វៀលដីដែលបានមកពីការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់។ លោកបានព្រមានទុកជាមុនថា ករណីស្នើសុំកាត់ឆ្វៀលដីដែលបានមកពីការទន្ទ្រានកាន់កាប់ដីរដ្ឋដោយខុសច្បាប់ ជាទង្វើខុសច្បាប់ ហើយត្រូវប្រឈមមុខច្បាប់»។ ជាមួយគ្នានេះ លោក សាយ សំអាល់ ក៏បានផ្តល់ជាគំនិតដល់អាជ្ញាធរក្នុងការគិរគូរជាមួយប្រជាសហគមន៍ បង្កើតជម្រើសមុខរបរថ្មីដូចជាការចិញ្ចឹមសត្វនិងដំណាំកសិកម្មផ្សេងៗក្រៅពីមុខរបរប្រពៃណីដកហូតអនុផលព្រៃឈើ ការទន្ទ្រានដីធ្វើចម្ការពនេចរ ហើយក្រសួងបរិស្ថានត្រៀមខ្លួនជួយទាំងបច្ចេកទេស និងថវិកា។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះគម្រោង ស្រូវត្រយ៉ងដែលអនុវត្តដោយអង្គការជីវិតសត្វស្លាបអន្តរជាតិជាមួយប្រជាពលរដ្ឋនៅក្នុងដែនជម្រកសត្វព្រៃសៀមប៉ាងក្នុងទិសដៅផ្សាភ្ជាប់រវាងការអភិរក្សនិងការបង្កើតសេដ្ឋកិច្ចមូលដ្ឋាន ដោយបញឈប់មុខរបរបរបាញ់សត្វព្រៃ កាប់ឈើ និងការទន្ទ្រានដីព្រៃរបស់ប្រជាពលរដ្ឋនៅតំបន់នោះ។
«ខ្ញុំពិតជាកោតសរសើរចំពោះក្រុមគ្រួសារដែលបានបញ្ឈប់ការប្រកបមុខរបរចូលព្រៃកាប់ឈើ បរបាញ់សត្វ និងការទន្ទ្រានដីព្រៃហើយងាកមកប្រកបរបរផលិតស្រូងសរីរាង្គដែលមានទីផ្សារនិងលក់ក្នុងតម្លៃខ្ពស់។ នេះគឺជាការបញ្ជាក់ពីការផ្លាស់ប្តូរឥរិយាបថរបស់ប្រជាពលរដ្ឋចំពោះបរិស្ថាននិងធនធានធម្មជាតិ និងបានឃើញច្បាស់ពីការប្រែប្រួលជីវភាពកាន់តែរីកចម្រើន។ នេះហើយជាអ្វីដែលយើងត្រូវធ្វើ និងបង្កើតសកម្មភាពជួយប្រជាសហគមន៍»។ លោក សាយ សំអាល់ ថ្លែងយ៉ាងដូច្នេះមុននឹងកត់សម្គាល់ថាតាមរយៈការអប់រំផ្សព្វផ្សាយចំណេះដឹង និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ យើងសង្កេតឃើញថា ប្រជាជនកម្ពុជាភាគច្រើនបានក្លាយខ្លួនជាអ្នកបរិស្ថាន ស្រឡាញ់ធនធានធម្មជាតិ និងចូលរួមការពារធម្មជាតិ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានដាក់បញ្ជាឱ្យអាជ្ញាធរពាក់ព័ន្ធកំណត់អត្តសញ្ញាណអ្នកប្រកបរបរកាប់ឈើនិងបរបាញ់សត្វដើម្បីធ្វើការអប់រំណែនាំនិងមានគម្រោងប្រែក្លាយពួកគាត់ពីអ្នកបំផ្លាញធនធានធម្មជាតិមកជាអ្នកចូលរួមការពារនិងអភិរក្សធនធានធម្មជាតិជាមួយមន្ត្រីជំនាញវិញដោយបង្កើតមុខរបរនិងផ្តល់ចំណូលជូនគាត់៕ដោយ៖សិលា