ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង បញ្ជាឲ្យមន្ដ្រីជំនាញ ស្ដារប្រឡាយនៅមុខស្ថានីយបូមទឹក ទួលគោកទី២ ដើម្បីពន្លឿនការរំដោះទឹក លិចលង់នៅរដូវវស្សានេះ

ចែករំលែក៖

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យមន្ដ្រីជំនាញ ស្ដារប្រឡាយនៅមុខស្ថានីយបូមទឹក ទួលគោកទី២ ដើម្បីពន្លឿនការរំដោះទឹកលិចលង់នៅក្នុងរដូវវស្សាឆ្នាំនេះ ខណៈសំណង់ស្ថានីយទួលគោកទី២ត្រូវបានសាងសង់រួចរាល់ហើយនោះ ។ លោក ឃួង ស្រេង បានបញ្ជាឲ្យមន្ដ្រីជំនាញនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានី ចុះគ្រឿងចក្រជាបន្ទាន់បន្ទាប់ពីភ្លៀងប៉ុន្មានមេជាប់ៗគ្នាធ្វើឲ្យជំនន់ទឹកភ្លៀង លិចនៅតំបន់បឹងកក់ទី១, បឹងកក់ទី២ និងទី៣ជាច្រើនម៉ោងទម្រាំនឹងស្រកទៅវិញ ដែលធ្វើឲ្យប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់នោះ ។
លោកបានបញ្ជាបែបនេះ ខណៈដែលលោកដឹកនាំមន្ដ្រីជំនាញក្រោមឱវាទចុះពិនិត្យប្រឡាយលូ និងស្ថានីយបូមទឹកទួលគោកទី២ នាថ្ងៃទី២៥ កញ្ញា ឆ្នាំ២០២០ នៅក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ។
ក្នុងឱកាសចុះពិនិត្យនោះលោកអភិបាលក៏បានបញ្ជាក់ដែរថា បច្ចុប្បន្ននេះ រដ្ឋបាលរាជធានីភ្នំពេញកំពុងដោះស្រាយបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀង នៅក្នុងរាជធានីភ្នំពេញ ដោយបាន កសាងបណ្តាញលូជាច្រើនខ្សែ ពិសេសថែមទៀតនោះ គឺការកសាងស្ថានីយបូមទឹកធំៗជាច្រើនកន្លែងដែលមានសមត្ថភាពបូមទឹក៥ម៉ែត្រគូបក្នុង១វិនាទី គឺកើនឡើង៣ដងបើធៀបនឹងស្ថានីយបូមទឹកចាស់ៗ ។ ជាក់ស្តែងសម្រាប់ថ្ងៃនេះ ដើម្បីជំរុញការងារខាងលើឲ្យបានល្អនិងទាន់ពេលវេលា រដ្ឋបាលរាជធានីភ្នំពេញ បានចុះពិនិត្យស្ថានភាពប្រឡាយ ស្ថានីយទួលគោកទី២ ដើម្បីឲ្យមន្ដ្រីជំនាញចុះកាយ ស្ដារប្រឡាយ ក្នុងបំណងរំដោះការលិចលង់នៅតំបន់មួយចំនួនក្នុងខណ្ឌទួលគោកនិងនៅសង្កាត់ស្រះចក ខណ្ឌដូនពេញជាដើម ។
លោកឃួង ស្រេង ក្នុងឱកាសនោះក៏ បានណែនាំឲ្យមន្ទីរពាក់ព័ន្ធ ពិសេសមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ជំរុញលើកគម្រោងការស្ថាបនាបុកស៊ីផាយ និងសាងសង់ផ្លូវជាប់ប្រឡាយស្ថានីយទួលគោកទី២ ដើម្បីរំដោះការលិចលង់ ដោយត្រូវចាប់ផ្តើមដំណើរការឲ្យបានឆាប់ ពោលគឺអាចចាប់ផ្តើមឲ្យលឿនកាន់តែល្អ ។
លោកឃួង ស្រេង ក៏បានជំរុញឲ្យអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ត្រូវចុះមើលផ្លូវ លូ កន្លែងណាដែលលិច តិចឬច្រើន ដើម្បីរកដំណោះស្រាយពីការលិចលង់នេះ មិនត្រូវដេកឱបពងពេលមានភ្លៀងធ្លាក់ខ្លាំងនោះទេ ។ មានន័យថា កន្លែងណាដែលមានលូស្ទះមិនដំណើរការ យើងចាប់ផ្តើមស្តារភ្លាមតែម្តង។ ការស្ថាបនាបុកស៊ីផាយនិងសាងសង់ផ្លូវជាប់ប្រឡាយស្ថានីយទួលគោកទី២នេះ តាមគម្រោងមានតួប្រឡាយទំហំ១៣ម៉ែត្រនិងផ្លូវនៅជាប់មាត់ ប្រឡាយទំហំ៥ម៉ែត្រ។ ចំណែកកំណាត់ផ្លូវរថភ្លើងចាប់ពីផ្លូវលេខ៧០(ទំនប់ទួលគោក) ដល់ ផ្លូវR 10ក៏និឹងត្រូវស្ថាបនាជំនួសផ្លូវរថភ្លើងទំហំទទឹង១០ម៉ែត្រផងដែរ ។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងថា ក្រោយពីស្ថាបនាប្រឡាយស្ថានីយទួលគោកទី២នេះរួចតំបន់មួយចំនួនដែលធ្លាប់លិចលង់នៅតំបន់សង្កាត់បឹងកក់ទី១ ទី២ ទី៣ខណ្ឌទួលគោក និងនៅសង្កាត់ ស្រះចកខណ្ឌដូនពេញ នឹងលែងទទួលរងការលិចលង់ទៀតហើយ។
សូមបញ្ជាក់ថា៖ ស្ថានីយបូមទឹកទួលគោកទី២នេះ ត្រូវបានបំពាក់ម៉ូទ័របូមទឹកចំនួន៥គ្រឿង ដែលមាន សមត្ថភាពបូម៥ម៉ែត្រគូបក្នុង១វិនាទីបន្តទៅប្រឡាយអូរបាក់ទូកដោយចាប់ពីផ្លូវទំនប់៧០រហូតដល់ផ្លូវបុរីទួលសង្កែ ប្រវែង៣៧០០ម៉ែត្រ ទទឹងចាប់ពី១០ម៉ែត្រទៅ៥០ម៉ែត្រ បច្ចុប្បន្ននេះត្រូវបានស្ថាបនារួចរាល់អាចរំដោះទឹកចេញពីតំបន់ទួលគោក តំបន់ស្រះចក ខណ្ឌដូនពេញ និងតំបន់ទួលសង្កែ ឬអាចនិយាយបានថា អាចរំដោះទឹកពីភាគខាងជើងរាជធានីភ្នំពេញតែម្តង៕ដោយ៖ សំរិត


ចែករំលែក៖