ព័ត៌មានទាន់ហេតុការណ៍៖

តើ “ពិធី​អន្ទងព្រលឹង” ដែលជឿតៗគ្នាតាំងពីបុរាណ រហូតមកដល់បច្ចុប្បន្ននៅតែមានឥទ្ធិពលឬទេ ហើយគេធ្វើឡើងដើម្បីអ្វី?

ចែករំលែក៖

ភ្នំពេញ​៖ រឿង“ពិធី​អន្ទងព្រលឹង” បើតាម​ការ​ជឿតៗ​គ្នារបស់​ចាស់​បុរាណ​ ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ​តែង​តែ​​មានជំនឿទៅ​លើ​រឿង​បែប ​អបិយជំនឿ​ជា​ច្រើន​ដូច​ជា៖ ​អមនុស្ស​ ការ​បន់ស្រន់​ អារុក្ខ​អារក្ស ​អ្នក​តា​ ខ្មោច​ព្រាយ​បិសាចជាដើម​ ។យ៉ាងណាមិញ រហូតមកទល់​ពេល​នេះ ​គ្មាន​អ្នកវិទ្យាសាស្ត្រ​ណា ​អាចបញ្ជាក់​បាន​ថា​ជំនឿទាំងនេះ ​​ពិត​ឬយ៉ាង​ណា ​តែ​វា​ក៏នៅ​តែ​មាន​ឥទ្ធិពល ​មកលើ​ផ្នត់​គំនិត​របស់​ប្រជា​ពល​រដ្ឋ​ខ្មែរ​ រហូត​មកទល់​នឹ​ងពេល ​បច្ចុប្បន្ននេះ​ផងដែរ។

បើ​​តាម​ចាស់​បុរាណ​ បាន​ឲ្យ​ដឹង​ថា ​ពិធី​អន្ទងព្រលឹង​នេះ ​មាន​ច្រើន​បែប​ច្រើន​យ៉ាង​​។​ ចំណែក​ឯការ​រៀប​ចំ ​​ក៏​មាន​ការ​ខុសគ្នា​ទៅ​តាម​គ្រូ ​ដែល​រៀប​ចំពិធី​នោះ​ដូចគ្នា​​ដែរ​។ ព្រោះពិធី​អន្ទងព្រលឹងនេះ គឺ​ជា​ជំនឿ​បែប​អរូបីយមួយ​ ​តាំង​ពី​បុរាណ​កាល​មក​ម្ល៉េះ ហើយ​​ក៏​មាន​ប្រជា​ពលរដ្ឋ​​ នៅ​តាម​​ទី​ជន​បទក្នុង​​តំបន់ភូមិស្រុក​​មួយ​ចំនួន ​ក៏​នៅតែ​មាន​ជំនឿ ​និង​រៀប​ចំធ្វើ​​នៅ ​ពិធីមួយ​​នេះ​ឡើងមក​ផងដែរ​។

បើតាម​លោក ​វង្សមុនី រយដាវ​ សាវឌី ដែល​សព្វ​ថ្ងៃ​លោក​ជា​គ្រូ ដែល​មាន​ចំណេះ​ដឹង​ខាង​ផ្លូវ​ងងឹត ​បាន​ឲ្យ​ដឹងថា​សម្រាប់​លោក ​របៀបធ្វើ​ពិធី​​អន្ទង​ព្រលឹងនេះ​ គឺ​លោក​ប្រើ​ភ្លើងទាន ​ជំនួស​ធូប​ ហើយ​របៀប​ក្នុង​កា​​​រអន្ទងនោះ ​គឺ​ត្រូវតែ​មាននៅ គ្រឿង​ដង្វាយ​ចំនួន​៧​មុខ​ដូច​ជា​ ​ពោត​ ល្ងសណ្តែក​ក្រហមសណ្តែកខៀវ​ ស្រូវ​សាលី ត្រឡាច​ ល្ពៅ ​ផ្កាម្លិះ៧​ភួង ផ្លែឈើ៧មុខ ហើយ​ពេល​ដែល​រៀប​ គឺ​ត្រូវ​មាន​ភ្លើង​ទាន​ដោយ​ប្រើ​ទាន​ក្រអូប​៧​ដើម អុជដើម្បី​បំភ្លឺ​ភ្លើង​ជ័យ អន្ទង​ព្រលឹង​នោះ​មក ​និយាយ​ឬ​សួរនាំ​ជាដើម​។

លោក ​វង្សមុនី រយដាវ​ សាវឌី ក៏ប៉ុន្តែ​ប្រសិន​បើ ​ធ្វើ​ពិធីអន្ទង​ព្រលឹងនោះ ឲ្យ​មក​ចូល ​ឬសង្កត់​អ្វី​មួយ​គឺ​ត្រូវ ប្រើ​ទាន​៧​ដើម ហើយ​ក្នុងនោះ​គឺត្រូវមាន ​ទាន​ក្រអូប​មួយ​គូរ ដែល​គេហៅ​ថា​ទានពន្លឺ​ជ័យ ​សិរីសួស្តី វេលាល្អ​​។ បន្ថែមពីនេះទៀត​សោត​នៅ​ពេល​ដែល​ កំពុង​តែ​រៀបចំ​ពិធី​អន្ទង់​ព្រលឹង ​​គឺ​ត្រូវ​តែ​បិទភ្លើង​ទាំង​អស់​ ហើយ​ក៏​ទាម​ទារ ​ឲ្យមាន​​ភាព​ស្ងប់​ស្ងាត់​បំផុត ​គឺ​មិន​អាច​ឲ្យ​មាន​អ្វីមក​រំខាន​នោះទេ​។

ជាមួយ​គ្នា​នោះ​ក៏​ត្រូវ​មាន ​អំបោះ​ឆៅ​មួយ​គូទៀត ​ដើម្បីទុក​​ចង​ធ្វើ​ជា​ខ្សែ​សីមាគឺដើម្បី​​ការពារ​កុំ​ឲ្យ​វិញ្ញាណ​នោះ ខ្ចាត​​ខ្ជាយ​ព្រលឹង​។ ហើយការអន្ទងព្រលឹងនេះដែរ ក៏ដើម្បី ហៅវិញ្ញាណណាមួយ មកជួប សួរនាំ បញ្ហា រឿងរ៉ាវមួយចំនួន ដែលអ្នកនៅរស់មិនអស់ចិត្ត ឬក៏ហៅជួយជាដើម មិនមែនមានន័យថា វិញ្ញាណទាំងអស់ ដែលអន្ទងមក សុទ្ធតែអាក្រក់ ឃោឃៅទេហើយអ្នកខ្លះ ក៏អន្ទងព្រលឹងដាក់តុក្កតា ដើម្បីជាការរកស៊ី មានបានផងដែរ។

គួ​របញ្ជាក់​ថា ​​នេះ​គ្រាន់​តែ​ជា​ជំនឿ​មួយ​ ក្នុង​ចំណោម​ជំនឿ​ជា​ច្រើន​ ផ្សេងៗ​ទៀត​របស់​ចាស់​ៗ​ ពី​ជំនាន់​ដើម​​។ ដូច្នេះ​សម្រាប់អ្នក​អាន ​ទាំង​អស់​អាច​ជឿឬ​មិន​ជឿ​គឺ​ទៅ​តាម​ការគិត និង​ការ​ពិចារណា​​ របស់​មនុស្ស​ម្នាក់ៗ។​ តែ​គ្រប់​យ៉ាង​គឺ​សុទ្ធ​តែ​មាន ​នៅដើម​ទង​​និង ​រឿង​រ៉ាវ​ផ្សេង​ៗ ​ដែល​ចាស់​បុរាណ​លោកធ្លាប់​ជួប​ប្រទះ ​ទើប​បានជា​ជំនឿ​នេះ ​នៅ​តែបន្តរហូត​មក​ទល់ ​សព្វ​ថ្ងៃ​​បែប​នេះ​។ តែ​យ៉ាងណាមិញ ​បើ​មិន​ទាន់​ជួប ​និង​មិន​ទាន់​ឃើញ ​កុំ​ទាន់​ជឿ ​​តែ​​ថា​ បើ​មិន​ជឿក៏​សូមកុំ​ ប្រមាថដូ​ចគ្នា​ផងដែរ​៕ដោយ៖សហការី


ចែករំលែក៖