ខេត្តពោធិ៍សាត់ ៖ យោងតាមប្រភពពី៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានបញ្ជាក់អោយដឹងថា, លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ បានទទួលអំណោយពីសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដែលបានឧបត្ថម្ភ គ្រឿងសម្ភារបរិក្ខារ រួមមាន៖ អាល់កុល ម៉ាស់ មីជាតិ ទឹកបរិសុទ្ធ និងដបបាញ់អាល់កុល សម្រាប់ប្រើប្រាស់ក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ ជំងឺកូវីដ១៩ នៅក្នុងខេត្ត។
ក្នុងពិធីប្រគល់ទទួលអំណោយនេះ ត្រូវបានធ្វើឡើងនៅវេទិកាដោះស្រាយបញ្ហាក្នុងសាលាខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, លោកស្រី ជុក សុផានី សមាជិកាក្រុមប្រឹក្សាខេត្ត, លោក លោកស្រី អភិបាលរងខេត្ត, លោក នាយករដ្ឋបាលសាលាខេត្ត, លោកប្រធានសាលាដំបូងខេត្ត, លោក ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត និងលោកប្រធានលេខាធិការដ្ឋាន សាលាដំបូងខេត្ត ព្រមទាំងមន្ត្រីនៃសាលាដំបូងផ្សេងទៀត។
សម្ភារបរិក្ខា ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលផ្តល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ រួមមាន៖ អាល់កុល១០កាន, ម៉ាស់០៥កេសធំ, មីជាតិ១៣០កេសតូច, ទឹកបរិសុទ្ធ១០០កេស, និងដបបាញ់កាល់កុល មានអាល់កុលស្រាប់ ១៩០ដប។
ក្នុងនាមអាជ្ញាធរខេត្ត និងក្នុងនាមជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩, លោក ម៉ៅ ធនិន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនដល់លោកប្រធានសាលាដំបូងខេត្ត ព្រមទាំងសហការី ដែលបាននាំយកអំណោយ មកផ្តល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់ប្រើប្រាស់ក្នុងវិធានការបង្ការ ការពារ និងទប់ស្កាត់ ជំងឺកូវីដ១៩ នៅក្នុងខេត្តនាពេលនេះ។
លោក ម៉ៅ ធនិន បានចាត់ទុកថា កាយវិការមនុស្សធម៌ របស់លោកប្រធានសាលាដំបូង ព្រមទាំងសហការី គឺបានបង្ហាញពីទឹកចិត្តយ៉ាងល្អប្រពៃ និងជាវប្បធម៌ នៃការចែករំលែក ចេះជួយគ្នា ក្នុងគ្រាដែលជួបទុក្ខលំបាក និងជាការជួយទាន់ពេលវេលា និងចំគោលដៅ ដែលសកម្មភាពនេះ ជាការចូលរួមចំណែក យ៉ាងសកម្ម ជាមួយរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំង និងទប់ស្កាត់ជំងឺកូវីដ១៩ ពិសេសមេរោគបំប្លែងថ្មី Delta។
សូមបញ្ជាក់ថា ខេត្តពោធិ៍សាត់ក៏ដូចជាបណ្តាខេត្ត/ក្រុងដទៃផ្សេងទៀតដែរ គឺមានករណីផ្ទុះឡើងជំងឺកូវីដ-១៩ដូចៗគ្នា។ ក្រោមការដឹកនាំរបស់អភិបាលខេត្តពោធិ៍សាត់ លោកបានប្រើប្រាស់កម្លាំងសរុប និងមធ្យោបាយសរុប ធ្វើយ៉ាងណា ដើម្បីកាត់ផ្តាច់ការចម្លងនេះឱ្យបានឆាប់រហ័ស។ ជាមួយគ្នានោះ លោកតែងតែអំពាវនាវយ៉ាងទទូច ដល់ប្រជាពលរដ្ឋទូទាំងខេត្ត ត្រូវបន្តការប្រុងប្រយ័ត្នខ្ពស់ និងការពារខ្លួនពីជំងឺដ៏កាចសាហាវនេះ ដោយអនុវត្តនូវវិធានការ «៣កុំ ៣ការពារ» របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាវិធានការនានារបស់ក្រសួងសុខាភិបាល និងត្រូវចូលរួមគោរពច្បាប់សារាចរណ៍នានា ព្រមទាំងខិតខំរកស៊ីទទួលទានតាមរយៈការចិញ្ចឹមសត្វ ដាំដំណាំ និងមុខរបរផ្សេងៗទៀត ក្នុងគោលបំណងបង្កើនជីវភាពគ្រួសារ ឱ្យកាន់តែប្រសើរឡើង៕
ដោយ៖ សិលា