ព័ត៌មានទាន់ហេតុការណ៍៖

លោកមេធាវី ព្រុំ សុវណ្ណារ៉ា ចេញទម្រង់លិខិតអញ្ជើញម្ចាស់គណនីហ្វេសប៊ុក (Facebook)ឈ្មោះ An Na Rose មកកាន់ការិយាល័យរបស់ខ្លួន ត្រឹមត្រូវតាមវិជ្ជាជីវៈទេ ឬគាត់ជ្រៀតជ្រែកអំណាចជាមន្ត្រីនគរបាលយុត្តិធម៌ !

ចែករំលែក៖

ភ្នំពេញ៖ គ្រាន់តែឃើញមេធាវី លោក ព្រុំ សុវណ្ណារ៉ា ជាមេធាវីតំណាងដោយអាណត្តិ និងជាមេធាវីការពារសិទ្ធិជូនលោកស្រី ទ្រី ដាណា ចេញលិខិតអញ្ជើញម្ចាស់គណនីហ្វេសប៊ុក (Facebook)ឈ្មោះ An Na Rose មកកាន់ការិយាល័យរបស់ខ្លួន បានបង្ហាញឱ្យឃើញថា, លោកមេធាវីកំពុងជ្រៀតជ្រែកអំណាចជាមន្ត្រីនគរបាលយុត្តិធម៌ ! 

សូមបញ្ជាក់ថា, លិខិតអញ្ជើញរបស់មេធាវី តំណាងឱ្យលោកស្រី ទ្រី ដាណា , បានសូមអញ្ជើញ ឈ្មោះ ហាស់ វីរ៉ាស្រីរ័ត្ន ភេទស្រី ជនជាតិខ្មែរ សញ្ជាតិខ្មែរ ដែលជាម្ចាស់គណនីហ្វេសប៊ុក (Facebook)ឈ្មោះ An Na Rose ចូលមកកាន់ក្រុមមេធាវី អេជ អេន អេស (HNS) ដែលមានការិយាល័យផ្ទះលេខ:៧៤ ផ្លូវលេខ៥៦៦ ភូមិ៤ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ នៅវេលាម៉ោង ០២:០០ រសៀល ដើម្បីចូលរួមដោះស្រាយបញ្ហាដែលពាក់ព័ន្ធនិងការបញ្ចេញមតិ (Comment) ថា៖ “ចែស្អាតណាស់តែចែនៅខ្វះខាតការតុបតែងខ្លួន ប្អូនចង់អោយបងតុបតែងខ្លួនមើលទៅស៊ីវីល័យ សាកសមនឹងទ្រព្យសម្បត្តិដែលបងមាន ប្អូនរិះគន់ដើម្បីស្ថាបនា ព្រោះស្រលាញ់ទឹកចិត្តសប្បុរសធម៍របស់បង ក្នុងហ្វេសប៊ុកផេក (Facebook Page) របស់កូនក្តីខ្ញុំបាទ ដោយការចូល បញ្ចេញមតិ (Cornment) ខាងលើបានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសកេរ្តិ៍ឈ្មោះកូនក្តីខ្ញុំបាទយ៉ាងធ្ងន់ធ្ងរ និងបញ្ហាប្រឈមមួយ ចំនួនទៀត។

អាស្រ័យដូចបានជម្រាបជូនខាងលើសូមឈ្មោះ ហាស់ វីរ៉ាស្រីរ័ត្ន ចូលរួមមកដោះស្រាយបញ្ហាខាងលើនេះកុំបី អាក់ខានឡើយ។

បើពុំមកតាមការកំណត់នោះទេ ខ្ញុំបាទនឹងកសាងសំណុំរឿងខាងលើនេះ ប្ដឹងទៅសមត្ថកិច្ចដែលពាក់ព័ន្ធ ចាត់ការទៅតាមនីតិវិធីច្បាប់នៃព្រះរាជណាចក្រកម្ពុជា។

តាមពិតទៅការComment របស់ឈ្មោះ ហាស់ វីរ៉ាស្រីរ័ត្ន ភេទស្រី ជនជាតិខ្មែរ សញ្ជាតិខ្មែរ ដែលជាម្ចាស់គណនីហ្វេសប៊ុក (Facebook)ឈ្មោះ An Na Rose គឺគាត់មានចេតនាល្អទេ ចូលចិត្ត ស្រលាញ់ មើលឃើញអំពីចិត្តសប្បុរសធម៌ របស់លោកស្រី ទ្រី ដាណា ដែលបានជួយសង្គម ចំណាយថវិកាធនធានទ្រព្យសម្បត្តិផ្ទាល់ខ្លួន និងពេលវេលាច្រើន។ ផ្ទុយទៅវិញមិនដឹងថាលោកស្រី ទ្រី ដាណា អន់ចិត្ត យ៉ាងណានោះទេបែរជាមេធាវីធ្វើលិខិតអញ្ជើញគាត់ឲ្យទៅដោះស្រាយនៅស្នាក់ការរបស់ខ្លួនទៅវិញ។ ការធ្វើលិខិតអញ្ជើញដោយមេធាវីជាអំពើខុសច្បាប់ខុសនិងវិជ្ជាជីវៈជាមេធាវី ។ ដោយឡែកលោកស្រី ទ្រី ដាណា គាត់គ្មានកំហុសអ្វីក្នុងរឿងនេះឡើយ ទោះបីគាត់មិនពេញចិត្តក្នុងការComment ប៉ុន្តែមេធាវីកំពុងតែដើរតួរជាមន្ត្រីនគរបាលយុត្តិធម៌រួចទៅហើយ។ 

ក្នុងករណីនេះ អ្នកច្បាប់បានលើកឡើងថា, មេធាវីកំពុងតែធ្វើខុសនិងវិជ្ជាជីវៈ ខណៈក្នុងនាមជាមេធាវីមានសិទ្ធិអីធ្វើលិខិតអញ្ជើញគេ , ហើយមេធាវីមានសិទ្ធិយ៉ាងច្រើនត្រឹមធ្វើលិខិតជូនដំណឹងទៅបុគ្គលហ្នឹង សូមឲ្យធ្វើការបកស្រាយឬកែតម្រូវ នៅការសរសេរក្នុង Comment តែប៉ុណ្ណោះ។ ប្រសិនបើមិនធ្វើការបកស្រាយឬកែតម្រូវក្នុង Comment នឹងទេ ត្រូវរក្សាសិទ្ធិចាត់វិធានការតាមផ្លូវច្បាប់។ មានន័យថាមេធាវីមានសិទ្ធិប្ដឹងទៅសមត្ថកិច្ចឬតុលាការបាន ។ តែក្នុងនេះមេធាវីធ្វើលិខិតអញ្ជើញអ្នកដែលចូល Comment នោះ ឱ្យមកស្នាក់ការរបស់ខ្លួនដើម្បីធ្វើការដោះស្រាយ ហើយបើមិនចូលតាមការកំណត់ទេ នឹង  កសាងសំណុំរឿងទៅសមត្ថកិច្ច។ នេះជាកំហុសមួយដ៏ធ្ងន់ធ្ងរបំផុត, រហូតដល់លេចចេញជាសំនួរថា, មេធាវីអញ្ជើញគេមកស្នាក់ការរបស់ខ្លួនដើម្បីអ្វី ? ខ្លួនឯងការិយាល័យដោះស្រាយអ្វី គឺគ្មានសិទ្ធិទេ ពិសេសមេធាវីក៏មិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ដែរ ! ក្នុងច្បាប់មានតែមន្ត្រីនគរបាលយុត្តិធម៌ ដែលមានសិទ្ធិអញ្ជើញជនសង្ស័យណាមួយដើម្បីមកសួរនាំ។ ចំណែកមេធាវីគ្មានសិទ្ធិអញ្ជើញគេមកស្នាក់ការរបស់ខ្លួន គ្មានសិទ្ធិកសាងសំណុំរឿងឡើយ។ 

ដូច្នេះមជ្ឈដ្ឋានអ្នកច្បាប់មួយចំនួនបានរិះគន់អំពីទម្រង់លិខិត អញ្ជើញរបស់មេធាវីឈ្មោះ ព្រុំ សុវណ្ណារ៉ា អត្តលេខ១៣៣០ សមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និង ជា ប្រធាន ក្រុមមេធាវី អេជ អេន អេស (HNS) ដែលមានការិយាល័យផ្ទះលេខ ៧៤ ផ្លូវលេខៈ៥៦៦ ភូមិ៤ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ជាមេធាវីតំណាងដោយអាណត្តិ និងជាមេធាវីការពារសិទ្ធិជូនលោកស្រី ទ្រី ដាណា ។

យោង៖ -លិខិតប្រគល់សិទ្ធិតំណាងដោយអាណត្តិចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ របស់លោកស្រី ទ្រី ដាណា។

អ្នកច្បាប់ខ្លះបានលើកឡើងថា, ជាគោលការណ៍ច្បាប់ មេធាវីតំណាងដោយអាណត្តិ ឱ្យកូនក្តីរបស់ខ្លួន គាត់អាចធ្វើលិខិតជូនដំណឹង ទៅបុគ្គលដែលពាក់ព័ន្ធជាមួយកូនក្តីរបស់ខ្លួន ឬក៏គាត់ធ្វើលិខិតជូនដំណឹងដោយផ្ទាល់ទៅបុគ្គលដែលបានComment នោះផ្ទាល់ សូមឱ្យមានការកែតម្រូវ ឬធ្វើការបកស្រាយ ក្នុងនាមខ្លួនតំណាងអោយដើមបណ្តឹងកូនក្តីរបស់ខ្លួន ។ ផ្ទុយទៅវិញមេធាវីរូបនេះមិនមែនធ្វើលិខិតជូនដំណឹងទេ បែរជាធ្វើលិខិតអញ្ជើញ ឲ្យគេចូលមកស្នាក់ការរបស់ខ្លួនដើម្បីដោះស្រាយ ! តើការិយាល័យមេធាវីនេះដោះស្រាយ ដោះស្រាយរឿងអ្វី ? ឬក៏ការិយាល័យមេធាវីនេះជាការិយាល័យដោះស្រាយវិវាទ, ដោះស្រាយរឿងព្រហ្មទណ្ឌ គឺមិនស្របតាមផ្លូវច្បាប់ឡើយ។

តាមពិតការិយាល័យមេធាវីគឺជាកន្លែងទទួលអតិថិជន កូនក្តី  ពិភាក្សា ពិគ្រោះយោបល់ផ្ដល់ប្រឹក្សាផ្នែកផ្លូវច្បាប់ ធ្វើកិច្ចសន្យា , ឬដើម្បីរៀបចំឯកសារផ្សេងៗ ដាក់ភស្តុតាងនៅក្នុងរឿងក្តីនានា ទៅតុលាការក្នុងនាម ការពារផលប្រយោជន៍ឲ្យកូនក្តី របស់ខ្លួនតែប៉ុណ្ណោះ។ អត់មានសិទ្ធិណាមួយអញ្ជើញគេមកដោះស្រាយ រឿងក្តីនៅក្នុងការិយាល័យរបស់ខ្លួន ។ តាមពិតទៅចរិកនៃទម្រង់លិខិតនេះបង្កប់ថាខ្លួនជាមន្ត្រីនគរបាលយុត្តិធម៌  បានន័យថាមានការគំរាមគេទៅហើយ !  ទី១- ត្រង់ថាធ្វើលិខិតអញ្ជើញគេមកស្នាក់ការរបស់ខ្លួន, តើមានច្បាប់ណាអនុញ្ញាត ? ទី២-បើមិនចូលមកដោះស្រាយនៅស្នាក់ការរបស់ខ្លួនទេ នឹងកសាងសំណុំរឿងទៅសមត្ថកិច្ច ។ ចំណុចនេះមានន័យថាមេធាវីកំពុងដើរតួជាមន្ត្រីនគរបាលយុត្តិធម៌ទៅហើយ ! ដែលបង្ហាញពីកំហុសឆ្គងដ៏ធ្ងន់ធ្ងរផ្នែកវិជ្ជាជីវៈមេធាវី។ 

ចម្ងល់ជាច្រើនពីអ្នកច្បាប់ឆ្ងល់ថា, តើទម្រង់លិខិតបែបនេះ ត្រឹមត្រូវតាមវិជ្ជាជីវៈមេធាវីទេ ! តើមេធាវី ដើរតួនាទីជាមន្ត្រីនគរបាលយុត្តិធម៌បានដែរឬទេ ក្នុងការកសាងសំណុំរឿងទៅសមត្ថកិច្ច? តើមេធាវីមានសិទ្ធិធ្វើលិខិតអញ្ជើញគេឱ្យចូលមកស្នាក់ការរបស់ខ្លួន ដើម្បីធ្វើការដោះស្រាយបានដែរឬទេ ? បើដោះស្រាយបានតើដោះស្រាយក្នុងរឿងអ្វី ? ខណៈក្នុងនាមជាមេធាវីមានសិទ្ធិត្រឹមតែធ្វើលិខិតជូនដំណឹងទៅឱ្យកែតម្រូវ  បកស្រាយក្នុងនាមដើមបណ្ដឹង ក្នុងនាមម្ចាស់ដែលគេប្រគល់សិទ្ធិឲ្យតែប៉ុណ្ណោះ ឬជូនដំណឹងទៅភាគីម្ខាងទៀតក្នុងកិច្ចសន្យាណាមួយ ត្រូវកំណត់ថ្ងៃណាមួយ ដើម្បីជួបពិភាក្សារកដំណោះស្រាយ នៅក្នុងកិច្ចសន្យាដែលមិនបានគោរព ហើយក្នុងករណីដែលភាគីនោះមិនមកទេ និងមានសិទ្ធិរំលាយកិច្ចសន្យាជាឯកតោភាគីបាន។ បើមេធាវីធ្វើលិខិតអញ្ជើញបែបនេះ បង្ហាញអំពីចរិត ទី១-គំរាមកំហែងទៅលើគេ , ទី២-ខ្លួនឯងជាមេធាវីកំពុងជ្រៀតជ្រែកអំណាច ដែលខ្លួនមិនមែនជាមន្ត្រីនគរបាលយុត្តិធម៌ ត្រង់ថាបើគេមិនចូលខ្លួន នឹងកសាងសំណុំរឿងទៅសមត្ថកិច្ច ។ ពីព្រោះថា, មន្ត្រីនគរបាលយុត្តិធម៌ត្រូវបានកំណត់ដោយច្បាប់យ៉ាងច្បាស់ តើមន្ត្រីឋានៈប្រភេទណា សមត្ថកិច្ចបែបណាដែលមាន នីតិសម្បទាជាមន្ត្រីនគរបាលយុត្តិធម៌! មិនមែនមេធាវីជាមន្ត្រីនគរបាលយុត្តិធម៌ឡើយ។ ទីបំផុតតាមរយៈលិខិតអញ្ជើញនេះ ដោយសារតែភាគីម្ខាងទៀតគ្នាអាចក្មេងសេចក្តីផ្នែកផ្លូវច្បាប់ ភ័យក្នុងការគំរាម រហូតដល់ចូល Comment សុំទោសជាសាធារណៈទៅហើយ ដោយសរសេរថា , “សុំអធ្យាស្រ័យលោកជំទាវទ្រីដាណាពីរចំងាយប្អូនស្រីពិតជាមានកំហុសដែលខមិនលើ រូបថតបងស្រីដោយអចេតនាដែលធ្វើអោយប៉ះពាល់អារម្មណ៍បងស្រីជាទីសាធារណះប្អូនស្រី ពិតជាសុំទោសខ្លាំងណាស់ចំពោះកំហុសដែលកើតមានដោយអចេតនាសូមបងស្រីអភ័យ ទោសដល់ប្អូនស្រីផង ជូនពរបងស្រីសុខភាពល្អ សម្រស់ក្មេងជាងវ័យជោគជ័យគ្រប់ភារកិច្ច”។ 

ចំណុចនេះបើគ្មានការកែទម្រង់ឬ មានវិធានការពីប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ពេលនេះ អាចនឹងធ្វើឲ្យមេធាវីខ្លះអនុវត្តខុសពីវិជ្ជាជីវៈ ! ទៅហើយ។ 

ពាក់ព័ន្ធក្នុងករណីនេះ អង្គភាព”នគរដ្រេហ្គន” បានធ្វើការទំនាក់ទំនងសុំការបំភ្លឺពីលោកមេធាវី ព្រុំ សុវណ្ណារ៉ា នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២១ តាមទូរស័ព្ទ ប៉ុន្តែមិនទាន់ផ្តល់សំណួរជូនគាត់បានដល់អស់សេចក្តីផង បែជាលោក មេធាវី ព្រុំ សុវណ្ណារ៉ា បាននិយាយយ៉ាងខ្លីថា” សូមទោសខ្ញុំសុំមិនធ្វើការបកស្រាយទេ ” រួចក៏បិទទូរស័ព្ទតែម្តង។ 

ដោយឡែក លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ត្រង់សំណួរសួរថាតើ មេធាវីមានសិទ្ធិចេញលិខិតអញ្ជើញបុគ្គលពាក់ព័ន្ធកូនក្តីរបស់ខ្លួនបានដែរ ឬទេ មកដោះស្រាយនៅស្នាក់ការរបស់ខ្លួន,  លោកបញ្ជាក់ថា, តាមពិតមេធាវីមានសិទ្ធិធ្វើលិខិតអញ្ជើញអោយមកធ្វើការសម្របសម្រួល ដោះស្រាយចំពោះករណីខ្លះ ប៉ុន្តែត្រង់ថា, លោក មេធាវី ព្រុំ សុវណ្ណារ៉ា ធ្វើលិខិតអញ្ជើញប្រើពាក្យពេចន៍ដល់ថ្នាក់ មិនមកតាមការអញ្ជើញនឹងកសាងសំណុំរឿងទៅសមត្ថកិច្ច នោះជាកំហុសពាក្យពេចន៍ហើយ ។ 

លោក លី ច័ន្ទតុលា បានបន្តថា, មេធាវីអាចសរសេរបានត្រឹមថា, បើមិនព្រមធ្វើការដោះស្រាយគ្នា នឹងចាត់ចែងតាមនីតិវិធីតាមផ្លូវច្បាប់ និយាយដោយរួមគាត់ខុសត្រង់ប្រើពាក្យពេចន៍ខុសឆ្គង ៕


ដោយ៖ សុខ ខេមរា


ចែករំលែក៖