ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលជំនួបរវាង លោក លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោកសាស្រ្ដាចារ្យ វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ពីលទ្ធផលជំនួបរវាង លោក លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយ លោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសទទួលបន្ទុក ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។ 

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ថា, នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៦:៣០នាទីរសៀល លោក លុយ ដាវីត រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់ លោក ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិបានទទួលជួបពិភាក្សាការងារតាមប្រព័ន្ធ វីដេអូជាមួយលោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន អ្នករាយការណ៍ពិសេសទទួលបន្ទុកស្ថានភាពសិទ្ធិ មនុស្សនៅកម្ពុជា។

លោករដ្ឋលេខាធិការបានជម្រាបជូនអ្នករាយការណ៍ពិសេសអំពីការសម្រេចបានរបស់ កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើក ទី ១៣ នៅក្នុងឆ្នាំ ២០២១ និងជោគជ័យថ្មីៗ នៃកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលបានប្រព្រឹត្តទៅកាលពីខែកុម្ភៈ ឆ្នាំ២០២២។ អាទិភាពរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ក៏ត្រូវបានលើកឡើងនៅក្នុង ឱកាសនៃជំនួបផងដែរ។

ការចូលរួមយ៉ាងសកម្មរបស់កម្ពុជានៅក្នុងវេទិកាពហុភាគីផ្សេងៗ គឺឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត របស់កម្ពុជាឆ្ពោះទៅរកគោលការណ៍ពហុភាគី ក៏ដូចជាការឆ្លើយតបនឹងបញ្ហាប្រឈមជាយុទ្ធសាស្ត្រ នៅក្នុងតំបន់នាពេលបច្ចុប្បន្ន ដែលត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈមូលបទនៃកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុបលើកទី១៣ “ការពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួម» និង «អាស៊ានរួមគ្នា ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” សម្រាប់ភាពជាប្រធានអាស៊ានរបស់កម្ពុជាក្នុងឆ្នាំ២០២២។

ពាក់ព័ន្ធនឹងលំហសង្គមស៊ីវិល សិទ្ធិនយោបាយ និងប្រជាធិតេយ្យ ឯកឧត្តមរដ្ឋលេខាធិការ បានគូសបញ្ជាក់ថា រាល់ការវាយតម្លៃចំពោះកម្ពុជាគួរផ្តោតការយកចិត្តទុកដាក់លើការវាយតម្លៃពីងព គ្រប់ មជ្ឈដ្ឋានទាំងអស់ ។ ក្នុងនាម ជា ប្រទេសដែលធ្លាប់បានឆ្លងកាត់សង្គ្រាមស៊ីវិលនៅ កម្ពុជាបច្ចុប្បន្នបានក្លាយជាប្រទេសមួយដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងពិភពលោក។

ដោយទទួលបានអត្រាកំណើនជាមធ្យម៧ភាគរយ នៅមុនវិបត្តិជំងឺកូវីដ-១៩។ សមិទ្ធផលទាំងអស់ នេះពិតជាមិនអាចសម្រេចបានទេ ប្រសិនបើគ្មានសន្តិភាព និងស្ថិរភាពដែលជាបុរេលក្ខខណ្ឌ ដែលមិនអាចខ្វះបាន សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។

កម្ពុជាប្រកាន់យ៉ាងខ្ជាប់ខ្ជួននូវលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលបច្ចុប្បន្នមាន គណបក្សនយោបាយចំនួន៤៧ ដោយក្នុងនោះមានគណបក្សនយោបាយចំនួន១៧ បានចុះ ឈ្មោះដើម្បីធ្វើការប្រកួតប្រជែងនៅក្នុងការបោះឆ្នោតឃុំ/សង្កាត់នៅក្នុងខែមិថុនា ឆ្នាំ២០២២ ។ ក្នុងស្មារតីបង្រួបបង្រួមជាតិ រដ្ឋសភាជាតិបានធ្វើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ក្នុងឆ្នាំ២០១៩ ដែលបានបើកផ្លូវដល់ការទទួលបានសិទ្ធិធ្វើនយោបាយ ឡើងវិញសម្រាប់ អ្នកដែលបានបាត់បង់សិទ្ធិនោះដោយសាលក្រមតុលាការ និងសម្រាប់អ្នកដែលកំពុងស្នើសុំសិទ្ធិ ធ្វើនយោបាយឡើងវិញ។ ជាលទ្ធផល អតីតសមាជិកគណបក្សប្រឆាំងចំនួន៣២រូប បានទទួលសិទ្ធិ ធ្វើនយោបាយឡើងវិញ។

លោករដ្ឋលេខាធិការបានលើកឡើងផងដែរពីកិច្ចសហប្រតិបត្តិការល្អ និងការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាលកម្ពុជាចំពោះយន្តការអង្គការសហប្រជាជាតិ។ កម្ពុជាបានអនុវត្តសិទ្ធិអធិបតេយ្យ របស់ខ្លួន ដោយឈរលើគោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ។ កម្ពុជាមានមោទនភាពដោយ បានប្រែក្លាយពីប្រទេសដែលធ្លាប់ទទួលកងរក្សាសន្តិភាព ទៅជាប្រទេសដែលបញ្ជូនកងរក្សា សន្តិភាពទៅកាន់ប្រទេសមានជម្លោះនៅទូទាំងសកលលោក ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។

លោកសាស្ត្រាចារ្យ វិទិត មុនតាប៊ីនក៏បានអបអរសារទកម្ពុជាក្នុងនាមជាប្រធានអាស៊ាន ក្នុងឆ្នាំ២០២២ និងបានទទួលស្គាល់ពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជាដល់បុព្វហេតុ សន្តិភាពពិភពលោកតាមរយៈការបញ្ជូនកងកម្លាំងកម្ពុជាទៅបំពេញបេសកកម្មរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិ។

ជាចុងបញ្ចប់ លោកសាស្ត្រាចារ្យ វិទិត មុនតាប៊ន បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល កម្ពុជា ចំពោះការជួបសន្ទនាដោយបើកចំហ និងប្រកបដោយការស្ថាបនា ព្រមទាំងកិច្ចសហប្រតិបត្តិការ ល្អរបស់កម្ពុជាជាមួយអ្នករាយការណ៍ពិសេស៕

ដោយ ៖ សិលា


ចែករំលែក៖