(តពីលេខមុន)
* អាយុនិងពណ៌សម្បុរមនុស្ស:
ព្រះសម្មាសម្ពុទ្ធមានបុព្វេនិវាសានុស្សតិវិជ្ជា ត្រូវបានប្រមើលឃើញកាលព្រេងនាយស្ដេចចក្រព័ត្តិព្រះនាមទល្ហនេមិការគ្រប់គ្រងដោយធម៌ មនុស្សក្នុងដែនសមាទាននូវកុសលធម៌ដោយប្រពៃ មនុស្សមានអាយុ ៨ម៉ឺនឆ្នាំ។ នៅពេលខាងមុខទ្រង់បានព្យាករណ៍ថាកាលមនុស្សលោកឃើញទោសរបស់អធម៌ត្រជាក់និងភ្នែកក៏បាននាំគ្នាសមាទានកុសលធម៌ឡើងវិញជាបច្ច័យនាំឲ្យពួកមនុស្សមានអាយុនិងពណ៌សម្បុរចម្រើនឡើងវិញជាលំដាប់រហូតដល់៨ម៉ឺនឆ្នាំដូចពីព្រេងនាយដែរ។
ពាក្យថា ៨ម៉ឺន ឆ្នាំគប្បីសំគាល់ត្រឹមថាអាយុវែងប៉ុណ្ណោះ មិនគប្បីគ្រាន់តែឃើញមនុស្សមានអាយុ ៨ ម៉ឺនឆ្នាំក៏ចាប់ផ្ដើមបាត់ជំនឿបាត់សទ្ធា ឬមួយក៏មានជំនឿដោយមិនដឹងហេតុបច្ច័យនោះឡើយ។ សេចក្តីបរិយាយវិភាគអំពីសភាវៈនៃកិលេស យើងបានអធិប្បាយរួចមកហើយគឺសំដៅសម្គាល់ដល់សភាវៈរបស់ចិត្តដែលក្តៅ ដែលពុល។ ដោយសារបញ្ញានេះមានអាថ៌កំបាងបន្តិច យើងសូមធ្វើសេចក្តីបកស្រាយបន្ថែមអំពីសភាវៈនៃកិលេសទាក់ទងដល់អាយុសង្ខារបស់មនុស្សមានយ៉ាងដូចម្ដេចខ្លះ ទើបជាហេតុនាំឲ្យអាយុក្ខ័យរបស់មនុស្សកាន់តែខ្លីទៅខ្លីទៅនោះ។
កិលេសជាសភាវៈរបស់ចិត្តដែលមានកម្តៅឡើងខ្ពស់ កម្ដៅនៅពេលឡើងខ្ពស់របស់ចិត្តគឺអាស្រ័យមានចំហេះរបស់សារធាតុឥន្ធនៈដែលជាឱជៈរបស់ចំណីអាហារចម្រាញ់កើតឡើងបានជាឈាមទ្រទ្រង់ចិញ្ចឹមសរីរាង្គ។ ឈាមចិញ្ចឹមសរីរាង្គកើតមកពីមហាភូតរូបជាអាហារដែលបានបរិភោគ ។ មហាភូតរូបនេះគឺជាសារធាតុតាក់តែងបានជារូបរាងកាយរបស់មនុស្ស ឈាមជាមហាភូតរូបនេះហើយដែលត្រូវចិត្តជាកិលេស ចម្រាញ់បឺតស្រូបយកថាមពលកម្ដៅបាន ជាបច្ច័យជួយឲ្យកិលេសដែលកំពុងកើតរលត់ឡើង មានកម្ដៅខ្ពស់ព្រមជាមួយនោះឈាមក៏មានកំដៅកាន់តែខ្ពស់ស្របគ្នាទៅនឹងកិលេសដែលកាន់តែឡើងខ្ពស់មានកម្ដៅកាន់តែខ្លាំងឡើងៗ ខ្លាំងនោះដែរ។
សូមបញ្ជាក់ឡើងវិញថា រូបធាតុជាមេធាតុខាងដើមរបស់ជីវិតវិញ្ញាណ កាលជីវិតវិញ្ញាណនេះកើតមាន ទើបចិត្តរមែងកើតមានជាធម្មតា រូបកាយកើតមានពីមហាភូតរូប ចិត្តកាលកើតឡើងមហារូប អាចប្រព្រឹត្តទៅបានក៏អាស្រ័យមានចំណីអាហារជាមហាភូតរូបតែម្យ៉ាងឃើញថាកិលេសដែលកាន់តែក្រាស់ទៅៗកាន់តែក្តៅឡើងៗនោះ គឺពិតជាបានចម្រាញ់យកថាមពលកម្ដៅពីចំណីអាហារ ជាមហាភូតរូបដោយពិត។ រូបកាយរបស់មនុស្សត្រូវភ្លើងកិលេស គឺលោភៈ ទោសៈ មោហៈ ដុតឲ្យឆេះឲ្យក្តៅប្រចាំយ៉ាងនេះ រូបធាតុនឹងប្រែទៅជាកាកសំណល់ធ្យូងជាធម្មតារួមជាមួយនឹងឧស្ម័នពុល (Co2) ។
ការប្រព្រឹត្តទៅរបស់កិលេស អាស្រ័យប្រការយ៉ាងនេះ ទើបមនុស្សដែលមានចិត្តលោភលន់ខ្លាំង មានកំហឹងច្រណែនឈ្នានីស មានន័យថាមានទុក្ខភ័យសោកសង្រេងខ្វល់ខ្វាយច្រើន រមែងមានរូបកាយសាច់ឈាម ទឹកមុខស្រស់ស្រអាប់មិនភ្លឺថ្លាជាធម្មតា។ កាលបើចំណីអាហារមិនបានបំប៉នឲ្យគ្រប់គ្រាន់ តាមតម្រូវការរបស់សរីរាង្គ និងកិលេសនេះទេវិបត្តិផ្លូវចិត្ត ទាំងផ្លូវកាយ អាចនឹងកើតមានលំបាកនឹងសង្គ្រោះព្យាបាល។ សរីរាង្គកាយរបស់មនុស្សត្រូវការចំណីអាហារបំប៉នក៏ពិតមែន ប៉ុន្តែការត្រូវការចំណីអាហារបំប៉នច្រើនជាងតម្រូវការរបស់សរីរាង្គទៅទៀត ៕
(នៅមានត)
ពិនិត្យស្រាវជ្រាវតាមច្បាប់ដើមដោយ÷ ចៅតាជេត