ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ បានធ្វើការណែនាំ ០៤ចំណុចធំៗ ដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលរាជធានី-ខេត្ត ទាំង២៥ ក្នុងការអនុវត្តការងារប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យឱ្យមានប្រសិទ្ធភាព សម្តេចក្រឡាហោម មានប្រសាសន៍ណែនាំបែបនេះ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយអំពីលទ្ធផលការងារ និងទិសដៅការងារពាក់ព័ន្ធនឹងការប្រឆាំងការសម្អាតប្រាក់ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ នៅសណ្ឋាគាររ៉ស៊ីដង់សុខា ភ្នំពេញ។
ទី១.ក្រសួងស្ថាប័ន្ធពាក់ព័ន្ធ និងអភិបាលរាជធានី-ខេត្ត ទាំង២៥ ត្រូវបន្តកំណត់យកការងារប្រឆាំងការសម្អាត ហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ជាការងារអទិភាពដ៏សំខាន់មួយដែលត្រូវយកចិត្តទុកដាក់អនុវត្ត ដើម្បីទទួលបានប្រសិទ្ធភាពក្នុងការអនុវត្តច្បាប់ដោយត្រូវបង្ករលក្ខណៈងាយស្រួលទាំងផ្នែកធនធានមនុស្ស ផ្នែកហរិញ្ញវត្ថុ ដល់ក្រុមការងារប្រឆាំងការសម្អាតប្រាក់ ដើម្បីឱ្យក្រុមការងារនេះអាចអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនដោយរលូន និងកាន់តែមានប្រសិទ្ធភាពខ្ពស់ សំដៅសម្រេចឱ្យបាននូវផែនការសកម្មភាពប្រកបដោយនិរន្តរភាព។
ទី២.ក្រសួងស្ថាប័ន និងអាជ្ញាធរដែលអនុវត្តច្បាប់ទាំងអស់ ត្រូវប្រមូលផ្តុំធនធានមនុស្សដោយត្រូវពង្រឹងការងាររបស់ខ្លួនបន្ថែមទៀត ក្នុងនោះត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួន នូវនីតិវិធីប្រតិបត្តិស្តង់ដារ SOPច្បាប់ និងបទបញ្ញតិជាធរមាន។ ទន្ទឹមនឹងនេះ ក្រសួងស្ថាប័នត្រូវយកចិត្តទុកដាក់លើការបណ្តុះបណ្តាល ពង្រឹងសមត្ថភាពដល់មន្ត្រីអនុវត្តច្បាប់ ដែលស្ថិតក្រោមសមត្ថកិច្ចរបស់ខ្លួន អំពីនីតិវិធីប្រតិបត្តិស្តង់ដារ SOP សម្រាប់ការប្រឆាំងការសម្អាតប្រាក់ និងបច្ចេកទេសប្រឆាំងការសម្អាតប្រាក់។
ទី៣. ក្រសួងស្ថាប័នពាក់ព័ន្ធ ត្រូវបន្តផ្សព្វផ្សាយច្បាប់ការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ ដើម្បីបន្តលើកកម្ពស់ការយល់ដឹងដល់មន្ត្រីអនុវត្តច្បាប់ និងវិស័យឯកជនដើម្បីធានាបាននូវប្រសិទ្ធភាព និងនិរន្តរភាពការងារក្នុងការប្រឆាំងការសម្អាតប្រាក់នៅកម្ពុជា។
ទី៤. អាជ្ញាធរអនុវត្តច្បាប់ នៅតាមរាជធានី- ខេត្ត ទាំងអស់ ត្រូវសហការជាមួយស្ថាប័នពាក់ព័ន្ធ និងយកចិត្តទុកដាក់ពង្រីកការស្រាវជ្រាវហរិញ្ញវត្ថុ ការស៊ើបអង្កេតបទល្មើស ក៏ដូចជាការងារអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារ ក្នុងគោលដៅកំណត់ឱ្យបានអត្តសញ្ញាណបុគ្គល និងទ្រព្យសម្បត្តិដែលសង្ស័យជាផលនៃបទល្មើស មធ្យោបាយប្រព្រឹត្តបទល្មើស ជាពិសេសប្រភេទបទល្មើសទាំង០៦ ដែលមានដូចជាបទល្មើសគ្រឿងញៀន បទល្មើសជួញដូរមនុស្ស បទល្មើសឆបោក បទល្មើសព្រៃឈើ រំលោភលើទំនុកចិត្ត បទល្មើសជួញដូរសត្វព្រៃ បទល្មើសពុករលួយ បទល្មើសគយ-ពន្ធដា ដោយអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ និងនីតិវិធីជាធរមាន ដើម្បីឈានដល់ការបង្កក និងរឹបអូសទ្រព្យសម្បត្តិ៕
ដោយ ៖ សិលា