ព័ត៌មានទាន់ហេតុការណ៍៖

សិប្បកម្មកែច្នៃសត្វជន្លេនមួយកន្លែងអាចបង្កើនចំណូលជីវភាពដល់ប្រជាពលរដ្ឋ ឃុំទឹកហូត ស្រុករលាបៀរ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ជន្លេនគឺជាសត្វល្មូនក្នុងដីមួយប្រភេទ ដែលមនុស្សគ្រប់គ្នាខ្ពើមរអើមស្ទើរមិនហ៊ានប៉ះកាន់នោះទេ។ ប៉ុន្តែក្រោយពីមានសិប្បកម្មកែច្នៃជន្លេនមួយកន្លែង នៅភូមិអូរសណ្ដាន់ថ្មី ឃុំទឹកហូត ស្រុករលាប្អៀរ បែរជាធ្វើអោយប្រជាពលរដ្ឋនៅតំបន់នោះមាន ឱកាសរកកម្រៃពីសិប្បកម្ម ធ្វើជន្លេននៅទីនោះដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ បានល្អប្រសើរទៅវិញ ។

លោក មុីង ប៊ុន ទី អាយុ ៦៧ឆ្នាំបានឲ្យដឹងថា គាត់បានមកធ្វើការនៅក្នុងសិប្បកម្មកែច្នៃជន្លេន១កន្លែងនេះអស់រយៈ ពេលជាច្រើនថ្ងៃមកហើយ ដោយក្នុងមួយថ្ងៃគាត់រកចំណូលបានប៉ុន្មានពី៣ទៅ៤ម៉ឺនរៀល ពីការលាតសត្វជន្លេនវះរួចហាលលើចង្អើ  ប៉ុន្តែបើក្មេងៗ មានភាពរហ័សរហួន ពួកគេអាចហាលដល់ទៅជាង ២០០ចង្អើរ ដែលក្នុង១ចង្អើរមានតម្លៃ ៤០០រៀល ឬអាចនិយាយបានថារកប្រាក់ចំណូលពី៨ទៅ១០ ម៉ឺនរៀលក្នុង១ថ្ងៃ។លោកបន្ថែមថាការងារនេះមិននឿយហត់អ្វីនោះទេហើយចំណូលក៏បានសមរម្យដែរ។ 

ចំណែកក្មេងៗដែលឆ្លៀតពេលទំនេរពីរៀនសូត្រ១ពេលក្នុង១ថ្ងៃ បានមកធ្វើការហាលជន្លេន ក៏អាចរកចំណូលបានប្រមាណជាង ២ម៉ឺនរៀលតែក្នុង១ពេល។ ស្ត្រីម្នាក់ដែលកំពុងហាលជន្លេនបានបញ្ជាក់ថា នៅក្នុងរោងសិប្បកម្មនេះមានអ្នកមកធ្វើជន្លេនចន្លោះពី៣០ទៅ ៤០ នាក់ប៉ុណ្ណោះ ប៉ុន្តែបើនៅចុងភូមិវិញ មានសិប្បកម្មធ្វើជន្លេន១កន្លែងដែរ ដែលមានកម្លាំងពលកម្មច្រើនជាងប្រមាណ ៦០នាក់ មានន័យថា អ្នកភូមិអូរសណ្ដាន់ថ្មីប្រមាណ ១០០នាក់ សព្វថ្ងៃបានរកកម្រៃ ពីសិប្បកម្មកែច្នៃជន្លេនេះ។

ស្ត្រីម្នាក់ដែលសុំអនុញ្ញាតមិនបញ្ចេញឈ្មោះ និងជាមេការមើលការខុសត្រូវក្នុងសិប្បកម្មខាងលើបានឲ្យដឹងថា សិប្បកម្មនេះជារបស់ក្រុមហ៊ុនបរទេសមួយ ដែលបានប្រមូលទិញជន្លេនពីកសិករក្នុងតំបន់នេះនៅខែទឹក ឡើងដោយក្នុង១គីឡូក្រាម ថ្លៃពី២៥០០ ទៅ ៣០០០ រៀល។ ប៉ុន្តែពេលខ្លះក៍ទិញដល់ ៤០០០រៀល ក្នុង ១គីឡូក្រាមដែរ ប្រសិនបើទិញតពីជាឈ្មួញកណ្ដាលយកមកលក់បន្ត។ មានន័យថា ប្រជាពលរដ្ឋរកចំណូលបានពីការលក់ជន្លេនផងនិងធ្វើការនៅក្នុងសិប្បកម្មជន្លេននេះផង។

ស្ត្រីមេការរូបនេះមិនបានដឹងថាតើសត្វជន្លេនដែលគេប្រមូលទិញរួចយកមកហាលឱ្យស្ងួតនោះ គេយកទៅធ្វើអ្វីនោះទេប៉ុន្តែមានប្រភពមិនច្បាស់ការណ៍និយាយ តៗគ្នាថា គឺគេយកទៅធ្វើគ្រឿងសំអាងមានដូចជា ឡេ និងក្រែមលាបមាត់ជាដើម។ ចំពោះជន្លេនដែលទិញមក គេឲ្យកម្មករបញ្ចូលក្នុងម៉ាស៊ីនវះជន្លេន រួចយកមកដាក់ឲ្យអ្នកតម្រៀបលើចង្អើរយកទៅហាល ។ 

ពេលឆ្អើក្រៀម សត្វជន្លេនដែលមិនមានប្រឡាក់អំបិលនោះ ត្រូវបានច្រកក្នុងការ៉ុងហើយដឹកទៅភ្នំពេញ ឬបន្តដឹកទៅប្រទេសណាទៀត គាត់មិនដឹងនោះទេ ។ ប៉ុន្តែសត្វជន្លេនដែលសិប្បកម្មនេះធ្វើ គឺក្នុងមួយឆ្នាំបានតែមួយរដូវទេក្នុងខែទឹកឡើង ធ្វើបានតែ ៣ខែប៉ុណ្ណោះ ក្រៅពីខែនោះ គឺគ្មានជន្លេនធ្វើទៀតនោះទេ ។ ស្រីមេការរូបនោះអោយដឹងបន្ថែម។

ទោះយ៉ាងណាក៏ដោយ បើតាមការអង្កេតជាក់ស្ដែងទាំងអ្នកភូមិចាស់និងក្មេងៗនៅតំបន់នោះអាចរកកម្រៃពីការធ្វើការងារនៅក្នុងសិប្បកម្មជន្លេននេះ ក្នុងម្នាក់ចន្លោះពី ៣ទៅ១០ម៉ឺនរៀលដែរក្នុង ១ថ្ងៃ ដែលអាចបញ្ជាក់បានថាបានជួយផ្គត់ផ្គង់ជីវភាពបានមួយគ្រាដែរ ៕

ដោយ៖ សូរិយា


ចែករំលែក៖