ភ្នំពេញ៖ «ការងារសហគមន៍ជាយន្តការសំខាន់បន្ថែមក្នុងការពង្រឹងការងារអភិរក្សធនធានធម្មជាតិ។ ក្រសួងបរិស្ថានដែលមានអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានជាសេនាធិការ បានជំរុញទៅលើការបង្កើតនូវសេដ្ឋកិច្ចមូលដ្ឋាន ដែលសំដៅទៅលើការផ្តល់នូវជម្រើសថ្មីដល់សហគមន៍ដែលរស់នៅក្នុងតំបន់ការពារធម្មជាតិ និងជុំវិញតំបន់ការពារធម្មជាតិ»។ នេះគឺជាការថ្លែងរបស់លោក ខៀវ បូរិន្ទ អគ្គនាយកនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន អំឡុងពេលនៃការធ្វើបទបង្ហាញពីសមិទ្ធិផលការងារ បញ្ហាប្រឈម និងដំណោះ ស្រាយនាថ្ងៃទី២ នៃសន្និបាតបូកសរុបការងារបរិស្ថាន ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ ២០២៣។ នេះបេីយោងតាមប្រភពព័ត៍មានពីក្រសួងបរិស្ថាន បានឱ្យដឹងនៅព្រឹកថ្ងៃអង្គារទី០១ ខែវិច្ឆិកា ឆ្នាំ២០២២។
លោក ខៀវ បូរិន អគ្គនាយកសហគមន៍មូលដ្ឋាន បានធ្វើបទបង្ហាញពីរបាយការណ៍លទ្ធផលការងារសិក្ខាសាលាស្តីពីវឌ្ឍនភាពការងាររបស់អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ដោយលើកយកនូវចំណុចសំខាន់ៗមួយចំនួនមកបង្ហាញរួមមាន៖ ១)លទ្ធផលការងាររួមឆ្នាំ២០២២៖ ការរៀបចំបង្កើតនិងគ្រប់គ្រងសហគមន៍មូលដ្ឋាន និងបណ្តុះបណ្តាល,ការលើកកម្ពស់ជីវភាពសហគមន៍,ការអភិវឌ្ឍទេសចរណ៍ផ្សារភ្ជាប់ធម្មជាតិ,ការសិក្សានិងអភិរក្សតំបន់បេតិកភណ្ឌ និងវេទិកាស្តពីការ«ការការពារនិងអភិរក្សធនធានធម្មជាតិ»និងកិច្ចប្រជុំបណ្តាញសហគមន៍ ២)បញ្ហាប្រឈម ៣)ទិសដៅការងារឆ្នាំ២០២៣ និង៤)សំណូមពរ។
បច្ចុប្បន្ននេះ សហគមន៍តំបន់ការពារធម្មជាតិចំនួន ១៩០ ត្រូវបានរៀបចំក្នុងតំបន់ការពារធម្មជាតិចំនួន ៣៤ ដោយមានអ្នកចូលរួមចំនួន ៧១ ៧២៣ គ្រួសារ និងមានផ្ទៃដីសរុបជាង ៣០ ម៉ឺនហិកតា គ្រប់ដណ្តប់ចំនួន ៣៥៦ ភូមិ ១១៤ ឃុំ ក្នុងខេត្តចំនួន ១៦។ ជាមួយគ្នានេះ ក្រសួងបរិស្ថានក៏បានផ្តល់នូវការគាំទ្រទៅលើមធ្យោបាយ ក៏ដូចជាហិរញ្ញវត្ថុ ដើម្បីឱ្យសហគមន៍តំបន់ការពារធម្មជាតិទាំងអស់មានលទ្ធភាពនៅក្នុងការអភិវឌ្ឍដោយខ្លួនឯង ដូចជា ផ្តល់នូវពូជសត្វ ពូជដំណាំ ដែលទាំងអស់នេះ ហៅថាជាការបង្កើតនូវសន្តិសុខស្បៀងសម្រាប់គ្រួសារគាត់ផង និងសហគមន៍ផង។
ក្នុងការលើកកម្ពស់ជីវភាពសហគមន៍ ក្រសួងបរិស្ថានបានផ្តល់សត្វគោចំនួន ២០៦៦ក្បាល ក្របីចំនួន ៤៩៨ ក្បាល សត្វចៀមចំនួន ៩៣៣ ក្បាល ពពែចំនួន ៥៦៣ ក្បាល ជ្រូកចំនួន ៨៣០ ក្បាល និងមាន់ចំនួន ៥៦២០ក្បាល៕
ដោយ៖សហការី