ខេត្តព្រះសីហនុ ៖ កម្ពុជាបានដឹកនាំគណៈប្រតិភូក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោកដែលមានចំនួនសរុបប្រមាណ១៣០នាក់ ធ្វើទស្សនកិច្ចនៅសហគមន៍តំបន់ការពារធនធានធម្មជាតិពាមក្រសោប ខេត្តកោះកុង ដែលជាទីតាំងអភិរក្សព្រៃកោងកាងដែលធំជាងគេ និងបានបន្តដំណើរទស្សនកិច្ចឆ្នេរឋានសួគ៌ ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ដើម្បីស្វែងយល់បន្ថែមពីភាពរីកចម្រើននៃតំបន់ឆ្នេរសមុទ្រនៅកម្ពុជា។ នេះបេីយោងតាមប្រភពព័ត៍មានពីក្រសួងទេសចរណ៍ បានឱ្យដឹងនៅព្រឹកថ្ងៃអង្គារទី១៣ ខែធ្នូ ឆ្នាំ២០២២។
ក្រសួងទេសចរណ៍ បានបន្ថែមថា ដំណើរទស្សនកិច្ចនេះបានធ្វើឡើងនៅថ្ងៃទី១២ ខែធ្នូម្សិលមិញនេះ ដែលនៅពេលព្រឹក ប្រតិភូក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោកបានធ្វើដំណើរតាមអូប័រទៅទស្សនានៅពាមក្រសោប ខេត្តកោះកុង ក្រោមការដឹកនាំរបស់លោក នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ហើយនៅពេលថ្ងៃ ប្រតិភូបកមកឆ្នេរឋានសួគ៌វិញ ដោយមានការទទួលស្វាគមន៍ពីសំណាក់លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ម៉ាង ស៊ីណេត អភិបារងខេត្តព្រះសីហនុ។
នៅលើឆ្នេរឋានសួគ៌ ប្រតិភូបានរៀបចំការធ្វើបទបង្ហាញផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមករវាងសហគមន៍ទេសចរណ៍ ការអភិវឌ្ឍឆ្នេរសមុទ្រ ក៏ដូចជាព័ត៌មានផ្សេងៗទៀត។
លោករដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា ការរៀបចំឱ្យមានទស្សនកិច្ចជូនគណៈប្រតិភូក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោកនេះ ដើម្បីឱ្យប្រតិភូក្លិបឆ្នេរបានសិក្សាស្វែងយល់ និងចុះទៅឃើញដោយផ្ទាល់ពីតំបន់ព្រៃកោងកាង ដែលជាជម្រកមច្ឆាជាតិដ៏ធំ និងជាព្រៃកោងកាងដ៏ធំជាងគេនៅក្នុងតំបន់អាស៊ី អមជាមួយទេសភាពដ៏ស្រស់បំព្រងនៃតំបន់ព្រៃកោងកាងរបស់កម្ពុជា។
បន្ទាប់ពីបញ្ចប់ទស្សនកិច្ចនៅសហគមន៍អេកូទេសចរណ៍ពាមក្រសោប គណៈប្រតិភូក៏បានបន្តដំណើរទៅទស្សនកិច្ចឆ្នេរឋានសួគ៌ ក្រុងកោះរ៉ុង។ ត្រង់ចំណុចនេះ គឺលោករដ្ឋមន្ត្រី ថោង ខុន ចង់បញ្ជាក់ឱ្យបានច្បាស់ថាកម្ពុជាមានការគិតគូរច្បាស់លាស់ក្នុងការអភិវឌ្ឍតំបន់ឆ្នេរសមុទ្ររបស់ខ្លួន ដែលស័ក្តិសមជាសមាជិកភាពក្លិបឆ្នេរសមុទ្រស្អាតបំផុតនៅលើសាកលលោក បន្ទាប់បានចូលជាសមាជិកក្លិបឆ្នេររយៈពេល១០ឆ្នាំ។
គួរជម្រាបថា ដំណើរទស្សនកិច្ចទៅកាន់គោលដៅទេសចរណ៍ដ៏មានសក្ដានុពលរបស់ប្រតិភូក្លិបឆ្នេរនេះ គឺធ្វើឡើងក្នុងឱកាសមហាសន្និបាតលើកទី១៦របស់ក្លិបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោក ដែលកម្ពុជាទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៅខេត្តព្រះសីហនុ។
ប្រតិភូក្លិបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោកនេះមានចំនួនសរុបប្រមាណ១៣០រូប តំណាងឱ្យឆ្នេរសមុទ្រចំនួន៣៤ឆ្នេរ មកពីប្រទេសចំនួន២១ជុំវិញពិភពលោក។ ប្រតិភូដែលអញ្ជើញចូលរួមនេះមានមកពីវៀតណាម ចិន ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន អ៉ីស្រាអែល តួកគី បារាំង អេស្ប៉ាញ ព័រទុយហ្កាល់ កាណាដា ប្រេស៉ីល ម៉ាទីនិក (នៅសមុទ្រការីបង់) ម៉ារ៉ុក ម៉ូសំប៊ិក សេណេហ្កាល់ អង់ហ្គោឡា។ ក្រៅពីនេះ ក៏មានប្រតិភូតំណាងឱ្យឆ្នេរសង្កេតការណ៍៣ទៀត មកពីម៉ាឡេស៉ី ហ្វាំងឡង់ និងប៉ាពូអាស៉ីនូវែលហ្គីណេ៕
ដោយ៖សហការី