ព័ត៌មានទាន់ហេតុការណ៍៖

វៀតណាមគឺជាទីផ្សារធំរបស់កម្ពុជា​នាំចេញគ្រាប់ស្វាយចន្ទីទទួលបានចំណូលជាង ១,៧ប៊ីលានដុល្លារ ក្នុងឆ្នាំ២០២២

ចែករំលែក៖

ភ្នំពេញ៖ ប្រទេសវៀតណាមនៅតែជាទីផ្សារធំជាងគេរបស់កម្ពុជា…ទី២គឺជប៉ុននិងប្រទេសចិន..ដែលទទួលទិញគ្រាប់ស្វាយចន្ទីច្រើនជាងគេ។ នៅក្នុងឆ្នាំ២០២២ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិ ៦៧ម៉ឺនតោន គិតជាទឹកប្រាក់ ១ពាន់ ៧៧លានដុល្លាអាមេរិក ខណៈរដ្ឋកំពុងជំរុញការកែច្នៃក្នុងស្រុក ដើម្បីបង្កើតតម្លៃបន្ថែមលើផលិតផលគ្រាប់ស្វាយចន្ទី។

តាមរបាយការណ៍របស់ក្រសួងកសិកម្មបានបញ្ជាក់ ឲ្យដឹងថា គ្រាប់ស្វាយចន្ទីរបស់កម្ពុជា ត្រូវបាននាំចេញទៅប្រទេសមានជាអាថិ៍ ប្រទេសវៀតណាម ជប៉ុន និងចិន ខណៈប្រទេសផ្សេងៗទៀតក៏កំពុងតែសម្លឹងមើលឱកាស ក្នុងការនាំចូលគ្រាប់​ស្វាយចន្ទី​កម្ពុជា ទៅកាន់ទីផ្សារប្រទេសខ្លួនដែរ។

របាយការណ៍ខាងលើបានលើកឡើងថា ស្វាយចន្ទី​ជា​កសិផល​ដែល​បាន​ផ្តល់​តម្លៃ​បន្ថែម​ខ្ពស់ រួមជាមួយ​ទស្សនវិស័យ​រយៈពេល​វែង​ពោលគឺ ​ប្រាក់ចំណូល​ពី​តម្រូវការ​សម្រាប់​ទំនិញ​ប្រណិត​ប្រភេទ​នេះ​មានការ​កើនឡើង​។​ ប្រកាសនេះធ្វើឲ្យប្រជាកសិករនៅក្នុងប្រទេសកម្ពុជាមានការរីករាយចំពោះការនាំចេញ។

នៅកម្ពុជា គ្រាប់ស្វាយចន្ទីដែលពេញនិយមដាំដុះច្រើនជាងគេ ​គឺពូជ M23 ដែល​មានទំហំគ្រាប់ធំ និង​មានរសជាតិឆ្ងាញ់។​ ជាមធ្យមក្នុងមួយហិកតា ​ស្វាយចន្ទីអាចផ្ដល់ទិន្នផលចំនួន ១,៤៩ តោន។

តាម​ការប៉ាន់ស្មាន ​មាន​កសិករ​ចំនួន ២២.០០០ នាក់ ហើយ​មាន​ប្រជាជន​ប្រមាណ​ ៣៨ ០០០ នាក់ កំពុង​បម្រើការ​ក្នុង​ខ្សែ​សង្វាក់​ផលិតកម្ម​ស្វាយចន្ទី​ បូករួម​ទាំង​កម្លាំង​ពលកម្ម​ប្រចាំ​រដូវ​ផងដែរ​។ បច្ចុប្បន្ននេះ ​ទិន្នផល​ស្វាយចន្ទី​ស្ទើរតែ​ទាំងអស់​ត្រូវ​បាន​នាំចេញ​ក្រោម​រូបភាព​មិនទាន់​កែច្នៃ ​ប៉ុន្តែ​វា​អាច​នឹង​ផ្តល់​ការងារ​បន្ថែមចំនួន ១០,០០០ ទៀត​ប្រសិនបើ​ផលិតផល​ គ្រាប់ស្វាយចន្ទី​ឆៅ​ទូទាំង​ប្រទេស​កម្ពុជា​ត្រូវ​បាន​កែច្នៃនិង​វេច​ខ្ចប់​ក្នុងស្រុក។

ផលិតផល​គ្រាប់ស្វាយចន្ទី​ឆៅ​ក្នុង​ពិភពលោក ​មានការ​កើន​ឡើង​១២​ដង​ក្នុង​រយៈពេល ​៥០​ឆ្នាំ​ចុង​ក្រោយនេះ​ពោល​គឺ​ចាប់ពី​តិច​ជាង​ ៣០០,០០០​តោន​ក្នុង​ឆ្នាំ​១៩៦១ ​ដល់​៣,៧ លាន​តោន​ក្នុង​ឆ្នាំ​២០០៨។

ការដាំដុះ​មានការ​កើនឡើង​នៅ​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះហើយ​ផលិតផល​ស្ទើរតែ​កើន​ឡើង​ទ្វេដង​ពី​ឆ្នាំ ២០០០ ដល់ ២០០៨ ដោយសារ​ការកើនឡើង ​២៧​ភាគរយ​នូវ​ផ្ទៃដី​ដាំ​ដុះ​ក្នុង​ពិភពលោក ហើយ​ទិន្នផល​ជា​មធ្យម​ក្នុង​ពិភពលោក​កើនឡើង​ជាង ៥០​ភាគរយ៕

ដោយ៖ សូរិយា


ចែករំលែក៖