ព័ត៌មានទាន់ហេតុការណ៍៖

ប្រសាសន៍​សំខាន់​ៗ​របស់​សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា និងប្រគល់សញ្ញាបត្រ ដល់និស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា

ចែករំលែក៖

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកទី១ ខែមីនា ឆ្នាំ២០២៣នេះ បានមានប្រសាសន៍សំខាន់ៗ​ ក្នុងពិធីអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់​អគារ​សិក្សាចំនួន២ខ្នង និងប្រគល់សញ្ញាបត្រជូននិស្សិតនៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា​ជិត ៥ពាន់នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រ។

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេច​តេជោ​ ហ៊ុន​ សែន​ មានដូចខាងក្រោម​៖

សម្តេចតេជោ ហ៊ុន  សែន ថ្លែង​ថា គិតត្រឹមថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣នេះ សល់រយៈពេលតែ ៦៥ថ្ងៃទៀតប៉ុណ្ណោះ នៃដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣២  ដែលប្រទេសកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះ។

សម្តេចតេជោ ថ្លែង​រំលឹកអតីតកាលដ៏ជូរចត់ថា អ្នកតាំងខ្លួនជាប្រទេសប្រជាធិបតេយ្យ សេរី តែអ្នកបែរជាគាំទ្ររដ្ឋប្រហារនៅភ្នំពេញ ធ្វើឱ្យកម្ពុជាធ្លាក់ចូលក្នុងជ្រោះមរណៈ នៃរបបប៉ុលពត និងគាំទ្រអាសនៈខ្មែរក្រហមនៅអង្គការសហប្រជាជាតិថែមទៀត។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសដល់បរទេសទាំងឡាយ សូមកុំលូកដៃចូលកិច្ចការផ្ទៃក្នុងកម្ពុជា និងកុំឱ្យប្រវត្តិសាស្ត្រជ្រាំដែលកើតឡើងនៅប្រទេស និងប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន  សែន បានប្រកាសថា កម្ពុជាមិនអនុញ្ញាតឱ្យបរទេសទាំងឡាយ កសាងកំហុសដ៏ឈឺចាប់មកលើប្រទេសកម្ពុជាបន្តទៅទៀតឡើយ។

សម្តេចតេជោ ហ៊ុន​ សែន​ ថ្លែង​ថា គ្មានការជោគជ័យណា ដែលកើតឡើងដោយមិនឆ្លងកាត់ការលំបាកនោះទេ។ កម្ពុជាមានប្រវត្តិឈឺចាប់ ទឹកភ្នែក និងស្លាប់អាយុជីវិតមនុស្សអស់ជាច្រើន។​ សម្តេចតេជោ​ គូសបញ្ជាក់​ថា៖«គ្មានជោគជ័យណាមួយដែលមិនកើតចេញពីការលំបាកទេ ដូច្នេះជោគជ័យនៃការលំបាកនេះ គឺត្រូវថែរក្សាឱ្យបាន ជាពិសេសគឺកត្តាសុខសន្ដិភាព ដូច្នេះទើបគ្រប់គ្នាបានចង់ចាំនៅថ្ងៃរំដោះ ៧ មករា ដែលបានរំដោះជីវិតរបស់ប្រជាជននៅទូទាំងប្រទេស»។

សម្តេចតេជោ ថ្លែង​ថា កម្ពុជាកំណត់យកឆ្នាំ២០២៥ ដោះស្រាយបញ្ហាគ្រាប់មីនឱ្យអស់ពីទឹកដីកម្ពុជា។ សម្តេចបញ្ជាក់ថា កម្ពុជាមានសង្គ្រាម ហែកហួរ បែកបាក់ ធំណាស់ ដែលទាមទារឱ្យយើង ប្រឹងប្រែងដើម្បីស្តារឡើងវិញលើគ្រប់វិស័យ។

សម្តេចតេជោ​ ថ្លែងថា វឌ្ឍនភាពក្នុងវិស័យអប់រំនៅកម្ពុជា គឺបានឆ្លុះបញ្ចាំងពីការរីកចម្រើននៅក្នុងប្រទេសកម្ពុជា។ ជំនាន់មុនមានតិចតួចណាស់ដែលយុវជនបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ប៉ុន្ដែនៅពេលនេះនិស្សិតរាប់ម៉ឺនក្នុង១ឆ្នាំៗបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បណ្ឌិត ដែលនេះបានបញ្ហាពីកត្តាសុខសន្ដិភាព  និងការអភិវឌ្ឍនៅកម្ពុជា។

សម្តេចតេជោ ថ្លែង​ថា សូមកុំខ្លាចក្នុងការចំណាយដើមទុន លើការវិនិយោគលើវិស័យអប់រំសិក្សាធិការ ដែលការវិនិយោគនេះ ទទួលបានលទ្ធផលធំណាស់ នោះគឺធនធានមនុស្ស ដែលជាកត្តាជំរុញភាពធន់មាំ នៃសេដ្ឋកិច្ច និងសង្គម។​ 

សម្តេចតេជោ ថ្លែងថា រាជរដ្ឋាភិបាលកំពុងតែយកចិត្តទុកដាក់ជំរុញការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទាំងរឹង និងទន់ក្នុងនោះរចនាសម្ព័ន្ធទន់គឺធនធានមនុស្ស។

សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា ហេតុអ្វីការសិក្សានៅថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជានិស្សិត ជិត ៥ពាន់នាក់ ក្នុនោះមានស្រ្ដីតែជាង ១ ពាន់នាក់? សម្ដេចថ្លែងថាចំនួននេះតិចតួចណាស់ ដោយសម្ដេចជំរុញឱ្យមានសិក្សាឡើងវិញលើចំនួនស្រ្ដីសិក្សានៅទីនេះ។

សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា វាមិនមែនជាភាពត្រឹមត្រូវទេ ដែលខ្លួនឯងរស់នៅ និងសិក្សានៅក្នុងប្រទេស ស្រាប់តែបានចេញទៅរស់នៅក្រៅប្រទេស មកបង្អាប់សញ្ញាបត្រនៅក្នុងប្រទេសទៅវិញ។ សម្តេចតេជោ ថ្លែង​បន្តថា សូមមានការដឹងគុណទីកន្លែងកំណើត និងមាតុភូមិរបស់យើង។

សម្ដេចតេជោ ថ្លែង​ថា «ធ្វើជាមនុស្ស បើមិនដឹងគុណស្រ័យរាជរដ្ឋាភិបាល និងប្រទេជាតិខ្លួនឯងទេ គួរណាស់តែដឹងគុណស្រ័យមាតាបិតា អាណាព្យាបាល និងលោកគ្រូ អ្នកគ្រូរបស់ខ្លួនដែរ ព្រោះមិនដែលឥន្រ្ទី កើតចេញពីអាចម៍គោទេ»។

សម្តេចតេជោ ថ្លែង​ថា កម្ពុជាមិនប្រកាសថាជំងឺកូវីដ-១៩ ជាជំងឺផ្តាសាយធម្មតា ដូចប្រទេសមួយចំនួនប្រកាសនោះទេ។ សម្តេចបញ្ជាក់ថា «កម្ពុជានៅទន់ខ្សោយនៅឡើយ ដែលវិធានការសុខាភិបាល និងដំណើរការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតែជារឿងចាំបាច់ ដែលយើងត្រូវធ្វើ និងប្រតិបត្តិ»។

សម្តេចតេជោ ហ៊ុន សែន បានផ្តាំផ្ញើដល់មន្ត្រីរាជរដ្ឋាភិបាល ដែលត្រូវទូរស័ព្ទឆ្លងមតិណែនាំ និងយោបល់ពីសម្តេច សូមមេត្តាគិតឱ្យច្បាស់ថាត្រូវឆ្លងមតិ ឬយោបល់ប៉ុន្មាន?សូមកុំមួយពេល ហៅទូរស័ព្ទមកសម្តេចច្រើនដង ដែលនាំឱ្យរំខានដល់កិច្ចការផ្សេងៗ។ 

សម្តេចតេជោ​ ថ្លែង​ថា គ្រាន់តែសារសំឡេងសម្តេចរឿងវិធានការសត្វក្ងោក មានអ្នកចូលស្តាប់ជាង៣៦ម៉ឺននាក់ ក្នុងចំណោមអ្នកJoinតេឡេក្រាមសម្តេចជាង៥៤ម៉ឺននាក់។

សម្តេចតេជោ ថ្លែង​ថា សម្តេចបានឧបត្ថម្ភថវិកាចំនួន ១០លានរៀល ដល់គ្រួសារម្ចាស់ក្ងោក ដើម្បីរៀបចំទ្រុង ,ចំណី ព្រមទាំងជីវភាពក្រុមគ្រួសារម្ចាស់ក្ងោក បន្ទាប់ពីរដ្ឋបាលព្រៃឈើប្រគល់សត្វក្ងោកដល់ម្ចាស់វិញ។

សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា យើងគួរលើកទឹកចិត្ត ឱ្យប្រជាពលរដ្ឋចិញ្ចឹមសត្វដែលជិតផុតពូជ ជាជាងទៅចាប់យក សត្វដែលប្រជាពលរដ្ឋខំចិញ្ចឹមមកទុក។

សម្តេចតេជោ ហ៊ុន សែន ថ្លែង​ថា សម្តេចមិនបន្ទោសមន្ត្រីអនុវត្តន៍ច្បាប់រឿងចាប់យកសត្វក្ងោកអ្នកភូមិចិញ្ចឹមឡើយ ប្រហែលជាមន្ត្រីអនុវត្តន៍ច្បាប់សំអាងលើហេតុផលដែលមាននៅក្នុងច្បាប់។ សម្តេចបញ្ជាក់ថា «បើមានមាត្រាណាមួយ និយាយអំពីការរឹតត្បឹតនេះ សូមធ្វើការកែប្រែ ឬវិសោធនកម្មច្បាប់ត្រង់មាត្រានោះតែម្តង»។

សម្តេចតេជោ ហ៊ុន សែន បញ្ជាឱ្យពិនិត្យបន្ទាន់លើបញ្ហាច្បាប់ដែលពាក់ព័ន្ធ ដើម្បីបង្កើតសត្វព្រៃឡើងវិញ។ សម្ដេច បញ្ជាក់ថា សត្វនេះអាចចិញ្ចឹម ហើយអាចយកទៅលែងនៅក្នុងព្រៃឡើងវិញ។ សត្វកម្រដូចជាសត្វក្ងោក និងសត្វកម្រផ្សេងទៀតបើងាយចិញ្ចឹមត្រូវបន្តចិញ្ចឹមហើយលែងទៅព្រៃ។ សកម្មភាពនេះបង្ហាញពីស្ថានភាពល្អ នៃការអភិរក្សសត្វព្រៃនៅកម្ពុជាឡើងវិញផងដែរ។ 

សូមជម្រាបជូនថា​ អគារសិក្សានៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា​ ដែលសម្ពោធដាក់ឱ្យប្រើ​ប្រាស់នេះ មានឈ្មោះថា «អគារមជ្ឈមណ្ឌលសហគមន៍ចំណេះដឹង និងអគារមហា​វិទ្យាល័យវិស្វកម្មសំណង់»។ អគារទាំងពីរនេះ ត្រូវបានសាងសង់ឡើង ក្រោមក្រប​ខ័ណ្ឌ​នៃកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍​អាស៊ី។ ក្នុងនោះ អគារមជ្ឈមណ្ឌលសហគមន៍ចំណេះដឹង មានកម្ពស់ ៧ជាន់ និង​៧៣បន្ទប់ មានបណ្តោយ ៤៨ម៉ែត្រ និងទទឹង ២១ម៉ែត្រ គិតជាផ្ទៃក្រឡាសរុបជាង ៧ពាន់ម៉ែត្រការ៉េ។ រីឯអគារមហាវិទ្យាល័យវិស្វកម្មសំណង់មានកម្ពស់ ៣ជាន់ និង​២០បន្ទប់ មានបណ្តោយ ២៨ម៉ែត្រ និងទទឹង ១៤ម៉ែត្រ គិតជាផ្ទៃក្រឡាសរុប ១,៧៣៨ម៉ែត្រការ៉េ។

សម្រាប់និស្សិតជ័យលាភី ដែលទទួលសញ្ញាបត្រវិញ រួមមានថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សរុបចំនួន ៤,៦១៧នាក់ ក្នុងនោះនារី ១,២៨១នាក់។ 

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា គឺជាគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈ ដែលបាននិងកំពុង​ដើរ​តួនាទី​យ៉ាង​សំខាន់ក្នុង​ការបណ្ដុះបណ្ដាលធនធានមនុស្សលើវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវិស្វកម្ម សម្រាប់រួមចំណែកដល់ការអភិវឌ្ឍខឿនសេដ្ឋកិច្ចកម្ពុជា។ គិតចាប់តាំងពីឆ្នាំ១៩៨១ មកដល់បច្ចុប្បន្ននេះ និស្សិតបានបញ្ចប់​ការសិក្សាពីវិទ្យា​ស្ថាន​បច្ចេកវិទ្យាកម្ពុជាសរុប ១៤,៩៦៨នាក់ នារី ២,៨៦០នាក់។ អតីតនិស្សិតទាំង​នោះ​បាននិងកំពុងបម្រើការងារនៅតាមក្រសួង ស្ថាប័នរដ្ឋ វិស័យឯកជន អង្គការ​មិន​មែនរដ្ឋាភិបាល និងប្រកបអាជីវកម្មផ្ទាល់ខ្លួន ប្រកបដោយសមត្ថភាពវិជ្ជាជីវៈខ្ពស់ មានឧត្តមភាព សេចក្តីថ្លៃថ្នូរ និងប្រកបដោយកិត្តិយស៕

ដោយ៖ស​ តារា


ចែករំលែក៖