ព័ត៌មានទាន់ហេតុការណ៍៖

ខ្សឹបដាក់ត្រចៀក៖ អភិបាលខេត្តតាកែវ​ស្ងាត់ឈឹង​ករណីជនជាតិវៀតណាម​ចូលនេសាទក្នុងដែនទឹកខ្មែរ

ចែករំលែក៖

សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងឃុំកំពង់ក្រសាំង ស្រុកបុរីជលសា បានលើកឡើងថា ជនជាតិវៀតណាមប្រើឧបករណ៍ប្រភេទដាយដាក់ទទឹងទន្លេ២កន្លែងក្នុងមូលដ្ឋានពួកគាត់ ហើយមិនឃើញមន្ត្រីអាជ្ញាធរឃុំកំពង់ក្រសាំង និងមន្ត្រីអាជ្ញាធរស្រុកបុរីជលសា ចាត់វិធានការបង្ក្រាបឡើយ។ សូម្បីតែនាយខណ្ឌរដ្ឋបាលជលផលខេត្តតាកែវ និងមន្ត្រីរដ្ឋបាលជលផលប្រចាំស្រុកបុរីជលសា កំពុងសម្ងំស្ងៀមធ្វើមិនដឹងមិនឮអ្វីទាំងអស់ ហើយទុកឲ្យជនជាតិវៀតណាមធ្វើអ្វីៗស្រេចតែអំពើចិត្តដោយប្រមូលបានផលត្រីក្នុងមួយថ្ងៃៗជាច្រើនតោនដឹកជញ្ជូនចូលទៅវៀតណាម។ ដូច្នេះហើយទើបប្រជាពលរដ្ឋក្នុងឃុំកំពង់ក្រសាំង ស្រុកបុរីជលសា បានអំពាវនាវឲ្យលោក អ៊ូច ភា អភិបាលខេត្តតាកែវ ចាត់វិធានការទប់ស្កាត់ជាបន្ទាន់ដើម្បីកុំឲ្យជនជាតិវៀតណាមចូលមកធ្វើសកម្មភាពនេសាទក្នុងទន្លេខ្មែរយ៉ាងពេញបន្ទុកតទៅទៀត។

ប្រភពពីប្រជាពលរដ្ឋក្នុងឃុំកំពង់ក្រសាំង បានឲ្យដឹងទៀតថា ដាយទាំង២ខ្សែដែលជនជាតិវៀតណាមដាក់ដើម្បីចាប់ត្រីក្នុងរដូវបិទនេសាទនេះ គឺនៅខាងជើងស្នាក់ការរដ្ឋបាលជលផលស្រុកបុរីជលសា មួយកន្លែងនិងនៅខាងមុខស្នាក់ការប៉ុស្ដិ៍ត្រួតពិនិត្យច្រកទ្វេភាគីកំពង់ក្រសាំងមួយកន្លែង។ បើតាមមន្ត្រីអាជ្ញាធរមូលដ្ឋានឃុំកំពង់ក្រសាំង ខ្លះបានបង្ហើបឲ្យដឹងថា ដាយដាក់ទទឹងទន្លេទាំង២ខ្សែនោះត្រូវបានអាជ្ញាធរឃុំកំពង់ក្រសាំង និងអាជ្ញាធរស្រុកបុរីជលសា ឃុបឃិតជាមួយមន្ត្រីរដ្ឋបាលជលផលលក់ទៅឲ្យជនជាតិវៀតណាមធ្វើអាជីវកម្មចាប់ត្រីដឹកជញ្ជូនទៅវៀតណាមជារៀងរាល់ថ្ងៃ។ ប្រភពបានឲ្យដឹងទៀតថា ក្នុងមួយថ្ងៃជនជាតិវៀតណាមប្រមូលផលត្រីមិនតិចជាង១០តោនទេ ហើយមន្ត្រីរដ្ឋបាលជលផលក្នុងស្រុកបុរីជលសា គឺជាអ្នកទទួលខុសត្រូវធំជាងគេក្នុងការឃុបឃិតបើកដៃឲ្យជនជាតិវៀតណាមប្រើឧបករណ៍ខុសច្បាប់ចាប់ត្រីក្នុងរដូវបិទនេសាទយ៉ាងមហន្តរាយ។

តាមការបង្ហើបពីសមត្ថកិច្ចតូចតាចក្នុងស្រុកបុរីជលសា បានឲ្យដឹងថា នៅក្នុងលិខិតអនុញ្ញាតរបស់នាយកដ្ឋានរដ្ឋបាលជលផល គឺអនុញ្ញាតឲ្យសហគមន៍នេសាទកំពង់ក្រសាំង ដាក់ដាយទាំង២ខ្សែនោះនៅរដូវបើកនេសាទខាងមុខ គឺអំឡុងចុងខែ១០ ឆ្នាំ២០១៨ ហើយសហគមន៍ត្រូវធ្វើដោយខ្លួនឯងគ្មានសិទ្ធិលក់បន្តទៅឲ្យជនបរទេសធ្វើអាជីវកម្មឡើយ។ ក៏ប៉ុន្តែជាក់ស្ដែងសហគមន៍នេសាទកំពង់ក្រសាំង ឃុបឃិតជាមួយមន្ត្រីអាជ្ញាធរនិងមន្ត្រីរដ្ឋបាលជលផល ហើយអនុញ្ញាតឲ្យជនជាតិវៀតណាមចូលមកដាក់ដាយ២ខ្សែកាត់ទទឹងទន្លេប្រមូលត្រីដឹកជញ្ជូនទៅប្រទេសវៀតណាមយ៉ាងគឃ្លើនទៅវិញ។ រីឯលោក អ៊ូច ភា អភិបាលខេត្តតាកែវ មកដល់ពេលនេះនៅស្ងៀមឈឹងតែម្តង ៕


ចែករំលែក៖