ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេច​ធិបតី​ ហ៊ុន​ ម៉ាណែត​ ថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតីភាពបើកការដ្ឋានសាង​សង់ចំណតផែកុងតឺន័រទឹកជ្រៅជំហានទី១ ស្ថិតនៅកំពង់ស្វយ័តក្រុង​ព្រះ​សី​ហ​នុ ខេត្តព្រះសីហនុ​ ដែលមានតម្លៃ ២៤៣លានដុល្លារ​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹក​ថ្ងៃ​ទី​២២​ ខែធ្នូ​ ឆ្នាំ​២០២៣នេះ​ បានថ្លែង​ប្រសាសន៍សំខាន់ៗ​នាឱកាស​អញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី ជំហានទី១ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែ ក្រោមឥណទានសម្បទាន និងជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុន​ ដែលមានតម្លៃ ២៤៣លានដុល្លារ​។ 

សូមអាន​ប្រសាសន៍សំខាន់ៗរបស់​សម្ដេច​មហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ មានដូចខាងក្រោម​៖

-សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជន ជប៉ុនដែលបានផ្ដល់គ្រឿងចក្រលើកដាក់ចល័តនៅគែមផែ ដែលមានតម្លៃជិតដប់បួនលានដុល្លារ និង ថវិកាសម្រាប់សាងសង់កំពង់ផែទឹកជ្រៅព្រះសីហនុជំហានទី១ ដែលមានតម្លៃពីររយសែសិបបីលាន ដុល្លារ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ឆ្នាំ២០២៣ ទំនាក់ទំនងកម្ពុជា-ជប៉ុន មានលក្ខណៈពិសេសចំនួន ២ នោះគឺ ខួប ៧០ ឆ្នាំនៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន និងការលើកកម្ពស់ទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលជាទំនាក់ទំនងខ្ពស់បំផុត មិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងប្រទេសទាំងពីរ។

-សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ នៅប៉ុន្មានថ្ងៃខាងមុខឆាប់ៗនេះ នាវាវេស្ទើរ ដាម ដែលធ្លាប់កម្ពុជាអនុញ្ញាតឱ្យចូលចតនៅអំឡុងការរីករាលដាលនៃជំងឺកូវីដ នឹងមកដល់កម្ពុជា ដោយនាំទេសចរប្រមាណ ៤០០០ នាក់ដែលរស់នៅប្រទេសជាច្រើន មកកម្សាន្តទស្សនានៅកម្ពុជា។

-សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេសជាតិ។ ទំនិញឆ្លងកាត់នៅក្នុងកំពង់ផែនេះ គឺមានការកើនឡើងគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យប្រាក់ចំណូលរបស់កំពង់ផែ ក៏ដូចជាប្រាក់ចំណូលរបស់ជាតិមានការកើនឡើងជាលំដាប់។

-សម្តេចធិបតី បានបញ្ជាក់ថា រយៈពេល ១១ខែ ឆ្នាំ២០២៣ បរិមាណទំនិញឆ្លងកាត់កំពង់ផែព្រះសីហនុមានចំនួនជាង ៧ លានតោន កើនឡើង ១១,៣៤ ភាគរយ ដោយរកចំណូលអាជីវកម្មសរុបមានចំនួនជាង ៨៥ លានដុល្លារអាម៉េរិក កើនឡើង ២,៧១ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។

-សម្ដេចធិបតី៖ ផ្លូវទឹក នៅតែមានសារៈសំខាន់ សម្រាប់ការធ្វើចរាចរដឹកជញ្ជូនទំនិញពាណិជ្ជកម្ម ដែលការធ្វើពាណិជ្ជកម្មតាមផ្លូវទឹកនេះ បានកើតមានឡើងរាប់សតវត្សមកហើយ ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ការសាងសង់កំពង់ផែទឹកជ្រៅព្រះសីហនុជំ ហានទី១ នឹងបញ្ចប់នៅឆ្នាំ២០២៦។

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាឱ្យធ្វើការសិក្សាលម្អិតបន្ថែមទៀត លើការពង្រីកកំពង់ផែទឹកសាបរបស់កម្ពុជាបន្ថែមទៀត ជាពិសេសសិក្សាលើយុទ្ធសាស្រ្ដ និងបរិមាណនៃទំហំពាណិជ្ជកម្ម និងតម្រូវការរបស់កម្ពុជា។

-សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ចំពោះការសិក្សាពង្រីកបន្ថែមកំពង់ផែទឹកសាបកម្ពុជា ត្រូវឱ្យមានការចូលរួមពីវិស័យឯកជនផងដែរ ដោយអនុវត្តស្របតាមរូបមន្ត ភាពជាដៃគូរវាងរដ្ឋាភិបាល និងវិស័យឯកជន (PPP)។

-សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ប្រទេសជប៉ុន និងបណ្ដាប្រទេសដៃគូអភិវឌ្ឍន៍ផ្សេងទៀត ដែលកន្លងមកបានផ្ដល់ឥណទានដល់កម្ពុជា ក្នុងការអភិវឌ្ឍប្រទេសជាតិជាបន្តបន្ទាប់។

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បញ្ជាក់បន្ថែមថា រយៈពេល ១១ ខែ ឆ្នាំ ២០២៣នេះ បរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានចំនួនសរុបជិត ៨០ ម៉ឺន TEUs ដោយមានកំណើនជាមធ្យម ១០,៨៣ ភាគរយក្នុងរយៈពេល ១២ ឆ្នាំចុងក្រោយ គិតចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០២២។

-សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ក្រោយសាងសង់រួចកំពង់ផែទឹកជ្រៅព្រះសីហ នុ នឹងមាននាវាដែលផ្ទុកទំនិញបានប្រមាណ ៦០០០០ តោនចូលចតបាន និងមានសមត្ថភាពទទួល នាវាក្នុងតំបន់ប្រមាណ ៩៣ ភាគរយឱ្យចូលចត។

-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កំពង់ផែកម្ពុជា គឺជាចំណុចកណ្ដាលនៃកំពង់ផែ ដ៏រវល់របស់ថៃ និងវៀតណាម ហេតុនេះត្រូវពង្រីកសក្ដានុពលឱ្យបានកាន់តែច្រើន ដើម្បីទទួលការ លើកដាក់ទំនិញឱ្យបានកាន់តែប្រសើរថែមទៀត។

-សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា គម្រោងព្រែកជីកហ្វូណនតេជោ និងការពង្រីកកំពង់ផែខេត្តព្រះសីហនុ គឺដើម្បីបម្រើសក្ដានុពលសេដ្ឋកិច្ច លើកកម្ពស់សេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែរីកច្រើនបន្ថែមទៀត ដោយគ្មានអ្វីដែលជាអាថ៍កំបាំងនោះទេ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ គម្រោងព្រែកជីកហ្វូណនតេជោ ដែលភ្ជាប់ពី ទន្លេទៅតំបន់សមុទ្ទ គឺដើម្បីបម្រើសក្ដានុពលសេដ្ឋកិច្ច និងបម្រើដល់ការដឹកជញ្ជូន ហើយក៏មិនមាន អ្វីជាអាថ៌កំបាំងត្រូវលាក់លៀមនោះដែរ។

-សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ឆ្នាំ២០២៩ កម្ពុជានឹងស្វាគមន៍នាវាគ្រប់ប្រភេទ ទាំងអស់ឱ្យចូលចតកំពង់ផែរបស់កម្ពុជា។

-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ស្នើឯកឧត្តមអនុរដ្ឋមន្ត្រីក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ជប៉ុន ជួយសម្របសម្រួលឱ្យមានកម្មវិធីផ្លាស់ប្ដូរបទពិសោធន៍រវាងមន្រ្ដីកម្ពុជា និងជប៉ុនលើកិច្ចការងារកសាងហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ដើម្បីកម្ពុជាអាចទទួលបានបទពិសោធន៍បន្ថែមទៀត លើកិច្ចការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា។

សូមជម្រាបជូនថា​ ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១នេះ មានប្រវែង ៣៥០ម៉ែត្រ ជម្រៅ​ទឹក​សាងសង់ ១៤,៥ម៉ែត្រ។ ផែកុងតឺន័រនេះ អាចអនុញ្ញាតឱ្យនាវាកុងតឺន័រ​មាន​ចំណុះផ្ទុក ៦ម៉ឺនតោន ឬស្មើនឹង ៤ពាន់ TEUs ដែលមានផ្លូវដឹកជញ្ចូន​នៅ​ក្នុងតំបន់​អាស៊ីប៉ាស៊ីហ្វិកទៅ-មក កំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹ​ង​បង្កើនសមត្ថភាពកំពង់ផែសរុបកើនដល់ប្រមាណ ១,២៥លាន TEUs ក្នុងមួយឆ្នាំ។

គម្រោងនេះ អនុវត្តការសាងសង់ដោយក្រុមហ៊ុនជប៉ុន តូអា ខបផើរសិន (TOA Corporation) និងត្រួតពិនិត្យបច្ចេកទេសដោយសម្ព័ន្ធក្រុមហ៊ុន នីបផន ខូអេ (Nippon Koei) និងក្រុមហ៊ុន Oriental_Consultants Global ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ៣៦ខែ និងគ្រោង​បញ្ចប់​នៅឆ្នាំ២០២៦។

ចំណតផែទឹកជ្រៅថ្មីនេះ គ្រោងនឹងចំណាយថវិកាសាងសង់​ប្រមាណ ២៤៣​លាន​ដុល្លារអាម៉េរិក រួមបញ្ចូលទាំងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល​កម្ពុជា​ សម្រាប់ពន្ធអាករផ្សេងៗ ផងដែរ។ ចំណតផែកុងតឺន័រទឹកជ្រៅ​ជំហាន​ទី១​នេះ នៅពេលដាក់ឱ្យដំណើរការនឹងអនុញ្ញាតឱ្យនាវាប្រមាណ ៩៣ភាគរយ ក្នុងតំបន់ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបច្ចុប្បន្ន មានត្រឹម​តែ ១៨ភាគរយប៉ុណ្ណោះ អាចចូលចតបាន ហើយតម្លៃដឹកជញ្ជូនតាម​សមុទ្រ​នឹងអាចកាត់បន្ថយបានប្រមាណ ២០០ដុល្លារក្នុងមួយTEU។ តម្លៃនេះ​​ប្រហាក់​ប្រហែលជាមួយបណ្ដាប្រទេសក្នុងតំបន់៕

ដោយ៖ ស​ តារា


ចែករំលែក៖