ព័ត៌មានទាន់ហេតុការណ៍៖

ទស្សនល្ងីល្ងើៈ កុំភ្លើតភ្លើនភ្លាត់ស្នៀតក្នុងថ្ងៃបុណ្យសង្សារ

ចែករំលែក៖

បើបានជាជ្រុលឆាប់ចម្លងវប្បធម៌បរទេសឃាត់មិនឈ្នះទៅហើយ នាយជាលសូមតែ ម្យ៉ាងចំពោះយុវវ័យយើង គឺ សុំកុំធ្វើអ្វីឲ្យហួសព្រំដែន និងជាន់ឈ្លីវប្បធម៌ប្រពៃណីខ្មែរយើង ឲ្យសោះ និងយ៉ាងហោចណាស់អាសូរដើមទ្រូងឪពុកម្តាយខ្លះផង ។

អ្នកណាក៏ដឹងដែរថា នៅថ្ងៃទី១៤កុម្ភៈ ជារៀងរាល់ឆ្នាំ គេប្រារព្ធថ្ងៃនេះជា ទិវានៃសេចក្តី ស្រលាញ់ ដែលទិវានេះត្រូវបានមនុស្សមួយចំនួនចម្លងពី អឺរ៉ុប មកសាបព្រោះនៅកម្ពុជា ទាំងមិនដឹងខ្លួនជាងមួយទសវត្សមកហើយ។យុវវ័យខ្លះបានច្នៃទិវានេះជា ថ្ងៃបុណ្យសង្សារទៅវិញ ដែលនេះធ្វើឲ្យពួកគេ មានការភ័ន្តច្រឡំក្នុងទង្វើមិនគប្បីខ្លះផ្ទុយនឹងវប្បធម៌បរទេសដែលគេ ចាត់ទុកទិវានេះធ្វើឡើងសម្រាប់ដឹងគុណចំពោះមនុស្សជាទីស្រលាញ់ដូចជាឪពុកម្តាយ បងប្អូន ញាតិមិត្ត ជាដើម ផ្ទុយស្រឡះពីស្រុកខ្មែរយើងមានយុវវ័យខ្លះកាឡៃទៅជាបុណ្យសង្សារ ដឹកដៃគូសង្សារចូលផ្ទះសំណាក់ អូតែល ដើម្បីបូជាព្រហ្មចារីជូនគ្នាទៅវិញទៅមក ។

នាយជាលគិតថា មិនគាប្បីយកទិវានេះធ្វើឲ្យឪពុកម្តាយ ឬ អាណាព្យាបាលទឹកភ្នែក ក្រោយទិវានេះបានប្រព្រឹត្តទៅរំលងបាន ៩ខែ១០ថ្ងៃនោះទេ ពោលគឺយុវតីតែម្តង នៅពេល ដែលពួកនាងៗឃ្លានម្ជូរដោយអំណាចចាញ់កូន និងកូនកើតមកមិនស្គាល់មុខឪពុកមិន បានរៀបការស្របច្បាប់ដើម្បីបំពេញមុខឪពុកម្តាយនោះឡើយ ។ ទាំងនេះបានន័យថា កុំយកទិវានៃសេចក្តីស្រលាញ់ ក្លាយជាទុក្ខ បើមិនបានផ្តល់ការស្រលាញ់ក្នុងថ្ងៃនេះចំពោះគាត់ទេគ្រាដែលពិភពលោកគេធ្វើឡើងដោយការដឹងគុណចំពោះអ្នកមានគុណនោះ ។

នាយជាល និយាយបែបនេះចំពោះតែមនុស្សមួយចំនួនប៉ុណ្ណោះដែលពួកគេកំពុងភ្លើត ភ្លើននឹងប្រពៃណីបរទេស មកជាន់ឈ្លីប្រពៃណីខ្មែរដ៏រុងរឿង ហើយពីមុនមកសុភាពនារីខ្មែរសូម្បីតែដើរក៏មិនឮសំពត់ផង ចុះមកដល់សម័យនេះយុវតីខ្លះគ្រាន់តែស្គាល់សង្សារ មិនបានមួយម៉ោងផងដឹកដៃគ្នាចូលផ្ទះសំណាក់ អូតែល តើតម្លៃនារីខ្មែរទៅជាយ៉ាងណា?

យ៉ាងណាក៏ដោយយុវតីទាំងអស់គាប្បីពិចារណាឲ្យមែនទែន កុំភ្លើតភ្លើន ឬភ្លាត់ស្នៀត ក្នុងទិវានៃក្តីស្រលាញ់ ចាញ់បោកប្រុសៗឲ្យសោះ ៕ នាយជាល

 


ចែករំលែក៖