ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ អាមេរិកកំពុងធ្វើឲ្យសម្ពន្ធមិត្តចាកចេញពីខ្លួនបន្តិចម្តងៗដោយសារតែគោលនយោបាយ អាត្មានិយម

ចែករំលែក៖

នយោបាយអាត្មានិយមរបស់អាមេរិក បានធ្វើឲ្យប្រទេសនេះត្រូវបាត់បង់សម្ពន្ធ មិត្តបន្តិចម្តងៗ ដោយប្រទេសដែលជា សម្ពន្ធមិត្តយូរឆ្នាំរបស់អាមេរិកងាក់ទៅរកចិនវិញដូចជាប្រទេស ហ្វុីលីពីនប៉ាគីស្ថាន ជាដើម។

នៅពេលនេះដែរ ទំនាក់ទំនងអាមេរិក-ប៉ាគីស្ថានកាន់តែតានតឹងឡើង ក្រោយលោកត្រាំប្រកាសយុទ្ធសាស្ត្រនៅអាហ្វហ្គានីស្ថាន។លោករដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន Khawaja Muhammad Asif បានបង្ហាញការខកចិត្តចំពោះការរិះគន់របស់លោកដូណាល់ ត្រាំ មកលើប្រទេស លោក។

អាមេរិកកំពុងបន្ថែមសម្ពាធ បន្ថែមភាពតានតឹងដល់ទំនាក់ទំនងជាមួយប៉ាគីស្ថាន ក្រោយពីលោកដូណាល់ ត្រាំ ប្រកាសមិនដកកងទ័ពអាមេរិកចេញពីអាហ្វហ្គានី ស្ថាន កាលពីថ្ងៃចន្ទកន្លងទៅ។ លោកត្រាំបានឆ្លៀតរិះគន់ប៉ាគីស្ថានថា ជាជម្រកនៃ ក្រុមភេរវជន។ អាមេរិកអាចនឹងដកប៉ាគីស្ថានលែងឲ្យមានងារថា ជាដៃគូចម្បងនៃអង្គការអូតង់តទៅទៀត។

លោកខាវ៉ាចា មូហាំម៉ាដ អាស៊ីហ្វ ជា រដ្ឋមន្ត្រីក្រសួងការបរទេសប៉ាគីស្ថាន បានបញ្ចេញប្រតិកម្មតបនឹងលោកដូណាល់ ត្រាំ ដែលបានប្រើពាក្យធ្ងន់ៗ ចោទថាប៉ាគីស្ថានជាជម្រកក្រុមបង្កចលាចលហិង្សា។ រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានលើកឡើងថា គ្មានប្រទេសណាមួយដែលឈឺចាប់ ជាងប៉ាគីស្ថានទេ បើនិយាយពីបញ្ហាភេរវ កម្ម។ ការប្រកាសរបស់អាមេរិកមិនបានផ្តោតមើលឃើញពីការលះបង់ដ៏ធំធេងរបស់ប៉ាគីស្ថានទេ។ កងទ័ពប៉ាគីស្ថានបានប្រតិកម្មតាំងពីដំបូងទីដែរថា លែងមានរចនា សម្ព័ន្ធក្រុមភេរវជននៅប៉ាគីស្ថានទៀតហើយ។

រដ្ឋាភិបាលប៉ាគីស្ថានប្រាប់ថា ខ្លួនខកចិត្តចំពោះការរិះគន់របស់អាមេរិកខ្លាំណាស់។ ដ្បិតថា រដ្ឋាភិបាលប៉ាគីស្ថាននៅតែបង្ហាញបំណងចង់បានសុខសន្តិភាព ប៉ុន្តែទំនាក់ ទំនងជាមួយអាមេរិកពេលនេះបានឡើងតានតឹង។ ក្រុមជំនាញបារម្ភថា ប៉ាគីស្ថានអាចនឹងមិនព្រមចុះញ៉មនឹងសម្ពាធអាមេរិក។ នេះមិនមែនជាលើកទី១ទេដែល អាមេរិករិះគន់ប៉ាគីស្ថានថានៅពីក្រោយ ខ្នងក្រុមភេរវជនតាលីបង់ ដែលបង្កអស្ថិរភាពនៅអាហ្វហ្គានីស្ថាន។ ប៉ុន្តែសម្ដីលោក ដូណាល់ ត្រាំ កាលពីថ្ងៃចន្ទគឺរាងធ្ងន់បន្តិចហើយ។ លោកត្រាំបានព្រមានថា ប៉ាគី ស្ថាននឹងទទួលការបាត់បង់ច្រើន បើបន្តឲ្យ ក្រុមឧក្រិដ្ឋជន និងក្រុមភេរវជនជ្រក កោន តទៅទៀតនោះ។ លោកត្រាំថែមទាំងបានលើកសរសើរឥណ្ឌាដែលជាគូប្រជែងនុយក្លេអ៊ែររបស់ប៉ាគីស្ថាន និងសុំឲ្យឥណ្ឌាបន្តជួយអាហ្វហ្កានីស្ថានទៀតផង។

កាលពីថ្ងៃអង្គារកន្លងទៅ រដ្ឋមន្ត្រីការ បរទេសអាមេរិក លោកធីលលែរសុន បានបង្ហើបខ្លះៗពីវិធានការដាក់សម្ពាធប៉ាគី ស្ថាន។ អាមេរិកអាចបន្ថយជំនួយ ហើយប៉ាគីស្ថានអាចនឹងបាត់បង់ងារថាជាប្រទេសដៃគូចម្បងរបស់អូតង់។ ងារនេះត្រូវបាន អតីតប្រធានាធិបតី ហ្ស៊ក ដាប់ប៊ែលយូ ប៊ូស ផ្តល់ឲ្យប៉ាគីស្ថាន ក្នុងឆ្នាំ២០០៤ ជាងារសម្រាប់ប្រទេសមិនមែនសមាជិកអូតង់ ប៉ុន្តែជាប្រទេសដៃគូដែលសហការជិតស្និទ្ធជាមួយអាមេរិក។ ដោយឡែក លោកធីល លែរសុនមិនបានប្រាប់ថា តើអាមេរិកអាចនឹងធ្វើការវាយប្រហារនៅប៉ាគីស្ថានឬយ៉ាងណាទេ តែអាមេរិកបានព្រមានរួចហើយថា នឹងកម្ចាត់ក្រុមភេរវជន ទោះជាក្រុមនេះស្ថិត​នៅទីណាក៏ដោយ។

នៅអាហ្វហ្គានីស្ថានវិញ កាលពីថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០១៧ ភេរវជនអត្ត ឃាតតាលីបង់បានបំផ្ទុះរថយន្ត នៅជិតទី​ស្នាក់ការប៉ូលិសមួយកន្លែង នាភាគខាង ត្បូងប្រទេស។ ភេរវកម្មនេះបានសម្លាប់ មនុស្សយ៉ាងហោច៥នាក់ និងបង្ករបួស ជាង១០នាក់។ ភេរវកម្មនេះបង្ហាញច្បាស់ ថា ក្រុមតាលីបង់មិនបានបង្អង់យូរនឹង បញ្ចេញប្រតិកម្មជាក់ស្តែងទេ ចំពោះការ ដែលលោកដូណាល់ ត្រាំ សម្រេចមិនដកទាហានអាមេរិកចេញពីអាហ្វហ្កានីស្ថាន។ ការវាយប្រហារដោយរ៉ុក្កែតទៅលើស្ថាន​ទូតអាមេរិក នៅក្រុងកាប៊ុល កាលពីយប់ ថ្ងៃទី២១ ខែសីហា ក៏ត្រូវក្រុមតាលីបង់ ប្រកាសថា ជាស្នាដៃរបស់ខ្លួនដែរ។

នៅពេលនេះចិនចេញមុខការពារប៉ាគីស្ថានដែលរងការរិះគន់របស់លោកដូណាល់ ត្រាំ។ក្រសួងការបរទេសចិនបានចេញមុខការពារប៉ាគីស្ថានដែលរងការរិះគន់របស់លោកដូណាល់ ត្រាំ។ ប្រធានាធិបតីអាមេ រិកទើបតែបានប្រកាសមិនដកទាហាន អាមេរិកចេញពីអាហ្វហ្គានីស្ថាន ហើយ ទម្លាក់កំហុសលើប៉ាគីស្ថាន ថាផ្តល់កន្លែងជ្រកកោនដល់ក្រុមភេរវជនធ្វើឲ្យអាហ្វហ្គានីស្ថានគ្មានស្ថិរភាព។ ចិនបានទាត់ចោល ការចោទប្រកាន់របស់លោកដូណាល់ ត្រាំ។

លោកស្រី Hua Chunying ជាអ្នកនាំ ពាក្យក្រសួងការបរទេសចិនបានចេញមុខការពារប៉ាគីស្ថាន ប្រឈមនឹងការរិះគន់របស់ប្រធានាធិបតីអាមេរិក។ លោកដូណាល់ ត្រាំ ចោទថា ប៉ាគីស្ថានផ្តល់ជម្រកដល់ក្រុមភេរវជន ធ្វើឲ្យអាហ្វហ្គានីស្ថានគ្មានស្ថិរភាពសន្តិសុខ។ ពីថ្ងៃអង្គារមុននេះ ចិនបាន លើកឡើងថា ប៉ាគីស្ថានបានធ្វើការលះ បង់ធំធេងណាស់ ប៉ាគីស្ថានបានចូលរួមយ៉ាងធំធេងក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវ កម្ម។ រដ្ឋាភិបាលចិនបន្ថែមថា សហគមន៍អន្តរជាតិគួរតែគាំទ្រទាំងស្រុង នូវការខិតខំប្រឹងប្រែងរបស់ប៉ាគីស្ថាន។

គេមើលឃើញថា មូលហេតុដែលចិនចេញមុខការពារប៉ាគីស្ថាន ប្រឈមនឹងការ រិះគន់របស់អាមេរិក គឺដោយសារប៉ាគីស្ថានជាទីតាំងយុទ្ធសាស្ត្រ សម្រាប់ចិនក្នុងការសម្រេចផែនការសេដ្ឋកិច្ចដ៏មហិមា ឈ្មោះ ថា ខ្សែក្រវាត់មួយ ផ្លូវមួយនោះហើយ។ តាមរយៈផែនការនេះ ចិនគ្រោងភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធមធ្យោបាយធ្វើដំណើរ ថាមពល និងប្រព័ន្ធទូរគមនាគមន៍ ភ្ជាប់ពី ចិន ទៅសមុទ្រអារ៉ាប៊ី ដោយឆ្លងកាត់តាម កំពង់ផែ នៃដែនទឹកGwadar នៅបាលូត​ឈីស្តង់។ តំបន់បាលូតឈីស្តង់នេះ ជា តំបន់អស្ថិរភាព នៅភាគនិរតីប៉ាគីស្ថាន។ ចិនបានប្រកាសផ្តល់ថវិការាប់ពាន់លាន ដុល្លារ សម្រាប់ការវិនិយោគ ក្នុងក្របខ័ណ្ឌផែនការសេដ្ឋកិច្ចមួយនេះ ជាមួយប៉ាគី ស្ថាន។

ចិនមិនអាចឲ្យប៉ាគីស្ថានរងការរិះគន់​របស់អាមេរិកទេ។ លោកដូណាល់ ត្រាំ បានដាក់សម្ពាធប៉ាគីស្ថានឲ្យប្រឹងប្រែងចូលរួមដោះស្រាយបញ្ហាអាហ្វហ្គានីស្ថាន។ អាមេរិកចោទប៉ាគីស្ថានថា ជាជម្រករបស់​ក្រុមតាលីបង់។ ដើម្បីដាក់សម្ពាធប៉ាគី​ស្ថាន លោកដូណាល់ ត្រាំ ក៏បានស្នើ ឥណ្ឌាឲ្យបន្ថែមជំនួយដល់អាហ្វហ្គានីស្ថានផងដែរ។ ឥណ្ឌាជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅអាហ្វហ្គានីស្ថាន ហើយឆ្នាំមុន នេះ បានផ្តល់ជំនួយ១ពាន់លានដុល្លារ ដល់អាហ្វហ្គានីស្ថាន។ ឥណ្ឌានិងប៉ាគីស្ថានប្រជែងគ្នាដាក់ឥទ្ធិពលនៅអាហ្វហ្គានី ស្ថាន។ ប៉ាគីស្ថានមើលឃើញថា ឥណ្ឌា ពង្រឹងទំនាក់ទំនងជាមួយអាហ្វហ្គានីស្ថាន គឺដើម្បីឆ្លៀតឡោមព័ទ្ធទឹកដីប៉ាគីស្ថាន ដែលនៅចន្លោះឥណ្ឌានិងអាហ្វហ្គានីស្ថានតែ ​ ប៉ុណ្ណោះ៕ ម៉ែវ សាធី


ចែករំលែក៖