សារព័ត៌មានរ៉យទ័របានផ្សាយថា អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅកូរ៉េខាងជើង បានបញ្ជាក់ថាពិភពលោកមិនអាចកាត់ផ្តាច់ប្រភពផ្គត់ផ្គង់ប្រេងដល់កូរ៉េខាងជើងនោះទេ ដោយការកាត់ផ្តាច់នោះ មិនខុសអ្វីពីសកម្មភាពប្រកាសសង្គ្រាមនោះឡើយ។
ក្នុងរយៈពេលកន្លងមក អង្គការសហប្រជាជាតិ និងអាមេរិកបានអនុម័តដាក់ទណ្ឌកម្ម ទៅលើកូរ៉េខាងជើង ក្នុងនោះកាត់បន្ថយការនាំប្រេង សាំង ចូលទៅកាន់កូរ៉េខាងជើង ដោយចោទប្រកាន់កូរ៉េខាងជើង បន្តសកម្មភាពផលិតបរមាណូ និងមីស៊ីលរបស់ខ្លួន។
អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទីក្រុងព្យុងយ៉ាង លោក Alexander Matzegora បានបញ្ជាក់ថា«យើងមិនអាចកាត់បន្ថយចំនួនប្រេងនាំទៅកាន់កូរ៉េខាងជើងទៀតឡើយ»។ អង្គការសហប្រជាជាតិបានអនុញ្ញាតឲ្យនាំប្រេងឆៅពីរុស្ស៊ីចូលទៅកាន់កូរ៉េខាងជើង តែ៥៤០ពាន់តោន និងប្រេង ៦០ពាន់តោនទៀតជាប្រេងសាំង ពីចិន និងរុស្ស៊ីរួមទាំងប្រទេសផ្សេងទៀត។
លោក Alexander Matzegora បានបញ្ជាក់ថា «ចំពោះប្រទេសដែលមានពលរដ្ឋ២៥លាននាក់ដូចកូរ៉េខាងជើង បើខ្វះប្រេងនោះ នឹងឈានដល់បញ្ហាជាច្រើន ក្នុងនោះមានបញ្ហាមនុស្សធម៌ជាដើម។
អគ្គរដ្ឋទូតរុស្ស៊ីបានបញ្ជាក់ថា «មន្ត្រីកូរ៉េខាងជើងតែងតែនិយាយថា ការបន្តកាត់បន្ថយប្រភពផ្គត់ផ្គងប្រេងដល់កូរ៉េខាងជើង គឺជាសកម្មភាពប្រកាសសង្គ្រាម នឹងនាំមកនូវលទ្ធផលអាក្រក់លើសពីការស្មាន»។
នៅក្នុងសាររបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទៅកាន់សភា បានសន្យាថានឹងបង្កើនការដាក់គំនាប ទៅលើកូរ៉េខាងជើងដើម្បីបញ្ចប់ការផលិតមីស៊ីលគំរាមកំហែងដល់អាមេរិក។
កាលពីសប្តាហ៍កន្លងមក អាមេរិកបានអនុម័តដាក់ទណ្ឌកម្ម បន្ថែមទៅលើកូរ៉េខាងជើង។ ជាមួយគ្នានោះកូរ៉េខាងជើង បានថ្កោលទោសយ៉ាងខ្លាំង ដល់អាមេរិក។ ក្នុងពេលជាមួយគ្នានោះ រដ្ឋលេខាធិការក្រសួងការបរទេសរុស្ស៊ី លោក Igor Morgulov បានបញ្ជាក់ថា រុស្ស៊ីគ្មានតួនាទីក្នុងការចូលរួមអនុវត្តច្បាប់ដាក់ទណ្ឌកម្មរបស់អាមេរិកទៅលើកូរ៉េខាងជើង នោះឡើយ។
អគ្គរដ្ឋទូតរុស្ស៊ីក៏បានច្រានចោលការចោទប្រកាន់របស់ទីក្រុងវ៉ាស៊ីនតោន ថាទីក្រុងមូស្គូបានអនុញ្ញាតឲ្យទីក្រុងព្យុងយ៉ាងប្រើប្រាស់កំពង់ផែដើម្បីដឹកជញ្ជូនធ្យូងថ្មទៀតផង។
រុស្ស៊ីបានយល់យ៉ាងច្បាស់ពីអារម្មណ៍ដែលត្រូវគេដាក់ទណ្ឌកម្ម ហើយសកម្មភាពនាពេលនេះរបស់រុស្ស៊ីបានបង្ហាញយ៉ាងច្បាស់ថា រុស្ស៊ីមិនមានហេតុផលដែលត្រូវគោរពទៅតាមការដាក់ទណ្ឌកម្មរបស់អាមេរិកនោះឡើយ ។ រុស្ស៊ីក៏ទទួលរងការដាក់ទណ្ឌកម្មពីអាមេរិក ធ្វើឲ្យរុស្ស៊ីត្រូវខាតបង់ជាច្រើន។
កន្លងមកថ្មីៗ អាមេរិកក៏ទើបតែអនុម័តដាក់ទណ្ឌកម្ម ទៅលើបុគ្គលដែលថា មន្ត្រី និងអ្នកជំនួញរបស់រុស្ស៊ី ហើយលោក ពូទីន ក៏បានប្រកាសឌឺដងអាមេរិកវិញថា លោកពិតជាសោកស្តាយដែលមិនមានឈ្មោះនៅក្នុងបញ្ជីដាក់ទណ្ឌកម្មរបស់អាមេរិក។
កន្លងមកមានព័ត៌មានបានផ្សាយថា បណ្តានាវាដឹកធ្យូងថ្មពីកូរ៉េខាងជើងទៅកាន់រុស្ស៊ី កាលពីឆ្នាំ២០១៧ ការណ៍ពិតបានទៅកាន់កូរ៉េខាងត្បូង និងជប៉ុន ដែលជាគោលដៅចុងក្រោយនៃនាវាកូរ៉េខាងជើង។
ប្រភពព័ត៌មានពីមន្ត្រីសន្តិសុខអឺរ៉ុប បានប្រាប់សារព័ត៌មានរ៉យទ័រថា «កំពង់ផែ Nakhodka បានក្លាយ ជាទីកន្លែងកណ្តាលសម្រាប់បញ្ជូនធ្យូងថ្មរបស់កូរ៉េខាងជើង ទៅកាន់ពិភពលោក»។
នៅពេលនេះក្រសួងការបរទេសរុស្ស៊ីមិនទាន់ មានប្រតិកម្មអ្វីជុំវិញហេតុការណ៍ខាងលើនៅឡើយទេ។ ចំណែកគណៈប្រតិភូរុស្ស៊ីប្រចាំអង្គការសហប្រជាជាតិបានបញ្ជាក់ថា រុស្ស៊ីតែងតែគោរពទៅនឹងសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិក្នុងការដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង។
កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៧ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានអនុម័តដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង ក្នុងនោះរារាំងការផ្តល់ហិរញ្ញវត្ថុដល់ទីក្រុងព្យុងយ៉ាង។ កូរ៉េខាងជើង រងការចោទប្រកាន់ថា បានប្រើប្រាស់រូបិយវត្ថុបរទេស ដើម្បីអភិវឌ្ឍន៍កាំជ្រួចមីស៊ីល និងបរមាណូនៅក្នុងប្រទេសនេះ។ ទាំងនោះហើយ បានជាអង្គការសហប្រជាជាតិឡោមព័ទ្ធការលក់ធ្យូងថ្មទៅក្រៅប្រទេសរបស់កូរ៉េខាងជើង ។
កូរ៉េខាងជើងបានដឹកធ្យូងថ្ម៣លើកតាមផ្លូវសមុទ្រ ទៅកាន់កំពង់ផែ Nakhodka និង Kholmsk របស់រុស្ស៊ី។ ក្រោយមកក៏បានផ្លាស់ទៅកាន់នាវាផ្សេងទៀត រួចបញ្ជូនទៅកាន់ជប៉ុន និងកូរ៉េខាងត្បូង។ ទំនិញខាងលើត្រូវបានគេដឹងថា បានបញ្ជូនទៅកាន់ប្រទេសទាំង២ខាងលើ កាលពីខែតុលា ឆ្នាំ២០១៧។
ប្រភពព័ត៌មានពីក្រុមសន្តិសុខអាមេរិក បានបញ្ជាក់ថា ការនាំចេញធ្យូងថ្មរបស់កូរ៉េខាងជើង បានបង្ហាញយ៉ាងច្បាស់ពី ការបំពានច្បាប់ដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ។
ក្រៅពីនេះ អាមេរិកក៏បានចោទប្រកាន់រុស្ស៊ីថា បានបញ្ជូនប្រេងទៅឲ្យកូរ៉េខាងជើង ដោយដោះដូរនៅលើដែនសមុទ្រ។ សកម្មភាពដោះដូរនោះជាការបំពានច្បាប់ដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ៕ ម៉ែវ សាធី