ប្រជាពលរដ្ឋរស់នៅសង្កាត់បារាយណ៍ ក្រុងដូនកែវ ខេត្តតាកែវ ជាប់ទីរួមខេត្តតាកែវ រអ៊ូរទាំអំពីបញ្ហាផ្លូវ ដែលពិបាកធ្វើដំណើរជាយូរណាស់មកហើយៗមិនឃើញមានអាជ្ញាធរជួយដោះស្រាយយ៉ាងណានោះឡើយ ។ គេឃើញមានគ្រឿងចក្រចុះទៅកាយផ្លូវនោះ អំឡុងឆ្នាំ២០១៧ម្តង ប៉ុន្តែបានដកគ្រឿងចក្រទៅវិញ ដោយមិនដឹងមូលហេតុ ។ ផ្លូវនេះរងការខូចខាត និងមិនបានជួសជុលតាំងពីឆ្នាំ២០១៧នោះមក ។ ប្រជាពលរដ្ឋ រស់នៅតាមផ្លូវ ចាប់ពីគល់ស្ពានចុងថ្នល់ រហូតដល់ភូមិធន់មន់ បានរអ៊ូរទាំចំពោះការលំបាកនេះ ។ យ៉ាងណាក៏ដោយ ពួកគាត់បានត្រឹមតែរអ៊ូ នៅគ្រាដែលគេដឹងថា សូម្បីតែលោកចៅសង្កាត់បារាយណ៍ សុខចិត្តជិះវាងផ្លូវទៅសាលាសង្កាត់ ដោយមិនព្រមដោះស្រាយបញ្ហាផ្លូវនេះឡើយ ។
អ្នកភូមិដែលរស់នៅតាមបណ្តោយផ្លូវ ដែលខូចខាតមានចម្ងាយប្រហែល៤គីឡូម៉ែត្រ និយាយថា គឺមហាលំបាកខ្លាំងណាស់ បើនៅខែប្រាំងហុយបែកផ្សែង គ្រាន់តែធ្វើដំណើរប្រមាណ១០០ម៉ែត្រ គឺត្រូវធូលីដីហុយគ្របក្បាលមើលមិនឃើញ, ពាក់អាវស បែរទៅជាក្រហម… បើនិយាយពីខែវស្សាវិញ គឺជង្ហុកធំៗ ហើយឃើញអ្នកធ្វើដំណើររអិលដួលជាញឹកញាប់ ជាពិសេសពួកក្មេងៗជាសិស្សសាលាជិះកង់ទៅរៀននៅឯទីរួមខេត្តតាកែវ តែងតែរអិលដួលប្រឡាក់សម្លៀកបំពាក់ បណ្តាលឲ្យខាតបង់ពេលវេលានៃការសិក្សា ។ ទំហំនៃការជួសជុលផ្លូវនេះ ត្រូវបានគេអះអាងថា ទំនងជាមិនចំណាយប្រាក់ច្រើននោះទេ ប៉ុន្តែមិនដឹងជាហេតុអ្វីបានជាអាជ្ញាធរសង្កាត់ និងក្រុងដូនកែវ មិនព្រមជួយសម្រួលឲ្យផ្លូវនេះបានល្អប្រសើរដើម្បីជាប្រយោជន៍ឲ្យប្រជាពលរដ្ឋងាយស្រួលធ្វើដំណើរ ។
ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវមួយខ្សែនេះទទូចឲ្យថ្នាក់ជាតិជួយមើលដោះស្រាយការលំបាកអំពីបញ្ហាផ្លូវនេះផង ។ បើរំពឹងទៅលើថ្នាក់សង្កាត់ និងក្រុង គឺមិនអាចដោះស្រាយបានឡើយ ។ ពីរបីឆ្នាំហើយ ដែលផ្លូវនេះរងការខូចខាត លំបាកក្នុងការធ្វើដំណើរ រីឯលោកចៅសង្កាត់សុខចិត្តជិះផ្លូវវាងទៅធ្វើការនៅសាលាសង្កាត់ ។ ចំណែកឯលោកអភិបាលក្រុងដូនកែវ មិនដែលអើតឈ្ងោកមើលអំពីការលំបាករបស់ប្រជាពលរដ្ឋនៅជាយក្រុងនោះឡើយ ។ ថ្វីបើសង្កាត់បារាយណ៍នៅជាប់នឹងជាយក្រុងដូនកែវក៏ពិតមែន ប៉ុន្តែអភិបាលខេត្តលោក អ៊ូច ភា មិនដែលធ្វើដំណើរឆ្លងកាត់ទីនោះទេ ទំនងជាមានគេប្រាប់ថា ផ្លូវវាលំបាក ទើបលោកមិនឆ្លងកាត់ទីនោះ ។ ដូច្នេះប្រជាពលរដ្ឋសំណូមពរឲ្យក្រុមការងារថ្នាក់ជាតិជួយមើលផ្លូវប្រវែងកន្ទុយអណ្តើកនេះផង ៕ ប្រជាពលរដ្ឋម្នាក់