ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖ ក្រសួងមើលការទេសនា​តាមហ្វេសប៊ុកផង

ចែករំលែក៖

ដោយការរីកចម្រើននៃបច្ចេកវិទ្យា​បច្ចុប្បន្ននេះ ការ​បង្ហោះរូប​ ក៏ដូចជាការឡាយវីដេអូ​តាមបណ្តាញសង្គមហ្វេសប៊ុក​មានច្រើន​ប្រភេទ ។ មានអ្នកឡាយវីដេអូលក់ឡេ, លក់សម្លៀកបំពាក់, ឡាយវីដេអូបង្ហោះព័ត៌មាន និងជាពិសេស​ឡាយពិធី​បុណ្យផ្សេងៗ និងការឡាយវីដេអូ​របស់​ព្រះសង្ឃ​ដែលសម្តែងធម៌ទេសនា​ទៀតផង ។ អ្វីដែលជាការកត់សម្គាល់របស់ខ្ញុំបាទ គឺកម្មវិធីទេសនា​ដែលនិយាយអំពីធម៌អាថ៌ ត្រូវក្លាយជាវេទិកា​ជេរឌឺដង របស់​ក្រុមព្រះសង្ឃ​ដែល​យកហ្វេសប៊ុក​វាយប្រហារគ្នា ។ សាច់ធម៌​នៅក្នុងវេទិកាទេសនា​មានតិចតួចបំផុត ប៉ុន្តែ​វាជា​វេទិកា​នៃការឌឺដង​ជេរគ្នា ដែល​មិនពិរោះស្តាប់ និងមិនមែនជា​កម្មវិធីទេសនា​ឲ្យពិតប្រាកដនោះឡើយ ។

ព្រះសង្ឃមួយអង្គ​ដែលតែងតែ​ញៀននឹងការ​ឡាយវីដេអូ ក្នុងកម្មវិធីទេសនា​នានា ខ្ញុំបាទសង្កេតឃើញថា មិនបានយកធម៌អាថ៌​ជាការអប់រំ​មនុស្សមកសម្តែងឲ្យពុទ្ធបរិស័ទ​បានយល់ អំពីអ្វីដែល​ជាពុទ្ធឱវាទសម្រាប់ឲ្យពុទ្ធបរិស័ទ​ផ្តល់ជាចំណេះដឹងនោះទេ ប៉ុន្តែ នៅក្នុងកម្មវិធី ដែលទេសនាមួយម៉ោង ឬជាងមួយម៉ោង ជាវេទិកា​នៃ​ការបញ្ចេញរឿងរ៉ាវ​កំហឹងផ្ទាល់ខ្លួន ជេរដៀមដាម​អ្នកនេះ អ្នកនោះ សង្ឃអង្គនេះ សង្ឃអង្គនោះ, យាយនេះ មុខខ្មៅ យាយនោះមុខកញ្ចាស់… ដែលនេះជាវេទិកានៃការជេរ​បង្កប់នៅក្នុងកម្មវិធីទេសនា ។ នៅពេលដែលលោក​មានសង្ឃដីកា ចង្អុលទៅយាយនេះ យាយនោះ មុខខ្មៅ មុខជាំ បែរជា​លោកយាយ លោកតា អ្នកអង្គុយស្តាប់ធម៌ទេសនាសើចសប្បាយទៅវិញ ។ ដូច្នេះហើយ វាជាការលើកទឹកចិត្ត​ឲ្យកម្មវិធីទេសនា​ក្លាយទៅជាកម្មវិធីជេរ​ដៀមដាម ក្រៅតែពីសម្តៅទៅលើ​យាយតានៅក្នុងរោងបុណ្យ ក៏បានដៀមដាមដល់ព្រះសង្ឃផ្សេងទៀតផងដែរ ។

ព្រះសង្ឃមួយអង្គទទួលរងនូវការរិះគន់​ពីមជ្ឈដ្ឋាននានា ដែលមានថ្នាក់ដឹកនាំ​ដូចជា​លោករដ្ឋមន្ត្រីក្រសួងព័ត៌មាន, អ្នកចំរៀង ម៉េង កែវពេជ្ជតា… ប៉ុន្តែ​ព្រះសង្ឃអង្គនោះ​មិនបានកែប្រែនូវឥរិយាបថរបស់ខ្លួននោះទេ ផ្ទុយទៅវិញ នៅតែបន្តយកកម្មវិធី​ទេសនា​តាមរោងបុណ្យនានា ដែលបានលុយច្រើន ធ្វើជាវេទិកាវាយប្រហារ សង្ឃគ្នាឯង និង​ជួនកាលដៀលប្រមាថយាយៗ តាៗក្នុងរោងបុណ្យនោះទៀតផង ។ បើទោះជាយ៉ាងណាក៏ដោយ​គេកត់សម្គាល់ឃើញថា ប្រជាពុទ្ធបរិស័ទ​មួយចំនួន នៅតែមានទំនុកចិត្ត​ដោយបន្តនាំគ្នានិមន្តព្រះសង្ឃអង្គនោះ​មកទេសនា​មិនដាច់ ដូច្នេះ វាធ្វើឲ្យវេទិកានៃការជេរប្រទេចពេញនិយម​ជាងការសម្តែងធម៌ទេសនានោះទៅវិញ ។ មានន័យថា ពុទ្ធបរិស័ទ​ចូលចិត្តការជេរប្រទេច​របស់ព្រះសង្ឃដែលទេសនានោះ ទើបបានជា​បន្តនាំគ្នា និមន្តព្រះសង្ឃឲ្យមកជេរប្រទេច​នៅក្នុងកម្មវិធីបុណ្យរបស់ខ្លួន ។ បើម្ចាស់ដើមបុណ្យ​មិននិមន្តសង្ឃដែលពូកែជេរប្រទេចនោះទេ នោះមានន័យថា សង្ឃអង្គនោះ​មុខជាដាច់​បាយហើយ ។

យ៉ាងណាក៏ដោយ តាមយោបល់ខ្ញុំបាទ ក្រសួងធម្មការ និងសាសនា គួរតែអប់រំណែនាំចំពោះ​ព្រះសង្ឃដែលយកវេទិកា​នៃ​កម្មវិធីទេសនា​មកជេរប្រមាថ​យាយតា ក៏ដូចជាដៀមដាម​ឲ្យសង្ឃដទៃ ។ ឬមួយក៏ថ្នាក់ដឹកនាំក្រសួងធម្មការ និងសាសនា​យល់ថា កម្មវិធីទេសនា​ដែល​មិនមាននិយាយពីរឿងធម៌អាថ៌ ប៉ុន្តែ​សម្បូរដោយការជេរប្រមាថ​ គឺជារឿងត្រឹមត្រូវ..? បើយ៉ាងដូច្នេះ គួរតែចេញប្រកាសផ្សព្វផ្សាយ​លើក​ទឹកចិត្ត​ដល់បុគ្គលជាសង្ឃ​បំពាក់មេដាយជូនចំពោះបុគ្គល​ដែលបានយកវេទិកា​ទេសនាវាយប្រហារគេឯងនោះទៅ ។ ប៉ុន្តែប្រសិនបើយល់ថា ការសម្តែងធម៌ទេសនា​របស់បុគ្គលក្នុងព្រះពុទ្ធសាសនា​មួយចំនួន​មិនសមរម្យទេ គួរតែ​ហៅទៅណែនាំ អប់រំ…​ដើម្បីកុំឲ្យមានបញ្ហា​នៃការជាន់ឈ្លីចំពោះសាសនារបស់ខ្លួន ។ ច្បាស់ណាស់ថា វេទិកា​របស់បុគ្គលជាសង្ឃ​ជេរប្រមាថ​អ្នកចូលរួមស្តាប់​ធម៌ទេសនា​ និងដៀមដាមអ្នកដទៃ​ធ្វើឲ្យអាប់កិត្តិយស ឬនិយាយឲ្យខ្លីខូចដល់ព្រះពុទ្ធសាសនា ។ ដូច្នេះ បើអាច ក្រសួងធម្មការ និងសាសនាជួយកែសម្រួលផង ៕ ប្រជាពលរដ្ឋម្នាក់

 


ចែករំលែក៖