ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអាន៖​ អាជ្ញាធរខេត្តកែប​ត្រជាក់រហឹម រឿងអាជីវករកោរភ្ញៀវមិនដាក់ទឹក

ចែករំលែក៖

អាជ្ញាធរខេត្តកែប​ក្រោមការចាត់ចែងដឹកនាំ​​របស់លោក កែន សេដ្ឋា មិនបញ្ចេញប្រតិកម្មអ្វីទាល់តែសោះ ក្រោយពេលដែលក្រុមអាជីវករ នៅមាត់សមុទ្រ​ក្រុងកែប​ ព្រួតគ្នាកោរភ្ញៀវទេសចរមិនដាក់ទឹក នៅក្នុងឱកាសថ្ងៃភ្ជុំ ។ ភាពស្ងៀមស្ងាត់របស់លោកអភិបាលខេត្ត ធ្វើឲ្យភ្ញៀវទេសចរ ជាពិសេស​ពលរដ្ឋខ្មែរ មានចម្ងល់ និងចាត់ទុក​ថា ភាពស្ងៀមស្ងាត់នោះ ជាប្រយោជន៍ យ៉ាងសំខាន់របស់ថ្នាក់ដឹកនាំខេត្តនេះ ។

សកម្មភាពអវិជ្ជមានមួយត្រូវបានចែករំលែក​នៅតាមបណ្តាញសង្គមហ្វេសប៊ុកអំពីការតវ៉ារបស់ភ្ញៀវទេសចរណ៍ចំពោះបញ្ហាតម្លៃទំនិញ និងតូបអង្គុយកម្សាន្ត ។ សកម្មភាពដែលបានចែកចាយ​បន្ត​នៅលើហ្វេសប៊ុកនោះ គឺបង្ហាញឲ្យឃើញយ៉ាងខ្លីថា ក្រុមអាជីវករមាត់សមុទ្រខេត្តកែប បានព្រួតគ្នា «កោរ» មិនដាក់ទឹកចំពោះភ្ញៀវទេសចរជាតិសាសន៍ឯង ។ គេបានសរសេរថា ម្ចាស់តូប​បានប្រាប់ទៅអតិថិជនថា បើអង្គុយក្នុងតូប​របស់ខ្លួន គេគិតតម្លៃតូប​តែ៥ម៉ឺនរៀល ហើយទាល់តែ​កុម្ម៉ងម្ហូប​៥មុខឡើងទៅ ទើបមិនយកថ្លៃអង្គុយ​ក្នុងតូបនោះ ដោយតម្លៃម្ហូប​មួយមុខ​៦ម៉ឺនរៀល ។ ពាក្យសម្តីរបស់ក្រុមអាជីវករទាំងនោះធ្វើឲ្យភ្ញៀវទេសចរចងចាំ ប៉ុន្តែនៅពេលគិតលុយ គឺ​បែរជាគិតថ្លៃតូប​៥ម៉ឺនរៀលថែមទៀត ។ បើទោះបីជាមានការតវ៉ាជជែកគ្នាផ្អើលមាត់សមុទ្រខេត្តកែបយ៉ាងណាក៏ដោយ ក៏មិនឃើញអាជ្ញាធរចុះមកអន្តរាគមន៍នោះឡើយ ក្រៅតែ​ក្រុមអាជីវករ​បានបាចអង្ករបញ្ចេរចំពោះភ្ញៀវ​ដែលជាអតិថិជនរបស់ខ្លួននោះ ។

ទង្វើបែបនេះ គឺជាការលក់របររកស៊ី ដែលមិនអាច​មានភ្ញៀវណាហ៊ានប្រថុយចូលទៅអង្គុយទទួលទានអាហារនៅមាត់សមុទ្រ​ខេត្តកែបនោះទៀតឡើយ ។ ក្រោមការដឹកនាំរបស់លោក កែន សេដ្ឋា ខេត្តកែបបានបណ្តោយ​ឲ្យមានភាពអវិជ្ជមានជាច្រើន ជាពិសេស​​រឿងរ៉ាវ​ដូចដែលបានកើតឡើងខាងលើនេះ ។ ក្នុងនាមប្រជាពលរដ្ឋម្នាក់ យល់ថា អាជ្ញាធរ ក៏ដូចជាស្ថាប័ន​មានសមត្ថកិច្ច មានតួនាទី​ក្នុងការអន្តរាគមន៍ភ្លាមៗ ចំពោះបញ្ហាដែលបានកើតឡើង ធ្វើ​ឲ្យភ្ញៀវទេសចរណ៍អាក់អន់ស្រពន់ចិត្តនោះ ។ គេនិយាយថា វាជាចរិកនៃការដឹកនាំអន់ របស់អាជ្ញាធរ ទើបធ្វើឲ្យក្រុមអាជីវករធ្វើអ្វីបានស្រេចតែនឹងចិត្ត​ឬមួយក៏​ក្រុមមន្ត្រីអាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ច​បានទទួលលាភសក្ការ​ ឬផលប្រយោជន៍ភាគរយពីក្រុម​អាជីវករនៅមាត់សមុទ្រទាំងនោះ បានជារហូតមកដល់ពេលនេះ អាជ្ញាធរក្រុង ខេត្តកែប មិនបញ្ចេញប្រតិកម្មសូម្បីសុំទោសមួយម៉ាត់ ។

ក្នុងនាមប្រជាពលរដ្ឋម្នាក់​មិនចង់ឃើញនូវចំណុចអវិជ្ជមាន ឬនិយាយឲ្យខ្លីមិនចង់ឃើញមានពាក្យថា ខ្មែរកោរភ្ញៀវនោះទេ ។ ទិដ្ឋភាពបែបនេះ វាជាការ​សម្លាប់មុខរបរខ្លួនឯង ។ ជឿចុះថា ទម្រាំនឹង​សាងអំពើល្អបានត្រឡប់មកវិញ ឬអាចទទួលបានភ្ញៀវ​ចូលទៅកម្សាន្តនៅតំបន់នោះ ត្រូវចំណាយពេលយូរ ។ សម្រាប់ខ្ញុំបាទសង្កេតឃើញថា ថ្នាក់ដឹកនាំខេត្តកែប​មិនខ្វល់​រឿងនេះសោះឡើយ បើទោះបីជា​បញ្ហានេះ ត្រូវបានកក្រើកនៅ​តាមបណ្តាញសង្គមហ្វេសប៊ុកក៏ដោយ ។ ហេតុអ្វីបានជាប្រជាពលរដ្ឋ​ទទួលយកថ្នាក់ដឹកនាំដែលមិនមានការទទួលខុសត្រូវយ៉ាងដូច្នេះ? គេរំពឹងថា ក្រុមអាជីវករ​នៅទីនោះ នឹងភ្ញាក់រលឹកដោយខ្លួនឯង កុំចាំបាច់ថ្នាក់ដឹកនាំខេត្តចាត់វិធានការ ។ ភ្ញាក់រលឹកដើម្បី​ក្រពះរបស់ខ្លួនទៅថ្ងៃក្រោយ និងកុំរកស៊ីលក់មុខតទៅទៀត ៕ ប្រជាពលរដ្ឋម្នាក់


ចែករំលែក៖