ព័ត៌មានទាន់ហេតុការណ៍៖

លិខិតមិត្តអ្នកអានៈ បើអាចកុំជិះម៉ូតូ តាមផ្លូវក្នុងតំបន់បឹងកក់

ចែករំលែក៖

រឿងរ៉ាវរសើបមួយត្រូវបានប្រជាពលរដ្ឋនិយាយតៗគ្នាថា បានកើតមានឡើងជាបន្ត​ បន្ទាប់នៅតំបន់បឹងកក់ រាជធានីភ្នំពេញ នោះគឺករណីមនុស្សមួយក្រុម ដែលមិនដឹងថា ជាសមត្ថកិច្ច ឬក៏ជនស៊ីវិល បានធ្វើសកម្មភាពជិះម៉ូតូល្បាតពេលយប់ស្ទាក់ចាប់ មនុស្ស វាយខ្នោះ និងបង្ខាំងជំរិតទារប្រាក់ជាថ្នូរនឹងការដោះលែង ក្រោមហេតុផលថា ជនរងគ្រោះទាំងនោះជាអ្នកប្រើប្រាស់គ្រឿងញៀន។ រឿងនេះបានកើតឡើងជា​យូរមកហើយ តែទើបតែមានការភ្ញាក់ផ្អើលខ្លាំងក្នុងរយៈពេលចុងក្រោយនេះ បន្ទាប់​ពីមានផ្សាយលើបណ្តាញសង្គមហ្វេសបុ៊កនិងបណ្តាសារព័ត៌មានអនឡាញ។

ប្រជាពលរដ្ឋមួយរូបដែលជាអ្នករស់នៅតំបន់បឹងកក់សុំមិនបញ្ចេញអត្តសញ្ញាណបានប្រាប់ថា ជាញយៗតែងតែប្រទះឃើញ មានសកម្មភាពនេះបានកើតឡើងនៅ តំបន់បឹងកក់ ក្បែរវត្តនាគវ័ន ជាពិសេសព្រំប្រទល់ខណ្ឌទួលគោក និងខណ្ឌដូនពេញ ដោយមនុស្សមួយក្រុម ខ្លះមានឯកសណ្ឋានជាសមត្ថកិច្ចប្រដាប់អាវុធ និង ខ្លះ​ស្លៀក​ពាក់ស៊ីវិល បានចាប់ប្រជាពលរដ្ឋ ជាពិសេស យុវជនដែលធ្វើដំណើរនៅក្នុងតំបន់នោះដើម្បីជំរិតទារប្រាក់។

យោងតាមពាក្យបណ្តឹងមួយច្បាប់ដែលគោរពជូនមកលោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ដែលប្រិយមិត្តបានផ្ញើទៅឲ្យបណ្តាសារព័ត៌មានបានរៀបរាប់ពីដំណើររឿងស្រដៀងគ្នានេះថា ពួកគេជាជនរងគ្រោះ ដែលមានគ្នា ២នាក់ (សុំមិនបញ្ចេញឈ្មោះ) ប្រកបមុខរបរជាជាងសំណង់បម្រើការងារនៅការដ្ឋានបុរីពិភពថ្មីឈូកមាស កាលពីថ្ងៃអាទិត្យទី២០ ខែតុលា ឆ្នាំ២០១៩ នៅវេលាម៉ោង ១១ ព្រឹក ពេលជិះម៉ូតូចេញពីការដ្ឋានត្រឡប់មកផ្ទះវិញ មកដល់ត្រង់ ចំណុចខាង​ក្រោយ​វត្តន​ាគវ័ន ស្រាប់តែមានមនុស្សប្រុសមួយក្រុមមានគ្នា ៦ទៅ៧ នាក់ស្លៀកពាក់​ស៊ីវិល​ទាំងអស់ មិនបានបញ្ជាក់ថា ជាប៉ូលិសខាងណានោះទេ បានមកស្ទាក់ចាប់ពួក​គេ។ ដោយផ្តើមពីបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាស្គូពី មកបាំងពី មុខម៉ូតូពួកគេ ហើយ មានម៉ូតូ៣គ្រឿងទៀតមកស្ទាក់ពីក្រោយ ហើយក៏បាន វ៉ៃខ្នោះ ពួកគេទាំងពីរ និង​ដេញឲ្យឡើងលើម៉ូតូដឹកទៅខាងក្រោយហាងលក់ឡានកូរ៉េម៉ាកសាំងយ៉ុង ដោយមិន​សួរនាំអ្វីទាំងអស់។

លុះមកដល់ខាងក្រោយហាងលក់ឡានកូរ៉េម៉ាកសាំងយ៉ង ជនទាំងនោះបានសួរ​ពួកគេទាំងពីរថា ជិះតាមផ្លូវហ្នឹងធ្វើអ្វី? ហើយពួកគេទាំងពីរក៏ឆ្លើយប្រាប់ថា មក ពីធ្វើការ ក៏ស្រាប់តែក្រុមបុរសខាងលើបានស្ទុះមកវាយលើពួកគេតែម្ដង ដោយវាយ ៣ដៃ និងឡើងជង្គង់ត្រង់ពោះពីរដង ហើយក៏បានឆែកឆេរពួកគេ។ តែនៅពេល ឆែកឆេរ មិនមានអ្វីក្នុងខ្លួននោះ ស្រាប់តែជនទាំងនោះ បានដកហូតយកទូរស័ព្ទដៃ របស់ជនរងគ្រោះទុក មិនឱ្យទូរស័ព្ទទៅណាបានឡើយ ហើយក៏ចោទ ពួកគេថា ជាអ្នក ប្រើប្រាស់គ្រឿងញៀន ទាំងដែលពួកគេមិនបានប្រើប្រាស់ទាល់តែសោះ ។

ស្រាប់តែមានបុរសម្នាក់ទៀត ជិះម៉ូតូហុងដា ឌ្រីមហុចគ្រឿងញៀនមួយកញ្ចប់តូចឱ្យពួកគេទាំងពីរ ហើយប្រាប់ឱ្យកាន់ហើយថត ដោយ គំរាមថា បើមិនព្រមកាន់គ្រឿងញៀន ឲ្យថតទេនោះ នឹងវ៉ៃពួកគេឲ្យងាប់។ ដំបូងឡើយ ពួកគេទាំងពីរប្រកែកមិនព្រមតាម ក៏ជនទាំងនោះបានវៃ៉មកលើពួកគេទាំងពីរនាក់ យ៉ាងដំណំ រហូតដល់ទ្រាំមិនបាននឹងភាពឈឺចាប់ ក៏ព្រមកាន់គ្រឿងញៀនឲ្យថតតាមការគំរាម។

បន្ទាប់ពីថតរួច ជនទាំងនោះបានបញ្ជាឱ្យពួកគេទាំងពីរឡើងឡានទៅអគ្គស្នងការ ដ្ឋាននគរបាលជាតិ ដោយប្រាប់ថា យកពួកគេទាំងពីរទៅពិនិត្យទឹកនោមសិន។ ពេល​ទៅ​ដល់ ពួកគេទាំងពីរត្រូវបានបញ្ជូនចូលបន្ទប់ ០១៥ ចាប់ពីម៉ោង១ រហូតដល់ម៉ោង ៤​និង​៣០ នាទី រសៀល ដោយមិនឃើញមានអ្នកណាមកពិនិត្យទឹកនោមនោះទេ ។ ដោយសារចាំយូរពេកពួកគេទាំងពីរក៏បានសួរទៅកាន់អ្នកធ្វើការក្នុងបន្ទប់នោះថា កាល​​ណាបានយកពួកគេទៅពិនិត្យទឹកនោម? តែអ្នកទាំងនោះឆ្លើយថា មិនបាច់​ពិនិត្យ​​ទឹកនោមអីទេ ថែមទាំងគំរាមរកវ៉ៃធ្វើបាបពួកគេក្នុងបន្ទប់នោះទៀត។

ក្រោយមកមួយសន្ទុះ មេការរបស់ពួកគេក៏បានមកដល់ ហើយអ្នកនៅក្នុងនោះ បាននិយាយប្រាប់មេការនោះថា បើមានលុយចាំនិយាយគ្នា ដោយគំរាមថា លុះត្រាតែ​មាន ៨០០ដុល្លារ ទើបអាចចេញពីទីនេះបាន ហើយក្រោយពីមេការរបស់ពួកគេ យល់ព្រមឲ្យលុយ៨០០ដុល្លារគ្រប់ចំនួនហើយនោះ ទើបជនទាំងនោះព្រមដោះលែងពួកគេទាំងពីរឱ្យត្រលប់មកផ្ទះវិញ។

ក្រៅពីករណីដែលប្រជាពលរដ្ឋបានរៀបរាប់ខាងលើនេះ យើងក៏ឃើញតាមរយៈការផ្សាយផ្ទាល់ជាបន្តបន្ទាប់តាមរយៈសារព័ត៌មាន នៅលើបណ្តាញសង្គមហ្វេសបុ៊ក អំពីករណីស្រដៀងៗគ្នានេះនាពេលថ្មីៗនេះ ។
តាមរយៈការផ្សាយរបស់TVFB បានដាក់ចំណងជើងថា «រឿងដដែលៗ ក្រុម​ស្លៀក ពាក់ស៊ីវិលចាប់មនុស្សលើផ្លូវសាធារណៈ បង្កការភ័យខ្លាចយ៉ាងខ្លាំង សំណូមពរឲ្យ​មន្រ្តីថ្នាក់ លើជួយដោះស្រាយ!» ។

លោក សុវណ្ណ រិទ្ធី ដែលជាម្ចាស់ TVFB ក៏បានចែករំលែកការផ្សាយ វីដេអូមួយរបស់គណនីហ្វេសបុកមួយឈ្មោះ Visal Peth ដែលមានចំណងជើងថា «អត់ដែលចេញវីដេអូទេថ្ងៃនេះចង់ចែករំលែកបទពិសោធន៍មិត្តរួមការងារម្នាក់ត្រូវគេធ្វើសុីនៅបឹងកក់អស់២,៥០០ដុល្លារសូមបងប្អូនអ្នកដេីរ ជិះម៉ូតូតាមផ្លូវនោះមេត្តាប្រុងប្រយ័ត្នទាំងអស់គ្នា » ។

យោងការចុះផ្សាយជាបន្តបន្ទាប់បានឱ្យដឹងទៀតថា រឿងបែបនេះបានកើតមានជាញឹកញាប់នៅតំបន់បឹងកក់ ហើយ មានជនរងគ្រោះជាច្រើនរួចមកហើយ ដែលចំណាយប្រាក់ឲ្យហ្វូងបុរសស៊ីវិលទាំង ឡាយដែលអះអាងថាខ្លួនជាសមត្ថកិច្ច។ ប្រជាពលរដ្ឋដែលមានលំនៅឋានជិតផ្ទះ សំណាក់ស្រែលាភនិយាយថា ជារឿយៗ ក្រុមសមត្ថកិច្ចទាំងនោះ តែងតែចាប់មនុស្ស និងម៉ូតូមកទុកនៅសាលាបឋមសិក្សាវត្តនាគវន ក្នុងវត្តនាគវ័ន សង្កាត់បឹងកក់ទី២ ហើយនាំតែមនុស្សចេញទៅ។នៅពេលដែលមានការសម្របសម្រួលណាមួយហើយនោះ ទើបគេនាំមនុស្សឲ្យ មកយកម៉ូតូនោះវិញ។ «ការសម្របសម្រួល» ជាទឹកប្រាក់ទៅតាមតម្លៃម៉ូតូ។ បើម៉ូតូ ថ្លៃត្រូវ «សម្របសម្រួល» ជូនសមត្ថកិច្ច ច្រើនគួរសមទើបអាចរួចខ្លួន និងយកម៉ូតូ ត្រឡប់ទៅវិញ។ មុនត្រឡប់ទៅវិញ អ្នកដែលត្រូវចាប់ខ្លួនសមត្ថកិច្ចសំពងទ្រមខ្លួន ដើម្បីឲ្យឆ្លើយសារភាពទៅតាមអ្វីដែលគេចោទប្រកាន់ ហើយប្រជាពលរដ្ឋ ដែល នៅក្នុងចំណោមសមត្ថកិច្ចទាំងនោះ ហាមប្រាមប្រជាពលរដ្ឋអ្នកជិតខាង មិនឲ្យថត រូបភាព ឬតាមឃ្លាំមើលសកម្មភាពពួកគេនោះឡើយ។ ក្នុងមួយយប់ៗ សមត្ថកិច្ចដែលស្លៀកពាក់ស៊ីវិលទាំងនោះបានចាប់ប្រជាពលរដ្ឋច្រើននាក់ នាំមកកាន់បរិវេណវត្ត នាគវ័ន។ ក្រុមសមត្ថកិច្ចទាំងនោះ មានហែហមដោយរថយន្តពាក់ស្លាកលេខនគរ បាលផងដែរ។

ជុំវិញការលើកឡើងអំពីសកម្មភាពដ៏គួរឱ្យភ័យខ្លាចនិងប៉ះពាល់យ៉ាងខ្លាំងដល់កិត្តិយសកងកម្លាំងមានសមត្ថកិច្ចនេះ គឺនៅតែជាចម្ងល់របស់ពលរដ្ឋ ដោយសារតែនៅ មិនទាន់ទទួលបានការបកស្រាយផ្លូវការណាមួយពីស្ថាប័នជំនាញនៅឡើយទេ។ ជាមួយនឹងក្តីកង្វល់បែបនេះ ប្រជាពលរដ្ឋបានសំណូមពរតាមរយៈបណ្តាញសារព័ត៌មាន ទៅកាន់ក្រសួងស្ថាប័នមានសមត្ថកិច្ច សូមរួសរាន់ស្រាយបំភ្លឺ និងចាត់វិធានការ​បញ្ឈប់សកម្មភាពទាំងនេះជាបន្ទាន់ ដើម្បីឲ្យប្រជាពលរដ្ឋដែលធ្វើដំណើរតាមតំបន់​បឹងកក់នេះ បានកក់ក្តៅឡើងវិញផង។

បន្ទាប់ពីសេចក្តីបកស្រាយបំភ្លឺរបស់ក្រុមព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការ ដ្ឋាននគរបាលរាជធានីភ្នំពេញ ថាមានករណីជនសុីវិលមួយក្រុមដែលតែងតែចុះចាប់គ្រឿងញៀននៅម្តុំបឹងកក់នោះមិនមែនជាសមត្ថកិច្ចស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញនោះទេ ប៉ុន្តែទោះជាយ៉ាងណាក្នុងនាមជាសមត្ថកិច្ចទទួលខុសត្រូវក្នុងដែនដី រាជធានីភ្នំពេញ នឹងធ្វេីការស្រាវជ្រាវ បង្ការ ទប់ស្កាត់មិនអោយក្រុមជនស្លៀកសុីវិល ទាំងនោះបង្ករបញ្ហាទាំងនេះទៀតឡេីយ ម្យ៉ាងវិញទៀតកម្លាំងនៃស្នងការនគរបាល រាជធានីភ្នំពេញ តែងតែគោរពបទបញ្ជាយ៉ាងមុឺងម៉ាត់របស់ថ្នាក់ដឹកនាំ មិនដែលទៅធ្វេីសកម្មភាពអ្វីមួយដែលខុសពីការណែនាំ ឬក៏ភារកិច្ចនោះទេ ។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងធ្វេីការសហការណ៍ជាមួយអជ្ញាធរពាក់ព័ន្ធទាំងអស់ ដេីម្បីចាត់វិធានការណ៍មិនអោយមានករណីនេះកេីតឡេីងទៀតឡេីយ៕
ប្រជាពលរដ្ឋម្នាក់


ចែករំលែក៖