បន្ទាប់ពីមានព័ត៌មានថ្មីៗនេះថា សិស្សានុសិស្សរាប់សិបនាក់នៅសាលាបឋមសិក្សាអូរជុញ ក្នុងភូមិសែនរុងរឿង១ ឃុំទឹកក្រហម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ នាំគ្នាក្រាលតង់ក្រាបរៀននៅក្រោមដើមឈើគួរឲ្យកម្សត់ ហើយត្រូវបានគេយកមកបង្ហោះក្នុងហ្វ៊េសប៊ុកនោះ ក្នុងនាមខ្ញុំជាពលរដ្ឋម្នាក់មានការស្រងាកចិត្តបំផុត ដោយគិតថា ក្នុងស្រុកនិង ខេត្តមួយនេះសម្បូរធនធានធម្មជាតិរ៉ែ ជាពិសេសព្រៃឈើសោះ ហេតុអីអាជ្ញាធរមូលដ្ឋានមិនបើកភ្នែកមើលដើម្បីសាងសង់សាលារៀនឲ្យកូនចៅសិក្សារៀនសូត្រសមរម្យនឹងគេ ?
យើងមិនអាចបន្ទោសថ្នាក់ដឹកនាំប្រទេសថាមិនគិតគូរលើវិស័យអប់រំនោះទេ ព្រោះលោកមិនមែនមានភ្នែកម្នាស់មើលដល់ទីជនបទនោះឡើយ ប្រសិនបើថ្នាក់ក្រោម ភូមិ ឃុំ ស្រុក ខេត្តមិនបានយកចិត្តទុកដាក់រាយការណ៍ឲ្យដឹងនោះ ។ អ្វីដែលកាន់តែចាប់អារម្មណ៍ទៀតនោះ ដោយគ្រាន់តែសាលារៀនមួយខ្នង មានបីបន្ទប់សោះ បើគ្រាន់តែនាំគ្នាធ្វើបុណ្យផ្ការៃអង្គាសពីសប្បុរសជនក៏អាចសាងសង់បានដែរ មិនមែនទុកឲ្យរខេករខាករកថ្នាក់រៀនមិនបាន មកនាំគ្នាក្រាបរៀនក្រោមដើមឈើគួរឲ្យកម្សត់បែបបនេះទេ ។ ម្យ៉ាងទៀតសឺងថា ស្រុកនេះសម្បូរព្រៃឈើសោះ បើកាប់តែមួយដើម ពីរដើម មកអារសាងសង់ជាសាលារៀនក៏មិមានទោសធ្ងន់អីដែរ ព្រោះយកមកសាងសង់សាលារៀនទុកជាសម្បត្តិរួមសោះ តែនេះអស់លោកថ្នាក់ក្រោមៗហាក់ដូចជាកន្ទេលធំបន្លំដេកយកតែរួចខ្លួន រង់ចាំតែថ្នាក់លើ ថ្នាក់កំពូលដោះស្រាយទាំងស្រុងតែម្តង ។ តើសមទេ ខណៈដែលទីក្រុង និងក្នុងជនបទមួយចំនួននៅទូទាំងប្រទេសមានអគារសិក្សាសាងសង់ពីថ្មថ្មីសន្លាង ឯសាលាបឋមសិក្សា អូរជុញ មានសាលាសង់ពីឈើប្រក់ដំបូលស័ង្កសីយ៉ាងរខេករខាក ខ្វះតុ ខ្វះកៅអីរៀន មកនាំគ្នាក្រាបរៀនក្រោមដើមឈើយ៉ាងនេះ? តើនេះគួរបន្ទោសអ្នកណា?
នាងខ្ញុំមិនហ៊ានបន្ទោសរដ្ឋអំណាចទាំងនោះទេ តែអ្វីដែលយើងអាចធ្វើបាន ធ្វើខ្លះទៅ កុំចាំតែកាបប់បំពង់ រង់ចាំទឹកភ្លៀង ក្រែងចាំយូរៗទៅពុកបំពង់ ខានត្រងទឹកភ្លៀង ?
យ៉ាងណានាងខ្ញុំ ក៏សូមថ្លែងអំណរគុណចំពោះ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាដែលបានយកចិត្តទុកដាក់យ៉ាងខ្លាំងជាទីបំផុត រហូតបានទាញយកចំណុចធនធានមនុស្សជាអាទិភាពទី១ ក្នុងចំណោមអាទិភាពទាំង៤ ដែលសម្ដេចដាក់ចេញកសាង និងអភិវឌ្ឍន៍ប្រទេសក្រោយចប់សង្គ្រាម គឺ ទឹក ផ្លូវ ភ្លើង និងមនុស្ស ។ ប្រមុខរាជរដ្ឋាភិបាលបានយក វិស័យសិក្សាធិការនេះជាកត្តាចម្បងក្នុងការបណ្តុះបណ្តាលធនធានមនុស្សចាំបាច់ត្រូវយកចិត្តទុកដាក់ និងត្រូវធ្វើឲ្យមានអគារសិក្សាសាលារៀនពីទីក្រុង ដល់ជនបទដូចសព្វថ្ងៃនេះ ៕ ប្រជាពលរដ្ឋម្នាក់