ព័ត៌មានទាន់ហេតុការណ៍៖

រឿង​ព្រេងខ្មែរ÷ដើមកំណើតសត្វផ្សោត

ចែករំលែក៖

កាល​ពី​ព្រេង​នាយ ជា​យូរ​លង់​ណាស់​មក​ហើយ មាន​ដើម​ជ្រៃ​ធំ​មួយ​មាន​មែក​ត្រសុំ​ត្រសាយ​សាខា មហាជន​នៅ​ភូមិ​ជិត​ខាង​គេ​រាប់​កោត​ខ្លាច​រុក្ខជាតិ​នេះ​ណាស់ ក្នុង​សម័យ​នោះ ។ គេ​ធ្វើ​ខ្ទម​មាន​រូប​ចម្លាក់​ថ្ម​ជា​ភេទ​ប្រុស ១ ស្រី ១ ដាក់​ឱ្យ​អង្គុយ​លើ​ផែន​ថ្ម​ក្នុង​ខ្ទម​នោះ គេ​តែង​តែ​បួង​សួង​បន់​ស្រន់​ថ្វាយ​ក្រយា​បូជា​សុំ​សេចក្ដី​សុខ ក៏​ធ្លាប់​បាន​សុខ​រៀង​មក​គេ​សន្មត​ថា អ្នក​តា​ចាស់​ស្រុក ។

មាន​រុក្ខជាតិ​មួយ​មាន​អាយុ​វែង​មិន​ដឹង​ជា​ប៉ុន្មាន​ឆ្នាំ​មនុស្ស​យើង​ទេ ឋិត​នៅ​លើ​ដើម​ជ្រៃ​ធំ​នោះ​ជា​ស្ដេច​នៃ​ឈើ ។ យូរ​ទៅ​មាន​ស្ត្រី​ម្នាក់​មក​ចាប់​បដិសន្ធិ ជា​កូន​អ្នក​ស្រុក​ដែល​រាប់​អាន​ដើម​រុក្ខជាតិ​នោះ លុះ​ធំ​ពេញ​ជំទង់​ឡើង​ដល់​រដូវ​ដែល​ត្រូវ​សែន​ព្រេន​​ថ្វាយ​ក្រយា​បូជា​អ្នក​តា​ចាស់​ស្រុក នាង​នោះ​ក៏​ទូល​ថាស​នំ​ចំ​ណី​ថា​ទៅ​សែន​ជួស​ឪពុក​ម្ដាយ ។ រុក្ខ​ទេវតា​ក្រឡេក​ឃើញ​ចេះ​តែ​មាន​ចិត្ត​អាណិត​អាសូរ ស្រឡាញ់​នាង​នោះ​ហាក់​ដូច​ជា​ព្រាត់​គ្នា​ពី​កាល​ណា​មក ហើយ​ទើប​នឹង បាន​ជួប​មុខ​គ្នា​ថ្មី​ៗ រុក្ខទេវតា​នោះ​កាន់​តែ​វិតកើតចិត្ត​អាណិត​នាង​ខ្លាំង​ណាស់ ទ្រាំ​ពុំ​បាន​ក៏​ហោះ​ទៅ​សួរ​ព្រះ​ឥន្ទ្រ​ទ្រង់​រំពឹង​ដោយ​ញាណ​ទិព្វ​ទៅ​ឃើញ​ថា នាង​នោះ​កាល​ពី​ជាតិ​មុន​ជា​ប្រពន្ធ​​រុក្ខទេវតា​នេះ​បាន​កសាង​ប្រាថ្នា​ជា​មួយ​គ្នា​មក​ថា “ទោះ​បី​ទៅ​កើត​ជាតិ​ណា ភព​ណា​សុំ​ឱ្យ​ជួប​បាន​ជា​ប្ដី​ប្រពន្ធ​នឹង​គ្នា​ពុំ​ឃ្លាត​គ្រប់​ៗ​ជាតិ​ លុះ​ចាស់​រៀង​ៗ​ខ្លួន​រុក្ខទេវតា​នោះ សុំ​លា​ទៅ​បួស​ជា​តាបស​អស់​មួយ​ជីវិត​ដោយ​ខ្លួន​ពី​គ្នា​ទៅ ។ តាបស​មក​កើត​​ជា​រុក្ខទេវតា​នេះ ប្រពន្ធ​ទៅ​កើត​ជា​នាង​ទេពធីតា មក​កើត​ជិត​ទី​កន្លែង​ដែល​ទេវតា​ជា​ប្ដី​នៅ ។ មក​ពី​មាន​និស្ស័យ​ពី​ជាតិ​មុន​យ៉ាង​នេះ ទើប​បណ្ដាល​ឱ្យ​រុក្ខទេវតា​ចេះ​តែ​ស្រឡាញ់​អាណិត​អាសូរ​នាង ។ តែ​មក​ពី​រុក្ខទេវតា​នោះ​មាន​ពៀរ ដែល​គេច​ទៅ​បួស​ចោល​ប្រពន្ធ ឱ្យ​ព្រួយ​ទុក្ខ​វេទនា លុះ​អស់​សង្ខារ​ទៅ​មិន​ឱ្យ​ជួប​មុខ បាន​ជា​ច្យុត​ទៅ​កើត​ជា​មនុស្ស​វិញ មិន​ជួប​គ្នា ។ ព្រះឥន្ទ្រ​សំដែង​ប្រាប់​រុក្ខទេវតា​ដូច​រៀប​រាប់​មក​នោះ ។ រុក្ខទេវតា​បាន​ដឹង​សព្វ​គ្រប់​ហើយ ក៏​លា​ព្រះឥន្ទ្រ​មក​វិញ គិត​ពិចារណា​ថា “ឥឡូវ​នឹង​ទៅ​ថ្វាយ​បង្គំ​លា​ព្រះ​ឥន្ទ្រាធិរាជ​សុំ​ច្យុត​ទៅ​កើត​ជា​មនុស្ស​ឃើញ​ថា​ជា​ការ​មិន​គួរ​ព្រោះ ប្រពន្ធ​ទៅ​កើត​ធំ​ពេញ​ក្រមុំ​ទៅ​ហើយ​ៗ សង្ខារ​របស់​មនុស្ស​ខ្លី​ណាស់​មិន​ដូច​ទេវតា​ទេ” ។ ទេវតា​គិត​ចុះ​គិត​ឡើង​មិន​ធ្លុះ​មិន​ធ្លាយ​ត្រង់​ណា​សោះ ហេតុ​តែ​មាន​ពៀរ​ដែល​គេច​ទៅ​បួស​ជា​តាបស មិន​ឱ្យ​ឃើញ​មុខ​ត្រា​តែ​សូន្យ​សង្ខារ​រៀង​ខ្លួន ។ រុក្ខទេវតា​ព្រួយ​ខ្លាំង​ណាស់​ក៏​ប្រថុយ​​ប្រាណ​ប្រថាន​ព្រេង​ថា ណ្ហើយ​ចុះ​អញ​ទៅ​ប្រាប់​ប្រពន្ធ​ឱ្យ​ដឹង​​ថា ខ្លួន​អញ​ជា​ប្ដី​ជា​គូរ​ព្រេង​​ទៅ​ចាប់​ជាតិ រុក្ខទេវតា​នាង​ឥត​មាន​គូរ​ព្រេង​ទៀត​​ទេ បើ​នាង​បាន​ដឹង​ថា​ខ្លួន​អញ​ជា​ប្ដី​នាង មុខ​ជា​លែង​យក​ប្ដី​មួយ​ជាតិ​នេះ ហើយ​គិត​ស្រេច​ពេល​រាត្រី​ស្ងាត់ ក៏​និម្មិត​ខ្លួន​ធ្វើ​ជា​ពស់​ថ្លាន់​ចូល​ទៅ​ឱប​រឹត​នាង ៗ ភ្ញាក់​ឡើង​បម្រះ​ពុំ​រួច​ពស់​ថ្លាន់​និយាយ​លួង​លោម​សព្វ​គ្រប់​មិន​ជឿ​ថា បើ​ប្ដី​ជា​រុក្ខទេវតា​ហេតុ​ម្ដេច​ក៏​មក​ជា​ពស់​ថ្លាន់​ដូច្នេះ​វិញ។ រុក្ខ​ទេវតា​ជា​ប្ដី​ថា បើ​នាង​មិន​ជឿ​បង​ៗ នឹង​ប្រែ​រូប​ឱ្យ​​នាង​មើល ។ រុក្ខទេវតា​ក៏​ផ្លាស់​រូប​ជា​ទេវតា​វិញ​ភ្លាម​ៗ នាង​ក្រឡេក​ឃើញ​ក៏​ស្រឡាញ់​ពេញ​ចិត្ត​ជឿ​ជាក់​ថា ប្ដី​ខ្លួន​ជា​ទេវតា​មែន​ព្រោះ​រក​មនុស្ស​ណា​នឹង​ឱ្យ​ល្អ​​ដូច​ពុំ​បាន ។ រុក្ខ​ទេវតា​និយាយ​ប្រាប់​នាង​ថា ខ្លួន​បង​បើ​មិន​និម្មិត​ខ្លួន​ជា​សត្វ​បែប​នេះ​ទេ មិន​អាច​មក​នៅ​ជិត​នាង​បាន​ឡើយ ត្រូវ​និម្មិត​រូប​ជា​សត្វ​​ផ្ដេសផ្ដាស ទើប​នៅ​ជា​មួយ​នាង​បាន ។ និយាយ​ចប់​និម្មិត​ខ្លួន​ជា​ពស់​ថ្លាន់​វិញ ។ ពស់​ថ្លាន់​នេះ​គ្រាន់​តែ​នៅ​ជា​មួយ​នាង​ប៉ុណ្ណោះ​ទេ ។ ប៉ុន្តែ​មិន​ដែល​រួម​សំ​វាស​ជា​មួយ​នឹង​នាង​នោះ​ឡើយ ហើយ​ហាម​ប្រពន្ធ​ថា កុំ​និយាយ​ប្រាប់​ម៉ែ​ឪ បង​ប្អូន​និង​អ្នក​ស្រុក​ឱ្យ​ដឹង​ថា ជា​ទេវតា​ឱ្យ​ថា​តែ​ពស់​ថ្លាន់ ។ ពេល​ថ្ងៃ​បង​មិន​នៅ​ជា​មួយ​នាង​ទេ បង​មក​លេង​តែ​យប់​ៗ សឹម​ផ្លាស់​រូប​ជា​ទេវតា​ឱ្យ​ឃើញ​ម្ដង​ៗ ។ ជិត​ភ្លឺ​ហើយ ឮ​មាត់​និយាយ​គ្នា ឪពុក​ម្ដាយ​ចូល​ទៅ​មើល​ឃើញ​ពស់​ថ្លាន់​ពេន​ទ្រេល​ពេញ​ល្វែង​ផ្ទះ ក៏​ភ្ញាក់​ច្រឡោត​ស្រែក រុក្ខ​ទេវតា​ភៀស​ខ្លួន​បាត់​ទៅ ។ ឪពុក​ម្ដាយ​ហៅ​កូន​ស្រី​មក​សួរ​កូន​និយាយ​សារសព្ទ​ប្រាប់​តាម​រឿង​ពី​ដើម​ចប់​ដល់​ចុង ។ ឪពុក​ទាល់​ប្រាជ្ញា​មិន​ដឹង​​ធ្វើ​ម្ដេច​ក៏​ដក​ដង្ហើម​ធំ សួរ​កូន​ថា “ឥឡូវ​ពស់​ថ្លាន់​ទេវតា​នោះ​ទៅ​ណា​បាត់​ទៅ​ហើយ” ។ កូន​ប្រាប់​ថា ពេល​ថ្ងៃ​មិន​មក​ទេ យប់​ទើប​មក នាង​ប្រាប់​ឪពុក​ម្ដាយ​ថា “ទេវតា​ជា​ប្ដី​ហាម​មិន​ឱ្យ​និយាយ​ប្រាប់​គេ​ថា​ទេវតា​ទេ ឱ្យ​ថា​តែ​ពស់​ថ្លាន់​ហើយ” ។ លុះ​ពេល​រាត្រី​ស្ងាត់ រុក្ខ​ទេវតា​មក​ដល់​ប្រពន្ធ និម្មិត​រូប​ជា​ទេវតា​ឱ្យ​នាង​មើល​តាម​សេចក្ដី​សន្យា នាង​ក៏​អុជ​ភ្លើង​ភ្លឺ​ឡើង​ស្ទុះ​ទៅ​ឱប​ប្ដី ដោយ​សេចក្ដី​មេត្រី​ស្នេហា​គ្នា ឪពុកម្ដាយ​​ចូល​ទៅ​លប​មើល​ឃើញ​​ទេវតា​ល្អ​ណាស់​ក៏ស្រឡាញ់​ពេញ​ចិត្ត នឹង​រុក្ខ​ទេវតា​នោះ​ក្រៃលែង​រុក្ខ​ទេវតា​ដឹង​ឪពុក​ម្ដាយ​លប​​មើល ផ្លាស់​រូប​ទៅជា​ពស់​ថ្លាន់​វិញ​ភ្លាម​ឃើញ​ធំ​ទ្រេល​ពេញ​បន្ទប់​ផ្ទះ ។ ទៀប​ភ្លឺ​រុក្ខ​ទេវតា​ប្រាប់​ប្រពន្ធ​ឱ្យ​នាំ​ឪពុក​ម្ដាយ​ទៅ​ជីក​កំណប់​ក្នុង​ដំបូក​មួយ​បាន​មាស ប្រាក់ ពេជ្រ កែវកង តុ ថាស ចាន ជញ្ជូន​មក​ដាក់​ពេញ​ផ្ទះ ឡើង​ទៅ​ជា​អ្នក​មាន​ធំ ។ យូរ​ទៅ​ដឹក​ជ្រួត​ជ្រាប​ដល់​អ្នក​ស្រុក​ៗ មក​មើល​ឈូ​ឆរ​ឃើញ​ពិតជា​​ពស់​ថ្លាន់​ពេន​ទ្រេល នៅ​ជា​មួយ​និង​នាង ។

និយាយ​ពី​បុរស​ប្ដី​ប្រពន្ធ មាន​កូន​ក្រមុំ​មួយ​នៅ​ភូមិ​ផ្សេង ពី​នាង​មាន​ប្ដី​ពស់​ថ្លាន់​ទេវតា​នោះ ចេះ​តែ​រំភើប​ក្នុង​ចិត្ត នាំ​ប្ដី​ប្រពន្ធ​សរសើរ​ថា “វាសនា​អ្វី​គេ​ក៏​ល្អ​ម្ល៉េះ ពី​ដើម​ជា​អ្នក​ក្រ​ដូច​គេ​ឯង​សោះ ឥឡូវ​មាន​ផ្ទះ​ធំ​ខ្វាត់​ខ្វែង​ត្រឈឹង​ត្រឈៃ​មាន គោ​ក្របី ដំរី សេះ ខ្ញុំ​កំដរ​ប្រើ​គគ្រឹក​គគ្រេង​ល្បី​ឈ្មោះ​ថា ចៅ​សួស្ដី​សេដ្ឋី​ នេះ​មក​ពី​កូន​គេ​មាន​ប្ដី​ពស់​ថ្លាន់ ថ្លាន់​ឱ្យ​កំណប់​ព្រេង” ។ បុរស​នោះ​តូច​ចិត្ត​​នឹង​ខ្លួន​ឯង​ណាស់ ចេះ​តែ​ដកដង្ហើម​ធំ ចេះ​តែ​ទន្ទេញ​ទាំង​យប់​ទាំង​ថ្ងៃ ។ ប្រពន្ធ​ឃើញ​ប្ដី​កើត​ទុក្ខ​ដូច្នោះ ក៏​និយាយ​ប្រាប់​ប្ដី​ថា “ខ្ញុំ​បាន​ឮ​ចាស់​ទុំ​ថា​និយាយ​រៀង​ៗ មក​ថា​សត្វ​ពស់​ថ្លាន់​មិន​ដូច​ពស់​ទាំងពួង​ទេ តែ​មាន​ដំបូក​ធំ​ៗ ក្នុង​ព្រៃ​ហើយ​ច្រើន មាន​ពស់​ថ្លាន់​ទៅ​ព័ទ្ធ​ពេន​នៅ​ទីនោះ គេ​ថា​ពស់​រក្សា​​កំណប់​ព្រេង” ។ ប្ដី​ថា បើ​ដូច្នោះ​ព្រឹក​ស្អែក​ឯង ដាំ​បាយ​ឱ្យ​បង​ពី​ព្រឹក​កុំ​ឱ្យ​នរណា​ដឹង​បង នឹង​ដើរ​ស្វែង​រក​ពស់​ថ្លាន់​ព័ទ្ធ​ដំបូក​ក្នុង​ព្រៃ​ធំ​ៗ បើ​ឃើញ​បង​នឹង​ចាប់​យក​មក​ធ្វើ​ប្ដី​ឱ្យ​កូន​យើង” ។ ប្រពន្ធ​ពេញ​ចិត្ត​ក៏​ព្រមព្រៀង​គ្នា ព្រឹក​ឡើង​ដាំបាយ​​វេច​ជា សំណុំ​ព្រម​ទាំង​ទឹក​​បំពង់ ប្រគល់​ឱ្យ​ប្ដី​ៗ​ក៏​ដើរ​ស្វែង​រក​ពស់​ថ្លាន់ ។

បុរស​នោះ​ចូល​ក្នុង​ព្រៃ​ធំ​មិន​យូរ​ប៉ុន្មាន ក៏​បាន​ប្រទះ​ដំបូក​មួយ​ធំ​ក្នុង​ព្រៃ​ទួល​មាន​បន្លា​ស្អិត និង​វល្លិ​រវីម​រវាម វារ​ពាក់​ព័ន្ធ​លើ​គ្នា ។ បុរស​ចូល​ទៅ​អើត​ឈ្ងោក​មើល ឃើញ​ពស់​ថ្លាន់​ពេន​ទ្រេល​លើ​ក្បាល​ដំបូក ។ ពស់​នោះ តាំង​ពី​នៅ​ក្នុង​ព្រៃ​ដំបូក​នោះ អស់​កាល​ជា​យូរ​អង្វែង​ណាស់​មក​ហើយ វា​មិន​ដែល​ទៅ​កាន់​ទី​ណា​សោះ ទោះ​បី​អត់​ឃ្លាន​យ៉ាង​ណា​ក៏​ស៊ូ​តែ​ទ្រាំ​នៅ​ក្នុង​ទី​នោះ រូប​ពស់​នោះ​ក៏​ទៅ​ជា​ស្គាំង​ស្គម អស់​កម្លាំង​ស្ទើរ​តែ​កម្រើក​ខ្លួន​មិន​រួច ។ បុរស​យក​ឈើ​គោះ​មើល ក៏​មិន​កម្រើក​ខ្លួន​ផង​បុរស​នោះ នឹក​ត្រេក​អរ​ក្នុង​ចិត្ត​ណាស់ គិត​ថា​ពស់​ថ្លាន់​នេះ​ច្បាស់​ជា​មាន​កំណប់​ហើយ បាន​ជា​ស្លូត​ម្ល៉េះ” ក៏​បោច​វល្លិ​ចង​ទាំង​ភ្នេន​ស្រាក់​ស្រួត​ជាប់ ។ ពស់​ក៏​មិន​រើ​ប៉ុន្មាន​ព្រោះ​វា​ស្គាំង​ស្គម​ដោយ​អត់​អាហារ​មក​យូរ​ហើយ ។ បុរស​លើក​ស្ពាយ​ទាំង​ភ្នេន​មក​ដោយ​ធ្ងន់​ខ្លាំង​ពេក ក៏​ចេះ​តែ​ឈប់​សម្រាក​តាម​ផ្លូវ ទាល់​ព្រលប់​ទើប​មក​ដល់​ផ្ទះ ស្រែក​ហៅ​ប្រពន្ធ​នឹង​កូន​ក្រមុំ​ពី​ក្រៅ​របង​ឱ្យ​ទៅ​ជួយ​ទទួល ។ ប្រពន្ធ​នឹង​កូន​ក្រមុំ​ក៏​ចុះ​រត់​ទៅ​ទទួល​ឃើញ​ប្ដី​ឪពុក​ស្ពាយ​ពស់​ថ្លាន់​ទាំង​ភ្នេន ក៏​ត្រេក​អរ​ឥត​ឱប​មា ។ លុះ​យក​មក​ដាក់​ដល់​លើ​ផ្ទះ អួត​ប្រាប់​ប្រពន្ធ​ថា “ពស់​នេះ​ស្លូត​ណាស់​ត្រូវ​ចិត្ត​បង​ហើយ បើ​កាន់​ឯង​មិន​ជឿ​ទៅ​ចាប់​អង្អែល​មើល​ចុះ​ស្ទើរ​តែ​មិន​កម្រើក ខ្លួន​ប្រាណ​ផង” ។ ប្រពន្ធ​លូក​ដៃ​ទៅ​ពាល់​មើល​ឃើញ​មិន​កម្រើក​មែន​ក៏​ចេះ​តែ​បបោស​អង្អែល​សរសើរ​ថា “កូន​អើយ​ពណ៌​សម្បុរ​អ្នក​ក៏​ល្អ​ម្ល៉េះ​ទេ ដូច​ជា​គេ​ទើប​នឹង​ទីប​មាស​ថ្មី​ៗ ។ ទុក​ជា​ហូល​ដែល​ជាង​ចេះ​ចង​គាត​យ៉ាង​ណា ក៏​ល្អ​មិន​ដូច​អ្នក​ដែរ” ។ ពស់​ថ្លាន់​ដោយ​ជាប់​ចំណង​ផង ហើយ​ហេវ​កម្លាំង​នឹង​អត់​អាហារ​យូរ​ថ្ងៃ​ផង ក៏​ធ្វើ​តែ​ភ្នែក​ភ្លឺ​ៗ លទ្ធិ​អណ្ដាត​ភ្លែមៗ ប្រហែល​ជា​ក្នុង​ចិត្ត​វា​ដែល​ឃ្លាន ប្រុង​តែ​លេប​មនុស្ស ។

ប្ដី​តាំង​បង្គាប់​ប្រពន្ធ​និង​កូន​ក្រមុំ​ឱ្យ​វាយ​មាន់​ស្ល​ដណ្ដាំ​បាយ​ឱ្យ​ឆាប់ នឹង​រៀប​សែន​ព្រេន ប្ដី​ជី​ដូន​ជីតា​រៀប​ផ្សំ​ផ្គុំ​ឱ្យ​កូន​យក​ប្ដី​ពស់​ថ្លាន់ ។ ប្ដី​រត់​ទៅ​ទិញ​ស្រា​បាន​មក ប្រពន្ធ​ដាំ​បាយ​ស្ល​ឆ្អិន ដួស​ដាក់ តុ ថាស ហៅ​បង​ប្អូន​ជិត​ខាង​ឱ្យ​មក​ជួយ​សែន​ព្រេន បង្គាប់​កូន​ក្រមុំ​ឱ្យ​រៀប​ចំ​ដំណេក​បង្គុយ អ្នក​ស្រុក​ជិត​ខាង​ដែល​មាន​បញ្ញា​វាង​វៃ គេ​លាន់​មាត់​នឹង​បុរស​នោះ​ថា​ឆ្កួត ថា​ព្រើល​គ្រប់​ៗ​គ្នា អ្នក​ខ្លះ​ក៏​រក​ពុទ្ធោ អ្នក​ខ្លះ​ដែល​ត្រូវ​ស្រា អរ​ឱ្យ​គេ​ហៅ​ឱ្យ​ចូល​ទៅ​សែន នឹង​បាន​ស៊ី​ផឹក​សប្បាយ ។

លុះ​ទៅ​ជួប​ជុំ​គ្នា​ហើយ ក៏​លើក​ពស់​ថ្លាន់​ទៅ​ដាក់​លើក​កម្រាល​សំពត់​ស ស្រាយ​ចំណង​ឱ្យ​កូន​ក្រមុំ​ទៅ​អង្គុយ​ទន្ទឹម ពស់​នោះ​ក៏​នៅ​ស្ងៀម​ដោយ​គ្នា​អត់​អាហារ​មក​យូរ​ថ្ងៃ​ហើយ ។ បុរស​បង្គាប់​គេ​ឱ្យ​លើ​ថាស​បាយ​សម្ល​ទៅ​ដាក់ អុជ​ទៀន​ធូប​សំបូងសង្រូង​ប្ដឹង​ជី​ដូន​ជីតា ច្រូច​ស្រា ៣ ដង​រួច​ចាប់​សំណែន​នំ​ចំ​ណី​បាយ​សម្ល​គ្រប់​មុខ ដាក់​ច្រឡូក​ចូល​គ្នា​មួយ​ចាន​យក​ទៅ​ចាក់​នៅ​មុខ​ផ្ទះ ហៅ​ពួក​អង្រឹង​ជើង​ស្នែង ឱ្យ​ស៊ី​ព្រោះ​ជី​ដូន​ជី​តា​ពិសា​រួច​ហើយ​ៗ លើក​តុ​ថាស​ចេញ​មក​ក្រៅ​លត់​ភ្លើង​ទុក​កូន​ក្រមុំ​នៅ​មួយ​ពស់​ថ្លាន់​ក្នុង​បន្ទប់ ។ នាង​នោះ​ប្រហែល​ជា​ខ្លាច​ពស់​ដែរ

ប៉ុន្តែ​នឹង​ចេញ​មក​ក្រៅ​ខ្លាច​ឪពុក​ម្ដាយ ព្រោះ​គេ​ផ្សំ​ដំណេក​ឱ្យ​ពស់​ថ្លាន់​ហើយ ក៏​ចេះ​តែ​អត់​ទ្រាំ​ទៅ​ក៏​មិន​ដឹង​ឬ ត្រេក​អរ​ជា​មួយ​នឹង​ពស់​នោះ​ដែរ​ក៏​មិន​ដឹង ។ ចំណែក​ឪពុក​ម្ដាយ​នាំ​ញាតិ​មិត្រ​ស៊ី​មាន់ ផឹក​ស្រា​ឯ​ល្វែង​ខាង​ក្រៅ ។ ពស់​នោះ​កាល​មនុស្ស​នៅ​ស៊ី​ផឹក​មាត់​អូរ​អែ វា​នៅ​ស្ងៀម​ធ្វើ​ហាក់​ដូច​ជា​មិន​ដឹង​ខ្លួន ។

លុះ​គេ​ស៊ី​ផឹក​រួច​ស្ងាត់​អស់ ប្រ​ហែល​ជា​ពាក់​កណ្ដាល​អាធ្រាត្រ វា​លា​ខ្លួន​ខ្សាក​វា​ឥត​រឹប​រួត​នាង​នោះ​ទេ ព្រោះ​ពស់​នោះ​វា​ធំ ល្មម​លេប​នាង​នោះ​បាន​តែ​ម្ដង វា​គ្រាន់​តែ​យក​កន្ទុយ រុំ​ក​ដៃ​នាង​នោះ​ជាប់​ងាក​ក្បាល​មក​ក្រោម កៀវ​ជើង​ប្រមូល​ផ្ទឹម​គ្នា វា​ហា​មាត់​លេប​ជើង​នាង​ទាំង​ពីរ​តែ​ម្ដង ។

ពី​ដំបូង​នាង​នោះ​ស្មាន​ថា ពស់​ថ្លាន់​ប្រុង​រួម​បវេណី​នឹង​ខ្លួន បាន​ជា​នាង​នៅ​ស្ងៀម មិន​មាត់​ព្រោះ​ដេក​ជា​មួយ​គ្នា​តាំង​ពី​ល្ងាច មិន​អី​សោះ​បែប​ជា​ទុក​ចិត្ត​ពស់​បន្តិច​ទៅ​ហើយ លុះ​វា​លេប​ស្រឺតៗ ដល់​ក្បាល​ជង្គង់​នាង​នឹក​សង្ស័យ​ថា ពស់​ថ្លាន់​ច្បាស់​ជា​លេប​អញ​ពិត​ហើយ គិត​នឹង​ក្រោក​ៗ​មិន​រួច កន្ទុយ​ពស់​វា​រឹត​ដៃ​នាង​ជាប់​ នាង​ភ័យ​ណាស់​ស្រែក​ហៅ​ម្ដាយ​ថា “ពស់​ថ្លាន់​វា​លេប​ខ្ញុំ​ហើយ” ។ ម្ដាយ​ឮ​មាត់​កូន​ស្រែក​ហៅ​ក៏​ស្រែក​សន្ធាប់​ទៅ​វិញ​ថា “ខ្លោច​មេ​ចំ​កួត ប្ដី​ប្រឡែង​លេង​ផង​បាន​តែ​ព្រើល​ៗ” ។ ឪពុក​ស្រវឹង​ស្រា​ដេក​សន្លប់​ហៀរ​ទឹក​មាត់​កខ្លាក់ ។ លុះ​ពស់​លេប​ដល់​ចង្កេះ នាង​នោះ​ស្រែក​ហៅ​ម្ដាយ​ថា “ម៉ែ​ៗ ជួយ​កូន​ផង​ពស់​លេប​ដល់​ចង្កេះ​ហើយ” ។ ម្ដាយ​រឹត​តែ​ជេរ​បញ្ជោរ​ពី​ក្រៅ​មក​ស្ដី​បន្ទោស​ថា “កូន​អី​ក៏​ចង្រៃ​មិន​ចេះ​ខ្មាស​គេ​ឯង មិន​ច្រឡំ​នឹង​អ្នក​ស្រុក​តិច​អញ​ចូល​ទៅ​វាយ​ក្បាល​ក្នុង​ដំណេក​បែក​ឥឡូវ” ។ នាង​នេះ​ចេះ​តែ​ស្រែក​ថា ម៉ែ​អើយ​ជួយ​កូន​ផង ពស់​លេប​ទល់​ចុង​ដង្ហើម​ហើយ” បន្តិច​ស្រែក​ថា “លេប​ដល់​ហើយ” ។ ម្ដាយ​ឮ​កូន​ស្រែក​ញយ​ៗ ពេក​មិន​ខ្ចី​ទាំង​មាត់​តប​ផង​គិត​តែ​ពី​សម្ងំ​ដេក លុះ​លេប​ដល់​បបូរ​មាត់ ក៏​ស្រែក​លា​ឪពុក​ម្ដាយ​ថា “បើ​ឪ​ម៉ែ​មិន​ជួយ​កូន​ទេ កូន​សូម​លា​ស្លាប់​ហើយ” ។ ម្ដាយ​ស្ដាប់​ទៅ​ឮ​មាត់​កូន​ង៉ុលៗ ក្នុង​មាត់​ពស់​ថ្លាន់​ដែល​វា​លេប​គ្រប​បបូរ​មាត់​ហើយ​នោះ ។ លុះ​បាត់​ឮ​មាត់​កូន​ម្ដាយ​សង្ស័យ ក៏​អុជ​ភ្លើង​ចូល​ទៅ​មើល បាត់​កូន​ឃើញ​តែ​ពោះ​ធំ​កំពីង​តាំង​ពី​ក្រោម​មក​រហូត ដល់​ជិត​ពាក់​កណ្ដាល​ខ្លួន ។ នាង​ម្ដាយ​នោះ ក៏​ស្រែក​ទួញ​ង៉ោង​ផ្អើល​ឆោឡោ ដល់​អ្នក​ស្រុក​អ្នក​ភូមិ​ផ្ទះ​ជិត​ខាង​ទាំង​ពាក់​កណ្ដាល​អាធ្រាត្រ ។ ឪពុក​ភ្ញាក់​ឡើង​ហៅ​អ្នក​ស្រុក​មក​ជួប ជុំ​ចោម​ចាប់​ពស់​ថ្លាន់ ទាក់​ក​ចង​សន្ធឹង យក​កាំ​បិត​ព្រា​វះ​យក​កូន​បាន​មក សន្លប់​សូន្យ​ឈឹង​ដូច​ជា​ស្លាប់ តែ​ខ្លួន​នៅ​ក្ដៅ ប្រឡាក់​សុទ្ធ​តែ​រំអិល​ពស់ ពេញ​ទាំង​ខ្លួន​ទាំង​ក្បាល និង​ដៃ​ជើង ឆ្អាប​កខ្វក់ នាំ​គ្នា​ដង​ទឹក​មក​លាង​ៗ មិន​ជ្រះ​ដាំ​ទាំង​ទឹក​ក្ដៅ​មក​លាង ក៏​មិន​ជ្រះ លុះ​គេ​ស្រោច​ទឹក​ក្ដៅ​ឧណ្ហ​ៗ លាង​ឱ្យ​មួយ​ស្របក់​នាង​ក៏​ដឹង​ខ្លួន​ឡើង​វិញ មើល​ឃើញ​បង​ប្អូន​មា​មីង មក​ជួប​ជុំ​គ្នា​ត្រៀប​ត្រា មើល​មក​ខ្លួន​ឯង​សុទ្ធ​តែ​រំអិល​ពស់​ឆ្អាប​គគ្រុក នឹក​តូច​ចិត្ត​ខ្មាស​គេ​ណាស់ ក្រោក​ឡើង​កន្ទ្រាក់​បាន​ផ្តិល​ទឹក​មួយ​លើក​គ្រប​ក្បាល​ដើរ​ទៅ​មាត់​កំពង់ ដង​ទឹក​ងូត​លាង​ដូច​ម្ដេច​ក៏​មិន​ជ្រះ​រំអិល​ពស់​នោះ គិត​ថា ឱ​ខ្លួន​អញ​អើយ ! ម្ល៉េះ​ទៅ​ហើយ​នឹង​នៅ​ជា​មនុស្ស ក៏​ខ្មាស​គេ​បើ​ស្លាប់​ទៅ​វិញ​ប្រសើរ​ជាង ក៏​យក​ផ្តិល​ទទូរ​ក្បាល​ដើរ​ទៅ​ត្រង់​មាត់​ច្រាំង​អន្លង់​ជ្រៅ នឹក​ប៉ង​ក្នុង​ចិត្ត​ថា “អញ​នឹង​លោត​ទឹក​សម្លាប់​ខ្លួន​ឯង​ចោល” ។ គិត​ដូច្នោះ​ហើយ​ក៏​លោត​ប្រូង​ទៅ ក្លាយ​ខ្លួន​ទៅ​កើត​ជា​ផ្សោត​ញី​ភ្លាម​មុជ​ក្នុង​ទឹក ហែល​ចាប់​ត្រី​ស៊ី​ព្រងើយ ។ ឪពុក​ម្ដាយ​រត់​តាម​ទៅ​មើល​កូន ឯ​មាត់​កំពង់​ទឹក​រក​ពុំ​ឃើញ​ក៏​នាំ​គ្នា​យំ​សោក​អាឡោះ​អាល័យ​រៀប​រាប់​រឿង​ផ្សេង​ៗ នៅ​មាត់​ទឹក ។

លុះ​ត្រឡប់​មក​ផ្ទះ​វិញ បបួល​ប្ដី​ប្រពន្ធ​អូស​ពស់​ថ្លាន់​យក​ទៅ​ចោល​ក្នុង​ព្រៃ​ធំ​មួយ ដោយ​ស្មាន​ថា​ពស់​ថ្លាន់​វា​ស្លាប់​ព្រោះ​វះ​ពោះ​រយះ​ជា​ពីរ​ទៅ​ហើយ តែ​ធម្មតា​ពស់​ថ្លាន់​តែង​មាន​ប្រមាត់​រស់ គ្រាន់​តែ​វះ​ពោះ​ប៉ុណ្ណោះ​មិន​ស្លាប់​ទេ លុះ​តែ​កាប់​ដាច់​ជា​ពី​ជា​បី​កំណាត់​ទើប​ស្លាប់ ។ យូរ​ៗ​ទៅ​ពស់​ថ្លាន់​សះ​ជា រស់​ឡើង​វិញ​ហើយ​តាំង​ចិត្ត​លែង​ស៊ី​មនុស្ស និង​សត្វ​ណា​ដែល​គ្មាន​រោម​គ្មាន​មមីស ។ ការ​ដែល​ពស់​ថ្លាន់​លែង​ស៊ី​មនុស្ស​និង​សត្វ​គ្មាន​រោម ក៏​ជាប់​ទំនៀម​ពី​ត្រឹម​នោះ មក​រហូត​ដល់​ឥឡូវ​នេះ ។ ឯ​សត្វ​ផ្សោត​ក៏​កើត​មាន ពី​ត្រឹម​នាង​ប្រពន្ធ​ពស់​ថ្លាន់ រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ក្បាល​ផ្សោត​ក៏​ត្រងោល​ដូច​ជា​របៀប​ទ​ទូរ​ផ្តិល សរីរ​អវយវៈ​របស់​ផ្សោត មិន​ខុស​គ្នា​ពី​មនុស្ស​ប៉ុន្មាន​ទេ ដូច​ជា​ដោះ ដូច​ជា​ប្រដាប់​កេរ្តិ៍​ខ្មាស នឹង​សរីរ​អវយវៈ​ឯ​ទៀត​ខ្លះ​សឹង តែ​ដូច​មនុស្ស​ទាំង​អស់ គ្មានគ្មានតែដៃជើងប៉ុណ្ណោះទេ៕ ចប់

កែសម្រួលនិងស្រាវជ្រាវពីសៀវ ភៅរឿងព្រេងខ្មែរដោយ÷ចៅតាជេត(សូមរង់ចាំអានរឿងព្រេងឬទំនៀមខ្មែរ នៅថ្ងៃស្អែកទៀត)

ដោយ៖ប្រាថ្នា


ចែករំលែក៖